អ្នកវិភាគ និង​សង្គម​ស៊ីវិល រិះគន់​អាស៊ាន​ដែល​មិន​ទាន់​បង្ហាញ​វិធានការ​ជាក់លាក់​លើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា

0:00 / 0:00

រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មិន​ទាន់​បង្ហាញ​ការ​វិធានការ​ជាក់លាក់​ណាមួយ​ឆ្លើយតប​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា​នៅឡើយ​ទេ​។ អាស៊ាន​ត្រឹម​បន្ត​អះអាង​ថា បន្ត​ការ​ជជែក​ជាមួយ​មេដឹកនាំ​របប​យោធា​បន្ត និង​ការ​ហាមឃាត់​មិន​ឲ្យ​របប​នេះ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ចុងឆ្នាំ​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​សោកស្ដាយ​ដែល អាស៊ាន និង​អ្នក​ពាក់ព័ន្ធ​នៅតែ​បង្ហាញ​ជំហរ​ទន់ភ្លន់​លើ​របប​យោធា​ភូមា​ដែល​កំពុង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​ទី​៥៥ គឺ​បញ្ហា សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំនេះ​មិន​មាន​តានតឹង​ដូច​ឆ្នាំមុនៗ​ទេ ។ ដោយឡែក បញ្ហា​អ៊ុយក្រែន និង​ភូមា ក្លាយជា​បញ្ហា​ក្ដៅ​រហូត​មាន​ភាគី​ពាក់ព័ន្ធ​កិច្ចប្រជុំ​ខ្លះ​បាន​បាត់បង់​ភាព​អត់ធ្មត់។

រដ្ឋមន្ត្រី​ការបរទេស និង​ប្រេសិត​ពិសេស​អាស៊ាន លោក ប្រាក់ សុខុន លើកឡើង​ថា អ្វី​ដែល​លោក បាន​ធ្វើ​ការ​ជាមួយ​របប​យោធា​ភូមា កន្លង​មក បាន​ការ​សាង​ទំនុកចិត្ត​។ លោក​បន្ត​ថា លោក​នៅតែ​ដោះស្រាយ​បញ្ហា​ភូមា ជាមួយ​របប​យោធា គោរព​តាម​គោលការណ៍​ឯក​ឆន្ទ​ទាំង​៥​ចំណុច​ដដែល​។ លោក​ក៏​ឆ្លៀត​រិះគន់ ប្រទេស​ខ្លះ កំពុង​បាត់បង់​ភាព​អត់ធ្មត់ ប៉ុន្តែ​ចង់​បាន​លទ្ធផល។

លោក ប្រាក់ សុខុន លើកឡើង​ដូច្នេះ ក្នុង​សន្និសីទ​ការ​ព័ត៌មាន​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​ទី​៥៥ ថ្ងៃទី៦ ខែ​សីហា។

កិច្ចប្រជុំ​ដែល​មាន​រយៈពេល​ជិត​១​សប្ដាហ៍ ប៉ុន្តែ​កិច្ចប្រជុំ​ពិសេស​មាន​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​ចុងក្រោយ ដែល​មាន​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជិត​២០ និង​រដ្ឋមន្ត្រីការបរទេស​ចំនួន​៣៨​ប្រទេស​ចូលរួម​។ លោក​ថា កិច្ចប្រជុំ​ខ្លះ​មាន​ភាព​តានតឹង​ព្រោះ​មហាអំណាច​មាន​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុង​កិច្ចប្រជុំ​នោះ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រសួង​ការបរទេស​កម្ពុជា​មិន​ទាន់​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ចុងក្រោយ នៃ​កិច្ចប្រជុំ​នេះ​នៅ​ឡើយ​ទេ។

ចំណែក សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឲ្យ​ដឹង​ដែរ​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន ត្រៀមខ្លួន​ជាស្រេច ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ឱ្យ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ ប្រកប​ដោយ​ភាព​វិជ្ជមាន សន្តិភាព រួម​ទាំង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ផង​ដែរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ថា ការ​ដោះស្រាយ​បញ្ហា​ភូមា​ដូច​សព្វថ្ងៃ ទំនង​មិនអាច​ធ្វើ​ឲ្យ​មេដឹកនាំ​របប​យោធា យល់ព្រម​វិល​ចូល​ការ​ការចរចា​ឡើយ​។ លោក​បន្ត​ថា ត្រឹម​ការ​ហាមឃាត់​មិន​ឲ្យ​មេដឹកនាំ​របប​យោធា ចូលរួម​កិច្ចប្រជុំ​អាស៊ាន គឺ​គ្មាន​ឥទ្ធិពល​នោះ​ទេ​។ លោក​យល់​ថា អាស៊ាន គួរ​មាន​វិធាន ច្បាស់លាស់​ណាមួយ ដើម្បី​ចង្អុល​បង្ហាញ​ឲ្យ​របប​យោធា​ភូមា យល់ព្រម​ដោះស្រាយ​បញ្ចប់​ជម្លោះ។ «»

អ្នកវិភាគ​នយោបាយ លោក គឹម សុខ រិះគន់​ថា ការ​ដែល​អាស៊ាន មិន​ដាក់​សម្ពាធ​ណាមួយ​លើ​របប​យោធា​ភូមា ព្រោះ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​គ្មាន​ចេតនា​ដោះស្រាយ​បញ្ហា​ភូមា ត្បិត​លោក ហ៊ុន សែន ខ្លួនឯង​ក៏​មាន​បញ្ហា​ដោះស្រាយ​មិនទាន់​ចេញ​ដែរ​នោះ​។ លោក​បន្ត​ថា លោក ហ៊ុន សែន កំពុង​ពឹងពាក់​ចិន​ឲ្យ​ជួយ​ការពារ​អំណាច ខណៈ​មហាអំណាច​ចិន និង​រុស្ស៊ី នៅ​ពីក្រោយ​របប​យោធា​ភូមា។

វិបត្តិ​នៅ​ភូមា​ចាប់ផ្ដើម​តានតឹង​ឡើងវិញ​ក្រោយពេល​របប​យោធា​ភូមា​បាន​ប្រហារជីវិត សកម្មជន​ប្រជាធិបតេយ្យ​៤​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ​។ ប្រធាន​អាស៊ាន​ប្តូរ​វេន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួលស្គាល់​ថា លោក​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ភូមា គ្មាន​ភាព​ជឿនលឿន​ទេ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា គួរតែ​ដល់ពេល​សមាគម​អាស៊ាន រួម​មតិ​គ្នា​ទាត់​របប​យោធា​ភូមា​ចេញពី​សមាជិក អាស៊ាន និង​រួមគ្នា​ប្ដឹង​ការរំលោភ​សិទ្ធិមនុស្ស​នៃ​របប​យោធា​ភូមា​ទៅ​អង្គការ​សហប្រជាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។