អ្នក​​ឃ្លាំមើល​​ថា បញ្ជា​ការ​​ដ្ឋាន​​អង្គរក្ស​​ក្លាយ​​​ជា​​អង្គភាព​ការពារ​​អំណាច​​​ត្រកូល​​ហ៊ុន

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​​នយោបាយ​ លើកឡើង​ស្របគ្នា​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​ជា​អង្គភាព​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ជាជាង​បម្រើ​ប្រយោជន៍​ជាតិ​ពិតប្រាកដ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់ពី​មេទ័ព​ជើងគោក​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្រេច​បាន​សមិទ្ធផល​ការងារ​ជាច្រើន ជាពិសេស​ការ​ការពារ​សុវត្ថិភាព​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក។

សមិទ្ធផល​ការងារ​ដែល​បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្រេច​បាន​ធំ​បំផុត​នោះ គឺ​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​ឱ្យ​លោក ហ៊ុន សែន និង​ការការពារ​ផលប្រយោជន៍​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក។ នេះ​បើ​តាម​ការវាយតម្លៃ​របស់មន្ត្រីជាន់ខ្ពស់បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ។

Hun Manet in 30 Year BQ on 12-03-2022 by his facebook.jpg
លោក ហ៊ុន ម៉ាណែត នៅក្នុង​ពិធី​រំលឹក​ខួប​៣០​ឆ្នាំនៃការ​បង្កើត​បញ្ជាការ​​ដ្ឋាន​​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (រូប៖ Hun Manet page)

មន្ត្រី​ជាន់ខ្ពស់ និង​ជាអតីត​តំណាងរាស្ត្រ​ជាប់ឆ្នោតរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវតុលាការកំពូល​រម្លាយចោលលោក អ៊ុំ សំអាន ថ្លែង​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​​ត្រូវ​​បាន​​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ដើម្បី​គ្រាន់តែ​ការពារ​សុវត្ថិភាព​ជូន​រូប​លោក និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ មិនមែន​សម្រាប់​ការពារ​ថ្នាក់ដឹកនាំ​ប្រទេស​ជាទូទៅ​នោះ​ឡើយ។ ម្យ៉ាងវិញទៀត លោក​សង្កេត​ឃើញ​ថា អង្គភាព​យោធា​មួយ​នេះ​បាន​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ជ្រោមជ្រែង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន តាមរយៈ​អន្តរាគមន៍​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​អំពើ​ហិង្សា​បង្ហូរឈាម និង​ការ​រំលោភ​បំពាន​នានា៖ «កង​អង្គរក្ស​ហ្នឹង គឺ​ការពារ​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ហើយនិង​ការពារ​អំណាច​របស់​លោក ហ៊ុន ម៉ាណែត ដែល​បន្ត​អំណាច បន្ត​តំណែង​ពី​លោក ហ៊ុន សែន នៅពេល​អនាគត​បន្ត​ទៀត។ គឺ​ដើម្បី​ការពារ​​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណឹង​ឯង មិនមែន​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ប្រទេស​ជាតិ​អ្វី​នោះ​ទេ »

ប្រតិកម្ម​របស់​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ កើត​មាន​ឡើង​ក្រោយ​ពី​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោ​ក​ បាន​លើក​ឡើង​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្រេច​បាន​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ក្នុងរយៈពេល ៣០ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​រៀបរាប់​ថា សមិទ្ធផល​​ទាំងនោះ មាន​ជាអាទិ៍ ការ​ពង្រឹង​សមត្ថភាព​រហូត​ក្លាយ​ជា​អង្គភាព​ឆ្នើម ការ​ចុះ​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ការ​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ។ ជាពិសេស​លោក​អះអាង​ថា បញ្ជាការដ្ឋាន​អង្គរក្ស​សម្រេច​បាន​នូវ​ភារកិច្ច​ចម្បង​បំផុត គឺ​ការពារ​សន្តិសុខ-សុវត្ថិភាព​ជូន​ប្រមុខរដ្ឋាភិបាល​ និង​ភរិយា ព្រមទាំង​ក្រុម​គ្រួសារ ឬ​និយាយ​ដោយ​សាមញ្ញ​ថា ការពារ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​របស់​លោក។ ទាយាទ​ស្នង​តំណែង​ពី​លោក ហ៊ុន សែន រូប​នេះ​​ថ្លែង​​ទៀត​ថា ទិសដៅ​ទៅ​មុខ​ទៀត​សម្រាប់​កងទ័ព គឺ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង​ការពារ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី។

BQ on 12-03-2022-3.jpg
កងកម្លាំងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញឬទ្ធិ នៅក្នុង​ពិធី​រំលឹក​ខួប​៣០​ឆ្នាំនៃការ​បង្កើត​បញ្ជាការ​​ដ្ឋាន​​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (រូប៖ Hun Manet page)។

លោក ហ៊ុន ម៉ាណែត ថ្លែង​សារ​ទាំងនេះ​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍៣០ឆ្នាំ នៃ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​វរសេនា​តូច​លេខ ២៤៦ អតីត​យោធា​ក្រុងភ្នំពេញ ដែល​បច្ចុប្បន្ន​ក្លាយ​ជា​បញ្ជាការដ្ឋាន​អង្គរក្ស កាល​ពី​ថ្ងៃទី១២ ខែមីនា និង​ត្រូវ​បាន​ស្រង់​សម្ដី​យក​មក​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក។

វិទ្យុ​អាស៊ី​សេរី​មិនអាច​ទាក់ទង​មេបញ្ជាការ​កង​អង្គរក្សលោក ហ៊ីង ប៊ុនហៀង និង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិលោក ឈុំ សុជាត ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៣ ខែមីនា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អគ្គ​លេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាលោក គៀន ពន្លក សង្កេត​ឃើញ​ថា ជាច្រើន​ឆ្នាំ​មក​នេះ បញ្ជាការដ្ឋាន​អង្គរក្ស​ការពារ​ផលប្រយោជន៍​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ ច្រើន​ជាង​ការពារ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា សារ​របស់​លោក ហ៊ុន ម៉ាណែត នេះ ហាក់​បង្ហាញ​​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា បញ្ជាការដ្ឋាន​អង្គរក្ស​ជា​កម្មសិទ្ធិផ្ដាច់មុខ និង​ជា​អ្នកការពារ​អំណាច​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន៖ «នេះ​ គឺ​ជា​បញ្ហា​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​ពិចារណា ហើយ​គួរតែ​មើលឃើញ​ពី​ភាព​ប្រក្រតី​ទាំងអស់​នេះ​អំពី​កង​អង្គរក្ស ដែល​ការពារ​តែ​នាយករដ្ឋមន្ត្រី ហើយ​និង​ក្រុម​គ្រួសារ​ដើម្បី​ពង្រឹង​​អំណាច​របស់​ខ្លួន។ ហើយ​គួរតែ​ដល់​ពេល​ហើយ​ដែល​ពលរដ្ឋ​ត្រូវ​សម្លឹង​មើល​ថា ប្រទេស​កម្ពុជា​មួយ​នេះ គឺ​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ​ជា​ចាំបាច់ »

BQ on 12-03-2022-2.jpg
កងកម្លាំងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញឬទ្ធិ នៅក្នុង​ពិធី​រំលឹក​ខួប​៣០​ឆ្នាំនៃការ​បង្កើត​បញ្ជាការ​​ដ្ឋាន​​អង្គរក្ស​កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (រូប៖ Hun Manet page)។

បញ្ជាការ​ដ្ឋាន​អង្គរក្ស​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០០៩ ហើយ​បែងចែក​ជាច្រើន​ផ្នែក និង​ជា​កងឯកភាព​ផ្សេងៗ​ ក្នុង​នោះ ​រួមមាន ផ្នែក​អន្តរាគមន៍ ផ្នែក​ប្រយុទ្ធ សង្គ្រោះ ពេទ្យ សិល្បៈ និង​កសិកម្មជាដើម។ អង្គភាព​នេះ​ កើត​ចេញពី​កងវរសេនាតូច​លេខ ២៤៦ អតីត​យោធា​ក្រុងភ្នំពេញ ដែល​ជា​កងពល​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ក្នុង​សម័យ​រដ្ឋ​កម្ពុជា ឆ្នាំ​១៩៩០។ កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នេះ មាន​បំពាក់​អាវុធ​ធុន​ធ្ងន់ និង​ទំនើបៗ ស្មើនឹង​កង​យោធពល​ខេមរភូមិន្ទ​ថ្នាក់​ជាតិ​ដែរ ក្នុង​នោះ​រួមមាន យន្តហោះ រថក្រោះ រថពាសដែក​មិន​តិច​ជាង ១០០​គ្រឿង និង​កាំជ្រួច​ហ្វូង​បេអឹម ២១ (BM-21) ព្រមទាំង​កាំភ្លើង​គ្រប់​ធុន​ក្រោម​ការ​ឧបត្ថម្ភ​របស់​ប្រទេស​ចិន​កុម្មុយនីស្ត ដែល​ជា​បង្អែក​របស់​លោក ហ៊ុន សែន។

ទោះជាយ៉ាងណា អង្គភាព​មួយ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​អំពើ​ឧក្រិដ្ឋ និង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ជាច្រើន ក្នុង​នោះ​រួមមាន ការ​គប់​គ្រាប់​បែក​សម្លាប់​ហ្វូង​បាតុករ​អហិង្សា និង​អំពើ​រដ្ឋប្រហារ​បង្ហូរឈាម​សម្លាប់​ជីវិត​ជនស៊ីវិល និង​កងកម្លាំង​របស់​ហ្វ៊ុនស៊ិនប៉ិច​រាប់​រយ​នាក់ កាល​ពី​ឆ្នាំ ១៩៩៧ ការ​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៥ អំពើ​ច្បាម​យក​ដីធ្លី និង​ការ​កាង​ការពារ​អាជីវកម្ម​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ជាដើម។

BQ on 12-03-2022.jpg
កងកម្លាំងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញឬទ្ធិ នៅក្នុង​ពិធី​រំលឹក​ខួប​៣០​ឆ្នាំនៃការ​បង្កើត​បញ្ជាការ​​ដ្ឋាន​​អង្គរក្ស​កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (រូប៖ Hun Manet page)។

ដោយសារ​តែ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទាំងនេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង​ កាលពី​ឆ្នាំ ២០១៨។ ថ្មីៗ​នេះ​ទៀតសោត តុលាការ​ក្រុងប៉ារីស ប្រទេស​បារាំង ក៏​បាន​ចេញដីកា​តាម​ចាប់​ខ្លួន​លោក ហ៊ីង ប៊ុនហៀង និង​គូកន​ម្នាក់​ទៀត គឺ​​លោក ហ៊ុយ ពិសិដ្ឋ អតីត​មេបញ្ជាការ​រង​កង​អង្គរក្ស ពី​បទ «ប៉ុនប៉ង​សម្លាប់​មនុស្ស» ទាក់ទង​នឹង​ការ​គប់គ្រាប់បែក​លើ​ហ្វូង​បាតុករ កាល​ពី​ខែ​មីនា ឆ្នាំ១៩៩៧ ដែល​បណ្ដាល​ឱ្ស​ស្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៦នាក់​ និង​ជាង ១០០ នាក់​ទៀត​រង​របួស។

របាយការណ៍​នានា​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន មាន​អង្គរក្ស និង​ក្រុម​ទ័ពស្រួច​ឯកជន​មិន​តិច​ជាង ៣​ពាន់​នាក់​ឡើយ នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​របស់​លោក​នេះ។ ជានិច្ចកាល ពួក​មេដឹកនាំ និង​មន្ត្រី​គ្រាក់ៗ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​តែងតែ​ប្រកាស​ប្ដេជ្ញា​ចិត្ត និង​ត្រៀមខ្លួន​ទុកជា​ស្រេច ដើម្បី​ចេញ​ប្រតិបត្តិការ​ស្ម័គ្រ​ស្លាប់​ការពារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គ្រប់​កាលៈទេសៈ​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​បាន​ប្រកាស​ទៀត​ថា នឹង​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ ដែល​នេះ​គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់។ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ចែង​ថា​ យោធិន​ត្រូវ​មាន​អព្យាក្រឹត្យ​ភាព​ក្នុង​មុខ​នាទី ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ការប្រើប្រាស់​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណាមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។