អ្នក​ឃ្លាំមើល​ថា កម្ពុជា​គួរ​ស្ដារ​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ប្រសើរ​ជាង​ទទួល​យក​គំនិត​ដឹក​នាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ

0:00 / 0:00

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា ជំរុញ​ដល់​រដ្ឋាភិបាល​គិតគូរ​ស្ដារ​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ប្រសើរ​ជាង​ទទួល​យក​នូវ​មនោគម​វិជ្ជា​ពី​ប្រទេស​កុម្មុយនិស្ត​ចិន ដើម្បី​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថា សមិទ្ធផល​ដ៏​មហិមា​នៃ​សមាជ​គណបក្សកុម្មុយនិស្ត​ចិន លើក​ទី២០ អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​មជ្ឈដ្ឋាន​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​សារ​សំខាន់​នៃ​សមិទ្ធផល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លើក​ឡើង​ថា បើ​ក្នុង​របត់​នយោបាយ​រវាង​ប្រទេស​មហា​អំណាច និង​មហា​អំណាច​នៅតែ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ការ​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ នោះ​កម្ពុជា​ត្រូវតែ​ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត្យ ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​កូន​អុក​សម្រាប់​ប្រទេស​មហា​អំណាច​ណា​មួយ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កំណត់​ថា កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត្យ​ដោយ​មិន​ប្រកាន់​បែងចែក​បក្ខ​ពួក​នៃ​ប្លុក​សេរី និង​កុម្មុយនិស្ត​ឡើយ។ ប៉ុន្តែ​លោក​ថា បើ​កម្ពុជា​ខ្លួន​ឯង​ធ្វេស​ប្រហែស​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​នៃ​មហា​អំណាច​ណា​មួយ នោះ​កម្ពុជា​នឹង​បាត់បង់​ផល​ប្រយោជន៍​កាន់តែ​ច្រើន។ លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ហាក់​កំពុង​លម្អៀង​ទៅ​ប្រទេស​ចិន​កាន់​តែ​ខ្លាំង និង​ដឹកនាំ​ប្រទេស​កាន់តែ​ប្រាស​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ​ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព និង​បង្ក្រាប​សំឡេង​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ជា​ដើម។

លោក​សង្កេត​ឃើញ​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​ជិត​ស្និទ្ធ​កន្លង​មក​នេះ បាន​ធ្វើ​កម្ពុជា​បាត់បង់​សន្តិសុខ​សង្គម​មួយ​ផ្នែក ដ្បិត​ជនជាតិ​ចិន​មួយ​ចំនួន ដែល​ចូល​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា​មួយ​ចំនួន គឺ​ជា​ប្រភេទ​អាជីវកម្ម​បែប​ឧក្រិដ្ឋ៖

« សហភាព​អឺរ៉ុប ឬ​សហរដ្ឋ​អាមេរិក​ហ្នឹង ក៏​បាន​ចង្អុល​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​លេខ​រៀង ដែល​អាច​ដាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ​ទៀត។ ការ​ដែល​យើង​ភ្លេច​ខ្លួន ហើយ​យើង​នៅតែ​ព្យាយាម​រាប់អាន​ជាមួយ​នឹង​ចិន ដែល​ភ្លេច​គិត​អំពី​គោលការណ៍ ធ្វើ​ឱ្យ​កម្ពុជា​រាល់​ថ្ងៃ​ហ្នឹង​ហាក់​ដូច​ជា​បាត់បង់​សន្តិសុខ​មួយ​ផ្នែក​អំពី​ជនជាតិ​ចិន។ អា​នេះ​ខ្ញុំ​គ្រាន់​តែ​និយាយ​អំពី​ជនជាតិ​ចិន​ទេ ប៉ុន្តែ​ទាំង​អស់​ហ្នឹង វា​កើត​ចេញ​កិច្ច​សហប្រតិបត្តិការ»

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) កាល​ពី​ថ្ងៃ​ទី៣១ ខែតុលា ថា អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នៃ​សមាជ​គណបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី២០ ជា​សមិទ្ធផល​ផ្លែផ្កា​ដ៏​សំខាន់​បំផុត​របស់​សមាជ​គណបក្ស​កុម្មុយនិស្ត​ចិន គឺ​ជា​ការ​កំណត់​តួនាទី​ស្នូល​របស់​អគ្គលេខាធិការ​បក្ស​លោក ស៊ី ជីងពីង (Xi Jinping) ឱ្យ​ក្លាយ​ជា​គំនិត​ដឹកនាំ​ក្នុង​រយៈ​ពេល​វែង។

Hun_Sen_Xi_Jinping_042919.jpg
រូបឯកសារ៖ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ខាង​ស្ដាំ លោក Xi Jinping អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ដ​ចិន ក្នុងជំនួប​កាល​ពី​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៩។

ទំព័រ​ហ្វេសប៊ុក (Facebook) ផេក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ភាគី​កម្ពុជា​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ខ្លឹមសារ​សុន្ទរកថា​លោក វ៉ាង វិនធាន (Wang Wentian) ដែល​កម្ពុជា​គិត​ថា បាន​ជួយ​ដល់​ប្រជាជន​នៅ​គ្រប់​មជ្ឈដ្ឋាន​អាច​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​សារ​សំខាន់​ជា​ប្រវត្តិសាស្ត្រ និង​សមិទ្ធផល​នៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​សាទរ ប្រសិន​បើ​ប្រទេស​ចិន​កុម្មុយនិស្ត ជួយ​ជំរុញ​ឱ្យ​កម្ពុជា​ដើរ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស៍ ដែល​ប្រទេស​ចិន ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ។ ក៏ប៉ុន្តែ លោក​មើល​ឃើញ​ថា របត់​នយោបាយ​បច្ចុប្បន្ន​ចិន​ហាក់​កំពុង​ប្រើប្រាស់​កម្ពុជា​ផ្ដាច់មុខ​តាម​រយៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បំពេញ​មហិច្ឆតា​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​លើ​ទឹកដី​ខ្មែរ​ទប់ទល់​នឹង​ប្រទេស​មហា​អំណាច​លោក​សេរី​តែ​ប៉ុណ្ណោះ៖

« ហើយ​លោក ហ៊ុន សែន វិញ​ត្រឹមតែ​ត្រូវ​ការ​ពឹង​ចិន ដើម្បី​សម្រេច​គោលដៅ​ផ្ទេរ​អំណាច​គ្រួសារ​របស់​ខ្លួន ការ​ពឹង​ពាក់​គ្នា​ពង្រឹង​អំណាច​បែប​នេះ ធ្វើ​ឱ្យ​ខូច​ផល​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ធំធេង​ណាស់។ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រឹមតែ​មិន​ពេញ​ចិត្ត​ទេ ថែម​ទាំង​កើត​នូវ​សម្អប់​កាន់តែ​ខ្លាំង ក្នុង​ចិត្ត​របស់​ពួក​គាត់ ចំពោះ​ទំនាក់ទំនង​នៃ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៤ ខែវិច្ឆិកា។

ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ២០១៧ មក​អាជ្ញាធរ​នៃ​របប​របស់​ក៏​មិន​បាន​ដក​ថយ​ក្នុង​ការ​បង្ក្រាប​សកម្មជន​សង្គម អ្នក​នយោបាយ​ប្រឆាំង និង​ស្ថាប័ន​សារ​ព័ត៌មាន ដែល​មិន​រណប​លោក​នោះ​ទេ។ ទន្ទឹម​នេះ សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់ ដែល​ទំនង​ជាហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្រវា​ឱប​ក្រសោប​ចិន​កាន់តែ​ខ្លាំង។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​បាន​ផុត​សុពលភាព​កាល​ពី​ដំណាច់​ឆ្នាំ២០២០ កន្លង​ទៅ ដោយ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បន្ត​ឱ្យ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ គិត​មក​ដល់​នេះ។ ចំណែក​ឯ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំង​អស់ លើក​លែង​តែ​អាវុធ ឬ​ហៅ​ថា (EBA) ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់ ២០ភាគ​រយ​ដែរ ដោយសារ​តែ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស «ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ» និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចុះ​កិច្ចព្រមព្រៀង​ដោយ​សម្ងាត់​ផ្ដល់​សិទ្ធិ​ឱ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​កំពង់​ផែ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ករណី​នេះ​កម្ពុជា​អាច​ប្រឈម​ការ​គំរាម​កំហែង បាត់បង់​អធិបតេយ្យ និង​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។