សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្តួចផ្តើមគំនិតបង្កើតទង់ជាតិខ្មែរកម្ពុជាក្រោម សម្រាប់ប្រើប្រាស់ជុំវិញពិភពលោក
2022.04.26

សហព័ន្ធខ្មែរកម្ពុជាក្រោមផ្តួចផ្តើមគំនិតបង្កើតទង់ជាតិខ្មែរកម្ពុជាក្រោម សម្រាប់ប្រើប្រាស់ជុំវិញពិភពលោក និងនៅលើដែនដីកម្ពុជាក្រោម។ តើទង់ជាតិខ្មែរកម្ពុជាក្រោមមានអត្ថន័យនិងលក្ខណៈសំគាល់ដូចម្តេចដែរ?
ទង់ជាតិខ្មែរកម្ពុជាក្រោមបានជួយថែរក្សាអត្តសញ្ញាណខ្មែរក្រោម ដើម្បីសំគាល់ជាប្រជាជាតិមួយរស់នៅ នៅលើទឹកដីកម្ពុជាក្រោម ឲ្យបានគង់វង្សនៅលើឆាកអន្តរជាតិ។ អនុប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ថាច់ ប្រីជា គឿន លើកឡើងថា ខ្មែរក្រោមមិនប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រោះខ្មែរក្រោមចង់ឲ្យគេស្គាល់និមិត្តរូបនៃអត្តសញ្ញាណខ្មែរកម្ពុជាក្រោម៖ «ជំហានដំបូងហ្នឹងគេយើងបង្កើតអត្តសញ្ញាណរបស់ខ្លួន ដើម្បីឲ្យពិភពលោកដឹងថា យើងមកពីទឹកដីកម្ពុជាក្រោម។ ជាខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមហ្នឹងដើម្បីឲ្យគេស្គាល់។ ឥឡូវនេះ ពិភពលោកកំពុងផ្តោតអារម្មណ៍លើសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ។ទៅអនាគតជាសិទ្ធិរបស់ខ្មែរក្រោមថាតើអាចបង្កើតប្រទេស ឬសម្រេចវាសនាដោយខ្លួនឯងជាដើមហ្នឹង»។
ទង់ជាតិកម្ពុជាក្រោម ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ ១៩៩២ ក្នុងមហាសន្និបាតសកល នៅសហរដ្ឋអាមេរិក។ ទង់ជាតិកម្ពុជាក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានបីព័ណ៌ផ្សេងៗគ្នា គឺព័ណ៌ ខៀវ លឿង និងក្រហម។ ឯកសាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបញ្ជាក់ថា ឆ្នូតព័ណ៌ខៀវ នៅផ្នែកខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ឆ្នូតព័ណ៌លឿង នៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម និងឆ្នូតព័ណ៌ក្រហម នៅខាងក្រោម បង្ហាញពីវីរភាពអង់អាចក្លាហានរបស់វីរជនខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់។ សហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតទង់ជាតិខ្មែរកម្ពុជាក្រោមនេះ កើតចេញពីទង់ពុទ្ធសាសនា ដោយសារតែពលរដ្ឋខ្មែរក្រោម ជាអ្នកគោរពប្រតិបត្តិតាមពុទ្ធសាសនាថេរវាទ តាំងពីយូរលង់ណាស់មកហើយ។
បច្ចុប្បន្ន សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងប្រើប្រាស់ទង់ជាតិកម្ពុជាក្រោម ជាសាធារណៈលើឆាកអន្តរជាតិ ដើម្បីសំគាល់ខ្មែរក្រោម ក្នុងយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត។ លោក ថាច់ ប្រីជា គឿន អំពាវនាវឲ្យខ្មែរក្រោមកំពុងរស់នៅលើទឹកដីកំណើត ប្រើប្រាស់ទង់ជាតិខ្មែរក្រោម ជាជាងប្រើប្រាស់ទង់ជាតិកម្ពុជា ឬវៀតណាម៖ «ប្រជាពលរដ្ឋខ្មែរក្រោម នៅតាមគេហដ្ឋាន នៅតាមវត្តអារាមអីហ្នឹង គួរតែលើកទង់ជាតិរបស់ខ្លួនឡើង មិនត្រូវខ្លាចរបបអាណានិគមយួនហ្នឹងមក រំលោភសិទ្ធិឬបំពានអ្វីមកលើយើងទេ ពីព្រោះអីជាអត្តសញ្ញាណរបស់យើង ចំណែលទង់របស់វៀតណាមហ្នឹង ជាទង់របស់បរទេសតែប៉ុណ្ណោះ។សូមអំពាវនាវលើកទង់ជាតិនៅតាមផ្ទះតូចធំអីក៏ដោយ យើងអាចធ្វើបានតាមសេរីភាពរបស់យើង»។
បច្ចុប្បន្នយុវជនខ្មែរកម្ពុជាក្រោមកំពុងផ្សព្ធផ្សាយណែនាំឲ្យពលរដ្ឋខ្មែរក្រោមប្រើប្រាស់ទង់ជាតិខ្មែរក្រោម ទោះបីពួកគេអាចប្រឈមមុខនឹងការឃាត់ខ្លួនដាក់ពន្ធនាគារក៏ដោយ។
យុវជនខ្មែរក្រោមលោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៤ ខែមេសាថា កាលពីថ្មីៗនេះ អាជ្ញាធរវៀតណាម បានគំរាមកំហែងលោក រឿងលោកផ្សព្ធផ្សាយ រូបភាព មានទង់ជាតិកម្ពុជាក្រោម។ វៀតណាមចោទលោកថា ការប្រើប្រាស់ទង់ជាតិខ្មែរក្រោម ជាអំពើក្បត់ជាតិ និងចង់ផ្តួលរំលំរដ្ឋាភិបាលវៀតណាម៖ «ទង់ជាតិហ្នឹងជារបស់ខ្មែរក្រោម មិនមែនជារបស់សហព័ន្ធទេ។ បើយើងថា ទង់ជាតិជារបស់សហព័ន្ធគេយកលេសថា យើងឃុបឃិតផ្តួលរំលំរដ្ឋាភិបាល (វៀតណាម) ក្បាត់ជាតិ និងបង្កអសន្តិសុខជាតិបង»។
លោក យឿង ខាយ ត្រូវបានវៀតណាមឃាត់ខ្លួន ជាច្រើនលើកច្រើនសារមកហើយ ដោយសារតែលោក ហ៊ានបញ្ចេញមតិទាមទារសិទ្ធិជនជាតិដើម។ លោកថា ខ្មែរក្រោមចាំបាច់ត្រូវតែមានទង់ជាតិមួយសម្រាប់ប្រើប្រាស់ដើម្បីសំគាល់ខ្មែរក្រោមនៅលើទឹកដីកំណើត៖ «បើបានហ្នឹងយើងស្រួលបង។ យើងធ្វើម្ចាស់ការខ្លួនឯង។ យើងជួញដូរខ្លួនឯង ស្រួលបង»។
ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានបារាំងកាត់ឲ្យវៀតណាមកាលពី៧៣ឆ្នាំមុន។ បច្ចុប្បន្ន ខ្មែរក្រោមប្រមាណ ៧លាននាក់កំពុងរស់នៅលើទឹកដីកំណើត។ ពួកគេត្រូវបានអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ជារៀងរាល់ថ្ងៃ។ ការធ្វើទុក្ខម្នេញទាំងនោះរួមមាន ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិប្រតិបត្តិសាសនា សិទ្ធិដីធ្លី និងការលុបបំបាត់ប្រវត្តិសាស្រ្តខ្មែរ។ ខ្មែរក្រោមជាច្រើននាក់ ត្រូវបានវៀតណាមចាប់ដាក់ពន្ធនាគារ និងផាកពិន័យដោយសារតែ ការទាមទារចង់បានសិទ្ធិជាជនជាតិដើម និង ដីធ្លីដើម្បីប្រកបរបរចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។