អ្នក​ឃ្លាំមើល​ថា ការ​បែង​ចែក​កូតា​ការងារ​រដ្ឋ​ដល់​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​បង់ក្លាដេស្ហ និង​នៅ​កម្ពុជា​មាន​លក្ខណៈ​ស្រដៀង​គ្នា

0:00 / 0:00

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​អនុវត្តន៍​បែង​ចែក​កូតា​ការងារ​រដ្ឋ​ដល់​ក្រុម​ គ្រួសារ​អ្នក​កាន់​អំណាច នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) និង​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ស្រដៀង​គ្នា ទោះបី​ជា​នៅ​ប្រទេស​កម្ពុជា ពុំ​មាន​ច្បាប់​បែង​ចែក​កូតា​ ការងារ​រដ្ឋ ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ​ក៏​ដោយ។

នៅ​ប្រទេស​បង់ក្លាដេស្ហ មាន​ការ​កំណត់​កូតា​ពិសេស​នៃ​ការ​ជ្រើសរើស​បុគ្គលិក​រដ្ឋ​ដែល​កំណត់​ចំនួន​រហូត​ដល់​៣០ភាគរយ សម្រាប់​ផ្ដល់​ឱ្យ​កូន​ចៅ​របស់​អ្នក​នយោបាយ​មាន​ស្នាដៃ តាំង​សម័យ​តស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ​ជាង ៥០ឆ្នាំ​មុន។ កូតា​ ពិសេស​នេះ បាន​ទៅ​លើ​សមាជិក​គ្រួសារ អ្នក​ដឹក​នាំ​ប្រទេស​បង់ក្លាដេស្ហ​បច្ចុប្បន្ន។
ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ​ដែរ តំណែង​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​ជាតិ នៅ​ ប្រទេស​កម្ពុជា ត្រូវ​បាន​បែង​ចែក​ទៅ​ក្រុម​គ្រួសារ​អ្នក​ដឹក​នាំ ដែល​ភាគ​ច្រើន​លើស​លប់​បាន​ទៅ​សមាជិក​ក្រុម​គ្រួសារ​ញាតិ​មិត្ត​បក្ខពួក​ត្រកូល​ហ៊ុន។

ជាក់ស្ដែង​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន ដែល​ជា​ក្មួយ​លោក ហ៊ុន សែន ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​លោក ហ៊ុន ម៉ានិត ជា​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ព្រម​ទាំង​កូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​កូន​ប្រសារ​ម្នាក់​ ទៀត​របស់​លោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ ជា​រដ្ឋលេខាធិការ​ក្រសួង​ ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ក្រៅ​ពី​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដែល​ក្ដោប​ក្ដាប់​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​ជាតិ​ដ៏​ច្រើន​លើស​លប់​តួនាទី​ផ្សេងៗ​ទៀត ក៏​ត្រូវ​បាន​បែង​ចែក​ទៅ​ឱ្យ​មនុស្ស​ដែល​ស្និទ្ធ​ នឹង​គ្រួសារ​ហ៊ុន ដូចជា​មនុស្ស​ជំនិត​របស់​អ្នកស្រី ប៊ុន រ៉ានី គឺ​អ្នកស្រី ឃួន សុដារី ធ្វើ​ជា​ប្រធាន​រដ្ឋសភា និង​ប្រគល់​តំណែង​សំខាន់ៗ​ឱ្យ​គ្រួសារ​អ្នក​ដឹក​នាំ​ឯ​ទៀត​ក្នុង​ចំណោម​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ស សុខា ដែល​ជា​កូន​លោក ស ខេង ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ខណៈ​កូន​ប្រុស​ពៅ​របស់​លោក ស ខេង កាន់​តំណែង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រីឯ​ប្អូន​ជី​ដូន​ មួយ​របស់​លោក ស ខេង គឺ​លោក ស ថេត គឺ​ជា​ស្នងការ​រង​នគរបាល​ជាតិ និង​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

លោក ទៀ សីហា ដែល​ជា​កូន​លោក ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ក្រសួង​ការពារ​ជាតិ ខណៈ​ប្អូន​ប្រុស​របស់​លោក ទៀ បាញ់ គឺ​លោក ទៀ វិញ ជា​មេ​ទ័ព​ជើង​ទឹក។ លោក សាយ សំអាល់ ដែល​ជា​កូន​លោក សាយ ឈុំ ក្លាយ​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីកម្មនិង​សំណង់​នៅ​ពេល​ កូន​ប្រុស​ម្នាក់​ទៀត​របស់​លោក សាយ ឈុំ គឺ​លោក សាយ សំអាត កាន់​តំណែង​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ។
លោក ប៉េង ពោធិ៍សា ដែល​កូន​របស់​អ្នកស្រី ម៉ែន សំអន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ កូន​ប្រសារ​លោក ជា សុផារ៉ា គឺ​លោក អ៊ាង សុផល្លែត ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ខណៈ​លោក ផារ៉ា មង្គល ដែល​ជា​កូន​ប្រុស ម្នាក់​ទៀត​របស់​លោក ជា សុផារ៉ា ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីកម្ម និង​សំណង់។ អ្នកស្រី ចម និម្មល ដែល​ជា​កូន​របស់​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ កូនស្រី​បង្កើត​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ គឺ​អ្នកស្រី ជា សិរី ​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនួស​ឪពុក។ កូនប្រុស​របស់​លោក យឹម ឆៃលី គឺ​លោក យឹម លាត គឺ​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា។

ក្រៅ​ពី​នេះ ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​បង់ក្លាដេស្ហ ក្រុម​គ្រួសារ​និង​ មនុស្ស​របស់​ពួក​អ្នក​ដឹក​នាំ​គ្រប់​គ្រង​ស្ថាប័ន​ជាតិ​ទាំងអស់ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​វិទ្យុ​ អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា​ថា ការ​ចេញ​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ប្រឆាំង នឹង​រដ្ឋាភិបាល​នៅ​ប្រទេស​បង់ក្លាដេស្ហ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​យុវជន​និង​ និស្សិត​ខ្មែរ គិត​គូរ​ចេញ​តវ៉ា​នៅ​កម្ពុជា​ដែរ ដើម្បី​កែ​ប្រែ​ស្ថានភាព​មិន​ល្អ​ក្នុង​ការ​ដឹក​ នាំ​ស្ថាប័ន​ជាតិ​នៅ​កម្ពុជា​សព្វ​ថ្ងៃ។

លោក​ថា ការ​ផ្ដល់​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ ជា​ពិសេស​តំណែង​ទទួល​ខុស​ត្រូវ​សំខាន់ៗ​ តាម​រយៈ​បក្ខពួក និង​ក្រុម​គ្រួសារ​អ្នក​ដឹក​នាំ គឺ​ជា​រឿង​អយុត្តិធម៌​ធំ​ណាស់​សម្រាប់​ ជាតិ ដែល​ធ្វើ​ឱ្យ​បញ្ញវន្ត អ្នក​ចេះដឹង យុវជន​និង​និស្សិត​ចេញ​ពី​សាលា ដែល​គ្មាន​ បណ្ដាញ​បក្ខពួក បាត់​បង់​ឱកាស​ចូលរួម​ជួយ​ប្រទេស​ជាតិ ក្នុង​តួនាទី​ជា​មន្ត្រី​រាជការ​រដ្ឋ។

លោក ម៉ែន ណាត៖ «កោត​សរសើរ​ដល់​ពួក​និស្សិត បញ្ញវន្ត​នៅ​ប្រទេស​បង់ក្លាដេស្ហ ចេញ​តវ៉ា​តាម​ផ្លូវ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​មាន​គំនិត​ផ្ទេរ​អំណាច​ឱ្យ​កូន​ចៅ​សាច់​ឈាម​ខ្លួន​ឯង​ហ្នឹង ហើយ​ពួក​និស្សិត​នឹង​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​ដោយ​ខ្លួន​ឯង។ ប្រជាពលរដ្ឋ​ហើយ​និស្សិត​ខ្មែរ គួរ​តែ​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​ដែរ។ បើ​សិន​ជា​បណ្ដោយ​ពួក​យុវជន​ខ្មែរ ពួក​និស្សិត​ខ្មែរ ដែល​ខំ​រៀន​គ្មាន​ឱកាស​កាល​ណា​យើង​មិន​តវ៉ា គឺ​ឱកាស​នឹង​បាន​តែ​ទៅ​លើ​ពួក​មាន​កាន់​អំណាច ហើយ​កូន​ចៅ​ពួកគេ​កាន់​តំណែង​ត​ពូជ​ទៅ។ អ៊ីចឹង​គួរ​ណាស់​តែ​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គម​មួយ​នឹង​ឱ្យ​បាន»។

ក្រុម​និស្សិត និង​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ ដែល​ទ្រាំ​នឹង​អយុត្តិធម៌​មិន​បាន​ទាក់ទង នឹង​ការ​បែកចែក​ការងារ បាន​ចេញ​ធ្វើ​បាតុកម្ម​រយៈពេល ១សប្ដាហ៍​ហើយ ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី​អ្នកស្រី ឆេក ហាស៊ីណា (Sheikh Hasina) ។ បាតុកម្ម​នេះ ផ្ទុះ​ជា​អំពើ​ហិង្សា​រវាង​សមត្ថកិច្ច និង​ក្រុម​បាតុករ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១៥០នាក់ និង​របួស​រាប់​រយ​នាក់។

ការ​បែង​ចែក​កូតា​តែ​សម្រាប់​កូន​ចៅ និង​បក្ខពួក​គ្រួសារ​របស់​អតីត​អ្នក​តស៊ូ​មុនៗ​ ដែល​ភាគ​ច្រើន​ជា​អ្នក​ដឹក​នាំ​ប្រទេស​បង់ក្លាដេស្ហ​បច្ចុប្បន្ន​នេះ ក្រុម​បាតុករ​និស្សិត​​បង់ក្លាដេស្ហ អះអាង​ថា ធ្វើ​ឱ្យ​និស្សិត​ក្រីក្រ និង​និស្សិត​មក​ពី​ទី​ជនបទ មិន​មាន​ ឱកាស​បាន​ចូល​ធ្វើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល ដូច្នេះ តំណែង​ការងារ​សំខាន់ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ក្តោប​ក្តាប់​ដោយ​គ្រួសារ​អ្នក​កាន់​អំណាច។

តាម​ការ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន BBC កាល​ពី​ថ្ងៃទី២១ ខែកក្កដា ការ​តវ៉ា​របស់​ ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ បាន​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​របស់​ពលរដ្ឋ​បង់ក្លាដេស្ហ ទាំង​ ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ក៏​កើត​ឡើង​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ​ជាង​១៧០ លាន​នាក់​មិន​មាន​ការងារ​ធ្វើ​សមរម្យ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី ២៣ ខែកក្កដា ថា នៅ​ប្រទេស​ដែល​មិន​អាច​ បែង​ចែក​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្ដល់​មុខ​ងារ​តួនាទី សម្រាប់​អ្នក​បម្រើ​សង្គម និង​ប្រទេស​ជាតិ​ទេ នោះ​គឺ​ជា​ហានិភ័យ​ខ្ពស់​ណាស់ ដែល​អាច​នឹង​មាន​កើត​ប្រតិកម្ម​ ចេញ​ពី​ប្រជាពលរដ្ឋ ដោយសារ​តែ​ប្រាស់​ចាក​ពី​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ។

ករណី​នៅ​ប្រទេស​បង់ក្លាដេស្ហ និង​កម្រិត​នៅ​ប្រទេស​កម្ពុជា​លោក សេក សុជាតិ មិន​លើក​យក​ប្រៀប​ធៀប​ក៏​ដោយ តែ​លោក​ថា ការ​តវ៉ា​របស់​និស្សិត​នៅ​បង់ក្លាដេស្ហ ក៏​ជា​មេ​រៀន​ល្អ​ដែរ សម្រាប់​អ្នក​ដឹក​នាំ​នៅ​កម្ពុជា​ពិចារណា។

លោក សេក សុជាតិ៖«វា​ជា​មេរៀន​មួយ​ដ៏​ល្អ សម្រាប់​ថ្នាក់​ដឹក​នាំ​កម្ពុជា នៅ​ក្នុង​ ត្រិះរិះ​ពិចារណា តើ​រាល់​ការ​អនុវត្ត និង​ការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​របស់​យើង នឹង​អាច​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​នៅ​ពេល​អនាគត​ដែល​អត់។ នេះ​គឺ​ជា​សំណួរ​មួយ ដែល​យើង​ចង់​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​គិតគូរ នឹង​បាន​ត្រៀម​ខ្លួន​យ៉ាង​ម៉េច នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា បើ​សិន​ជា​មាន​ព្រឹត្តិការណ៍​កើត​ឡើង​ដូច​ករណី នៅ​ក្នុង​ប្រទេស​បង់ក្លាដេស្ហ​នោះ»។

ដោយសារ​ចលនា​បាតុកម្ម​តវ៉ា​យ៉ាង​ផុស​ផុល​ តុលាការ​កំពូល​របស់​បង់ក្លាដេស្ហ បាន​សម្រេច​​បញ្ចុះ​កូតា​ជ្រើសរើស​បុគ្គលិក​រដ្ឋ​ពី៣០ភាគ​រយ​មក​នៅ​ត្រឹម​៥ ភាគរយ វិញសម្រាប់​កូន​ចៅ​របស់​ក្រុម​អ្នក​​នយោបាយ​ដែល​បាន​តស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ ហើយ​ការងារ​រដ្ឋ​ចំនួន៩៣ភាគរយនឹង​បើក​ចំហ​ឱ្យ​ប្រជា​ពលរដ្ឋ​បង់ក្លាដេស្ហ​ទូទៅ ដែល​​គ្មាន​តូកា តែ​មាន​សមត្ថភាព ទោះបី​ជា​តុលាការ​មិន​បាន​សម្រេច​លុប​ចោល​​ច្បាប់​កំណត់​កូតា​ទាំង​ស្រុង​ក៏ដោយ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរ​មើល​ឧទាហរណ៍​ដ៏​ល្អ នៃ​ការ​ ប្រឹង​ប្រែង​តវ៉ា​របស់​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។