លោក ហ្សង់ហ្វ្រង់ស័រ ពីអ្នកកាសែតមានកេរ្តិ៍ឈ្មោះ ទៅជាមន្ត្រីនយោបាយរបស់ត្រកូលហ៊ុន
2023.11.20

អតីតអ្នកនយោបាយបក្សប្រឆាំង មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាច្រើននាក់បានក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាណត្តិទី ៧ ដែលជារដ្ឋាភិបាលបន្តត្រកូល ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។ ក្នុងចំណោមអ្នកទទួលបានបុណ្យស័ក្ដិធំទាំងនោះ ក៏រួមមានទាំងលោក តាន់ ហ្សង់ហ្វ្រង់ស័រ (Tain Jean Francois) អតីតនាយកការផ្សាយនៃវិទ្យុបារាំងអន្តរជាតិ(RFI) ជាខេមរភាសា ម្នាក់ផងដែរ។ តើហេតុអ្វីបានជាអ្នកជំនាញផ្នែកសារព័ត៌មានរូបនេះក្លាយជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល?
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ឬ ហ្សង់ហ្វ្រង់ស័រ តាន់ (Jean Francois Tain) ជាអ្នកជំនាញផ្នែកសារព័ត៌មានល្បីឈ្មោះមួយរូប ដែលបានចូលបម្រើរដ្ឋាភិបាលបន្តជំនាន់នៃត្រកូល «ហ៊ុន»។ លោកហាក់មានទំនោរទៅរករដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាជាយូរមកហើយ តាមរយៈការអត្ថាធិប្បាយព័ត៌មាន និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកជាមួយមន្ត្រីកំពូលៗនៃរដ្ឋាភិបាល។
ប្រវត្តិសង្ខេប
លោក ហ្សង់ហ្វ្រង់ស័រ មានអាយុ ៥៧ ឆ្នាំ។ លោកកើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅឆ្នាំ ១៩៦៦ ក្នុងគ្រួសារមួយដែលមានឪពុកជាថៅកែរោងម៉ាស៊ីនកិនស្រូវ និងម្ដាយជាមេផ្ទះ។ ឪពុករបស់លោកបានស្លាប់ក្នុងសម័យខ្មែរក្រហម។ លោក និងម្ដាយ រួមទាំងសាច់ញាតិមួយចំនួនទៀតបានភៀសខ្លួនទៅរស់នៅក្នុងជំរំលើទឹកដីថៃ ក្នុងឆ្នាំ ១៩៧៩ ហើយទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួននៅប្រទេសបារាំងតាមរយៈអង្គការសហប្រជាជាតិក្នុងឆ្នាំដដែលនោះ។
ការងារ និងកេរ្តិ៍ឈ្មោះ
លោក ហ្សង់ហ្វ្រង់ស័រ ដែលមានសញ្ជាតិបារាំង បានចាប់ផ្ដើមអាជីពជាអ្នកសារព័ត៌មាននៅវិទ្យុបារាំងអន្តរជាតិ (RFI) នៅឆ្នាំ ១៩៩២ ហើយក្រោយមកលោកបានក្លាយជាថ្នាក់ដឹកនាំនៃវិទ្យុបារាំងអន្តរជាតិ (RFI) ផ្នែកខេមរភាសា មុននឹងប្រកាសលាឈប់នៅខែសីហា ឆ្នាំ២០២៣ នេះ។
ក្នុងអាជីពជាអ្នកអត្ថាធិប្បាយព័ត៌មាន លោក ហ្សង់ហ្វ្រង់ស័រ មានរបៀបនិយាយ សំឡេង និងស្ទីលខុសប្លែកពីគេ ដោយមានទឹកដមសំឡេងសង្កត់ធ្ងន់ៗ។ លោកតែងតែបកស្រាយប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយក្នុងរបៀបសាមញ្ញងាយយល់។ គឺចំណុចទាំងនេះហើយ ដែលលោកអាចឆក់យកបេះដូងអ្នកស្ដាប់មួយចំនួន ជាពិសេសយុវជនដែលជាសិស្ស-និស្សិត ដែលចូលចិត្តតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ។
ប្រភពមួយចំនួនបានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ្សង់ហ្វ្រង់ស័រ គឺជាអ្នកដឹកនាំដ៏ល្អមួយរូបនៅវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា។ លោកយកចិត្តទុកដាក់ចំពោះបុគ្គលិក និងផ្ដល់សេរីភាពពេញលេញដល់ពួកគេក្នុងការបំពេញមុខងារជាអ្នកសារព័ត៌មានឯករាជ្យ។ ជាមួយគ្នានេះ លោកជាមនុស្សសួរដេញដោលរកហេតុផល ស្ងប់ស្ងាត់ និងមានឯកជនភាពខ្ពស់។
ការងារមួយទៀតដែលជួយឱ្យលោក ហ្សង់ហ្វ្រង់ស័រ មានកេរ្តិ៍ឈ្មោះបោះសំឡេង នោះ គឺលោកជាអ្នកបណ្ដុះបណ្ដាលជំនាញសារព័ត៌មាន និងធ្វើបាឋកថាតាមសាកលវិទ្យាល័យ វេទិកាយុវជន និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីមួយចំនួន។
ការចូលរួមជាមួយរដ្ឋាភិបាល
ក៏ប៉ុន្តែលោក ហ្សង់ហ្វ្រង់ស័រ បានសម្រេចចិត្តបោះបង់ចោលអាជីពទាំងនេះ ដើម្បីឈោងចាប់យកតួនាទីជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងស្នងតំណែងពីលោក ហ៊ុន សែន។
លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣ ពោលគឺជាថ្ងៃដែលរដ្ឋាភិបាលថ្មីចាប់ផ្ដើមដំណើរការ។ មុនការតែងតាំង ៥ ថ្ងៃ លោកបានជួបជាមួយលោក ហ៊ុន សែន រយៈពេលជាង ៤ ម៉ោង ហើយលោកបានចាត់ទុកជំនួបនេះថា ជា «កិត្តិយស និងឱកាសដ៏វិសេសវិសាល» សម្រាប់លោក។
លោក ហ្សង់ហ្វ្រង់ស័រ ទំនងជាបានរៀបចំខ្លួនជាយូរមកហើយ ដើម្បីឈោងចាប់យកតួនាទីជាមន្ត្រីធំក្នុងជួររដ្ឋាភិបាល។
កាលពីខែសីហា ឆ្នាំ ២០២២ ក្នុងពេលដែលផែនការផ្ទេរអំណាចតពូជពង្សរបស់លោក ហ៊ុន សែន លេចរូបរាងកាន់តែច្បាស់ ហើយរងការរិះគន់ខ្លាំងនោះ លោក ហ្សង់ហ្វ្រង់ស័រ ខណៈកំពុងកាន់តួនាទីជានាយកការផ្សាយនៃវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសានោះ បានថ្លែងនៅក្នុងកិច្ចពិភាក្សាជាសាធារណៈមួយថា ការបន្តវេនកាន់អំណាចក្នុងត្រកូលមេដឹកនាំ គឺជារឿងធម្មតាលើពិភពលោក។
លោក ហ្សង់ហ្វ្រង់ស័រ៖ «បាតុភាពនៃការបន្តវេននយោបាយនៅក្នុងត្រកូលក្រុមគ្រួសារតែមួយតគ្នាពីរបីជំនាន់ ឬនៅក្នុងត្រកូលក្រុមគ្រួសារមួយក្ដាប់តូចពីរបីជំនាន់ ឬក៏ដាច់ៗគ្នា បានន័យថា បែបទៅហើយមកវិញ គឺជាបាតុភាពមួយធម្មតា ដែលគេសង្កេតឃើញនៅសឹងគ្រប់សង្គម។ សូម្បីនៅសហរដ្ឋអាមេរិកក៏មានដែរ ចច ប៊ូស (George H.W. Bush) ដែលជាប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ហើយនិង ប៊ូស កូន (Gorge W. Bush) ដែលជាប្រធានាធិបតីអាមេរិកពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៩»។
ជាងមួយខែក្រោយមក លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងសារដូចគ្នានឹងលោក ហ្សង់ហ្វ្រង់ស័រ នេះដែរថា ការដឹកនាំបន្តវេន គឺជាករណីទូទៅដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោក ដូចជា សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ជាដើម។ ប៉ុន្តែអ្វីដែលទាំងលោក ហ្សង់ហ្វ្រង់ស័រ និងលោក ហ៊ុន ម៉ាណែត មិនព្រមនិយាយប្រាប់ពលរដ្ឋឱ្យដឹងនោះ គឺថា ការដែលត្រកូលអ្នកដឹកនាំទាំងនោះមានឱកាសដឹកនាំប្រទេស គឺដោយសារការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ ពោលគឺមិនមែនតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរំលាយ និងផាត់ចោលគណបក្សប្រឆាំង ហើយផ្ទេរអំណាចពីឪពុកទៅកូនដូចនៅកម្ពុជានោះទេ។
ចំណុចមួយទៀតដែលអាចឆ្លុះបញ្ចាំងពីជំហរ និងគោលដៅនយោបាយរបស់លោក ហ្សង់ហ្វ្រង់ស័រ នោះ គឺបទអត្ថាធិប្បាយរបស់លោកភាគច្រើនផ្ដោតតែទៅលើព្រឹត្តិការណ៍តំបន់ និងអន្តរជាតិ។ ចំពោះបញ្ហានយោបាយរសើប ឬក៏ព័ត៌មានក្ដៅៗ និងចម្រូងចម្រាសនៅកម្ពុជាវិញ ខ្លួនលោកផ្ទាល់មិនសូវលើកយកមកផ្សាយ ឬធ្វើអត្ថាធិប្បាយនោះទេ។ ជាមួយគ្នានេះ លោកហាក់ព្យាយាមនិយាយបញ្ចៀស ឬនិយាយសើៗចំពោះវិបត្តិនានាដែលកំពុងកើតមាននៅកម្ពុជា ដូចជា ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ អំពើអយុត្តិធម៌សង្គម និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តដោយរដ្ឋាភិបាល ជាដើម។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ គឺជាបញ្ញវន្តមួយរូបដែលបានតាមដានការវិភាគ និងសំណេររបស់លោក លោក ហ្សង់ហ្វ្រង់ស័រ ទាំងក្នុងសៀវភៅ និងលើបណ្ដាញសារព័ត៌មាន។ លោកយល់ឃើញថា ស្នាដៃទាំងនោះគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែមានលក្ខណៈត្រឹមជាការពណ៌នា (Narrative) មិនមែនបែបសិក្សាធិការ (Academic) ដែលអាចយកជាសំអាង (Citation) សម្រាប់អ្នកសិក្សាស្រាវជ្រាវបាននោះទេ។
បណ្ឌិត រ៉ូ វណ្ណៈ៖ «បញ្ហាទាក់ទងនឹងកម្ពុជា ភាគច្រើនគឺមិនសូវជាមុតស្រួច ដោយសារតែកត្តាអ្វីខ្លះក៏យើងមិនដឹងដែរនៅពីក្រោយឆាក។ ប៉ុន្តែអាចមួយក្នុងចំណោមហ្នឹង គឺដោយសារតែភាពស្និទ្ធរបស់គាត់ជាមួយនឹងអ្នកកាន់អំណាច ឬរដ្ឋាភិបាលនៅពេលអនាគត ហើយក្រោយមកនៅពេលដែលគាត់ចូលរដ្ឋាភិបាលគេអាចវិនិច្ឆ័យបានថា ជំហរ និងឥរិយាបថរបស់គាត់នៅពេលដែលគាត់ជាអ្នកកាសែតហ្នឹង គឺស្របគ្នានឹងការបម្រើរបៀបវារៈ ឬក៏នយោបាយរបស់រដ្ឋាភិបាល»។
លោក ហ្សង់ហ្វ្រង់ស័រ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីគ្រាក់ៗនៃរដ្ឋាភិបាលកម្ពុជា ដូចជា អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មីនៃក្រសួងការបរទេសលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ជាដើម។ លោកចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងល្អរបស់លោកជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ នៅពេលលោកបានក្លាយជាមន្ត្រីធំដូចពួកគេដែរ។
ម្យ៉ាងវិញទៀត ក្រោយពេលបានឡើងធ្វើធំភ្លាម លោក ហ្សង់ហ្វ្រង់ស័រ ក៏ចាប់ផ្ដើមរៀនចេះនិយាយបញ្ចើចបញ្ចើមេថ្មីរបស់លោក ដូចមន្ត្រីផ្សេងទៀតដែរ។ លោកបានលើកសរសើរលោក ហ៊ុន ម៉ាណែត ថា ជាមេដឹកនាំថ្មីដែលមាន «សន្ដានចិត្តល្អ» គិតគូរពីសុខទុក្ខរបស់អ្នកដែលមានជីវភាពលំបាកលំបិនក្នុងសង្គម ដូចជា កម្មករ-កម្មការិនី ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចម្ការ។ លោក ហ្សង់ហ្វ្រង់ស័រ ពោលពាក្យសរសើរបែបនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រ «បញ្ចកោណ» និងក្រោយពេលនាយករដ្ឋមន្ត្រីថ្មីរូបនេះចុះជួបកម្មករលើកដំបូង ដើម្បីឃោសនានយោបាយ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី មានប្រសាសន៍ថា ការចូលរួមរបស់លោក ហ្សង់ហ្វ្រង់ស័រ ក្នុងរដ្ឋាភិបាល ជាជម្រើសផ្ទាល់ខ្លួន។
លោក ណុប វី៖ «អ្នកដែលសម្រេចចិត្តចូលរួមក្នុងជួររដ្ឋាភិបាល ខ្ញុំគិតថា គឺជាជម្រើសរបស់ពួកគាត់ទៅតាមអ្វីដែលពួកគាត់យល់ថា ត្រឹមត្រូវ។ ប៉ុន្តែចំណុចសំខាន់ថា តើពួកគាត់នឹងទៅចូលរួមក្នុងការជួយជ្រោមជ្រែងរដ្ឋាភិបាល ដើម្បីអាចនឹងធ្វើកិច្ចការងារឱ្យកាន់តែល្អប្រសើរចំពោះកិច្ចការងារមួយចំនួន ដូចជារឿងទាក់ទងនឹងសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ឬក៏ការងាររបស់អ្នកសារព័ត៌មានយើងបានកម្រិតណា»។
មូលហេតុដែលលោកអាចឡើងធំ
លោក ហ្សង់ហ្វ្រង់ស័រ ត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្នុងពេលដែលលោកមិនទាន់ដាច់ស្រេចពីតួនាទីជានាយកការផ្សាយនៃវិទ្យុបារាំងអន្តរជាតិ(RFI) នៅឡើយទេ។ លោកឱ្យដឹងលើហ្វេសប៊ុកថា តួនាទីរបស់នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែលោកត្រូវបានតែងតាំង តាំងពីថ្ងៃទី២២ សីហា មកម្ល៉េះ។ លោក ហ្សង់ហ្វ្រង់ស័រ មិនបានបង្ហាញអំពីមូលហេតុដែលលោកចូលបម្រើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នោះទេ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងលោកជាច្រើនដងតាមទូរស័ព្ទ និងតាមបណ្ដាញសង្គមផ្លូវការរបស់លោក ដើម្បីសាកសួរអំពីរឿងទាំងនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
ប្រភពមួយចំនួនចេញពីវិទ្យុបារាំងអន្តរជាតិដែលសុំលាក់ឈ្មោះ បានប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ្សង់ហ្វ្រង់ស័រ បាននិយាយប្រាប់បុគ្គលិករបស់លោកថា ក្រោយការលាឈប់ពីវិទ្យុបារាំងអន្តរជាតិ លោកនឹងចំណាយពេលដើម្បីសម្រាក និងសរសេរសៀវភៅ ដោយមិនត្រូវការតួនាទី ឬបុណ្យស័ក្ដិក្នុងរដ្ឋាភិបាលឡើយ។ ប្រភពដដែលឱ្យដឹងថា ពួកគេមានការសោកស្ដាយ និងស្រងាកចិត្តជាខ្លាំង នៅពេលលោក ហ្សង់ហ្វ្រង់ស័រ ក្រឡាស់សម្ដីក្នុងពេលដ៏ខ្លីបែបនេះ។ សោកស្ដាយ និងស្រងាកចិត្តជាខ្លាំងនោះ គឺនៅត្រង់ថា ទង្វើបែបនេះរបស់លោក ហ្សង់ហ្វ្រង់ស័រ អាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកស្ដាប់ចំពោះវិទ្យុបារាំងអន្តរជាតិ ពីព្រោះគេអាចនឹងវាយតម្លៃថា ស្ថាប័នព័ត៌មានឯករាជ្យមួយនេះ គឺជាឈ្នាន់សម្រាប់បុគ្គលិកនៅទីនោះ ដើម្បីឈោងឡើងទៅយកតួនាទីក្នុងរដ្ឋាភិបាលទៅវិញ។
ទាក់ទងទៅនឹងមូលហេតុដែលគណបក្សប្រជាជនកម្ពុជាទទួលយកលោក ហ្សង់ហ្វ្រង់ស័រ ជាសមាជិក និងផ្ដល់តួនាទីធំក្នុងជួររដ្ឋាភិបាលបែបនេះ អ្នកនាំពាក្យគណបក្សនេះគឺ លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា គឺដោយសារលោក ហ្សង់ហ្វ្រង់ស័រ «មិនដែលនិយាយវាយប្រហារលើគណបក្សប្រជាជនកម្ពុជា» របស់លោក។
ក្រោយពេលក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ លោក ហ្សង់ហ្វ្រង់ស័រ មានការងារសំខាន់មួយ គឺធ្វើសន្និសីទសារព័ត៌មាន ក្រោយលោក ហ៊ុន ម៉ាណែត វិលត្រឡប់មកពីកិច្ចប្រជុំសំខាន់ៗនៅក្រៅប្រទេស។ សកម្មភាពការងារមួយចំនួនទៀតដែលលោកបានបង្ហាញនោះ មានដូចជា ការជួបជាមួយមន្ត្រីរដ្ឋាភិបាលបរទេស ការចូលរួមប្រជុំជាមួយសមាជិករដ្ឋាភិបាល និងការដឹកនាំក្រុមការងារស្រាវជ្រាវ និងសរសេររបាយការណ៍។
លោក ហ្សង់ហ្វ្រង់ស័រ ប្រហែលជាកំពុងមានមោទនភាពនឹងមុខងារថ្មីរបស់លោកនេះ ពីព្រោះលោកបានបង្ហោះសារលើហ្វេសប៊ុកជាប្រចាំអំពីសកម្មភាពការងាររបស់លោក។ ប៉ុន្តែនៅត្រង់ថា តើតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់លោកនេះ មានប្រសិទ្ធភាព ឬក៏បម្រើឧត្តមប្រយោជន៍ជាតិកម្រិតណា ហើយថា តើលោកអាចផ្ដល់ធាតុចូល ឬមតិយោបល់ច្រើនប៉ុនណាដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នោះ? នេះជារឿងមួយផ្សេងទៀតដែលគេកំពុងរង់ចាំមើល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។