ក្រុមមន្ត្រីសិទ្ធិមនុស្ស លើកឡើងថា គណបក្សនយោបាយទាំងពីរបានបញ្ចប់ជម្លោះនយោបាយជាប់គាំង ដែលអូសបន្លាយពេលជិត ១ឆ្នាំនោះបានហើយ ដើម្បីចូលរួមនៅក្នុងសភា និងបន្តការងាររបស់ខ្លួន។
ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្សសម្ដែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមិនលើកយកករណីបាញ់សម្លាប់ប្រជាពលរដ្ឋ និងកម្មករដាក់ក្នុងរបៀបវារៈនៃកិច្ចចរចានោះ។ ក្រុមមន្ត្រីសិទ្ធិមនុស្ស ព្រួយបារម្ភអំពីនិទ្ទណ្ឌភាពនៅកម្ពុជា កាន់តែកើតមានថែមទៀត។
ប្រជាពលរដ្ឋ និងកម្មករដែលស្លាប់ និងរងរបួសនៅពេលធ្វើបាតុកម្ម នៅខណៈដែលស្ថានភាពនយោបាយជាប់គាំងកន្លងមក មកទល់ពេលនេះមិនទាន់មានយុត្តិធម៌នៅឡើយ ទោះបីជាស្ថានភាពនយោបាយបានត្រូវរ៉ូវគ្នាវិញក្ដី។
ក្រុមមន្ត្រីសិទ្ធិមនុស្ស សម្ដែងក្ដីបារម្ភពីនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា ដោយជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរ បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអំពើហិង្សានៅផ្លូវវ៉េងស្រេង នៅស្ពានអាកាសក្បាលថ្នល់ នៅស្ពានស្ទឹងមានជ័យ និងករណីនៅទីលានប្រជាធិបតេយ្យ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា លោកមានការសោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនលើកយកបញ្ហាអំពើហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋ និងកម្មកររបស់សមត្ថកិច្ច នៅក្នុងរបៀបវារៈចរចា ដើម្បីទាមទារឲ្យរដ្ឋាភិបាលប្ដេជ្ញាចិត្តស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នោះ៖ «បើមិនអ៊ីចឹងទេ យើងនាំគ្នាគិតតែភ្លេចគិតរឿងភាពយុត្តិធម៌នៅក្នុងសង្គមយើង យើងចង់បានសុខសន្តិភាពនៅក្នុងប្រទេសយើង តែនិទ្ទណ្ឌភាពមិនលុបបំបាត់ទេ អាវប្បធម៌និទ្ទណ្ឌភាពនៅតែបន្ត»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាចំនួន ៧ចំណុច ក្នុងការចរចាបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ កក្កដា។ គណបក្សទាំងពីរឯកភាពគ្នាលើការកែទម្រង់ គ.ជ.ប រៀបចំក្បាលម៉ាស៊ីនសភា ព្រឹទ្ធសភា និងស្ថាប័នជាតិសំខាន់ៗមួយចំនួនទៀត។
បញ្ហាជាប់គាំងនយោបាយកន្លងមក មន្ត្រីសិទ្ធិមនុស្សលើកឡើងថា គឺជាដើមចមមួយដ៏សំខាន់ បង្កឲ្យមានអំពើហិង្សា ដោយសារតែប្រជាពលរដ្ឋផ្ទុះការតវ៉ារឿងទាមទាររកយុត្តិធម៌សន្លឹកឆ្នោត កម្មករទាមទាររឿងដំឡើងប្រាក់ខែ និងវិបត្តិផ្សេងៗទៀត។ ក៏ប៉ុន្តែ ការធ្វើបាតុកម្មនៅខណៈស្ថានភាពនយោបាយជាប់គាំងកន្លងមកនេះ រដ្ឋាភិបាលឯកបក្សបានរឹតបន្តឹងចំពោះការតវ៉ា និងបានពង្រាយកងកម្លាំងចុះបង្ក្រាបក្រុមបាតុករនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅក្នុងពេលលោកមកបំពេញបេសកកម្មនៅកម្ពុជា កាលពីដើមខែកក្កដា នេះ លោកក៏សុំឲ្យរដ្ឋាភិបាលផ្សព្វផ្សាយពីលទ្ធផលនៃការស៊ើបអង្កេតលើព្រឹត្តិការណ៍ហិង្សា ដែលបានកើតឡើងកាលពីថ្ងៃទី១៥ កញ្ញា ថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០១៣ និងនៅថ្ងៃទី៣ មករា ឆ្នាំ២០១៤ ធ្វើឲ្យមនុស្សស្លាប់ចំនួន ៧នាក់ របួសជាច្រើននាក់ និងបាត់ខ្លួនកុមារម្នាក់ឈ្មោះ ខឹម សម្បត្តិ នោះ។

ការជាប់គាំងនយោបាយនេះ ក៏ជាមូលហេតុដែលរដ្ឋាភិបាលបិទទីលានប្រជាធិបតេយ្យតាំងពីខែមករា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ នៅមិនទាន់បើកនៅឡើយ ទោះបីជាគណបក្សទាំងពីរបានចរចាត្រូវគ្នាហើយក្ដី។
តំណាងគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា មានប្រសាសន៍ថា ទីលានប្រជាធិបតេយ្យនឹងបើកឡើងវិញនៅក្រោយពេលបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចូលស្បថក្នុងព្រះបរមរាជវាំង និងចូលប្រជុំសភានៅពេលខាងមុខឆាប់ៗនេះ៖ «យើងនឹងពិនិត្យអំពីនីតិវិធីនៃការស៊ើបអង្កេត ព្រោះអំពើហិង្សាហ្នឹងទាក់ទងទាំងពីរ ទាំងថ្ងៃទី២ ថ្ងៃទី៣ មករា និងថ្ងៃទី១៥ កក្កដា នេះទៀត ប៉ុន្តែស្មារតីជំនួបកំពូលមិញហ្នឹង លោកបានសន្យាថាខិតខំធ្វើយ៉ាងណា បើកទីលានប្រជាធិបតេយ្យហ្នឹងក្រោយពីគណបក្សសង្គ្រោះជាតិ ស្បថចូលកាន់តំណែង»។
លើសពីនេះទៀត លោក អំ សំអាត ទទូចឲ្យគណបក្សជាប់ឆ្នោតទាំងពីរ ទទួលខុសត្រូវលើករណីបាញ់សម្លាប់ប្រជាពលរដ្ឋ និងកម្មករក្នុងពេលធ្វើបាតុកម្មកន្លងមកនោះ បើមិនពុំនោះទេ អំពើហិង្សានឹងកើតមានទៀត នៅពេលអ្នកប្រព្រឹត្តិបទល្មើសនៅក្រៅសំណាញ់ច្បាប់។ ក្រៅពីនេះទៀត លោក អំ សំអាត សុំឲ្យបើកការស៊ើបអង្កេតអំពើហិង្សាចុងក្រោយ គឺកាលពីថ្ងៃទី១៥ កក្កដា នៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ដែលក្រុមសន្តិសុខខណ្ឌដូនពេញ រងរបួសជាង ៣០នាក់ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ របួសជាង ១០នាក់ទៀតនោះ៖ «ត្រូវតែមានការទទួលខុសត្រូវមួយឲ្យបានច្បាស់លាស់ ជាពិសេសយើងឃើញអំពើហិង្សា និងការបាញ់សម្លាប់ជាហូរហែមកហ្នឹង គឺបង្កឡើងដោយកងកម្លាំងរបស់រដ្ឋាភិបាលតែម្ដង»។
ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា ការចាប់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ៧រូប និងសកម្មជនមួយរូបទៀត ដាក់ឲ្យទទួលខុសត្រូវលើករណីអំពើហិង្សាកាលពីថ្ងៃទី១៥ កក្កដា នោះ គ្រាន់តែជារូបភាពនយោបាយទេ។ ជាក់ស្ដែង នៅពេលគណបក្សទាំងពីរត្រូវរ៉ូវគ្នាលើរឿងនយោបាយ ក៏មានការដោះលែងអ្នកទាំងនោះវិញភ្លាមៗ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ទោះបីជាការចរចាកាលពីថ្ងៃទី២២ កក្កដា គណបក្សសង្គ្រោះជាតិ មិនបានលើកពីការបាញ់សម្លាប់ក្នុងពេលធ្វើបាតុកម្មកន្លងមក ដាក់ក្នុងរបៀបវារៈចរចាក្ដី តែលោកអះអាងថា ករណីនេះ គឺជាករណីអាទិភាពដែលគណបក្សសង្គ្រោះជាតិ នឹងទាមទារស្វែងរកយុត្តិធម៌ជូនអ្នករងគ្រោះក្នុងពេលធ្វើបាតុកម្ម នៅក្រោយពេលសមាជិកជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចូលសភា៖ «ពេលយើងចូលក្នុងសភា ពេលដែលយើងទទួលបានកិច្ចការមួយចំនួនហ្នឹង យើងនឹងប្រើប្រាស់មុខងារទាំងអស់ហ្នឹង ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងការស្វែងរកយុត្តិធម៌»។
សំណុំរឿងប៉ះទង្គិចគ្នារវាងកម្មករ និងកងកម្លាំងរដ្ឋាភិបាលនៅផ្លូវវ៉េងស្រេង និងនៅស្ពានស្ទឹងមានជ័យ នោះ តុលាការបានបញ្ចប់សំណុំរឿងនេះហើយ នៅក្រោយពីការដោះលែងមនុស្ស ២៣រូប ក្នុងនោះមាន លោក វន់ ពៅ ផងនោះ កាលពីខែឧសភា។ ក៏ប៉ុន្តែ ករណីបាញ់ស្លាប់ប្រជាពលរដ្ឋ និងកម្មករនោះ តុលាការមិនបានលាតត្រដាងអំពីការស៊ើបអង្កេតនៅឡើយមកដល់ពេលនេះ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បានអំពាវនាវជាថ្មីម្ដងទៀតនៅថ្ងៃទី២២ កក្កដា នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ដែលលោកបានស្វាគមន៍ចំពោះការដោះស្រាយបញ្ចប់ជម្លោះនយោបាយគណបក្សទាំងពីរនោះ គឺលោកជំរុញឲ្យភាគីទាំងពីរ សន្យាធ្វើឲ្យបានដោយគ្មានការពន្យារ ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការ ពីព្រោះប្រព័ន្ធតុលាការកន្លងមកជាឧបករណ៍នយោបាយរបស់រដ្ឋាភិបាល។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ករណីមនុស្សស្លាប់នៅពេលធ្វើបាតុកម្មកន្លងមកនេះ តុលាការ ឬរដ្ឋាភិបាលត្រូវតែធ្វើការស៊ើបអង្កេតរកយុត្តិធម៌ឲ្យបានជាក់លាក់ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា៖ «ស៊ើបអង្កេតទាំងអស់គ្នាទៅ អ្នកបាញ់ក៏ស៊ើបទៅ អ្នកគប់ដុំថ្មក៏ស៊ើបទៅ អាហ្នឹងចំពោះខ្ញុំ ខ្ញុំគិតថា ជារឿងមួយល្អ ដើម្បីផ្ដន្ទាទោសតាមស្ថានទម្ងន់ទោសទៅ ដើម្បីធានាសុខសន្តិភាព ដើម្បីធានាស្ថិរភាពផង»។
ក្រុមមន្ត្រីសិទ្ធិមនុស្សពន្យល់ថា នៅក្រោយពេលសមាជិកគណបក្សសង្គ្រោះជាតិ ចូលសភានោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយរកយុត្តិធម៌ជូនអ្នករងគ្រោះ ដែលស្លាប់ក្នុងពេលធ្វើបាតុកម្ម ពីព្រោះថា រដ្ឋាភិបាលមិនមានឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ជូនអ្នកដែលស្លាប់ទាំងនោះឡើយ ដោយហេតុថា ករណីនេះជាដំបៅដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល ដែលរដ្ឋាភិបាលចង់បិទបាំងដំបៅនេះ តែបើគណបក្សសង្គ្រោះជាតិ មិនបានបំពេញតួនាទីរបស់ខ្លួនឲ្យប្រាកដប្រជាទេ គណបក្សនេះនឹងរងនូវការបាត់បង់ប្រជាប្រិយភាពរបស់ខ្លួននៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។