ប្រពន្ធសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំលើកទឹកចិត្តប្តីរក្សាជំហររឹងមាំកុំចុះចូលបក្សកាន់អំណាច
2023.05.20

ប្រពន្ធសកម្មជនបក្សប្រឆាំងដែលជាប់ឃុំក្នុងរឿងនយោបាយលើកទឹកចិត្តឱ្យប្តីរក្សាជំហររឹងមាំកុំចុះចូលនឹងបក្សកាន់អំណាច ទោះសមាជិកគ្រួសាររងសម្ពាធផ្លូវចិត្តយ៉ាងណាក្តី។ ការលើកឡើងនេះបន្ទាប់ពីសកម្មជនបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំមួយចំនួនបានប្រកាសចុះចូលជាមួយបក្សកាន់អំណាចជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពឡើង។
ប្រពន្ធអ្នកជាប់ឃុំក្រោមហេតុផលនយោបាយបារម្ភពីការធ្វើទុក្ខបុកម្នេញ និងការធ្វើបាបឱ្យអ្នកទោសមនសិការទាល់ច្រកនៅក្នុងពន្ធនាគារ។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសលោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៩ ខែឧសភា ថា ប្តីលោកស្រីជាប់ពន្ធនាគារជិត ២ឆ្នាំ ទាំងអយុត្តិធម៌។ លោកស្រីឱ្យដឹងថា ប្តីលោកស្រីត្រូវបានគេគំរាមប្តឹងករណីថ្មីបន្ថែមផង និងលួងលោមឱ្យចុះចូលគណបក្សកាន់អំណាចជាបន្តបន្ទាប់ ដើម្បីជាថ្នូរដោះលែងដូចសកម្មជនផ្សេងទៀតដែរ ក៏ប៉ុន្តែប្តីលោកស្រីនៅតែបដិសេធ និងរក្សាជំហររឹងមាំដដែល។ ប្រពន្ធសកម្មជនរូបនេះកោតសរសើរពីទឹកចិត្តរបស់ប្តីដែលបានបញ្ជាក់នៅមុខលោកស្រីថា ទោះបីគាត់បាត់បង់ជីវិតនៅក្នុងពន្ធនាគារដោយសារការធ្វើទុក្ខបុកម្នេញក៏ដោយ ក៏ប្តីលោកស្រីនៅតែបន្តតស៊ូទៅមុខដោយមិនរួញរាឡើយ។ លោកស្រី ទៀង ចិន្តា ស្នើរដ្ឋាភិបាលដោះលែងប្តី និងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ឬដាក់សម្ពាធនយោបាយដល់អ្នកជាប់ឃុំដល់ពន្ធនាគារ ដើម្បីដោះដូរនឹងសេរីភាព។
ការលើកឡើងនេះ គឺបន្ទាប់ពីសកម្មជនគណបក្សប្រឆាំងមួយចំនួនបានប្រកាសចេញពីពន្ធនាគារស្នើចុះចូលជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ ដើម្បីពួកគាត់បាននៅក្រៅឃុំ។ ជាមួយគ្នានេះដែរ សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុងចំនួន១៤នាក់ដែលតស៊ូទុក្ខលំបាកម្នាក់ៗជាង៣ឆ្នាំ នៅក្នុងគុកវិញ ពេលនេះពួកគាត់ក៏បានសុំការលើកលែងទោសពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ រួមមានលោក ស៊ុន ធន់ លោក យឹម សារ៉េត លោក កែវ ថៃ និង លោក ទុំ ប៊ុនថន ជាដើម។
ទោះយ៉ាងណាប្រពន្ធសកម្មជនគណបក្សប្រឆាំងនៅខេត្តស្វាយរៀងម្នាក់ទៀតគឺលោកស្រី អ៊ុក ចន្ធី ឱ្យដឹងថា កាលពីសប្តាហ៍មុន ប្តីលោកស្រីគឺលោក យឹម សារ៉េត បង្ហាញទឹកមុខក្រៀមក្រំលាយនឹងទឹកភ្នែក ដោយមិននិយាយស្តីរឿងរ៉ាវកើតឡើងក្នុងចិត្តអ្វីឡើយ។ លោកស្រីសង្ស័យថា ប្តីលោកស្រីកំពុងរងសម្ពាធផ្នែកនយោបាយណាមួយដែលធ្វើឱ្យប្តីពិបាកសម្រេចចិត្ត។ លោកស្រី អ៊ុក ចន្ធី បញ្ជាក់ថា បើសិនប្តីលោកស្រីបោះបង់ការតស៊ូ លោកស្រីយល់ថា រឿងនោះមិនមែនកើតចេញឆន្ទៈពិតប្រាកដនោះទេ គឺអាចកើតឡើងដោយសារការគំរាមកំហែង ឬការដាក់សម្ពាធផ្លូវចិត្ត។
ស្រដៀងគ្នានេះដែរ ប្រពន្ធលោក ស៊ុន ធន់ ដែលជាមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង គឺលោកស្រី សេង ចាន់ថន ប្រាប់ថា មកដល់ពេលនេះប្តីលោកស្រីត្រូវបានឃុំអស់រយៈពេល៣ឆ្នាំមកហើយ ហើយសល់៨ខែទៀតទេ ដែលប្តីលោកស្រីនឹងមានសេរីភាពជួបជុំក្រុមគ្រួសារឡើងវិញ បន្ទាប់ពីតុលាការផ្ដន្ទាទោសប្តីលោកស្រី និងសកម្មជនផ្សេងដាក់ពន្ធនាគារ ៥ឆ្នាំ និងឱ្យអនុវត្តទោស៣ឆ្នាំ ៨ខែដោយគ្មានកំហុស។ ក៏ប៉ុន្តែលោកស្រីឱ្យដឹងថា បច្ចុប្បន្ននេះប្តីលោកស្រីកំពុងជួបបញ្ហាសុខភាពដោយសារជំងឺជាច្រើនប្រចាំកាយ និងរងការដាក់សម្ពោធក្នុងរឿងនយោបាយអាចធ្វើឱ្យគាត់បោះបង់ការតស៊ូតទៅទៀត ដើម្បីរួចផុតពីការឃុំខ្លួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែឧសភា។
ក៏ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា ការលើកឡើងរបស់គ្រួសារសកម្មជនបក្សប្រឆាំងកន្លងមក ទាក់ទងនឹងបញ្ហាសុខភាព និងការរឹតត្បិតចំពោះជនជាប់ឃុំកន្លងមក មន្ត្រីរបស់លោករកពុំឃើញបញ្ហាទាំងនោះកើតឡើងដូចការចោទប្រកាន់កាន់ទេ។ ដោយឡែកលោកអះអាងថា មូលហេតុមន្ត្រីពន្ធនាគារផ្ទេរសកម្មជនទាំងនោះទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារនៅរាជធានីភ្នំពេញដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬដាក់សម្ពាធលើពួកគាត់នោះឡើយ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត សង្កេតឃើញថា សេដ្ឋកិច្ចគ្រួសារ និងការឃុំសកម្មជនបក្សប្រឆាំងនៅពន្ធនាគារត្រពាំងផ្លុង ឆ្ងាយពីប្រពន្ធ កូន បងបង្អូន និងសាច់ញាតិ បានធ្វើឱ្យប៉ះពាល់ស្មារតីរបស់ជនជាប់ឃុំ ខណៈថ្មីៗនេះសកម្មជនបក្សប្រឆាំងដែលជាប់ឃុំមួយចំនួនទទួលបានសេរីភាពក្រោយពួកគេសុំទោសប្រមុខរដ្ឋាភិបាល។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះថា តាមច្បាប់បើសិនសកម្មជនទាំងអនុវត្តទោសបាន ២ភាគ៣ ឬអនុវត្តតាមលក្ខខណ្ឌច្បាប់ហើយពួកគាត់គួរទទួលបានការបន្ធូរបន្ថយ ឬលើកលែងទោសតាមនីតិវិធីច្បាប់។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៧០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើនត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិសរុប១៤នាក់ដែលអគ្គនាយកដ្ឋានពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២២ បានផ្ទេរទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាមវិញ តុលាការគ្រប់ជាន់ថ្នាក់ បានផ្ដន្ទាទោសពួកគាត់ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំតែឱ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ។ មកទល់ពេលនេះ ពួកគាត់ជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងប្រមាណជាង៣ឆ្នាំហើយ។ បើផ្អែកតាមសាលដីកាចុងក្រោយរបស់តុលាការកំពូល ពួកគាត់នឹងបន្តជាប់ឃុំរហូតដល់ក្រោយការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។