ពលរដ្ឋកម្ពុជាដែលស្រេកឃ្លានការផ្លាស់ប្ដូរ នឹងទទួលបានមេដឹកនាំថ្មី ចាប់ពីថ្ងៃទី ២២ សីហា តទៅហើយ។ ប៉ុន្តែអ្នកដឹកនាំ ដែលពួកគាត់ទន្ទឹងរង់ចាំអស់រយៈពេលជិត ៤០ ឆ្នាំមកនេះ បែរជាកូនប្រុសរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដែលត្រូវបន្តវេនពីឪពុកទៅវិញ។ តើនាយករដ្ឋមន្ត្រីថ្មីរូបនេះ នឹងក្លាយជាមេដឹកនាំផ្ដាច់ការជំនាន់ថ្មីនៃកម្ពុជា ឬជាក្ដីសង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ?
លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នេះ មិនមែនដោយសារលោកមានស្នាដៃពិសេសជូនជាតិ ឬមានអត្តសញ្ញាណផ្ទាល់ខ្លួនដែលធ្វើឱ្យពលរដ្ឋជឿទុកចិត្តនោះទេ ប៉ុន្តែជាការរៀបចំរបស់ លោក ហ៊ុន សែន ដែលជាឪពុក។ ល្បែងនយោបាយផ្ទេរអំណាចតពូជមួយក្ដារនេះ លោក ហ៊ុន សែន យកប្រទេសជាតិទាំងមូលជាដើមទុន ដោយបង់ខាតសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរី ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ដែលបានទៅរស់នៅ និងរៀនសូត្រនៅស្រុកប្រជាធិបតេយ្យជាយូរឆ្នាំមកនោះ បានទទួលយកតំណែងនេះដោយមោទនភាព។
លោក ហ៊ុន ម៉ាណែត៖«ឥលូវ វាមានអ្វីខុស ដែលមនុស្សនៅក្នុងវង្សត្រកូលអ្នកនយោបាយចាប់អាជីពជាអ្នកនយោបាយ?តើវាមានអ្វីខុស បើឪពុកម្ដាយជាទាហាន ជាប៉ូលិស កូនមកចង់ចូលទាហាន ចូលប៉ូលិស?យើងចូលតាមនីតិវិធី ឱ្យតែយើងត្រូវតាមគោលការណ៍ ហើយខ្ញុំដែលទទួលជាបេក្ខជន ជាបេក្ខភាពបន្តវេនទៅថ្ងៃមុខ គឺគ្មានអ្វីខុសពីគោលការណ៍ដែលបានអនុវត្តនៅក្នុងប្រទេសយើងនោះទេ»។
ប្រវត្តិសង្ខេប និងការសិក្សា
លោក ហ៊ុន ម៉ាណែត មានអាយុ ៤៥ឆ្នាំ។ លោកកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ លោករៀននៅសាលាបឋម និងមធ្យមសិក្សាចតុមុខ និងវិទ្យាល័យព្រះស៊ីសុវត្ថិ ចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៣។ លោកទទួលបានបរិញ្ញាបត្រពីសាលាបណ្ឌិតយោធា West Point ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បរិញ្ញាបត្រ និងអនុបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យញូវយ៉ក (New York University) និងសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យប្រ៊ីសស្តូល (Bristol) នៃចក្រភពអង់គ្លេស (United Kingdom)។ មិត្តភ័ក្ដិ និងសាស្ត្រាចារ្យរបស់លោក ហ៊ុន ម៉ាណែត បានអះអាងថា កាលពេលនៅរៀន លោកជាសិស្សមានសមត្ថភាព រាក់ទាក់ ចេះគោរព និងចេះអត់ឱន។
វាយឫក ពេលបានធ្វើធំ
ទោះជាយ៉ាងណា អ្វីៗមិនអាចនៅស្ថិតស្ថេរបាននោះទេ ហើយករណីលោក ហ៊ុន ម៉ាណែត ក៏ដូចគ្នានេះដែរ។ លោកអាចជាមនុស្សរួសរាយ ចេះគួរសម និងបង្ហាញក្ដីគោរពទៅកាន់អ្នកដទៃ នៅពេលលោកនៅក្មេង ខ្វះពិសោធន៍ជីវិត ឬក៏រស់នៅក្នុងសង្គមដទៃ ដែលមិនរងឥទ្ធិពលអំណាចនៃឪពុករបស់លោក។ ប៉ុន្តែនៅពេលលោកចម្រើនវ័យ និងបានធ្វើធំ តាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ជាឪពុកហើយនោះ លោកក៏ឡើងឫកពាជាអ្នកធំដូចមន្ត្រីភាគច្រើនទៀតនៃរបបរបស់ឪពុកលោកដែរ។
យូរៗម្ដង លោកបានប្រើភាសាប្រមាថអ្នកដទៃជាសាធារណៈ ដោយប្រៀបធៀបមនុស្សទៅនឹងសត្វ។ ជាឧទាហរណ៍ លោកបានបង្ហោះសារលើហ្វេសប៊ុកកាលពីឆ្នាំ ២០១៨ ដោយប្រៀបធៀបអ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសទៅនឹងសត្វឆ្កែ ហើយខ្លួនលោកគឺជាមនុស្ស។ លោកសរសេរថា « ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ »ដែលចង់សំដៅថា ទោះជាគេរិះគន់លោកទាល់តែស្លាប់ខ្លួនក៏ដោយ ក៏លោកមិនខ្វល់ដែរ ព្រោះលោកមានការងារធ្វើច្រើន។
សួស្តីបងប្អូនទាំងអស់គ្នា។ សូមជូនរឿងខ្លីមួយសម្រាប់អានលេងល្ងាចថ្ងៃអាទិត្យ...
Posted by Hun Manet on Sunday, April 1, 2018
ការវាយឫក និងភាពឆ្មើងឆ្មៃរបស់លោក ហ៊ុន ម៉ាណែត នេះ ស្ដែងឱ្យឃើញកាន់តែច្បាស់ក្នុងពិធីជំនួបរវាងសមាជិករដ្ឋាភិបាលអាណត្តិចាស់ និងអាណត្តិថ្មីកាលពីថ្ងៃទី១០ សីហា កន្លងទៅ។ មន្ត្រីចាស់ទុំភាគច្រើន បានឱនលំទោន និងសំពះលោក ហ៊ុន ម៉ាណែត ឯលោក ហ៊ុន ម៉ាណែត វិញ លោកលើកដៃសំពះគេសឹងមិនរួច ហើយពេលខ្លះទៀតលោកឈរ ឬមួយត្រឹមចាប់ដៃជំនួសឱ្យការសំពះនោះវិញ។
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
លោក ហ៊ុន ម៉ាណែត ជាមនុស្សមិនសូវពូកែនិយាយជាសាធារណៈនោះទេ ហើយក៏មិនងាយបញ្ចេញប្រតិកម្មលើរឿងអ្វីមួយនោះដែរ ខុសពីឪពុករបស់លោកដែលយកវេទិកាសាធារណៈជាកន្លែងបញ្ចេញកំហឹង និងគំរាមកំហែងគេឯង។ សូម្បីតែរឿងគេគប់ស្បែកជើងសំដៅក្បាលលោក ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០២២ នោះ ក៏លោក ហ៊ុន ម៉ាណែត មិនបញ្ចេញប្រតិកម្មអ្វីដែរ។
លោក ហ៊ុន ម៉ាណែត៖ «កាលសម្ដេចទៅអាមេរិកថ្ងៃមុន ប្រជាពលរដ្ឋបាក់ទឹកបាក់ដីមកគាំទ្រសម្ដេចរាប់ពាន់នាក់មកពីឆ្ងាយ។ មានលោកអ៊ំមួយនោះ គាត់លើកស្បែកជើងគប់ ហើយយើងនាំគ្នាចង់រំលេចរឿងហ្នឹង ទៅថា តាហ្នឹង ខ្ញុំថាទៅធ្វើ ធ្វើអ្វី រឿងអវិជ្ជមាន ឱ្យវាបាត់ទៅ។ សម្ដេចទៅជួបជាមួយប្រធានាធិបតីអាមេរិក ដឹកនាំថ្នាក់ដឹកនាំអាស៊ាន មោទនភាពយើង រំលេចរឿងហ្នឹងទៅល្អជាង»។
ប៉ុន្តែ ការមិនបញ្ចេញប្រតិកម្មជាសាធារណៈនេះ ក៏មិនអាចបញ្ជាក់បានថា លោក ហ៊ុន ម៉ាណែត ជាមនុស្សបើកចិត្តទូលាយនោះដែរ។ នៅពីក្រោយឆាក លោកជាប្រធានក្រុមការងារបណ្ដាញសង្គម ហៅថា Cyber War Room ដែលតាមដាន និងគ្រប់គ្រងព័ត៌មាននានាលើបណ្ដាញសង្គម ព្រមទាំងរៀបចំវិធានការនានា ដើម្បីទប់ស្កាត់ ឆ្លើយតប និងវាយបកទៅលើមជ្ឈដ្ឋានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។ រីឯក្រុមកងអង្គរក្សដែលមានលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងនោះវិញ ពួកគេបាននាំគ្នាព្រួតវាយតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ស្ទើរស្លាប់ស្ទើររស់ នៅមុខរដ្ឋសភា កាលពីចុងឆ្នាំ២០១៥។ ក្រោយមកទៀត នៅខែមេសា ឆ្នាំ២០១៦ កងអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត បានប្រើអំពើហិង្សាទៅលើជនជាតិអាមេរិកម្នាក់ គឺលោក ផល ហេយស៍ (Paul Hayes) បណ្ដាលឱ្យលោករងរបួសយ៉ាងដំណំ នៅពេលស្មៀនរត់ការលិខិតស្នាមនៃតុលាការអាមេរិករូបនេះ បានយកលិខិតបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា និងគ្រួសារប្ដឹងលោកនៅតុលាការសហព័ន្ធក្នុងទីក្រុងឡូសអ៊ែនជឺឡេស (Los Angeles) ទៅឱ្យលោក ហ៊ុន ម៉ាណែត ពេលលោកកំពុងចូលរួមកម្មវិធីមួយនៅរដ្ឋកាលីហ្វ័រញ៉ា (California)។
យកលំនាំតាមឪពុកទាំងនយោបាយក្នុង និងក្រៅស្រុក
ទាក់ទងទៅនឹងរឿងជំហរនយោបាយវិញ រហូតមកដល់ពេលនេះ លោក ហ៊ុន ម៉ាណែត មិនទាន់បានបង្ហាញភាពលេចធ្លោ ឬអត្តសញ្ញាណពិសេសផ្ទាល់ខ្លួនណាមួយ ដែលឱ្យពលរដ្ឋជឿទុកចិត្តថា លោកជានាយករដ្ឋមន្ត្រីនៃសេចក្ដីសង្ឃឹមសម្រាប់ពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញ លោកចាប់ផ្ដើមប្រើភាសាគំរាមកំហែង និងចាប់ចងពលរដ្ឋដែលមានទស្សនៈនយោបាយផ្ទុយ ដាក់ពន្ធនាគារដូចឪពុករបស់លោកដែរ។
លោក ហ៊ុន ម៉ាណែត៖«បើអ្នកឯងជេរ លេងហួសព្រំដែន ត្រូវទទួល ហ្នឹងហើយគឺការចូលរួមចំណែករបស់ច្បាប់ក្នុងការថែរក្សាប្រជាធិបតេយ្យប្រកបដោយការទទួលខុសត្រូវ និងការទុកចិត្តគ្នា។ លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេលេងផ្លូវច្បាប់ កុំធ្វើខុសច្បាប់»។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញឱ្យប្រជាពលរដ្ឋឃើញថា លោកមិនចង់ឱ្យមានសារព័ត៌មានឯករាជ្យ និងសេរីនៅកម្ពុជាឡើយ។ លោកបានបណ្ដោយឱ្យឪពុករបស់លោក បិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅរយៈពេល ៥ ខែមុនការបោះឆ្នោត ដោយសារការចុះផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងរូបលោក។
រឿងសំខាន់មួយទៀតដែលពលរដ្ឋ ជាពិសេសអ្នកនិយមប្រជាធិបតេយ្យ អាចនឹងខកចិត្តចំពោះលោក ហ៊ុន ម៉ាណែត នោះ គឺទាក់ទងនឹងនយោបាយការពារជាតិ និងការបរទេស។ លោក ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងវិស័យយោធារវាងកម្ពុជានឹងក្រុមប្រទេសប្រជាធិបតេយ្យ ពីព្រោះលោកបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតយោធា West Point របស់សហរដ្ឋអាមេរិក។ ប៉ុន្តែចុងក្រោយ លោកបានបែរខ្នងដាក់បស្ចិមប្រទេស និងងាកទៅស្អិតល្មួតជាមួយប្រទេសចិនកុម្មុយនិស្តលើវិស័យយោធាទៅវិញ។ ចំពោះនយោបាយការបរទេសវិញក៏ដូចគ្នា រដ្ឋាភិបាលថ្មីដែលលោកគ្រប់គ្រងនេះមានជំហរនយោបាយ និងជ្រើសរើសយករបបក្រុងប៉េកាំងជាខ្នងបង្អែកដ៏រឹងមាំ។
អ្នកវិភាគនយោបាយ លោក គឹម សុខ វាយតម្លៃថា ចរិតលក្ខណៈនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងមិនខុសពីលោក ហ៊ុន សែន ប៉ុន្មានឡើយ គឺការពារផលប្រយោជន៍បក្ខពួករបស់ខ្លួន ជាងគិតគូរពីការដោះស្រាយបញ្ហាប្រឈមរបស់ជាតិ ជាពិសេសការស្ដារប្រជាធិបតេយ្យឡើងវិញ។
លោក គឹម សុខ៖«បើទោះបីជាមានសញ្ញាប័ត្រពីបស្ចិមប្រទេសក៏ដោយ ប៉ុន្តែបទពិសោធន៍របស់គាត់ គឺជាបទពិសោធន៍ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម។ ឧទាហរណ៍កម្លាំងរបស់គាត់វាយធ្វើបាបប្រជាពលរដ្ឋ កម្មករ-កម្មការិនី រហូតដល់តំណាងរាស្ត្រ ហើយឡើងបុណ្យស័ក្ដិទៀត។ កម្លាំងរបស់ ហ៊ុន ម៉ាណែត កាប់បំផ្លាញព្រៃឈើ ប្លន់ដីធ្លីប្រជាពលរដ្ឋ ហើយ ហ៊ុន ម៉ាណែត ខ្លួនឯងក៏មានឧក្រិដ្ឋកម្មនយោបាយ គឺចុងក្រោយនេះបោះឆ្នោតខុសច្បាប់ទៅធ្វើនាយករដ្ឋមន្ត្រីខុសច្បាប់។ ដូច្នេះ ហ៊ុន ម៉ាណែត ឡើងមកនេះ គឺឡើងការពារឧក្រិដ្ឋកម្មរបស់ខ្លួន។ នេះខ្ញុំមិនទាន់និយាយអំពីការការពារឧក្រិដ្ឋកម្មបក្ខពួកទេ»។
ទ្រព្យសម្បត្តិមហាសាល
មួយក្នុងចំណោមឧក្រិដ្ឋកម្មជាច្រើនជាប់ពាក់ព័ន្ធនឹងត្រកូលហ៊ុន ដែលលោក គឹម សុខ រៀបរាប់នោះ គឺអំពើពុករលួយជាប្រព័ន្ធ។ លោក ហ៊ុន សែន និងត្រកូលហ៊ុនរបស់លោក ទំនងជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីប្រព័ន្ធដឹកនាំបែបពុករលួយបក្ខពួកនិយមមួយនេះ។
បើតាមការវាយតម្លៃរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ក្នុងរបាយការណ៍ចេញផ្សាយកាលពីឆ្នាំ២០១៦ ក្រុមគ្រួសារត្រកូលហ៊ុនមានទ្រព្យសម្បត្តិចន្លោះពី ៥០០លានទៅ ១ពាន់លានដុល្លារអាមេរិក (1 billion) ក្នុងនោះមួយចំណែក គឺជាទ្រព្យសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត និងភរិយា អ្នកស្រី ពេជ ចន្ទមុន្នី។ ទ្រព្យសម្បត្តិមហាសាលទាំងនេះបានមកពីអំពើពុករលួយ ការធ្វើជំនួញទុច្ចរិត ការរំលោភយកដីធ្លីពលរដ្ឋ និងការគ្រប់គ្រងលើឧស្សាហកម្មធំៗជាច្រើន។
ដោយសារតែទ្រព្យសម្បត្តិដ៏ច្រើនហូរហៀរទាំងនេះ លោក ហ៊ុន ម៉ាណែត និងបងប្អូនរបស់លោកមានលុយទិញផ្ទះតម្លៃជាងកន្លះលានដុល្លារ (៥៥០.០០០) នៅជាយក្រុងញូវយ៉ក កាលពីឆ្នាំ ២០០១ ខណៈពេលនោះពួកគេមិនបានធ្វើការងារអ្វីឡើយ ហើយប្រាក់បៀវត្សរ៍នាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន មានត្រឹមតែ ១ ម៉ឺន ២ ពាន់ដុល្លារ (១២.០០០) ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
សុបិន និងការពិត
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត គ្មានថ្ងៃកែប្រព័ន្ធដឹកនាំនេះបានទេ ហើយលោកនឹងដើរតាមគន្លងផ្ដាច់ការដូចឪពុក គឺលោក ហ៊ុន សែន។
លោក សម រង្ស៊ី៖«បើប្រព័ន្ធហ្នឹងអាក្រក់ ប្រព័ន្ធផ្ដាច់ការ ប្រព័ន្ធពុករលួយ ប្រព័ន្ធគ្រួសារនិយម វានៅតែអាក្រក់អ៊ីចឹង យើងចង់ដូរក្បាលម៉ាស៊ីន ១០ដងក៏ដោយ។ ប្រព័ន្ធហ្នឹង គឺរបៀបដឹកនាំ សារជាតិរបបអាក្រក់ហ្នឹង វានៅតែអាក្រក់អ៊ីចឹង។ ទាល់តែប្ដូរ[ប្រព័ន្ធ]។ ទាល់តែបុគ្គលណា ដែលឡើងមកដឹកនាំប្រទេស ហ៊ានកែប្រព័ន្ធហ្នឹង។ ឥលូវសួរថា ហ៊ុន ម៉ាណែត ហ៊ានកែប្រព័ន្ធ ហ៊ុន សែន ទេ?ប្រព័ន្ធដែល ហ៊ុន សែន រៀបចំ គាត់ធ្វើនាយករដ្ឋមន្ត្រី ៣៨ ឆ្នាំ ហ៊ុន ម៉ាណែត ឡើងមកកែប្រព័ន្ធ ថាអ្វីដែល ហ៊ុន សែន ធ្វើហ្នឹង អាក្រក់ណាស់។ ខ្ញុំសុំដូរ ខ្ញុំសុំកែ។ គ្មានទេ»។
តាមការពិត លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសរួចហើយថា ជនគំរូរបស់លោក គឺជាលោក ហ៊ុន សែន ឪពុករបស់លោកនោះឯង។ ម្យ៉ាងវិញទៀត លោកបានប្រកាសការពារមរតក និងអ្វីមួយដែលឪពុករបស់លោកហៅថាជា «សន្តិភាព» នោះ ថែមទៀតផង។ ហេតុដូច្នេះសេចក្ដីសង្ឃឹមរបស់ពលរដ្ឋមួយចំនួនដែលថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពពិតប្រាកដស្របទៅតាមលក្ខណៈប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះ ទំនងជាមិនអាចលេចចេញជារូបរាងកើតទេ ពីព្រោះតែផលប្រយោជន៍អំណាច និងលុយកាក់ត្រកូលហ៊ុនរបស់លោក ព្រមទាំងបក្ខពួក មានលក្ខណៈធំធេងពេក ដែលពិបាកឱ្យលោកងាកមកគិតពីប្រយោជន៍ជាតិពិតប្រាកដ។ ចំណុចសំខាន់មួយទៀត លោក ហ៊ុន ម៉ាណែត អាចត្រឹមតែជា « នាយករដ្ឋមន្ត្រីតុក្កតា » ម្នាក់ប៉ុណ្ណោះ ប្រសិនបើគ្មានភ្លើងខៀវឱ្យកែទម្រង់ពីសំណាក់ឪពុករបស់លោកទេនោះ ពីព្រោះតែអ្នកកាន់អំណាចកំពូលពិតប្រាកដនៅកម្ពុជា គឺនៅតែជាលោក ហ៊ុន សែន ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។