ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​ពី​ស្ថានភាព​សុខភាព​ប្ដី​នៅ​ក្នុង ពន្ធនាគារ

2024.03.19
ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​ពី​ស្ថានភាព​សុខភាព​ប្ដី​នៅ​ក្នុង ពន្ធនាគារ (ឆ្វេង) លោក វឿងសំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ភៀសខ្លួន នៅ​ប្រទេស​ថៃ និងលោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន​ ពេល​ចូល​សវនាការសាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក វឿង សំណាង និង​ពលរដ្ឋ

ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា ស្ថានភាព​សុខភាព​ប្ដី​របស់​ពួកគាត់​កាន់តែ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដោយសារ​មន្ត្រី​ពន្ធនាគារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​បង្ខំ​ឱ្យ​គ្រួសារ​ពួកគាត់​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា ការ​លើកឡើង​របស់​ប្រពន្ធ​សកម្មជន​ទាំងនេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត និង​គ្មាន​មូលដ្ឋាន​ច្បាប់។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា ប្ដី​របស់​ពួកគាត់​ពុំ​ទទួល​បាន​ការ​ព្យាបាល និង​ការ​មើល​ថែ​ពី​មន្ត្រី​ពន្ធនាគារ​បាន​ដិត​ដល់​ឡើយ ខណៈ​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​នៅ​តែ​ដាក់​សម្ពាធ​លើ​ប្ដី​ពួកគាត់។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្ដា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៩ ខែមីនា ថា​ប្ដី​លោកស្រី​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ធ្វើ​ឱ្យ​របួស​ក្បាល​ប្ដី​រើ​ឡើងវិញ។ លោកស្រី​បារម្ភ​ថា បញ្ហា​ឈឺ​ចាប់​ត្រង់​របួស​ក្បាល និង​ការ​បង្ខំ​ឱ្យ​ប្ដី​លោកស្រី​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នឹង​ធ្វើ​ឱ្យ​ប្ដី​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។

លោកស្រី ទៀង ចិន្ដា៖ «ទៅ​ថ្ងៃ​មុន​មាន​គេ​ប្រាប់​គាត់​ឱ្យ​ចុះ​ចូល​អ៊ីចឹង​ដើម្បី​ឱ្យ​ឆាប់​បាន​ទៅ​ផ្ទះ​ប្ដី​ខ្ញុំ​គាត់​និយាយ​ថា​គាត់​អត់​ចុះ​ចូល​ទេ​ប៉ុន្តែ​បើ​ឱ្យ​គាត់​ទៅ​ផ្ទះ​ដោយ​មាន​ក្រដាស​ស្នាម​ទៅ​ផ្ទះ​ធម្មតា​អា​ហ្នឹង​គាត់​ទៅ​ប៉ុន្តែ​បើ​ឱ្យ​គាត់​ចុះ​ចូល​ហើយ​ដើម្បី​បាន​សេរីភាព​គាត់​អត់​ចុះ​ចូល​ទេ»

លោក វឿង សំណាង ជា​អ្នក​នយោបាយ​ថ្នាក់​មូលដ្ឋាន​ដ៏​សកម្ម​និង​ស្មោះត្រង់​ចំពោះ​ឆន្ទៈ​ម្ចាស់​ឆ្នោត។ លោក ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១១ឆ្នាំ ក្នុង​សំណុំ​រឿង​ចំនួន​ពីរ​គឺ រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

ដោយឡែក ប្រពន្ធ​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន​លោក តូច ថឹង គឺ​លោកស្រី ហាញ់ សុវណ្ណា ថ្លែង​ថា ចាប់​តាំង​ពី​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ផ្ទេរ​ប្ដី​ទៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​មក​ប្ដី​លោកស្រី​មិន​ដែល​ទទួល​បាន​ការ​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ឡើយ។ លោកស្រី​សង្កេតឃើញ​ថា ប្ដី​លោកស្រី​កំពុង​រង​សម្ពាធ​ផ្នែក​នយោបាយ គួបផ្សំ​និង​ភ្នែក​ខាងឆ្វេង​ប្រឈម​មើល​លែង​ឃើញ​ទៀត​នោះ​ធ្វើ​ឱ្យ​ប្ដី​លោកស្រី​ពិបាក​ចិត្ត។

លោកស្រី ហាញ់ សុវណ្ណា៖ «គាត់​ពិបាក​ចិត្ត​គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ម៉េច​អី​ម៉េច​ទេ​ឥឡូវ​ហ្នឹង​ខ្ញុំ​ទៅ​ជួប​គាត់​អត់​សូវ​ប្រាប់​អ៊ីចឹង​ខ្ញុំ​អត់​ដឹង​និយាយ​ថាម៉េច​ដែរ។ ខ្ញុំ​ខ្លាច​គាត់​ខ្លាច​គាត់​នៅ​ប៉ះពាល់​ផ្លូវ​ចិត្ត​ប៉ះពាល់​ភ្នែក​គាត់​មួយ​មុខ​ហ្នឹង គាត់​នៅ​តែ​ព្រួយ​រឿង​ភ្នែក​គាត់​ហ្នឹង ហើយ​ខ្ញុំ​ថា​ឱ្យ​ខាង​គាត់​ជូន​ទៅ​ហើយ​គាត់​ថា គាត់​អត់​បាន​ប្រាប់​គេ ថា​ឱ្យ​ប្រាប់​គេ​ឱ្យ​គេ​ជូន​ទៅ​អ៊ីចឹង។ ចង់​ដឹង​តាម​ដាន​ភ្នែក​ហ្នឹង​មួយ​ខែ​ឱ្យ​ទៅ​មើល​ម្ដង ឥឡូវ​តាំង​គាត់​ទៅ​ហ្នឹង​មក​ប៉ុន្មាន​ខែ​មិន​ទាន់​បាន​ទៅ​មើល​ផង»

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឱ្យ លោក តូច ថឹង ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​របស់​លោក សៀម ភ្លុក កាល​ពីឆ្នាំ២០២១ ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នកនាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ចាត់​ទុក​ការ​លើកឡើង​របស់​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង ថា​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ​លើ​មន្ត្រី​ពន្ធនាគារ។  លោក​អះអាង​ថា គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ជាប់​ឃុំ​នយោបាយ​នៅ​ក្នុង​ពន្ធនាគារ​ឡើយ។

លោក នុត សវនា៖ «ពិបាក​ដែរ​រឿង​ហ្នឹង​យើង​តែងតែ​ស្រាវជ្រាវ​សួរ​នាំ​ទៅ​គោលដៅ​ថា​ឥឡូវ​ឈ្មោះ​នេះ​គាត់​បញ្ហា​ចេះ​ចុះ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​បញ្ជូន​គាត់​ទៅ​ពេទ្យ​អត់។ ខ្ញុំ​គិត​ថា​យើង​មិន​ដល់​ថ្នាក់​ទុក​គាត់​ឱ្យ​មាន​បញ្ហា​ធំ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​គោលដៅ​គេ​ឆែក​មើល​គេ​ពិនិត្យ​មើល​ផ្ទាល់​គេ​ថា​មិន​ដូច​អ្វី​ដែល​ជា​ការ​អះអាង​ដូច​អ្នក​នៅ​ខាងក្រៅ​អ៊ីចឹង​ឱ្យ​តែ​គាត់​ស្រែក​វាស់​ឡើង​យើង​ត្រូវ​បញ្ជូន​គាត់​ទៅ​ពេទ្យ ស្រែក​វាស់​ឡើង​ត្រូវ​បញ្ជូន​គាត់​ទៅ​ពេទ្យ​អ៊ីចឹង​មន្ត្រី​ខ្ញុំ​មិន​បាច់​ធ្វើ​ការ​អី​ទេ​អ៊ីចឹង»

បើ​ទោះបីជា លោក នុត សវនា លើកឡើង​ថា​គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ជាប់​ឃុំ​នយោបាយ​ក្ដី ក៏​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​សង្កេត​ឃើញ​ថា អ្នក​ដែល​ហ៊ាន​ចេញ​មុខ​សុំទោស លោក ហ៊ុន សែន ជា​សាធារណៈ​តែង​ទទួល​បាន​ការ​លើកលែង​ទោស និង​ផ្ដល់​តួនាទី មុខតំណែង និង​បុណ្យ​សក្ដិ​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រសិនបើ​ពួកគេ​កែប្រែ​ផ្នត់គំនិត​មក​គាំទ្រ​គណបក្ស​ប្រកាន់​អំណាច​វិញ។

ជុំវិញ​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ បញ្ហា​កង្វះ​អនាម័យ និង​ការ​មិន​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ទាន់​ពេលវេលា បាន​ធ្វើ​ឱ្យ​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។

លោក អំ សំអាត៖ «ខ្ញុំ​យល់​ថា​បើ​យើង​និយាយ​ពី​ជន​ជាប់​ឃុំ ជន​ជាប់​ឃុំ​គ្រប់​រូប​ពួកគាត់​អស់​សិទ្ធិ​មួយ​សិទ្ធិ​ដែល​តុលាការ​បាន​ដក​ហូត​ទេ​ជាពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​អ៊ីចឹង​សិទ្ធិ​ដែល​តុលាការ​មិន​បាន​ដក​ហូត​គឺ​គាត់​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ទៀត​ដែរ គឺ​ត្រូវតែ​គោរព​សិទ្ធិ​គាត់​ដូច​គ្នា»

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន រួម​ទាំង​អង្គការ​សហប្រជាជាតិ​កន្លងទៅ​ធ្លាប់​បាន​ថ្កោលទោស​ជា​បន្តបន្ទាប់​ចំពោះ​រដ្ឋាភិបាល​ដោយ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ និង​គ្មាន​មូលដ្ឋាន​ច្បាប់។ ទោះ​ជា​បែប​នេះ​ក្ដី ក៏​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​តែ​មិន​ទាន់​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន ម៉ាណែត កាន់តែ​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​រូប​ណា​ដែល​ហ៊ាន​រិះគន់​ការ​ដឹកនាំ​របស់​លោក​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។