កម្មករ និងកម្មការិនីមួយចំនួន ដែលធ្វើការតាមរោងចក្រនានា ក្នុងរាជធានីភ្នំពេញអះអាងថា ពួកគេ គ្មានអារម្មណ៍ចូលរួមពិធីបុណ្យអុំទូក ដែលអាជ្ញាធរប្រារព្ធឡើង ក្នុងរាជធានីភ្នំពេញនោះទេ។ ពួកគេបានសម្រុកទៅលេងស្រុកកំណើតចួបជុំក្រុមគ្រួសាររៀងៗខ្លួន ព្រោះបារម្ភពីវិបត្តិនយោបាយ និង ការពង្រាយកងកម្លាំងប្រដាប់អាវុធតាមដងផ្លូវ និងក្នុងពិធីបុណ្យអុំទូក។
កម្មករ និងកម្មការិនី ដែលធ្វើការ ក្នុងរោងចក្រ នៃរាជធានីភ្នំពេញ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៩ ខែវិច្ឆិកាថា ឥទ្ធិពលនយោបាយ និងការបង្ហាញកងកម្លាំងប្រដាប់អាវុធច្រើនស្អេកស្កះតាមផ្លូវ និងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺជាផ្នែកមួយ ធ្វើឱ្យពួកគេ មិនចង់ចូលរួមពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ។
កម្មករធ្វើការរោងចក្រមួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឱ្យដឹងថា មានកត្តារួមផ្សំជាច្រើន ធ្វើឱ្យកម្មករកម្មការិនី វិលទៅលេងស្រុកកំណើតរួមមាន ជម្លោះនយោបាយ ការវិលត្រឡប់របស់លោក សម រង្ស៊ី និងការបង្ហាញអាវុធគ្រប់ធុនរបស់សមត្ថកិច្ច។ លោកថា កាលពីឆ្នាំ ២០១៣ មានការបាញ់កម្មករស្លាប់ នៅពេលកម្មករធ្វើបាតុកម្ម តាមដងផ្លូវ ពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ក៏ជាផ្នែកមួយជះឥទ្ធិពលអាក្រក់ដល់អារម្មណ៍កម្មករដែរ៖ «កម្មករភ័យខ្លាចរឿងមិនសូវស្រួល។ មានសហជីពខ្លះគាត់លើកឡើងដែរថា កម្មករមិនព្រមធ្វើការ មិនព្រមថែមម៉ោង ដោយសារខ្លាចមានរឿងអីទៅមិនទៅដល់ផ្ទះទៅ បែកប្រពន្ធកូន មិនជុំគ្នា។ គាត់ចេះតែខ្លាច បូកផ្សំអ្នកផ្ទះចេះតែខលមក»។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ ថ្លែងសុំលាក់ឈ្មោះ ប្រាប់អាស៊ីសេរីថា បុណ្យអុំទូកឆ្នាំនេះ ស្ងាត់ជាងឆ្នាំមុនៗ ហើយទិដ្ឋភាពក្នុងរាជធានីភ្នំពេញ ក៏ស្ងប់ស្ងាត់ជាងសព្វមួយដែរ។ លោកថា ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅលេងស្រុកកំណើត និងតាមរមណីយដ្ឋាននានា នៅគ្រាដែលអាជ្ញាធរកំពុងប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ៖ «ព្រោះអីស្ងាត់មែន ខ្ញុំដើរមើល។ ខ្ញុំជិតតាំងពីទីស្តីការគណៈរដ្ឋមន្ត្រី ទៅវត្តភ្នំ ទៅផ្សារធំថ្មី រហូតដល់វិមានឯករាជ្យ និងទៅមើលមុខវាំង ដូចស្ងាត់ មិនសូវសំបូរមនុស្សដូចឆ្នាំមុនៗ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា កម្មករកម្មការិនីទៅលេងស្រុកកំណើត ជារឿងដាក់ដោយឡែក មិនពាក់ព័ន្ធរឿងនយោបាយនោះទេ។ លោកថា ការដាក់ពង្រាយកម្លាំងតាមព្រំដែន និងកងកម្លាំងសន្តិសុខក្នុងពិធីបុណ្យជាតិ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ មិនប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋចូលរួមពិធីបុណ្យអុំទូកនោះទេ៖ «ពិធីអកអំបុក នៅតែពិធីបុណ្យជាតិ ប្រពៃណីជាតិរបស់យើងដដែល។ រហូតដល់ម៉ោងនេះ ថ្ងៃនេះ រាជរដ្ឋាភិបាល ចំពោះកិច្ចការថែរក្សាសន្តិភាព និងសុវត្ថិភាពជូនដល់មហាជនរបស់យើង។ នេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាល»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាព សង្គមកម្ពុជា លោក សន ជ័យ យល់ថា ប្រសិនបើប្រទេសកម្ពុជា ពិតជាមានសន្តិភាពពេញលេញមែន កម្មករ និងកម្មការិនី នឹងគ្មានការភ័យខ្លាចរឿងនយោបាយនោះទេ។ លោកថា គ្រោះថ្នាក់ជាន់គ្នាស្លាប់រាប់រយនាក់ កាលពីជិត ១០ឆ្នាំមុន ក៏ជាមូលហេតុធ្វើឱ្យពលរដ្ឋភ័យខ្លាច មិនហ៊ានចូលរូមពិធីបុណ្យអុំទូកដែរ៖ «មានពលរដ្ឋមានការជឿជាក់ថា កម្ពុជាពិតជាមានសន្តិភាព ពេញលេញមែនម្ល៉េះសមពួកគេ គ្មានការភ័យខ្លាចបែបនេះទេ។ គួរតែមានវិធានការផ្លូវច្បាប់ចំពោះអ្នកណា ដែលនិយាយបំភ័យពលរដ្ឋ ក្នុងរូបភាពបែបនេះ មិនគួរមានការលើកលែននោះទេ»។
ថ្មីៗនេះ ក្រសួងមហាផ្ទៃដាក់ចេញនូវវិធានការរឹតបន្តឹងសន្តិសុខនៅអំឡុងពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ដោយសារតែជាពេលវេលានៃការប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវបានមកដល់។ មន្ត្រីសិទ្ធិមនុស្សយល់ថា វិធានការរបស់អាជ្ញាធរនេះ ជាទង្វើរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។