ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម អាច​ជា​ផ្នែក​មួយ​នៃ​«ការ​ត្រៀម​ធ្វើ​សង្គ្រាម»​ដណ្តើម​យក​កោះ​តៃវ៉ាន់

ដោយ មាន ឫទ្ធិ
2024.05.31
ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម អាច​ជា​ផ្នែក​មួយ​នៃ​«ការ​ត្រៀម​ធ្វើ​សង្គ្រាម»​ដណ្តើម​យក​កោះ​តៃវ៉ាន់ ពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ

កាសែត​អាមេរិកាំង​ល្បី​ឈ្មោះ ឌឹ វ៉ល ស្ទ្រីត ជរណល (The Wall Street Journal) ថា​ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​«ត្រៀម​ធ្វើ​សង្គ្រាម»​ដើម្បី​ដណ្តើម​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​នា​ពេល​អនាគត។

កាសែត​អាមេរិកាំង​ល្បី​ឈ្មោះ ឌឹ វ៉ល ស្ទ្រីត ជរណល (The Wall Street Journal) ដែល​កាលពី​ឆ្នាំ២០១៩​ធ្លាប់​លាត​ត្រដាង​ពី​រឿងរ៉ាវ​រដ្ឋាភិបាល​កម្ពុជា​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន លួច​ចុះ​កុងត្រា​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ឱ្យ​ប្រើប្រាស់​កំពង់ផែ​រាម​«ផ្ដាច់មុខ»​នោះ ឥឡូវ​នេះ បន្ត​លាតត្រដាង​ថា ចិន​ចូល​មក​ធ្វើ​ទំនើបកម្ម​នៅ​កំពង់ផែ​រាម​នេះ អាច​ជា​ផ្នែក​មួយ​នៃ​«ការ​ត្រៀម​ធ្វើ​សង្គ្រាម» ដើម្បី​ដណ្តើម​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​នា​ពេល​អនាគត។ ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​នេះ កើត​មាន​ឡើង​ស្របពេល​ដែល​ចិន​កំពុង​បង្កើន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​នៅ​មូលដ្ឋាន​ទ័ព​ធំៗ​ពីរ​របស់​ខ្លួន​នៅ​លើ​កោះ​ហៃណាន់ (Hainan) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

«ជា​រួម មូលដ្ឋាន​ទ័ព​រាម​នេះ ចាប់ផ្តើម​មើល​ទៅ​ដូចគ្នា​ទៅ​នឹង​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​កោះ​ហៃណាន់​អ៊ីចឹង»

កាសែត​នេះ បាន​ស្រង់​ប្រសាសន៍​អ្នក​ជំនាញ​សន្តិសុខ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ វេទិកា ប៉ាស៊ីហ្វិក (Pacific Forum) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូណូលូលូ (Honolulu) នៅ​កោះហាវៃ (Hawaii) សហរដ្ឋអាមេរិក និង​ជា​អតីត​អ្នក​វិភាគ​វិស័យ​ការពារ​ជាតិ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស គឺ​លោក អាឡិច នៀល (Alex Neill) ថា ការ​វិវត្ត​ដ៏​ឆាប់​រហ័ស​នៅ​តាម​មូលដ្ឋាន​ទ័ព​ចិន​លើ​កោះ​ហៃណាន់ និង​នៅ​កំពង់​ផែ​រាម​នា​រយៈពេល​ចុងក្រោយ​នេះ អាច​ជា​យុទ្ធសាស្ត្រ​​របស់​ចិន​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​ដណ្តើម​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង។

លោក អាឡិច នៀល៖ «សហរដ្ឋ​អាមេរិក ចោទ​សួរ​ថា​តើ​ចិន​បាន​បង្ហាញ​ពី​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សន្តិវិធី​នៅ​ទូទាំង​តំបន់​ទាំង​នេះ​ដែរ​ឬទេ។ តើ​ការ​ចំណាយ​លុយ​ដ៏​សម្បើម​ទាំងនេះ​សម្រាប់​បម្រើ​ឱ្យ​គោលដៅ​អ្វី? ចម្លើយ​ដែល​មនុស្ស​ជាច្រើន​ភ័យខ្លាច​ថា​នឹង​ក្លាយ​ជា​ការពិត​នោះ គឺ​ថា គឺ​ដើម្បី​លុកលុយ​ដណ្តើម​យក​កោះ​តៃវ៉ាន់ ឬ​ដើម្បី​បង្កើន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​អាច​នឹង​បណ្តាល​ឱ្យ​មាន​ជម្លោះ​ដែល​មិន​អាច​គ្រប់គ្រង​បាន»

គិត​ត្រឹម​​ខែ​មិថុនា ឆ្នាំ២០២៤ នេះ កម្ពុជា​អនុញ្ញាត​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម បាន ២ឆ្នាំ​គត់។ គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​ត្រូវ​គេ​អះអាង​ថា​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​នេះ។ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគី​ចិន​ពុំបាន​លាតត្រដាង​ឱ្យ​ដឹង​ពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ជំនួយ​យោធា​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​គម្រោង​នេះ​ឡើយ។ តាម​ផែនការ គម្រោង​នេះ​មាន​ដូចជា​ការសាងសង់​រោងជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តាឃ្លង ជាដើម។

កម្ពុជា​ទើប​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា «នាគមាស»​លើកទី៦ ដ៏​ធំ​បំផុត រយៈពេល​កន្លះ​ខែ នៅ​ថ្ងៃទី៣០ ខែ​ឧសភា។ ជា​លើក​ដំបូង សមយុទ្ធ​នោះ ស្តែង​ឃើញ​ពី​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក​រួមគ្នា​លើក​ទី​១ មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​លើ​លម្ហ​សមុទ្រ​កម្ពុជា​នៅ​លើ​តំបន់​ច្រក​ចន្លោះ​កោះតាង និង​កោះរ៉ុងសន្លឹម ខេត្ត​ព្រះសីហនុ ​ដោយ​មាន​ការ​ចូលរួម​ពី​កងទ័ព​ជើងទឹក​កម្ពុជា​និង​ចិន សរុប ៧៨២​នាក់ មាន​នាវា​កងទ័ព​ជើងទឹក​១៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ២​គ្រឿង។ កម្ពុជា​អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​នេះ មិនមែន​ជា​«ការ​គំរាម​កំហែង»​ដល់​ប្រទេស​ណា​មួយ​ឡើយ។

នៅ​ទន្ទឹម​ពេល​នឹង​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​ជាមួយ​ចិន​នៅ​លើ​លម្ហ​សមុទ្រ​កម្ពុជា​នេះ នៅ​ឯ​ច្រក​សមុទ្រ​តៃវ៉ាន់​ឯណោះ​វិញ ចិន​ក៏​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​២ថ្ងៃ​កាលពី​ចុង​ខែ​ឧសភា ដោយ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​១១១គ្រឿង និង​នាវា​ចម្បាំង​៤៦​គ្រឿង មក​កាន់​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់។ ការ​ធ្វើ​សមយុទ្ធ​របស់​ចិន​នេះ គឺ​ជា​ការ​ឆ្លើយតប​នឹង​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់​ដែល​មាន​ជំហរ​មិន​រណប​ចិន។

កម្ពុជា​បាន​ឆ្លៀត​ឱកាស​នោះ ប្រកាស​សាជាថ្មី​ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ដែកថែប​របស់​ខ្លួន​ថា កម្ពុជា​«ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់»​នូវ​«គោលនយោបាយ»​ចិន​តែ​មួយ និង​ថា​តៃវ៉ាន់​«ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ផ្ដាច់​ចេញ​ពី​ទឹក​ដី​របស់​ចិន»​បាន​ឡើយ។

យ៉ាង​ហោច​ណាស់ ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​ចិន​ខ្នាត​ធំ​៣គ្រឿង​មក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បន្ថែម​លើ​នាវា​ចម្បាំង​២គ្រឿង​ទៀត​ដែល​បាន​ចត​នៅ​កំពង់ផែ​រាម​ស្រាប់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ហើយ​មិន​ទាន់​​ត្រលប់​ទៅ​វិញ ដោយ​អះអាង​ថា​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា «នាគមាស» ប្រចាំ​ឆ្នាំ​នេះ។

អ្នក​ជំនាញ​អាមេរិកាំង ព្រមាន​ថា នេះ​ជា​សញ្ញាណ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​ផ្តើម​មាន​វត្តមាន​យោធា​ចិន «ជា​អចិន្ត្រៃយ៍» នៅ​កំពង់ផែ​រាម។ ទន្ទឹម​នឹង​នោះ ចិន​ក៏​អាច​ប្រើប្រាស់​កំពង់ផែ​រាម​ដើម្បី​ឈ្លប​យក​ការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ក្នុង​ករណី​មាន​សង្គ្រាម​ដណ្តើម​យក​កោះ​តៃវ៉ាន់​នា​ពេល​អនាគត។

សហរដ្ឋអាមេរិក តែង​លើក​ឡើង​ជា​ប្រចាំ​ពី​កង្វល់​របស់​ខ្លួន​យ៉ាង​ខ្លាំង​ជុំវិញ​ផែនការ​ពិតប្រាកដ​របស់​ចិន​នៅ​ពី​ក្រោយ​ការ​អភិវឌ្ឍន៍​កំពង់ផែ​រាម​នេះ។ ទោះជា​យ៉ាងណា ទាំង​ភាគី​កម្ពុជា និង​ភាគី​ចិន​តែង​បដិសេធ​ពី​កង្វល់​នេះ។

«មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​កងទ័ព​រំដោះ​ប្រជាជន​ចិន ក្នុង​ន័យ​ថា វា​មាន​សមត្ថភាព​ដើម្បី​បញ្ជូន​នាវា​ល្បាត​ចូល​ទៅ​ក្នុង​តំបន់​​ឈូង​សមុទ្រ​ថៃ ហើយ​ក៏​អាច​ឱ្យ​កងទ័ព​ចិន​ល្បាត​ផ្នែក​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​គឺ​ជា​សញ្ញាណ​មួយ​ទៀត​ បង្ហាញ​ពី​មហិច្ឆតា​របស់​ចិន​ក្នុង​ការ​បញ្ជ្រាប​វត្តមាន​លើ​ផ្លូវទឹក​របស់​ខ្លួន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង»

ទន្ទឹម​គ្នា​នឹង​ការណ៍​ដែល​ចិន​ចូល​មក​ជួយ​ធ្វើ​ទំនើបកម្ម​នៅ​កំពង់ផែ​រាម នៅ​ឯ​កោះ​ហៃណាន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ឯណោះ​វិញ ចិន​ក៏​បាន​ពង្រីក​មូលដ្ឋាន​ទ័ព​ដ៏​សំខាន់​ចំនួន​ពីរ​របស់​ខ្លួន​ គឺ​មូលដ្ឋាន​ទ័ព យូលីន (Yulin) និង​ឡុងប៉ូ (Longpo)។ ក្នុង​នោះ​មាន​ដូចជា​ការសាងសង់​ផែ​សំចត​បន្ថែម​សម្រាប់​ចត​នាវា​មុជទឹក​១២ គ្រឿង ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​គ្រាប់បែក​នុយក្លេអ៊ែរ​បាញ់​ក្នុង​ចម្ងាយ​ឆ្ងាយ រោង​ជាង​ជួសជុល​នាវា និង​ផែ​សំចត​នាវា​ចម្បាំង​ខ្នាត​យក្ស​ជាច្រើន​គ្រឿង​ជាដើម។

នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) បាន​ប្រកាស​ផែនការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី០៤ ខែ​មិថុនា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​សន្និសីទ​កំពូល​សន្តិសុខ​ប្រចាំ​ឆ្នាំ ឬ​កិច្ច​សន្ទនា សាំងហ្រ្គីឡា (Shangri-La Dialogue) នៅ​ប្រទេស​សិង្ហបុរី (Singapore)

ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក​ដែល​ត្រូវ​បាន​បែកធ្លាយ ហើយ​ត្រូវ​កាសែត​ ឌឹ វ៉ាស៊ិនតុន ប៉ុស្តិ៍ (The Washington Post) យក​មក​ចុះផ្សាយ​កាលពី​ចុងខែ​មេសា​ ឆ្នាំ២០២៣​កន្លងទៅ បង្ហាញ​ថា ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កំណត់​ទុក​​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋាន​ទ័ព​​នៃ​​«កងពល»​របស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ ក្រោម​គម្រោង ១៤១ (Project 141) កងទ័ព​រំដោះ​ប្រជាជន​ចិន ដាក់​ផែនការ​បង្កើត​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ចំនួន ៥ និង​ទីតាំង​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ភស្តុភារ​​ចំនួន​១០ ត្រឹម​ឆ្នាំ២០៣០ ដើម្បី​សម្រេច​​នូវ​វត្ថុបំណង​សន្តិសុខ​ជាតិ​របស់​ក្រុង​ប៉េកាំង ដែល​រួមមាន​ទាំង​ការ​ការពារ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ផង​ដែរ។

ការិយាល័យ​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (ODNI) លើកឡើង​ក្នុង​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ​ប្រចាំ​ឆ្នាំ​២០២៤​របស់​ខ្លួន កាលពី​ដើម​ខែ​កុម្ភៈ ថា ចិន​បាន​បង្កើន​មហិច្ឆតា​យោធា​របស់​ខ្លួន រួម​ទាំង​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ថ្មីៗ ដើម្បី​គាំទ្រ​ដល់​វត្តមាន​កាន់តែ​កើន​ឡើង​របស់​ក្រុង​ប៉េកាំង (Beijing) នៅ​លើ​លម្ហ​សមុទ្រ។ បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ដដែល​នេះ សរសេរ​ថា ក្រៅតែ​ពី​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​ជីបូទី (Djibouti) និង​ការសាងសង់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​កំពង់ផែ​រាម​របស់​កម្ពុជា​ហើយ​នោះ ក្រុង​ប៉េកាំង​ក៏​កំពុង​ពិចារណា​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​តាម​ទីតាំង​ជាច្រើន​ទៀត រួម​ទាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា (Burma) គុយបា (Cuba) ប៉ាគីស្ថាន (Pakistan) និង​ស្រីលង្កា (Sri Lanka) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។