យុវជនរិះគន់ការផ្ដល់គ្រឿងឥស្សរិយយសឱ្យចៅប្រុសលោក ហ៊ុន សែន ដែលធ្លាប់ប្រកាសលក់កាំភ្លើងលើបណ្ដាញសង្គម
2024.12.11
យុវជនមួយចំនួនរិះគន់រដ្ឋាភិបាល ដែលបានផ្ដល់គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌ ជូនចៅប្រុសលោក ហ៊ុន សែន ឈ្មោះ ហ៊ុន បញ្ញាបុត្រ ដែលមានកេរ្តិ៍ឈ្មោះអាស្រូវរឿងលក់អាវុធលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងការសម្ញែងទ្រព្យសម្បត្តិទាំងវ័យក្មេង។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការរិះគន់នេះថា ជាសិទ្ធិ ខណៈរដ្ឋាភិបាល ផ្តល់មេដាយកិត្តិយសរបស់ជាតិដល់បុគ្គលណាម្នាក់ទាល់តែមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ និងប្រជាជន។
យុវជនសកម្មមួយចំនួនលើកឡើងថា លោក ហ៊ុន បញ្ញាបុត្រ ដែលជាចៅក្មួយរបស់លោក ហ៊ុន សែន មិនស័ក្ដិសមទទួលបានមេដាយកិត្តិយសរបស់ជាតិនោះទេ។
ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ថ្លែងថា យោងតាមកេរ្តិ៍ឈ្មោះអាស្រូវរបស់លោក ហ៊ុន បញ្ញាបុត្រ ពាក់ព័ន្ធនឹងការលក់កាំភ្លើង ការសម្ញែងទ្រព្យសម្បត្តិ និងអំពើអបាយមុខផ្សេងៗ នោះ ចៅប្រុសរបស់លោក ហ៊ុន សែន រូបនេះ មិនស័ក្ដិសមទទួលបានមេដាយកិត្តិយសរបស់ជាតិនោះទេ។ លោកបន្តថា ការផ្តល់គ្រឿងឥស្សរិយយសដ៏ច្រើនលើសលប់ដល់បុគ្គល ដែលគ្មានស្នាដៃសម្រាប់ជាតិ និងថែមទាំងមានកេរ្តិ៍ឈ្មោះអាស្រូវនេះ មិនត្រឹមតែធ្វើឲ្យបាត់តម្លៃគ្រឿងឥស្សរិយយសនោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់តម្លៃរបស់រដ្ឋាភិបាល និងព្រះមហាក្សត្រ ដែលជាអ្នកជួយស្នើសុំ និងជាអ្នកផ្តល់គ្រឿងឥស្សរិយយសទាំងនោះផងដែរ។
ដូចគ្នានេះដែរ ប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសអូស្ត្រាលី អែម ប៊ុនណារិទ្ធ លើកឡើងថា នៅក្នុងរបបផ្ដាច់ការតវង្សត្រកូល និងពុករលួយដូចនៅកម្ពុជានេះ ការផ្តល់គោរមងារ និងគ្រឿងឥស្សរិយយស មិនបានឆ្លងកាត់ការវាយតម្លៃត្រឹមត្រូវនោះទេ ប៉ុន្តែធ្វើឡើងតាមបែបពុករលួយ និងបក្ខពួកនិយម ដែលធ្វើឲ្យគោរមងារ និងគ្រឿងឥស្សរិយយសទាំងនោះ ក្លាយទៅជាវត្ថុធម្មតាបាត់បង់តម្លៃដើម។ លោកយល់ថា ទោះបីជាលោក ហ៊ុន បញ្ញាបុត្រ ជាមនុស្សមានកេរ្តិ៍អាស្រូវក្តី ក៏មេដឹកនាំសព្វថ្ងៃនេះ មិនត្រឹមតែផ្ដល់មេដាយកិត្តិយសរបស់ជាតិនោះទេ ប៉ុន្តែ នៅពេលខាងមុខ នឹងអាចឡើងតួនាទីក្នុងជួរកងកម្លាំងថែមទៀត ដើម្បីជួយការពារអំណាចរបស់ក្រុមគ្រួសារលោក ហ៊ុន សែន ។
ការរិះគន់របស់យុវជនទាំងនេះ គឺបន្ទាប់ពីព្រះមហាក្សត្រ បានប្រទានគ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌថ្នាក់មហាសេនាដល់ចៅប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន បញ្ញាបុត្រ ដែលមានអាយុ២៧ឆ្នាំតាមសំណើរបស់ក្រសួងមហាផ្ទៃ និងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដែលទើបផ្សព្វផ្សាយជាសាធារណ:។
ប្រភេទមេដាយមុនីសារាភ័ណ្ឌនេះ ត្រូវបានបង្កើតឡើង ដើម្បីបំពាក់ជូនបុគ្គល ដែលមានស្នាដៃ និងគុណបំណាច់ខ្ពស់ក្នុងវិស័យសិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬវិស័យផ្សេងៗ ទៀត។ ប៉ុន្តែ យុវជនមើលឃើញថា លោក ហ៊ុន បញ្ញាបុត្រ គ្មានស្នាដៃ និងគុណបំណាច់ខ្ពស់ក្នុងវិស័យទាំងនេះទេ។
លោក ហ៊ុន បញ្ញាបុត្រ គឺជាកូនប្រុសរបស់អ្នក ស្រី ហ៊ុន ចន្ធូ និងជាចៅប្រុសរបស់លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។ កូនៗ របស់លោក ហ៊ុន ណេង រួមមាន អ្នកស្រី ហ៊ុន ចន្ធូ លោក ហ៊ុន តូ លោក ហ៊ុន សៀងហេង អ្នកស្រី ហ៊ុន គឹមឡេង ភរិយារបស់លោក នេត សាវឿន និងអ្នកស្រី ហ៊ុន ចន្ថា ជាដើម ត្រូវបានអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) លាតត្រដាង កាលពីឆ្នាំ២០១៦ថា ពួកគេ កំពុងក្តោបក្តាប់ក្រុមហ៊ុនធំៗ ជិត៤០ តាមវិធីពុករលួយ និងរំលោភអំណាច។ ងាកមកមើលអំពីជីវិតរបស់លោក ហ៊ុន បញ្ញាបុត្រ វិញ ដោយសារលោក កើតនៅលើគំនរមាសប្រាក់របស់ឪពុកម្តាយលោកនោះ លោក តែងតែបង្ហាញភាពហ៊ឺហា និងទ្រព្យសម្បត្តិរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយមិនញញើតក្នុងការបង្ហាញសកម្មភាពខុសច្បាប់ឡើយ។ ជាក់ស្ដែង កាលពីអំឡុងឆ្នាំ២០១៦ ហ្វេសប៊ុករបស់លោកឈ្មោះ ហ៊ុន បញ្ញាបុត្រ បានបង្ហោះលក់កាំភ្លើងខ្លីជាសាធារណៈ។ ក្រៅពីនេះ លោក ហ៊ុន បញ្ញាបុត្រ តែងបង្ហោះរូបភាពយន្តហោះ និងឡានប្រណីតៗ ជាច្រើនគ្រឿងដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងបណ្ដាញសង្គមហ្វេសបុក (Facebook) និងអ៊ីនស្តាក្រាម (Instagram)។ រថយន្តស៊េរីទំនើបៗ របស់លោក មានដូចជា ប្រភេទ ម៉ាក់ក្លារ៉េន តម្លៃជិត ១លានដុល្លារ ម៉ាកប៊ែនលី (Bentley) និងអូឌី (Audi) តម្លៃជាង ២សែនដុល្លារ និងមានយន្តហោះផ្ទាល់ខ្លួន ម៉ាកអ៊ែបើស ៧២ (Air Bus 72) ជាដើម។ ពេលខ្លះ គ្រាន់តែកាដូរបស់ ហ៊ុន បញ្ញាបុត្រ ជូនគូស្នេហ៍ក្នុងថ្ងៃខួបកំណើតមានតម្លៃដល់ ១សែនដុល្លារ (១០ម៉ឺន) ដុល្លារអាមេរិក ហើយក្នុងពេលកន្លងមក លោកថែមទាំងជិះយន្តហោះផ្ទាល់ខ្លួនទៅទទួលគូស្នេហ៍ពីប្រទេសអូស្ត្រាលីមកកម្ពុជាវិញទៀតផង។
ជីវិតដ៏ហ៊ឺហារបស់ ហ៊ុន បញ្ញាបុត្រ នេះ ក៏ត្រូវបានសារព័ត៌មានបរទេស ចុះផ្សាយព្រោងព្រាត។ ក្នុងនោះកាសែតថៃ ឈ្មោះ អឹមអាជី អនឡាញ (MRG Online) ចុះផ្សាយថា លោក ហ៊ុន បញ្ញាបុត្រ មិនមែនមានតែទ្រព្យសម្បត្តិកប់ពពកប៉ុណ្ណោះទេ ប៉ុន្តែ លោកក៏ប្រើឥទ្ធិពលអំណាចគ្មានគូប្រៀបរបស់ត្រកូល ហ៊ុន ដើម្បីទទួលគម្រោងសាងសង់អគារធំៗ ជាច្រើនផងដែរ។ ក្រោយមានការរិះគន់នេះ លោក ហ៊ុន បញ្ញាបុត្រ បានងាកទៅដើរតួធ្វើជាសប្បុរសជន ចែកទានដល់ជនក្រីក្រ ហើយថតដាក់លើបណ្ដាញសង្គមវិញម្ដង។ ទំនងជាដោយសាររូបភាពនេះហើយ ទើបរដ្ឋាភិបាល ផ្តល់មេដាយកិត្តិយសរបស់ជាតិជូនលោក ប៉ុន្តែ ទង្វើសប្បុរសនេះ ត្រូវបានយុវជនសង្គមមើលឃើញថា គឺជារឿងតូចតាចបំផុត បើប្រៀបធៀបនឹងទង្វើមួយចំនួនរបស់លោក ដែលជះផលអាក្រក់ដល់សង្គម ដូចជា ការលក់អាវុធខុសច្បាប់ជាដើម។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាល ផ្ដល់គ្រឿងឥស្សរិយយសដល់ដល់ជនណាម្នាក់ គឺទាល់តែមានស្នាដៃ និងគុណបំណាច់ ចំពោះជាតិ និងប្រជាជន ដូច្នេះ មិនមែនជាចេះតែផ្ដល់ ឲ្យដល់បុគ្គលមិនត្រឹមត្រូវឡើយ។ ទោះជាយ៉ាងនេះក្ដី លោកសុំមិនឆ្លើយតបនោះទេ ចំពោះសំណួរថា តើលោក ហ៊ុន បញ្ញាបុត្រ មានស្នាដៃអ្វីខ្លះ ចំពោះជាតិ និងប្រជាជន? ចំពោះរឿងអាស្រូវរបស់លោក ហ៊ុន បញ្ញាបុត្រ ដែលធ្លាប់ប្រកាសលក់អាវុធនោះ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបកស្រាយថា ដោយសារគាត់នៅក្មេង មិនទាន់ចេះគិត។
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលត្រកូល “ហ៊ុន” បានបន្តបោះពុម្ពគ្រឿងឥស្សរិយយសមានមេដាយថ្នាក់ជាតិចំនួនរាប់ពាន់គ្រឿង ដើម្បីប្រគល់ជូនមនុស្សមួយចំនួន ដូចជា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា អ្នកសិល្បៈ អ្នកលក់ឡេ មន្ត្រីរាជការ និងអ្នក ដែលមិនសូវមានកេរ្តិ៍ឈ្មោះ រួមទាំងអ្នកខ្លះទៀត មានកេរ្តិ៍ឈ្មោះអាស្រូវរឿងកាប់បំផ្លាញព្រៃឈើ ដូចជា ឧកញ៉ា ទ្រី ភាព និងអ្នករកស៊ីបោកប្រាស់ ដូចជា ឧកញ៉ា ហ៊ី គឹមហុង ជាដើម។
យុវជន ដែលដឹកនាំធ្វើបាតុកម្មប្រឆាំងការដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពីប្រទេសកូរ៉េខាងត្បូង គឺលោក ម៉ាត់ វណ្ណី យល់ថា ដើម្បីរក្សាតម្លៃគ្រឿងឥស្សរិយយសរបស់ជាតិនោះ រដ្ឋាភិបាល មិនគួរផ្ដល់ឲ្យដោយងាយៗ និងច្រើនពេកនោះទេ ហើយគួរតែមានការវាយតម្លៃឲ្យបានច្បាស់លាស់ និងកុំផ្ដល់ឲ្យដោយប្រកាន់និន្នាការនយោបាយ ឬបក្ខពួកនិយម។យុវជនរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាល មានសុភវិនិច្ឆ័យត្រឹមត្រូវនោះ ក្រុមយុវជនមាតាធម្មជាតិ និងក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គួរតែទទួលបានមេដាយកិត្តិយសរបស់ជាតិ ឬយ៉ាងណាហោច ប្រសិនបើមិនបានផ្ដល់អ្វីដល់ពួកគាត់ រដ្ឋាភិបាល គួរតែដោះលែងពួកគាត់វិញ ដោយមិនគួរបន្តឃុំខ្លួននោះទេ៕