ក្រុមយុវជនថ្កោលទោសរបបលោក ហ៊ុន សែន ដែលសុខចិត្តឱ្យសហភាពអឺរ៉ុប ដកហូតការអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា។ ពួកគេថា ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា របបដឹកនាំបច្ចុប្បន្នមិនគិតគូរអំពីសុខទុក្ខរបស់កម្មករ និងពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើវិស័យកាត់ដេរនោះឡើយ។ ប្រតិកម្មរបស់ក្រុមយុវជននេះ គឺបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រកាសចូលជាធរមានសេចក្តីសម្រេចដកហូតការអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា កាលពីថ្ងៃទី១២ សីហា។
ក្រុមយុវជនយល់ឃើញស្របគ្នាថា សហភាពអឺរ៉ុបមិនចង់ដកការអនុគ្រោះពន្ធផ្នែកណាមួយពីកម្ពុជានោះទេ ប៉ុន្តែដោយសាររបបដឹកនាំបច្ចុប្បន្នមិនព្រមកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទើបសហភាពអឺរ៉ុបសម្រេចចិត្តបែបនេះ ដើម្បីរក្សាគុណតម្លៃលើកស្ទួយសិទ្ធិមនុស្សរបស់ខ្លួន។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក សង្កេតឃើញថា សហភាពអឺរ៉ុបបានទុកពេលជាច្រើនខែឱ្យរដ្ឋាភិបាលកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង។ តែទីបំផុត រដ្ឋាភិបាលសុខចិត្តបោះបង់ចោលសំណើនេះ ដោយងាកទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផ្គើនសហភាពអឺរ៉ុបវិញ។ លោកវាយតម្លៃថា នេះជានយោបាយគិតតែប្រយោជន៍អំណាចរបស់ខ្លួន ដោយផាត់ចោលប្រយោជន៍កម្មករទូទាំងប្រទេស៖ «អ្វីដែលសំខាន់របស់រដ្ឋាភិបាលកម្ពុជានោះ គឺការថែរក្សាអំណាចរបស់ខ្លួន ហើយនិងផលប្រយោជន៍របស់បក្ខពួកខ្លួន ជាជាងផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។ និយាយរួម គឺសហភាពអឺរ៉ុបមិនត្រឹមតែមិនខុសទេ ហើយសហភាពអឺរ៉ុបតែងតែព្រួយបារម្ភពីប្រទេសកម្ពុជា ព្រួយបារម្ភពីប្រជាជនកម្ពុជា និងស្ថានភាពដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។ អ្នកដែលខុស គឺរដ្ឋាភិបាលកម្ពុជា»។
ចំណែក យុវជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេស កញ្ញា សៅ ឧសភា ឱ្យដឹងថា កញ្ញាមានសាច់ញាតិ ៩នាក់ ជាកម្មកររោងចក្រ ហើយពួកគាត់ និងកម្មកររាប់សែននាក់ទៀត កំពុងបាត់បង់ការងារបណ្តើរៗហើយ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ កញ្ញាបន្តថា ក្នុងស្ថានភាពដ៏លំបាកនេះ មិនគួររបបលោក ហ៊ុន សែន សុខចិត្តយកជម្រើសវាយបំបែកឆ្នាំងបាយកម្មករបែបនេះទេ។
យុវជនបក្សប្រឆាំងរូបនេះ រិះគន់ថា ការបាត់បង់ EBA ចំនួន២០% នេះ គឺជាកំហុសរបស់លោក ហ៊ុន សែន និងរបបដឹកនាំរបស់គាត់។ កញ្ញាបន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនចង់ឱ្យពលរដ្ឋស្អប់លោកកាន់តែខ្លាំង និងមិនចង់ឱ្យប្រទេសជាតិធ្លាក់ដុនដាបទេ នោះលោកត្រូវតែប្រញាប់អនុវត្តតាមសំណើរបស់សហភាពអឺរ៉ុប៖ «ខ្ញុំក៏មានការសោកស្ដាយដែរ ដែលប្រព័ន្ធអនុគ្រោះពន្ធបាត់ដោយសារតែមនុស្សម្នាក់ គឺបុគ្គលលោក ហ៊ុន សែន ហ្នឹង ហើយប្រជាពលរដ្ឋខ្មែររាប់លាននាក់ត្រូវរងផលប៉ះពាល់ ដោយសារតែមនុស្សម្នាក់ គាត់មិនគោរពច្បាប់។ គាត់ធ្វើយ៉ាងណាដើម្បីថែរក្សាអំណាចផ្ដាច់ការរបស់គាត់ ហើយវាជាគំនិតមួយអាត្មានិយម ជាគំនិតមួយដែលចង់រស់តែខ្លួនឯង ហើយមិនខ្វល់ពីប្រជាពលរដ្ឋដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួន»។
សេចក្តីសម្រេចដកការអនុគ្រោះពន្ធ EBA ចំនួន២០% ពីកម្ពុជា បានចូលជាធរមាន ចាប់ពីថ្ងៃទី១២ សីហា តទៅ។ សហភាពអឺរ៉ុបបានបញ្ជាក់ច្បាស់ៗថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធនេះ គឺដោយសារតែមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ មិនអាចប្រកែកបាន នៅកម្ពុជា។
ជុំវិញការចូលជាធរមាននៃដក EBA ចំនួន២០% នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ គិតត្រឹមថ្ងៃទី១៤ សីហា។
ទោះជាយ៉ាងណា ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ សីហា ថា ការសម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជា៖ «យើងបានរក្សាពាក្យមួយថា ការសម្រេចចិត្តនេះគឺអយុត្តិធម៌សម្រាប់កម្ពុជា ដោយហេតុផលនយោបាយ។ នេះជារឿងធំមួយ មិនមែនជារឿងហេតុផលសេដ្ឋកិច្ចទេ ជារឿងហេតុផលនយោបាយ។ យើងបានពន្យល់ហើយ ហើយគេនៅតែបន្តទៀត ដោយសារយកលេសនេះ យកលេសនោះ»។
ផ្ទុយពីការអះអាងនេះ មន្ត្រីកម្មវិធីផ្នែកអភិបាលកិច្ច និងគោលនយោបាយនៃមជ្ឈមណ្ឌលភីឌីភី (PDP) លោក ហេង គឹមហុង មើលឃើញថា សំណើរបស់សហភាពអឺរ៉ុបមិនប៉ះពាល់ដល់អធិបតេយ្យជាតិនោះទេ តែជាការជួយជំរុញឱ្យកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងងាកមកគន្លងប្រជាធិបតេយ្យវិញ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យបាត់ EBA ចំនួន២០% និងហានិភ័យនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះបន្តទៀតនៅថ្ងៃមុខ ព្រោះសហភាពអឺរ៉ុបបានទុកពេលជាច្រើនសម្រាប់រដ្ឋាភិបាល
យុវជនរូបនេះគូសបញ្ជាក់ថា ការបាត់បង់ EBA ចំនួន២០% នេះ ធ្វើឱ្យកម្ពុជាខាតបង់៣ យ៉ាងជាសំខាន់ គឺទីមួយត្រូវបង់ពន្ធលើមុខទំនិញមួយចំនួន ទីពីរ វិនិយោគិនអាចរារែកចិត្តក្នុងការមកបណ្ដាក់ទុននៅកម្ពុជា និងទីបី កម្ពុជាខូចមុខមាត់លើឆាកអន្តរជាតិដោយសារជាប់ឈ្មោះជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «កូវីដ - ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាខូចមួយផ្នែក ចុះហេតុអ្វីបានជាយើងមិនព្រមធ្វើឱ្យល្អប្រសើរទៅលើចំណុចដែលខ្វះខាត ដើម្បីទទួលយកបាន EBA ២០ % ទៀត ? ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាល មេត្តាពិចារណាឡើងវិញអំពីការពិនិត្យទៅលើអនុសាសន៍របស់សហភាពអឺរ៉ុប ព្រោះអនុសាសន៍ទាំងអស់នោះមិនមែនជាការជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងទេ គឺជាការផ្តល់គំនិតរវាងគ្នា និងគ្នាក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ»។
ថ្វីដ្បិតតែការសម្រេចដក EBA ចំនួន២០% នេះចូលជាធរមានហើយក្តី ក៏សហភាពអឺរ៉ុបនៅតែទទូចឱ្យរបបលោក ហ៊ុន សែន គិតគូរស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញដដែល។ សហភាពអឺរ៉ុបបញ្ជាក់ថា បើស្ថានភាពដុនដាបផ្នែកសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានកែលម្អជាដុំកំភួន នោះសហភាពអឺរ៉ុបនឹងផ្ដល់ការអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាជាថ្មីឡើងវិញ។
ទោះជាបែបនេះក្តី យុវជនគណបក្សសង្គ្រោះជាតិ កញ្ញា សៅ ឧសភា ថ្លែងថា កញ្ញាគ្មានជំនឿទេថា លោក ហ៊ុន សែន នឹងអនុវត្តតាមសំណើនេះ ព្រោះអាទិភាពសំខាន់ជាងគេរបស់បុរសខ្លាំងរូបនេះ គឺរក្សាអំណាចផ្ដាច់ការតវង្សត្រកូលរបស់គាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។