ក្រុម​យុវជន​បន្ត​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ស្នើ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែ​អាត់​សំឡេង

0:00 / 0:00

ក្រុម​យុវជន​ដែល​អះអាង​ថា ជា​និស្សិត​ជាង ១០​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជា​ថ្មី​ស្នើ​ឲ្យ​កោះហៅ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​មុខ​មក​បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​លេច​ធ្លាយ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។

ការ​ដាក់​ញត្តិ​ជា​ថ្មី​ម្តង​ទៀត​របស់​យុវជន បាន​លើក​យក​ខ្សែអាត់​សំឡេង​លេច​ធ្លាយ​ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់​លោក កឹម សុខា និយាយ​ជំរុញ​ឲ្យ​ស្រី​កំណាន់​របស់​លោក​រំលូត​កូន ដែល​ក្រុម​យុវជន​នេះ​យល់​ថា ទង្វើ​នេះ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស។

​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា ដាក់​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន និង​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស លោក អេង ឆៃអ៊ាង ដើម្បី​ធ្វើ​អន្តរាគមន៍។ មន្ត្រី​តំណាង​រដ្ឋសភា បាន​ទទួល​ញត្តិ​របស់​ក្រុម​យុវជន​នេះ។

បន្ទាប់​ពី​ចេញ​ពី​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា លោក ស្រី ចំរើន តំណាង​ក្រុម​យុវជន​នេះ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រៅ​របង​រដ្ឋសភា​ថា លោក​ចង់​ឲ្យ​ស្ថាប័ន​កំពូល​របស់​រដ្ឋ​មួយ​នេះ​ពន្លឿន​ការ​កោះហៅ​លោក កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​អាដហុក (ADHOC) លោក នី សុខា ថ្លែង​ថា បើ​តាម​ច្បាប់​ស្ដីពី​ការ​រំលូត​កូន ការ​បង្ខំ​ឲ្យ​ស្ត្រី​រំលូត​កូន​ជា​អំពើ​ខុសច្បាប់។ ក៏ប៉ុន្តែ​លោក​មន្ទិល​ពី​ភាព​ពិត​នៃ​ខ្សែអាត់​សំឡេង។

​ទោះបីជា​យ៉ាង​ណា លោក​យល់​ថា ករណី​ក្រុម​យុវជន​ស្នើ​ឲ្យ​រដ្ឋសភា​ចាត់​ការ​រឿង​ខ្សែអាត់​សំឡេង​ហាក់​ដូចជា​មិន​ទាន់​មាន​មូលដ្ឋាន​គ្រប់គ្រាន់។ លោក​ថា មាន​បញ្ហា​ជាតិ​ធំៗ​ផ្សេង​ទៀត​ដែល​គួរ​ត្រូវ​ដោះស្រាយ ហើយ​ត្រូវការ​ការ​ជំរុញ​ពី​ក្រុម​យុវជន​ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ទាំង​នោះ៖ «ក៏ប៉ុន្តែ​យើង​ពិនិត្យ​ឃើញ​ថា រឿង​នេះ​ហាក់​បី​ដូចជា​មិន​ពាក់ព័ន្ធ​អី​ធ្ងន់ធ្ងរ​ទៅ​ដល់​រឿង​ជាតិ​ទេ។ យើង​គិត​ថា បើសិនជា​យើង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ឲ្យ​បំភ្លឺ​រឿង​ជាតិ​ធំៗ ដូចជា​រឿង​ដីធ្លី​រឿង​រំលោភ​សិទ្ធិមនុស្ស​ធំៗ ដូចជា​រឿង​អំពើ​ពុករលួយ​អ្នក​ដែល​យក​ទ្រព្យសម្បត្តិ​ជាតិ​ទៅ​លក់​ហ្នឹង​គប្បី​ពួកគាត់​ធ្វើ​បញ្ហា​ហ្នឹង​វិញ»

ក្រុម​យុវជន​ដែល​អះអាង​ថា ជា​ក្រុម​និស្សិត​បដិសេធ​មិន​ប្រាប់​ពី​ឈ្មោះ​សាលា​ដែល​ខ្លួន​រៀន​នោះ​ទេ ដោយ​និយាយ​ថា គេ​មក​មិនមែន​ក្នុង​នាម​ជា​តំណាង​សាលា​ឡើយ។

​គិត​មក​ត្រឹម​ពេល​នេះ យុទ្ធនាការ​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា ចេញ​មុខ​បកស្រាយ​ព័ត៌មាន​ទាក់ទង​នឹង​ខ្សែអាត់​លេច​ធ្លាយ​របស់​យុវជន​នេះ មាន​រយៈពេល​ជិត​មួយ​ខែ​ហើយ។

​ក្រុម​យុវជន​បញ្ជាក់​ថា ពួកគេ​ចង់​ឃើញ​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​សាធារណៈ។ យុវជន​ក្រុម​នេះ​កំពុង​សុំ​អន្តរាគមន៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រដ្ឋសភា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជំរុញ​ឲ្យ​លោក កឹម សុខា ចេញ​បកស្រាយ។

យុវជន​ក៏បាន​ធ្វើដំណើរ​ទៅ​តាម​ខេត្ត​ជា​ទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​វេទិកា​សាធារណៈ​ជាមួយ​អ្នក​គាំទ្រ​ដើម្បី​អន្ទង​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ប្រតិកម្ម​ឆ្លើយ​តប។

លោក ស្រី ចំរើន ដែល​នាំមុខ​ក្រុម​យុវជន​នេះ​អះអាង​ថា ដើម្បី​ស្វែង​រក​ការ​ពិត​នៃ​ខ្សែអាត់​លេច​ធ្លាយ ក្រុម​លោក​ដែល​បញ្ជាក់​ថា ជា​និស្សិត​ផ្លាស់​វេន​គ្នា​ទៅ​តាម​កាលវិភាគ​សាលា ចូលរួម​សកម្មភាព​នានា។

ទោះ​យ៉ាង​ណា​ក៏ដោយ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​មួយ​សប្ដាហ៍​ចុង​ក្រោយ ក្រុម​យុវជន​ដែល​ភាគ​ច្រើន​ជា​មនុស្ស​តែមួយ ចំណាយ​ពេល​វេលា​ពេញ​មួយ​ព្រឹក​ដើម្បី​ចូល​រួម​ចូល​យុទ្ធនាការ៖ «ខ្ញុំ​តំណាង​ឲ្យ​ក្រុម​យុវជន​ទាំង​អស់ ដូច្នេះ​ពេល​មាន​ការ​ស្នើសុំ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ចូលរួម​ការពារ​ពាក្យ​បណ្ដឹង។ ដូច្នេះ ខ្ញុំ​ក៏​ស្នើ​សាលា​សុំ​ឈប់​ដើម្បី​ដោះស្រាយ​រឿង​នេះ។ ក្រុម​របស់​យើង​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​សព្វថ្ងៃ កើត​ឡើង​ដោយ​ឆន្ទៈ​ផ្ទាល់ ដោយ​ការ​សម្រេច​ចិត្ត ការ​សហការ​គ្នា ដោយ​បងប្អូន​សិស្ស​និស្សិត​សម្រេច​ចូលរួម​ដោយ​មាន​ការ​ផ្ដល់​ជំនួយ​ពី​ឪពុក​ម្ដាយ បងប្អូន សិស្ស និស្សិត ដែល​គាត់​មាន​ការងារ​ធ្វើ ដោយ​ជួយ​ជា​មូលនិធិ ជា​វិភាគទាន​ដល់​ពួក​យើង ដើម្បី​ប្រតិបត្តិការ​ការងារ​នេះ​ផង​ដែរ»

​បន្ទាប់ពី​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន ក្រុម​យុវជន​ជាង ១០​នាក់ ដែល​ដាក់​ញត្តិ​បាន​ឡើង​ឡាន​ឡែនគ្រូសស៊ឺ (land cruiser) ចត​ចាំ​ពួកគេ​នៅ​មុខ​រដ្ឋសភា។ លោក ស្រី ចំរើន មាន​អ្នក​ចាំ​បើក​ទ្វារ​ឡាន​ឲ្យ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​រដ្ឋសភា​ផ្នែក​សិទិ្ធ​មនុស្ស លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក​នឹង​យក​ញត្តិ​របស់​ក្រុម​យុវជន​នេះ ដាក់​ជូន​ប្រធាន​រដ្ឋសភា​ដើម្បី​ពិចារណា។

​កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​យុទ្ធសាស្ត្រ មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ តប​នឹង​រឿងរ៉ាវ​ការ​លេច​ធ្លាយ​ខ្សែអាត់។ ក្រុម​យុវជន​នេះ គ្រោង​នាំ​គ្នា​ទៅ​ចូលរួម​សន្និបាត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ដើម្បី​ព្យាយាម​ម្ដង​ទៀត ស្នើ​លោក កឹម សុខា ចេញ​មក​បកស្រាយ​សំណុំ​រឿង​ខ្សែអាត់​សំឡេង៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។