អតីតព្រះមហាក្សត្រសម្តេច នរោត្តម សីហនុ ដែលខណៈនេះ ទ្រង់ប្រថាប់នៅខេត្តសៀមរាប បានចារក្នុងទំព័រវ៉ឹបសៃថ៍របស់ព្រះអង្គ www.norodomsihanouk.info ថា ពួកលន់នល់និយមទាំងប្រុសទាំងស្រីដែលត្រូវបរាជ័យដូចចៅហ្វាយអាមេរិករបស់ខ្លួន ៥ឆ្នាំ ក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០ ហើយដែលខណៈនេះ រស់នៅជាជនភៀសខ្លួនចោលស្រុកចោលទេសនៅសហរដ្ឋអាមេរិក នៅប្រទេសបារាំង និងប្រទេសដទៃទៀត ព្រមទាំងកូនចៅរបស់ពួកគេ បានប្រកាសឲ្យដឹងថា នឹងតាមរំខានធ្វើយ៉ាងណាមិនឲ្យសីហនុ អាចរស់នៅបានយ៉ាងសុខសាន្តឡើយ បើព្រះអង្គយាងទៅអាមេរិក បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ដ៍ ។ល។ គឺថា បើហ៊ានតែយាងទៅប្រទេសទាំងនោះ គឺច្បាស់ជានឹងមានការធ្វើបាតុកម្មតវ៉ាប្រឆាំងនិងជេរប្រទេចផ្តាសាព្រះអង្គជាមិនខាន ។
សម្តេច នរោត្តម សីហនុ ទ្រង់បញ្ជាក់ថា ព្រះអង្គគ្មានបំណងចង់យាងទៅប្រទេស ដែលអស់លោក អ្នក នាងកញ្ញា ដែលស្អប់សីហនុ រស់នៅនោះឡើយ ។
ព្រះអង្គក៏បញ្ជាក់ផងដែរថា ពួកលន់នល់និយមទាំងប្រុសទាំងស្រីទាំងនេះ គប្បីយល់ព្រមទទួលខុសត្រូវចំពោះផលវិបាកនៃបរាជ័យដ៏អាម៉ាស់របស់ពួកខ្លួន កាលពីថ្ងៃទី១៧ មេសា ១៩៧៥ បន្ទាប់ពីបានរស់នៅ ៥ឆ្នាំ យ៉ាងគ្មានកិត្តិគុណ នាទីក្រុងភ្នំពេញ នោះមក ។
អតីតមហាក្សត្រ ទ្រង់ចារទៀតថា បើគ្មានគំនិតធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទេនោះ ពួកនេះច្បាស់ជានឹងនៅរស់យ៉ាងសុខសាន្ត ប្រកបដោយកិត្តិយសនិងទ្រព្យសម្បត្តិស្តុកស្តម្ភ ដូចពួកលោកហ៊ុន សែន ជា ស៊ីម ហេង សំរិន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដ៏មហាប្រសើរ និងជាទីគោរពរាប់អានដទៃទៀត មិនមែនទៅរស់ចោលស្រុកនៅបរទេស ដូចសព្វថ្ងៃនេះឡើយ ៕