ប៉ូលិសស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គេបានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់ ដែលនៅតែព្យាយាមឆ្លងដែនទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ។
អធិការនគរបាលស្រុកត្រពាំងប្រាសាទ គឺលោក កែវ តាន់។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែមីនា ថា កម្លាំងរបស់លោកបានចាប់បុរសចំនួន ១០នាក់ នៅពេលដែលពួកគេព្យាយាមឡើងភ្នំដងរែក ដើម្បីឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ នៅក្នុងភូមិសាស្ត្រនៃតំបន់អូរស្វាយ ស្រុកត្រពាំងប្រាសាទ។
អធិការនគរបាលដដែលបានបញ្ជាក់ថា បុរសទាំង ១០នាក់នោះ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីឱ្យជួយធ្វើការអប់រំបន្ថែម៖ «គេថា អ្នកអូរស្វាយៗ យើងចាប់មកមិនមែនអូរស្វាយទេ គឺអ្នកមកពីខេត្តក្រុងផ្សេងៗ។ មកពីខេត្តពោធិ៍សាត់ និងខេត្តកំពត។ ឥឡូវរាយការណ៍ សុំគោលការណ៍បញ្ជូនទៅដើម្បីឱ្យខាងណោះគេជួយ ព្រោះយើងអប់រំវាស្ទើរតែអស់លទ្ធភាពទៅហើយ»។
អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលសមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋព្យាយាមឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីថៃនោះ គឺចាប់តាំងពីអំឡុងខែមករា រហូតដល់ខែមីនា ឆ្នាំ២០១៣ ប៉ូលិសបានចាប់ខ្លួនអ្នកព្យាយាមឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ ចំនួនប្រហែលជាង ៣០នាក់ហើយ។
កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ ទាហានថៃ នៃស្រុកឃុនហាន ខេត្តស៊ីសាកេត បានបាញ់រះលើប្រជាពលរដ្ឋខ្មែរបណ្ដាលឱ្យបុរសម្នាក់ឈ្មោះ សុខ វន អាយុ ៤៣ឆ្នាំស្លាប់ និងយុវជនម្នាក់ទៀតឈ្មោះ ឃុន គា រងរបួស ហើយកាលពីថ្ងៃទី៨ ខែមីនា ទាហានថៃ បានចាប់ខ្លួនស្ត្រីខ្មែរចំនួន ៣នាក់ទៀត ដោយសារតែឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
កាលពីរាត្រីថ្ងៃទី១០ ខែមីនា កន្លងទៅ សមត្ថកិច្ចកម្ពុជា បានអះអាងថា មានប្រជាពលរដ្ឋខ្មែរចំនួន ២នាក់ជាថ្មីទៀត ត្រូវទាហានថៃ បាញ់ស្លាប់ នៅទល់មុខភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ដែលរហូតមកដល់ពេលនេះ ក្រុមគ្រួសារមិនទាន់អាចយកសាកសពមកបាននៅឡើយ។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ ស្រុកអន្លង់វែង គឺលោក តូច រ៉ា បានមានប្រសាសន៍ថា ទាហានថៃ មិនទទួលខុសត្រូវចំពោះការបាញ់ប្រជាពលរដ្ឋខ្មែរ ២នាក់ ឈ្មោះ ទាវ ទូច អាយុ ២៥ឆ្នាំ និង ទាវ ឈាង អាយុ ៤៥ឆ្នាំ ដែលស្លាប់កាលពីថ្ងៃទី១០ ខែមីនា នោះទេ។
លោក តូច រ៉ា បានឱ្យដឹងថា ទោះយ៉ាងណា ក្រុមការងាររបស់លោកបានទាក់ទងទៅថៃ ជាញឹកញាប់ឱ្យដោះលែងស្ត្រីខ្មែរ ៣នាក់ ដែលចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា នោះមកវិញ៖ «ខ្ញុំបានជម្រាបទៅក្រុមការងារខាងថៃ រួចអស់ហើយថា ស្ត្រី ៣នាក់ដែលចាប់ហ្នឹង សុំត្រឡប់មកវិញ បើសិនជាមិនមានពាក់ព័ន្ធអី ព្រោះថា ចាប់ហ្នឹងដូចជាមិនមានភស្តុតាងអីទេ។ ប៉ុន្តែមកដល់ថ្ងៃនេះគេអត់ទាន់ឆ្លើយមកវិញ ហើយយើងមិនទាន់ឃើញមានការដោះលែងឬក៏អីមកដែរ»។
កន្លងទៅរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ និងផ្ញើកំណត់ការទូតជាហូរហែដើម្បីឱ្យថៃ អនុវត្តតាមច្បាប់កុំបាញ់សម្លាប់ពលរដ្ឋខ្មែរតទៅទៀត ប៉ុន្តែទាហានថៃ នៅតែបាញ់សម្លាប់ពលរដ្ឋខ្មែរដដែលៗ។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបង្ហាញថា ក្នុងឆ្នាំ២០១២ ទាហានថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ៣០នាក់។ ចំនួននេះគឺកើនឡើងជាង ១០០% បើធៀបនឹងរបាយការណ៍កាលពីឆ្នាំ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។