ទាហាន​មួក​ខៀវ​កម្ពុជា​១១​នាក់​រង​របួស​ដោយសារ​ខ្យល់​ព្យុះ​កន្ត្រាក់​នៅ​ម៉ាលី

ដោយ ដែន អយុធ្យា
2014.07.24
Share on WhatsApp
Share on WhatsApp
កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៣០៥ កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្នុង​នាម​អង្គការ​សហប្រជាជាតិ​ដែល​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ត្រឡប់​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Uon Chhin

មន្ត្រី​ក្រសួង​ការពារ​ជាតិ ឲ្យ​ដឹង​ថា មាន​កងទ័ព​មួក​ខៀវ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ ឬ​ជ្រក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ជាង ១០​នាក់​ទៀត បាន​រង​របួស​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី (Mali)។ មន្ត្រី​ដដែល​អះអាង​ថា ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក​ដល់​ពេល​នេះ មាន​កម្លាំង​មួក​ខៀវ​កម្ពុជា ១៣​នាក់​រង​របួស និង​ស្លាប់ ២​នាក់​នៅ​ប្រទេស​ម៉ាលី។

លោក អ៊ុក ប៊ុនថន អនុប្រធាន​នាយកដ្ឋាន​បោស​សម្អាត​គ្រាប់​មីន និង​កាក​សំណល់​អាវុធ​ជាតិ​ផ្ទុះ​សម័យ​សង្គ្រាម នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កង​រក្សា​សន្តិសុខ ឲ្យ​ដឹង​ថា កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​រង​របួស​នោះ​មាន​ចំនួន ១១​នាក់។

លោក​បន្ត​ថា គ្រោះថ្នាក់​នេះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កក្កដា បណ្ដាល​មក​ពី​ខ្យល់​ព្យុះ​កន្ត្រាក់​នៅ​តំបន់​គីដាល់ នៃ​ប្រទេស​ម៉ាលី ចំ​ជម្រក​របស់​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ចម្រុះ​ជាតិ​សាសន៍​បោះ​ជំរុំ​សម្រាប់​ស្នាក់​នៅ៖ «ឮ​ថា​គ្រោះថ្នាក់​នោះ ដោយសារ​ខ្យល់​ព្យុះ ហើយ​បាន​រលាត់​ដៃ​ជើង​កង​កម្លាំង​ទាំង​នោះ។ ខ្យល់​ព្យុះ​នេះ បើ​គិត​ម៉ោង​នៅ​ស្រុក​គេ​វិញ គឺ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ប៉ុន្តែ​គ្រាន់​តែ​ប៉ះពាល់​ដល់​ជម្រក​ស្នាក់​នៅ និង​ប៉ើង​អស់​តង់​ស្នាក់​នៅ​ចំនួន ២៣​តង់ ឬ​ខ្នង ហើយ​អ្នក​របួស​មិន​ធ្ងន់ធ្ងរ​ទេ»

លោក ប៊ុនថន បន្ថែម​ថា ឥទ្ធិពល​ខ្យល់​ព្យុះ​កន្ត្រាក់​នៅ​ប្រទេស​ម៉ាលី ក៏​បណ្ដាល​ឲ្យ​កង​កម្លាំង​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ មក​ពី​បណ្ដា​ប្រទេស​ច្រើន​ទៀត​រង​របួស​ដូច​កម្លាំង​កម្ពុជា ដែរ មាន​ដូច​ជា ប្រទេស​ឆាដ (Chad) សេណេហ្គាល់ (Senegal) ហ្គីណេ (Guinea) និង​ប្រទេស​បង់ក្លាដេស (Bangladesh) ដោយ​រង​របួស​ធ្ងន់​ស្រាល​ចំនួន ២០​នាក់។

ទោះ​ជា​បែប​ណា កងទ័ព​មួក​ខៀវ​កម្ពុជា ទាំង ១១​នាក់ ដែល​រង​របួស​នោះ កំពុង​ជួយ​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ម៉ាលី ក្រោម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ។

ទាក់ទិន​បញ្ហា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា កន្លង​ទៅ​នេះ កង​កម្លាំង​មួក​ខៀវ​កម្ពុជា ចំនួន ២​នាក់ ក៏​បាន​រង​របួស​ដោយ​ជាន់​មីន​តោន​បង្កប់​ក្នុង​ដី និង​កងទ័ព​មួក​ខៀវ​ចំនួន ២​នាក់​ផ្សេង​ទៀត បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ពុល​អាហារ និង​មាន​បញ្ហា​ផ្លូវ​ដក​ដង្ហើម។

កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា បាន​បញ្ជូន​កង​កម្លាំង​មួក​ខៀវ ទៅ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​ជ្រក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី ចំនួន ២​កង​អង្គភាព ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ មាន​កង​កម្លាំង​ចំនួន ១៣​នាក់ និង​ស្លាប់ ២​នាក់ សរុប​ចំនួន ១៥​នាក់។

លោក​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិសុខ​បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​កម្ពុជា ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ ចេញ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​កង​រក្សា​សន្តិភាព ២​នាក់​បាន​ស្លាប់ និង​បញ្ជូន​មក​កម្ពុជា វិញ។

លោក​បញ្ជាក់​ថា កង​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ហើយ​មាន​ចំនួន ៣០៩​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។