សមត្ថកិច្ចនៃក្រសួងមហាផ្ទៃអះអាងថា មេខ្លោង២នាក់ទៀត ដែលរបបលោក ហ៊ុន សែន ធ្លាប់ចោទប្រកាន់ថា ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់ក្នុងបំណងផ្ដួលរំលំរបបលោក ហ៊ុន សែន នោះ ត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលានេះ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមច្បាប់។
ទោះជាយ៉ាងណាក៏សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយទេ ថាតើជនសង្ស័យទាំងពីររូបនោះមានឈ្មោះអ្វីខ្លះនោះ។ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីលោក ខៀវ សុភ័គ អ្នកនាំក្រសួងមហាផ្ទៃ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
កាលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អឹម វណ្ណៈ បានសម្រេចឃុំខ្លួនបុរសម្នាក់ ឈ្មោះ ប៊ុន ប្រសើរ អាយុ ៤២ឆ្នាំ ឈ្មោះហៅក្រៅ ថង ឌី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសមត្ថកិច្ចចោទថា ជាសមាជិកចលនារណសិរ្យរំដោះជាតិខ្មែរ។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបាន កាំភ្លើងAK ៤៧មួយដើម អាវុធខ្លីមួយដើម គ្រាប់បែក៤គ្រាប់ កាមេរ៉ា ១គ្រឿង កុំព្យូទ័រ ១គ្រឿង និងវត្ថុតាងជាច្រើនទៀត។
ការឃុំខ្លួនបុរសរូបនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន៨នាក់ទៀត នៅខេត្តកំពត និងខេត្តពោធិ៍សាត់ ហើយដកហូតអាវុធជិត ៣០ដើម។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ក្នុងបំណងចង់ផ្ដួលរំលំរបបក្រុងភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយមេដឹកនាំចលនារណសិរ្យរំដោះជាតិខ្មែរលោក សំ សេរី ដែលមានមូលដ្ឋានក្នុងប្រទេសដាណឺម៉ាក (Denmark) ធ្លាប់បដិសេធថា ជនសង្ស័យ ដែលសមត្ថកិច្ចនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនជាបន្តបន្ទាប់មកនេះ មិនមែនជាសមាជិករបស់លោកនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។