អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានរារាំងក្រុមកម្មកររោងចក្រ ហាណា (Hana (Cambodia) 1 Inc.) ជាង ២០០នាក់ មិនឲ្យបានយកញត្តិទៅដាក់នៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ កក្កដានេះ។ ទោះយ៉ាងណាក្តី ការរារាំងនេះ មិនមានការប៉ះទង្គិចគ្នាទេ។
អ្នកឃ្លាំមើលសិទ្ធិការងារ ជំរុញឲ្យក្រសួងការងារ ដោះស្រាយវិវាទរោងចក្រ ហាណា ឲ្យត្រឹមត្រូវតាមច្បាប់ការងារ ដើម្បីជៀសវាងការបាត់បង់ផលប្រយោជន៍កម្មករ។
ក្បួនថ្មើរជើងរបស់កម្មករ ត្រូវបានអាជ្ញាធររារាំងនៅម្ដុំវិទ្យាល័យជម្ពូវន្ត ផ្លូវជាតិលេខ៤ នៅម៉ោងជាង ១០ព្រឹក ហើយមន្ត្រីក្រសួងការងារ បានមកចរចា ដើម្បីស្នើឲ្យកម្មករ ត្រឡប់ទៅដោះស្រាយនៅរោងចក្រវិញ។
កម្មការិនីរោងចក្រ ហាណា ម្នាក់ គឺលោកស្រី ខុម សុបុប្ផា ប្រាប់ថា មន្ត្រីក្រសួងការងារ នឹងចុះមកដោះស្រាយឲ្យកម្មករ នៅថ្ងៃទី៧ កក្កដា ដល់ក្នុងបរិវេណរោងចក្រ ដោយមានតំណាងកម្មករចំនួន១០នាក់ចូលរួម ទើបក្រុមកម្មករយល់ព្រមត្រលប់មកតវ៉ានៅមុខរោងចក្រវិញ។ ទោះជាយ៉ាងណាក្ដី កម្មការិនីរូបនេះអះអាងថា ពួកគេនៅតែបន្តបណ្ដាក់វេនគ្នា យាមខាងមុខរោងចក្រទាំងថ្ងៃទាំងយប់ដដែល ដើម្បីការពារកុំឲ្យថៅកែលួចដឹកសម្ភារៈចេញក្រៅរោងចក្រ៖ «ឃាត់នៅត្រឹមផ្សារហ្នឹងមួយតង់ ដល់ពេលនិយាយមិនឈ្នះ គិតតែនិយាយពាក្យដដែលៗ អ៊ីចឹងពួកខ្ញុំក៏នាំគ្នាដើរទៀតទៅ។ ដើរទៅដល់ត្រង់កន្លែងខណ្ឌពោធិ៍សែនជ័យ ហ្នឹង។ នាំគ្នាទៅព្រឹកមិញហ្នឹង ប្រហែលជិត៣០០នាក់ដែរបង។ ចាស ចាំគេ (អាជ្ញាធរ) មកដោះស្រាយស្អែក»។
រោងចក្រកាត់ដេរសំលៀកបំពាក់ ហាណា មានថៅកែជាជនជាតិកូរ៉េខាងត្បូង ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង។ ក្រុមកម្មករ បាននាំគ្នាតវ៉ា កាលពីថ្ងៃទី២៣ មិថុនា ដោយសារភាគីរោងចក្រប្រកាសក្ស័យធនភ្លាមៗ ព្រោះតែវិបត្តិជំងឺកូវីដ១៩ (Covid-19)។
ទោះជាយ៉ាងណា ប្រធានរដ្ឋបាលរោងចក្រ គឺអ្នកស្រី ទិ សុធីតា បានអះអាងប្រាប់ប្រព័ន្ធឃោសនាក្នុងស្រុកថា ជម្លោះនេះបានបញ្ចប់ តាំងពីថ្ងៃទី២៥ មិថុនា គឺក្រុមកម្មករទាំងអស់ បានយល់ព្រមផ្ដិតមេដៃបញ្ចប់កិច្ចសន្យា ទទួលយកលុយអត្ថប្រយោជន៍ចំនួន ៣ចំណុចរួចរាល់ហើយ និងបានប្រគល់កាតឲ្យខាងរោងចក្រវិញទៀតផង។
អាជ្ញាធរក្រសួងការងារ ក៏ធ្លាប់បានចុះទៅដោះស្រាយវិវាទនេះ ម្ដងរួចហើយដែរ កាលពីថ្ងៃទី២៩ មិថុនា តែពេលនោះ ភាគីថៅកែរោងចក្រ រក្សាជំហរផ្ដល់ឲ្យតែ ៣ចំណុចដដែល គឺប្រាក់ឈ្នួលនៅសល់ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់រំលឹកអតីតភាព។ ចំណែកកម្មករទាមទារ២ចំណុចថែមទៀត គឺប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់ជូនដំណឹង។
ក្រុមកម្មករ ធ្លាប់បានលើកគ្នាដើរថ្មើរជើងទៅតវ៉ារកដំណោះស្រាយនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងហើយ កាលពីថ្ងៃទី១ កក្កដា តែបរាជ័យ នៅត្រឹមសង្កាត់ចោមចៅទី៣ ដោយសារអាជ្ញាធររារាំង និងសន្យារកដំណោះស្រាយឲ្យ។ នៅថ្ងៃទី៣ កក្កដា ក្រុមហ៊ុន ហាណា បានព្រមានតាមលិខិតជូនដំណឹងថា នឹងប្ដឹងក្រុមកម្មករ តវ៉ានៅមុខរោងចក្រ ចំពោះការបន្តសកម្មភាពរារាំងឡានរោងចក្រ មិនឲ្យដឹកទំនិញចេញពីរោងចក្រ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីខាងអ្នកនាំពាក្យក្រសួងការងារ ទទួលបន្ទុកដោះស្រាយបាតុកម្ម កូដកម្ម លោក ទេស រុក្ខាផល បានទេ នៅថ្ងៃទី៦ កក្កដា ដោយសារមិនទទួលទូរស័ព្ទ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់ថា ក្រុមកម្មករបានដាក់សំណើមកអង្គការ ស្នើសុំមេធាវី ដើម្បីធ្វើជាតំណាង ក្នុងការដោះស្រាយវិវាទ នៅថ្ងៃទី០៧ កក្កដា។ លោកបន្តថា ខាងអង្គការបានយល់ព្រម និងត្រៀមមេធាវី តាមការពឹងពាក់របស់ក្រុមកម្មករ និងសង្ឃឹមថា នឹងមានដំណោះស្រាយ ក្នុងការចរចាលើកនេះ។
អ្នកឃ្លាំមើលសិទ្ធិការងាររូបនេះ យល់ថា ក្រសួងការងារមិនគួរយល់ព្រមឲ្យថៅកែរោងចក្របិទរោងចក្រភ្លាមៗ ទេ ព្រោះមិនទាន់បានទូទាត់លុយឲ្យកម្មករដាច់ស្រេច រួមទាំងលុយអត្ថប្រយោជន៍ លំហែមាតុភាព លុយឈប់សម្រាក រយៈពេល៥ថ្ងៃ នៃថ្ងៃចូលឆ្នាំខ្មែរ ជាដើម។ លោក ឃុន ថារ៉ូ បន្តថា ក្រសួងការងារ ត្រូវតែស៊ើបអង្កេតករណីរោងចក្រហាណា ប្រកាសបិទភ្លាមៗ នេះ ឡើងវិញថា ជាប់ពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ (Covid-19) មែនឬអត់ ហើយបើទោះជាមែន ក៏ត្រូវតែទូទាត់ប្រាក់អត្ថប្រយោជន៍ឲ្យត្រឹមត្រូវតាមច្បាប់ស្ដីពីការងារដែរ៖ «ក្រសួង (ការងារ) រាជរដ្ឋាភិបាលគួរពិចារណាឡើងវិញ នៅក្នុងករណីដែលរោងចក្របិទ បើមិនមានការធ្វើអធិការកិច្ច បើមិនមានតម្លាភាពច្បាស់លាស់ថា ក្រុមហ៊ុនហ្នឹងវាក្ស័យធន មូលហេតុអ្វី? មិនមានការស៊ើបអង្កេតត្រឹមត្រូវ មិនមានការធ្វើសវនកម្ម ថាវាក្ស័យធនពីហេតុផលហ្នឹង មានការធ្លាក់ចុះរបៀបម្ដេច? តើមានការធ្លាក់ចុះការបញ្ជាទិញ មានការធ្លាក់ចុះនូវការផលិតឥវ៉ាន់ទំនិញ។ មូលហេតុអ្វី នៅខាងក្រោយហ្នឹង វាច្បាស់លាស់? ការខាតបង់របស់និយោជកហ្នឹង វាមានការខាតបង់ វាក្ស័យធនរបៀបម្ដេច? អាហ្នឹង គួរតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ហើយឲ្យវាមានតម្លាភាពមិនមែន នឹកឃើញថា និយោជកចង់បិទហើយអនុវត្តគោលការណ៍ដែលគណៈកម្មការអនុវត្តពីកន្លងមកហ្នឹង ខ្ញុំគិតថា វាជាការអនុវត្តរំលោភបំពានសិទ្ធិកម្មករនិយោជិតហ្នឹងខ្លាំងណាស់»។
ក្រុមកម្មកររោងចក្រ អះអាងថា ប្រសិនបើការដោះស្រាយនៅថ្ងៃទី៧ កក្កដា មិនបានលិទ្ធផលទេ ពួកគាត់នឹងបន្តការទាមទារ និងលើកគ្នាទៅតវ៉ារកដំណោះស្រាយនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីម្ដងទៀត។ ក្រុមកម្មកររក្សាជំហរទាមទារប្រាក់អត្ថប្រយោជន៍ ៥ចំណុច ឲ្យស្របតាមច្បាប់ការងារ ទើបព្រមទទួលយកដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។