ទាហាន​មួក​ខៀវ​ខ្មែរ​នៅ​ម៉ាលី​បើក​រថយន្ត​ជាន់​មីន​របួស​ពីរ​នាក់

មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ២​នាក់ ដែល​កំពុង​​បំពេញ​​បេសកកម្ម​រក្សា​សន្តិភាព​ជ្រក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​​ម៉ាលី បាន​រង​របួស​ ដោយ​បើក​រថយន្ត​ជាន់​មីន​តោន។

លោក អ៊ុក ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​បោស​សំអាត​គ្រាប់​មីន ​និង​កាក​សំណល់​អាវុធ​ជាតិ​ផ្ទុះ​សង្គ្រាម​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កង​រក្សា​សន្តិសុខ បាន​ឲ្យ​ដឹង​ថា កងទ័ព​​មួក​ខៀវ​កម្ពុជា ទាំង​ ២​រូប ដែល​​រង​របួស​នោះ​ គឺ​ក្នុង​ពេល​បំពេញ​ភារកិច្ច​ស្ថាបនា​ព្រលានយន្តហោះ​នៅ​ប្រទេស​​ម៉ាលី។

លោក​បន្ត​ថា គ្រោះ​ថ្នាក់​នេះ​គឺ​នៅ​ពេល​ពួកគេ​ទាំង​ពីរ​នាក់​កំពុង​បើកបរ​រថយន្ត​ស្ថាបនា​ព្រលាន​យន្តហោះ​មួយ​កន្លែង​នៅ​ប្រទេស​​ម៉ាលី ក៏​​​ជាន់​គ្រាប់​​មីន​តោន​​បង្កប់​ក្នុង​ដី។

លោក​ ប៊ុនថន បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​រថយន្ត​​​របួស​ធ្ងន់​បាក់ជើង​ឆ្វេង​ និង​ម្នាក់ទៀត​​របួស​ស្រាល។

​​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ​​ប្រទេស​កម្ពុជា បាន​បញ្ជូន​កងទ័ព​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី ចំនួន ២​អង្គភាព​ក្នុង​​រយៈពេល​មួយ​ឆ្នាំ។

បេសកកម្ម​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​កង​ទ័ព​​មួក​ខៀវ​កម្ពុជា ចំនួន ២​នាក់​បាន​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។