សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់​បន្ថែម​ទៀត​ករណី​ចែក​ខិត្តប័ណ្ណ​អាសអាភាស

វ៉ែន សុមេធ
2018.08.25
ចិន​ចែក​ចាយ​រូប​អាសអាភាស ៦២២ ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អាជីវកម្ម​មាន​អាសអាភាស កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៨។
រូបភាព​អគ្គស្នងការ​នគរបាល​ជាតិ

នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៤​នាក់​បន្ថែម​ទៀត ករណី​ពួកគេ​ធ្វើ​សកម្មភាព​ចែកចាយ ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​អាសអាភាស បង្កប់​នូវ​សេវាកម្ម​ផ្លូវ​ភេទ។ សង្គម​ស៊ីវិល ខេត្ត​ព្រះសីហនុ បារម្ភ​ថា កំណើន​ជនជាតិ​ចិន​លួចលាក់​រកស៊ី​មុខរបរ​ផ្លូវ​ភេទ​នេះ អាច​ធ្វើ​ឲ្យ​តំបន់​ភ្នំ​ខៀវ និង​ភូមិ​ថ្មី នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​តំបន់​ពេស្យាចារ និង​រីក​រាលដាល​មេរោគ​អេដស៍​ជាថ្មី។

នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ជា​ជនជាតិ​ចិន ចំនួន​៤​នាក់ នៅ​ម៉ោង​១១:៣០​នាទី យប់​រំលង​អធ្រាត្រ កាល​ពី​ថ្ងៃ​ទី​២៤ សីហា នៅ​ពេល​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស បង្កប់​សេវាកម្ម​ផ្លូវ​ភេទ នៅ​ចំណុច​ភ្នំ​ខៀវ ភូមិ​ទី​១ សង្កាត់​លេខ​២ ក្នុង​ក្រុងព្រះសីហនុ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ត្រូវ​បាន​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្រង់​សំដី​ចុះផ្សាយ នៅ​ថ្ងៃ​ទី​២៥ សីហា ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ចិន វ័យ​ជំទង់ ២​នាក់ និង​បុរស​២​នាក់។ ប៉ូលិស​បញ្ជាក់​ថា ពួកគេ​បាន​នាំគ្នា ធ្វើ​សកម្មភាព​ចែកចាយ​ខិត្តប័ណ្ណ​រូប​ភាព​អាសអាភាស ដោយ​ចត​រថយន្ត​នៅ​ចំណុច​ភ្នំ​ខៀវ ក្នុង​សង្កាត់​លេខ​២ ក្នុង​គោល​បំណង ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​រូប​អាសអាភាស។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្សាយ​បន្ត​ថា ពេល​សមត្ថកិច្ច​បើក​ការ​ត្រួតពិនិត្យ​តាម​ដង​ផ្លូវ ជនជាតិ​ចិន​ទាំង​៤​នាក់ បាន​ព្យាយាម​ទម្លាក់​ខិត្តប័ណ្ណ​ចុះ​ពីលើ​រថយន្ត ហើយ​នគរបាល​បាន​ឃាត់ខ្លួន​ពួកគេ​ទាំង​បួន​នាក់ រួច​នាំ​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការ​សាកសួរ។ ប៉ុន្តែ ជនជាតិ​ចិន​ទាំងនោះ មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ទេ។

សមត្ថកិច្ច​អះអាង​ថា បាន​ដកហូត​វត្ថុ​តាង ដូចជា​ទូរស័ព្ទ​ចំនួន​៤​គ្រឿង ខិត្តប័ណ្ណ​មាន​រូប​អាសអាភាស​ចំនួន ៦៨៤​សន្លឹក និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុចស៊ីស ពណ៌​ខ្មៅ។ បច្ចុប្បន្ន នគរបាល​ជំនាញ កំពុង​បន្ត​តាម​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ។

កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ប៉ូលិស​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់ ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ​រូប​អាសអាភាស​ម្ដង​ហើយ ដោយ​ចំណោម​នោះ មាន​៧​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ ចំណែក​អ្នក​ផ្សេង ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​អាជ្ញាធរ​បាន​អប់រំ​ណែនាំ​រួច។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​ជនជាតិ​ចិន ចែកចាយ​ខិត្តប័ណ្ណ​អាសអាភាស ពី​ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បានទេ នៅ​ថ្ងៃ​ទី​២៥ សីហា ដោយសារ មិន​លើក​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យ​ដឹង​ថា ក្រុងព្រះសីហនុ មាន​ទីតាំង​២​កន្លែង គឺ​នៅ​តំបន់​ភ្នំ​ខៀវ និង​ភូមិ​ថ្មី ធ្លាប់​ជា​ទីតាំង​មានការ​រក​ស៊ី​របរ​ពេស្យាចារ និង​ចម្លង​មេរោគ​អេដស៍​ខ្លាំង។ បច្ចុប្បន្ន ទីតាំង​ដែល​ធ្លាប់​មាន​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​រកស៊ី​ផ្លូវ​ភេទ​ទាំងនោះ ត្រូវ​បាន​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា កំពុង​មាន​វត្តមាន​ជនជាតិ​ចិន​យ៉ាង​ច្រើន ហើយ​អាច​មានការ​លួចលាក់ បង្កប់​សេវា​ផ្លូវ​ភេទ នៅ​តំបន់​នោះ ក្រោម​រូបភាព​ម៉ាស្សា ឬ​អាជីវកម្ម​ផ្សេងៗ​ជាដើម។

អ្នកស្រី ជៀប សុធារី បន្ដ​ថា កំណើន​ជនជាតិ​ចិន និង​ភាព​អនាធិបតេយ្យ​កើត​ឡើង​ច្រើន នៅ​ខេត្ត​ព្រះសីហនុ កំពុង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ពី​អ្នក​ធ្វើ​ការងារ​ផ្នែក​សង្គម។ អ្នកស្រី ព្រួយបារម្ភ​ថា ការ​លួចលាក់​បង្កើត​កន្លែង​ពេស្យាចារ​បែប​នេះ អាច​ធ្វើ​ឲ្យ​មានការ​កើន​ឡើង​ជាថ្មី​នៃ​ទង្វើ​ខុសច្បាប់​នានា​ដូចជា ការ​ចាប់​បង្ខំ​ក្មេង​ស្រី ឬ​ការ​ដាក់​ថ្នាំ​យក​ក្មេង​ស្រី​ទៅ​លក់ ការ​បោក​បញ្ឆោត​របស់​សង្សារ ជាដើម។ បើ​ទោះ​ជា​សេវាកម្ម​ផ្លូវ​ភេទ​នេះ បច្ចុប្បន្ន​អាច​មាន​ត្រឹមតែ​ស្ត្រី​ជា​ជនជាតិ​ចិន ប៉ុន្តែ អ្នកស្រី បារម្ភ​ថា បើ​មិន​មាន​ការ​បង្ក្រាប​ឲ្យ​ទាន់​ពេល​ទេ វា​អាច​រីក​រាលដាល​ដល់​ស្ត្រី​ខ្មែរ ដូច​កាល​មុន ដែល​ដំបូង​ឡើយ មានតែ​ស្ត្រី​វៀតណាម​ទេ ដែល​ប្រកប​របរ​ផ្លូវ​ភេទ​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក្រោយមក​បាន​រីក​រាលដាល​ដល់​ស្ត្រី​ខ្មែរ និង​បង្កើត​ជា​បទល្មើស​យ៉ាង​ច្រើន៖ «យើង​គិត​ថា ទាំងនេះ​ទោះ​វា​ជា​សេចក្ដី​ត្រូវ​ការ​របស់​ភ្ញៀវ​មួយ​ចំនួន ដែល​គាត់​ត្រូវការ​សេវា​នឹង​គាត់​ទៅ​រក​និង ហើយ​មុខរបរ​និង​វា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ សម្រាប់​ប្រពៃណី​ខ្មែរ​ច្បាប់​យើង​បាន​ហាមឃាត់​នូវ​អំពើ និង​ដល់ពេល​យើង​ឲ្យ​គេ​ទៅ​រក​ស៊ី​អ៊ីចឹង​ថា ជា​មុខ​របរ​ស្របច្បាប់ យើង​មិន​ដឹង​ថា​ពួកគាត់ បាន​ដឹង​រឺ​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ច្បាប់​នៅ​ប្រទេស យើង​ដែរ​រឺ​ទេ​ថា ជួន​ពេលខ្លះ​ប្រទេស​គាត់​អា​មុខរបរ​នេះ​ខាង​គាត់​អាច​រក​ស៊ី​បាន​ហើយ ប្រទេស​យើង​មិន​អាច​ធ្វើ​ការ​បាន​នោះ​ទេ មិន​ដឹង​គាត់​មុន​នឹង​រកស៊ី​បាន​ទៅ​សូម​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ក្នុង​ខេត្ត រឺ​មួយ​យ៉ាងម៉េច​នោះ​ទេ ឬមួយ​អាជ្ញាធរ​បាន​ដឹង​លឺ​ទេ​ថា គាត់​រកស៊ី​អី​ហើយ​ច្បាប់​ហាមឃាត់​នូវ​មុខរបរ​ណា ខ្លះ​ត្រូវ​ឲ្យ​ពួកគាត់​បាន​ដឹង​ច្បាប់​ត្រូវ​ហាមឃាត់»

ក្រៅពី​ករណី​ចែកចាយ​ខិត្តប័ណ្ណ​រូបភាព​អាសអាភាស​បង្កប់​សេវា​ផ្លូវ​ភេទ​នេះ សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា វត្តមាន​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ជាច្រើន ដូចជា ការ​ឈ្លោះ​ទាស់ទែង​គ្នា ដោយ​ប្រើ​ដាវ​កាំបិត​ដេញ​កាប់​គ្នា ការ​ជិះ​ឡាន​ប្រដេញ​បុក​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល ពេញ​ក្រុង​កំពង់សោម។

វត្តមាន​ដ៏​ច្រើន​នៃ​ជន​ជាតិ​ចិន​លើ​ទឹកដី​កម្ពុជា បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​សំខាន់ៗ​មួយ​ចំនួន នៃ​ប្រទេស​កម្ពុជា ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ​ជាដើម។ ការ​ប្រមូល​ផ្ដុំ​គ្នា​ប្រព្រឹត្ត​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​តែងតែ​កើតមាន​ជា​ហូរហែ ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ដែរ។ បញ្ហា​ទាំងនេះ រហូត​ធ្វើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កាល​ពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា​កំណើន​ជនបរទេស​ក្នុង​ខេត្ត​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន ដូចជា បង្ក​ឱកាស​ដល់​ជនជាតិ​ចិន ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទល្មើស បង្ក​អសន្តិសុខ និង​ចាប់​ជំរិត​អ្នក​វិនិយោគ។ ទោះជា​យ៉ាង​នេះ​ក្តី បញ្ហា​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​នេះ នៅតែ​កើតមាន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។