នគរបាលខេត្តព្រះសីហនុ អះអាងថា បានឃាត់ខ្លួនជនជាតិចិន ៤នាក់បន្ថែមទៀត ករណីពួកគេធ្វើសកម្មភាពចែកចាយ ផ្សព្វផ្សាយខិត្តប័ណ្ណអាសអាភាស បង្កប់នូវសេវាកម្មផ្លូវភេទ។ សង្គមស៊ីវិល ខេត្តព្រះសីហនុ បារម្ភថា កំណើនជនជាតិចិនលួចលាក់រកស៊ីមុខរបរផ្លូវភេទនេះ អាចធ្វើឲ្យតំបន់ភ្នំខៀវ និងភូមិថ្មី នៅក្នុងខេត្តព្រះសីហនុ ក្លាយជាតំបន់ពេស្យាចារ និងរីករាលដាលមេរោគអេដស៍ជាថ្មី។
នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្សប្រុសស្រី ជាជនជាតិចិន ចំនួន៤នាក់ នៅម៉ោង១១:៣០នាទី យប់រំលងអធ្រាត្រ កាលពីថ្ងៃទី២៤ សីហា នៅពេលចែកខិត្តប័ណ្ណផ្សព្វផ្សាយរូបភាពអាសអាភាស បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចភ្នំខៀវ ភូមិទី១ សង្កាត់លេខ២ ក្នុងក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ត្រូវបានគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រង់សំដីចុះផ្សាយ នៅថ្ងៃទី២៥ សីហា ថា សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនជាតិចិន វ័យជំទង់ ២នាក់ និងបុរស២នាក់។ ប៉ូលិសបញ្ជាក់ថា ពួកគេបាននាំគ្នា ធ្វើសកម្មភាពចែកចាយខិត្តប័ណ្ណរូបភាពអាសអាភាស ដោយចតរថយន្តនៅចំណុចភ្នំខៀវ ក្នុងសង្កាត់លេខ២ ក្នុងគោលបំណង ចែកខិត្តប័ណ្ណផ្សព្វផ្សាយរូបអាសអាភាស។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយបន្តថា ពេលសមត្ថកិច្ចបើកការត្រួតពិនិត្យតាមដងផ្លូវ ជនជាតិចិនទាំង៤នាក់ បានព្យាយាមទម្លាក់ខិត្តប័ណ្ណចុះពីលើរថយន្ត ហើយនគរបាលបានឃាត់ខ្លួនពួកគេទាំងបួននាក់ រួចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ។ ប៉ុន្តែ ជនជាតិចិនទាំងនោះ មិនព្រមសហការជាមួយសមត្ថកិច្ចទេ។
សមត្ថកិច្ចអះអាងថា បានដកហូតវត្ថុតាង ដូចជាទូរស័ព្ទចំនួន៤គ្រឿង ខិត្តប័ណ្ណមានរូបអាសអាភាសចំនួន ៦៨៤សន្លឹក និងរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ពណ៌ខ្មៅ។ បច្ចុប្បន្ន នគរបាលជំនាញ កំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១២ ខែសីហា ប៉ូលិសក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន២៩នាក់ ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណរូបអាសអាភាសម្ដងហើយ ដោយចំណោមនោះ មាន៧នាក់ត្រូវបញ្ជូនទៅតុលាការ ចំណែកអ្នកផ្សេង ត្រូវបានដោះលែងវិញ ក្រោយអាជ្ញាធរបានអប់រំណែនាំរួច។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីជនជាតិចិន ចែកចាយខិត្តប័ណ្ណអាសអាភាស ពីស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានទេ នៅថ្ងៃទី២៥ សីហា ដោយសារ មិនលើកទូរស័ព្ទ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យដឹងថា ក្រុងព្រះសីហនុ មានទីតាំង២កន្លែង គឺនៅតំបន់ភ្នំខៀវ និងភូមិថ្មី ធ្លាប់ជាទីតាំងមានការរកស៊ីរបរពេស្យាចារ និងចម្លងមេរោគអេដស៍ខ្លាំង។ បច្ចុប្បន្ន ទីតាំងដែលធ្លាប់មានជនជាតិវៀតណាម និងជនជាតិខ្មែររកស៊ីផ្លូវភេទទាំងនោះ ត្រូវបានសង្គមស៊ីវិល សង្កេតឃើញថា កំពុងមានវត្តមានជនជាតិចិនយ៉ាងច្រើន ហើយអាចមានការលួចលាក់ បង្កប់សេវាផ្លូវភេទ នៅតំបន់នោះ ក្រោមរូបភាពម៉ាស្សា ឬអាជីវកម្មផ្សេងៗជាដើម។
អ្នកស្រី ជៀប សុធារី បន្ដថា កំណើនជនជាតិចិន និងភាពអនាធិបតេយ្យកើតឡើងច្រើន នៅខេត្តព្រះសីហនុ កំពុងបង្កឲ្យមានការព្រួយបារម្ភខ្លាំង ពីអ្នកធ្វើការងារផ្នែកសង្គម។ អ្នកស្រី ព្រួយបារម្ភថា ការលួចលាក់បង្កើតកន្លែងពេស្យាចារបែបនេះ អាចធ្វើឲ្យមានការកើនឡើងជាថ្មីនៃទង្វើខុសច្បាប់នានាដូចជា ការចាប់បង្ខំក្មេងស្រី ឬការដាក់ថ្នាំយកក្មេងស្រីទៅលក់ ការបោកបញ្ឆោតរបស់សង្សារ ជាដើម។ បើទោះជាសេវាកម្មផ្លូវភេទនេះ បច្ចុប្បន្នអាចមានត្រឹមតែស្ត្រីជាជនជាតិចិន ប៉ុន្តែ អ្នកស្រី បារម្ភថា បើមិនមានការបង្ក្រាបឲ្យទាន់ពេលទេ វាអាចរីករាលដាលដល់ស្ត្រីខ្មែរ ដូចកាលមុន ដែលដំបូងឡើយ មានតែស្ត្រីវៀតណាមទេ ដែលប្រកបរបរផ្លូវភេទនៅខេត្តព្រះសីហនុ ប៉ុន្តែក្រោយមកបានរីករាលដាលដល់ស្ត្រីខ្មែរ និងបង្កើតជាបទល្មើសយ៉ាងច្រើន៖ «យើងគិតថា ទាំងនេះទោះវាជាសេចក្ដីត្រូវការរបស់ភ្ញៀវមួយចំនួន ដែលគាត់ត្រូវការសេវានឹងគាត់ទៅរកនិង ហើយមុខរបរនិងវាមិនសូវល្អប៉ុន្មានទេ សម្រាប់ប្រពៃណីខ្មែរច្បាប់យើងបានហាមឃាត់នូវអំពើ និងដល់ពេលយើងឲ្យគេទៅរកស៊ីអ៊ីចឹងថា ជាមុខរបរស្របច្បាប់ យើងមិនដឹងថាពួកគាត់ បានដឹងរឺធ្វើការសិក្សាស្វែងយល់អំពីច្បាប់នៅប្រទេស យើងដែររឺទេថា ជួនពេលខ្លះប្រទេសគាត់អាមុខរបរនេះខាងគាត់អាចរកស៊ីបានហើយ ប្រទេសយើងមិនអាចធ្វើការបាននោះទេ មិនដឹងគាត់មុននឹងរកស៊ីបានទៅសូមការចុះបញ្ជីត្រឹមត្រូវពីអាជ្ញាធរក្នុងខេត្ត រឺមួយយ៉ាងម៉េចនោះទេ ឬមួយអាជ្ញាធរបានដឹងលឺទេថា គាត់រកស៊ីអីហើយច្បាប់ហាមឃាត់នូវមុខរបរណា ខ្លះត្រូវឲ្យពួកគាត់បានដឹងច្បាប់ត្រូវហាមឃាត់»។
ក្រៅពីករណីចែកចាយខិត្តប័ណ្ណរូបភាពអាសអាភាសបង្កប់សេវាផ្លូវភេទនេះ សង្គមស៊ីវិល សង្កេតឃើញថា វត្តមានជនជាតិចិន នៅខេត្តព្រះសីហនុ បានធ្វើសកម្មភាពអនាធិបតេយ្យជាច្រើន ដូចជា ការឈ្លោះទាស់ទែងគ្នា ដោយប្រើដាវកាំបិតដេញកាប់គ្នា ការជិះឡានប្រដេញបុកគ្នា បង្កការភ្ញាក់ផ្អើល ពេញក្រុងកំពង់សោម។
វត្តមានដ៏ច្រើននៃជនជាតិចិនលើទឹកដីកម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមខេត្តសំខាន់ៗមួយចំនួន នៃប្រទេសកម្ពុជា ដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញជាដើម។ ការប្រមូលផ្ដុំគ្នាប្រព្រឹត្តអំពើចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ក៏តែងតែកើតមានជាហូរហែ ប្រព្រឹត្តដោយជនជាតិចិនដែរ។ បញ្ហាទាំងនេះ រហូតធ្វើឲ្យអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៨នេះ បានសរសេរលិខិតមួយច្បាប់ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាកំណើនជនបរទេសក្នុងខេត្តនេះ កំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន ដូចជា បង្កឱកាសដល់ជនជាតិចិន ជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ ទោះជាយ៉ាងនេះក្តី បញ្ហាពាក់ព័ន្ធនឹងជនជាតិចិននេះ នៅតែកើតមានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។