អាជ្ញាធររាជធានីភ្នំពេញរារាំងយុវជន និងព្រះសង្ឃ មិនឱ្យធ្វើពិធីរំឭកខួបឃាតកម្មបណ្ឌិត កែម ឡី នៅហាងសាំងកាល់តិច (Caltex) បូកគោ
2020.07.07
អាជ្ញាធររារាំងព្រះសង្ឃ និងយុវជនមិនឱ្យជួបជុំ និងធ្វើពិធីបង្សុកូលនៅកន្លែងឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី
ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ក្នុងខួប ៤ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី អាជ្ញាធរក្រុងភ្នំពេញ នៅតែរារាំងព្រះសង្ឃ និងយុវជនមិនឱ្យជួបជុំ និងធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី នៅមុខស្តារម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញនោះទេ។ ជាងនេះទៅទៀត សមត្ថកិច្ចខណ្ឌចំការមនបានឃាត់ខ្លួនយុវជនម្នាក់ ដែលពាក់អាវយឺតរូបបណ្ឌិត កែម ឡី ទៅសាកសួរ និងឱ្យធ្វើកិច្ចសន្យាមិនឱ្យចូលរួមពិធីនៅពេលក្រោយទៀត។
សមត្ថកិច្ចរាប់សិបនាក់រួមមាន៖ សន្តិសុខខណ្ឌចំការមន និងប៉ូលិសបានរុញច្រានបំបែកក្រុមយុវជន និងព្រះសង្ឃឱ្យចាកចេញពីបរិវេណស្ថានីយកាល់តិច។ វិធានការនេះរងការរិះគន់ពីអ្នកឃ្លាំមើលសិទ្ធិថា ជាការបំពានសិទ្ធិពលរដ្ឋនិងជាការដើរផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។
សកម្មជនចលនាមាតាធម្មជាតិយុវជន ថុន រដ្ឋា ដែលត្រូវសមត្ថកិច្ចរារាំងមិនឱ្យគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅមុខស្តារម៉ាត កាល់តិច ឱ្យអាស៊ីសេរីដឹងថា លោកសោកស្ដាយចំពោះទង្វើរបស់សមត្ថកិច្ច។ លោកថា លោកនិងយុវជនផ្សេងទៀតមុននឹងរៀបចំគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី និងធ្វើពិធីសាសនាពួកលោកបានចូលទិញកាហ្វេនៅស្តារម៉ាតកាលតិចដែលជាអតិថិជនរបស់ហាងនេះ ប៉ុន្តែបែរជាត្រូវក្រុមសមត្ថកិច្ចរុញច្រានលោកចេញពីកន្លែងនេះ៖ «គេព្យាយាមរុញច្រានពួកយើងឱ្យចេញពីកន្លែងហ្នឹង ដោយមានការព្រមានចាប់ខ្លួនដោយលើកហេតុផលថា ជួបជុំអត់មានសុំច្បាប់ និងការពារកន្លែងឯកជនអីជាដើមនេះយើងយល់ថា ជាការរំលោភសិទ្ធិសេរីភាពពួកយើងមែនទែនក្នុងនាមយើងជាពលរដ្ឋខ្មែរ»។
ក្នុងពេលនោះដែរសមត្ថកិច្ចខណ្ឌចំការមនបានឃាត់ខ្លួនយុវជនឈ្មោះ ហុង ចាន់ថន ដែលពាក់អាវយឺតរូបបណ្ឌិត កែម ឡី យកទៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរខណៈយុវជនរូបនេះព្យាយាមចូលទៅស្ថានីយប្រេងកាល់តិច ដើម្បីចូលរួមពិធីរម្លឹកខួប ៤ឆ្នាំលោកបណ្ឌិត កែម ឡី។
ជុំវិញករណីនេះអាស៊ីសេរីបានសុំការបំភ្លឺពីអធិការខណ្ឌចំការមន លោក យិន សាន ប៉ុន្តែលោកមិនធ្វើការអត្ថាធិប្បាយអ្វីឡើយដោយប្រាប់ថាកំពុងរវល់ពិសាបាយរួចក៏ចុទបិទទូរស័ព្ទ។ ទោះយ៉ាងនេះក្តី នៅប៉ុន្មានម៉ោងក្រោយទៀត អាស៊ីសេរីព្យាយាមហៅទៅលោក យិន សាន ជាច្រើនដងប៉ុន្តែត្រូវលោកចុចបិទទូរស័ព្ទ។ រីឯប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលជាអ្នកទទួលបន្ទុកសាកសួរ យុវជន ខាន់ ចាន់ថន ក៏មិនលើកទូរស័ព្ទរបស់អាស៊ីសេរីដែរនៅថ្ងៃទី៨ ខែកក្កដា។
ក្រោយការសាកសួរពីក្រុមសមត្ថកិច្ច យុវជន ខាន់ ចាន់ថន ឱ្យអាស៊ីសេរីដឹងថា នៅពេលសមត្ថកិច្ចឃើញលោកពាក់អាវរូបបណ្ឌិតនិងមានសរសេរពាក្យមួយឃ្លាថា ”ជួតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត” ពួកគេចាប់ផ្ដើមធ្វើការឃាត់ខ្លួនលោក និងបញ្ជូនទៅសាកសួរ។ លោកបន្ត ពេលទៅដល់ប៉ុស្តិ៍នគរបាលមានប៉ូលិសជិត ១០នាក់បានចូលមកសួរនាំលោកនិងតម្រូវលោកផ្ដិតមេដៃលើកិច្ចសន្យាដោយមិនឱ្យលោកចូលរួមក្នុងពិធីនេះនៅពេលក្រោយ។ លោកថា ក្រោយលោកធ្វើកិច្ចសន្យារួចហើយលោកបានឆ្លើយប្រាប់ទៅសមត្ថកិច្ចថា បើមានការធ្វើពិធីគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី លើកក្រោយៗលោកនៅតែមកចូលរួមដដែល៖ «ខ្ញុំក៏បានប្រាប់ទៅគាត់ថា ខ្ញុំមកនេះមកដោយស្ម័គ្រចិត្តដោយការគោរព និងការស្រឡាញ់លោកបណ្ឌិត កែម ឡី ហើយបើមានឆ្នាំខាងមុខទៀត ទោះនៅកន្លែងដដែល ឬកន្លែងផ្សេងទៀត ខ្ញុំក៏មកចូលរួមហើយគាត់ (ប៉ូលិស) និយាយគ្នាថា មិនបាច់សួរនាំ ឬក៏សរសេរអ្វីច្រើនពីខ្ញុំទេ ឆ្នាំខាងមុខគាត់មកដដែលទេ»។
ប្រធានកម្មវិធីនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ស ម៉ូរី ដែលឃ្លាំមើលករណីនេះសង្កេតឃើញថា ព្រះសង្ឃនិងយុវជនព្យាយាមប្រារព្ធពិធីនេះដោយសន្តិវិធី ប៉ុន្តែបែរជាត្រូវក្រុមអាជ្ញាធរហាមឃាត់បំបែកមិនឱ្យមានការជួបជុំ។ លោកយល់ថា នេះជារឹតត្បិតសេរីភាពជួបជុំដោយសន្តិវិធី៖ «អញ្ចឹងយើងឃើញថា ព្រឹកមិញនេះមានការរឹតត្បិតមែនទែនមិនឱ្យមានជួបជុំគ្នាសូម្បីតែការគោរពកម្មវិធីវិញ្ញាក្ខន្ធបណ្ឌិត កែម ឡី ដោយអហិង្សា ដោយសន្តិភាព»។
ទាក់ទងការលើកឡើងរបស់សង្គមស៊ីវិលនេះ អាស៊ីសេរីបានសុំការបំភ្លឺអភិបាលរាជធានី ភ្នំពេញ លោក ឃួង ស្រេង ប៉ុន្តែពេលលោកដឹងថា អ្នករាយការណ៍អាស៊ីសេរីហៅទៅលោកចុចបិទទូរស័ព្ទលែងឆ្លើយតប។
ទោះមានការឃាត់ខ្លួននិងការរឹតត្បិតនៃការប្រារព្ធខួបឆ្នាំ ៤ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ព្រះសង្ឃនិងយុវជនបាននាំគ្នាធ្វើសមាធិនិងសូត្រធម៌ធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី លើចិញ្ចើមផ្លូវចម្ងាយប្រមាណ ១០០ម៉ែត្រពីទីតាំងស្ថានីយប្រេងឥន្ធនៈជាទីដែលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ២០១៦។
ក្រោយធ្វើពិធីសាសនាចប់ពួកគេនាំគ្នាធ្វើដំណើរថ្មើរជើង(ដើរ)ពីស្តុបបូកគោ តាមបណ្ដោយមុនីវង្សចេញពីភ្នំពេញទៅផ្លូវជាតិលេខ ២ ឆ្ពោះទៅខេត្តតាកែវ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ដែលជាស្រុកកំណើតនិងជាកន្លែងបញ្ចុះសពលោក បណ្ឌិត កែម ឡី។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ តំណាងយុវជនខ្មែរថាវរៈ ព្រះតេជគុណ កើត សារ៉ាយ ដែលចូលរួមធ្វើដំណើរដោយថ្មើរជើងទៅស្រុកកំណើតបណ្ឌិត កែម ឡី មានថេរដីកា ក្រុមសមត្ថកិច្ចបានតាមឃ្លាំមើល និងសួរនាំក្រុមយុវជននិងព្រះសង្ឃ។ ទោះយ៉ាងណាព្រះតេជគុណរក្សាជំហរ ថា នឹងធ្វើដំណើរជាមួយក្រុមយុវជនឱ្យដល់គោលដៅ៖ «ការដែលយុវជន និងព្រះសង្ឃមកចូលរួមគោរពវិញ្ញាណក្ខន្ធ បណ្ឌិត កែម ឡី នេះជាជាក់ស្ដែងជាការកត្តាប្រវត្តិសាស្ត្រ ហើយក៏ជាកត្តាជំរុញឱ្យមានស្មារតីជាតិនិយមឱ្យបានផុលផុស»។
អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក មាន ព្រហ្មមុនី ឱ្យដឹងដែរថា ក្រុមលោកបានទៅសុំវត្តមួយចំនួនដើម្បីស្នាក់នៅពេលយប់ ប៉ុន្តែ ព្រះចៅអធិការវត្តទាំងនោះមិនអនុញ្ញាតនោះទេ។ លោកយល់ថា បើគ្មានវត្តណាហ៊ានឱ្យក្រុមលោកស្នាក់នៅទេ ព្រះសង្ឃនិងយុវជន នឹងសម្រាកក្នុងតង់ដែលបានត្រៀមទុក៖ «ពីម្សិលមិញយើងបានទៅសុំវត្តនៅខេត្តតាកែវជិតទីរួមខេត្ត ២០គីឡូម៉ែត្រពីខេត្ត ប៉ុន្តែសុំពីរបីវត្តដែរ លោកមិនអនុញ្ញាតទេ ដូច្នេះ យើងនឹងស្នាក់នៅជាក់ស្ដែងបើអត់យើងនឹងបោះតង់»។
ព្រះសង្ឃ រួមទាំងក្រុមបណ្ដាញយុវជនខ្មែរថាវរៈ ក្រុមបណ្ដាញយុវជន N1M (Not One More) និងក្រុមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចាប់ផ្ដើមធ្វើយុទ្ធនាការ ៣ថ្ងៃ ដើម្បីរំលឹកខួប ៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយចាប់ដើរពីស្តុបបូកគោ នៅថ្ងៃទី៨ និងគ្រោងបញ្ចប់ថ្ងៃទី១០ ខែកក្កដា ដែលពួករំពឹងថាអាចធ្វើដំណើរទៅកន្លែងបញ្ចុះសពបណ្ឌិត កែម ឡី នៅខេត្តតាកែវ៕