៥ឆ្នាំក្រោយព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅស្ពានពេជ្រ
2015.11.21

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ជាខួបឆ្នាំទី៥ ហើយ បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ។ កាលណោះ មានមនុស្សជាង ៣៥០នាក់ បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។ ពេលវេលា ៥ឆ្នាំក្រោយមក ស្ថានភាពនៅស្ពាននេះ ប្រែក្លាយមុខមាត់ថ្មី។ មនុស្សមួយចំនួនពេលជិតឆ្លងកាត់ស្ពានឆ្លងទៅកោះនេះ ហាក់មិនចាប់អារម្មណ៍ថា កន្លែងនេះធ្លាប់មានមនុស្សរត់ជាន់គ្នាស្លាប់នោះទេ។ ទោះយ៉ាងណា អ្នកប្រវត្តិសាស្ត្រថ្លែងថា កម្ពុជាមិនគួរបំភ្លេចហេតុការណ៍នេះទេ ព្រោះវាជាមេរៀន និងបទពិសោធន៍សំខាន់មួយ ហើយលោកស្នើដល់អ្នកនយោបាយកុំឲ្យយករឿងនេះមកធ្វើជាឈ្នាន់នយោបាយ។
ស្ថានភាពនៅស្ពានពេជ្រ បច្ចុប្បន្ននេះ មិនដូចកាលពី ៥ឆ្នាំមុននោះទេ។ រយៈពេល ៥ឆ្នាំកន្លងមកនេះ ទំហំផ្ទៃដីកោះពេជ្រ រីកធំជាងមុន។ អគារប្រជុំ អគារពាណិជ្ជកម្ម ទីលានវាយកូនគោល ស្ថានីយពន្លត់អគ្គីភ័យ រោងមហោស្រព បុរី ផ្ទះសំបែងប្រណិតៗ អគារខ្ពស់ៗ ត្រូវបានសាងសង់ និងកំពុងសាងសង់ឡើងព្រោងព្រាត។
ក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ បានលុបដៃទន្លេនៅខាងជើងកោះពេជ្រ ៥០០ម៉ែត្រ ដើម្បីពង្រីកទំហំផ្ទៃដីបន្ថែមទៀត។ ជាក់ស្ដែងគម្រោងសាងសង់អគារខុនដូ កម្ពស់ ២០០ម៉ែត្រ ឈ្មោះ Diamond Island Riviera មានតម្លៃ ៧០០លានដុល្លារ កំពុងសាងសង់នៅលើកោះពេជ្រ ដែលត្រូវគេដឹងថា ជាគម្រោងខុនដូ ថ្លៃជាងគេបំផុតនៅកម្ពុជា រហូតមកដល់ពេលនេះ។
បើតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ ដីនៅកោះពេជ្រមានតម្លៃចន្លោះពី ២.៥០០ ទៅ ៣.៥០០ ក្នុងមួយម៉ែត្រការ៉េ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ចំថ្ងៃបុណ្យអុំទូកចុងក្រោយ ព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ បានធ្វើឲ្យមនុស្សក្មេងចាស់ ប្រុសស្រី ស្លាប់ចំនួនជាង ៣៥០នាក់ និងរបួសរាប់រយនាក់ផ្សេងទៀត។ ភ្លាមៗបន្ទាប់ពីហេតុការណ៍ដ៏គួររន្ធត់នោះ គ្រាន់តែគេដើរទៅជិតស្ពានពេជ្រ ក្លិនឆ្អាបឈាមច្រាលមកប៉ះនឹងច្រមុះ រូបភាពនៃគំនរស្បែកជើង និងខោអាវ នៃអ្នកស្លាប់រាយប៉ាយពេញផ្ទៃច្រាំងទន្លេបាសាក់។ រូបភាពទាំងនោះនៅដិតជាប់ក្នុងខួរក្បាលរបស់អ្នកដែលបានមកឃើញហេតុការណ៍នេះផ្ទាល់។ ចំណែកផ្សែងធូប ផ្សែងទៀន ហុយឡើងទ្រលោមឡើងទៅលើមេឃ ចំកន្លែងដែលមនុស្សរត់ជាន់គ្នាស្លាប់។
កាលនោះកោះពេជ្រ ជាកន្លែងអ៊ូអរ ដែលមនុស្សម្នាចូលចិត្តមកកម្សាន្ត យកអារម្មណ៍ស្មុគស្មាញមកកប់ចោលនៅទីនេះ ក៏បានប្រែក្លាយជាកន្លែងដែលឆក់ជីវិតមនុស្សរាប់រយនាក់ ជាទីស្ងាត់ជ្រងំ ដែលគេគេចមិនចង់មកឃើញ។ ពាក្យចចាមអារ៉ាមអរូបីនានា ក៏បានសាយភាយពីក្នុងក្រុង ធ្លាយដល់ខេត្ត ដល់ចុងកាត់មាត់ញក។
កោះពេជ្រ ជាទីតាំងអភិវឌ្ឍន៍។ ម្ចាស់ទីតាំងនេះ មិនអាចបណ្ដោយឲ្យរឿងសោកនាដកម្មបែបនេះនៅបន្តដក់ជាក់ក្នុងសតិអារម្មណ៍របស់មនុស្សដូចនេះតទៅទៀតបានឡើយ។ ជាលទ្ធផល ស្ពានពេជ្រ ពណ៌លឿង មានបង្គោលខ្ពស់ច្រងាងពីរគូ អមទៅដោយភ្លើងពណ៌ ចងអបសងខាងពីក្បាលដល់ចុងស្ពាន ត្រូវបានគេវ៉ៃចោលធ្វើថ្មី ជាស្ពានបង្កាន់ដៃនាគ។ អ្វីៗហាក់ដូចជាកន្លែងទើបបង្កើតឡើងថ្មី។ អ្នកខ្លះដែលមិនបានដឹងរឿងរ៉ាវជាន់គ្នាស្លាប់នោះ អាចមិនដឹងថា នេះជាកន្លែងធ្លាប់មានមនុស្សស្លាប់ទេ។
រសៀលម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី១៩ វិច្ឆិកា នៅលើកោះពេជ្រ បន្ទាប់ពីគេឆ្លងស្ពានដែលធ្លាប់មានមនុស្សស្លាប់នោះ ភ្លេងតន្ត្រី ប្រគំអឺងកង មនុស្សម្នាជិះម៉ូតូឡានចុះឡើងខ្វាត់ខ្វែង។ អ្នកខ្លះ ក៏អង្គុយជាគូៗសាសងគ្នានៅក្រោមម្លប់ស្វាយ។
ច្រាំងទន្លេដែលគេទើបចាក់ដីបំពេញនោះ ក្លាយជាវាលធំទូលាយដែលគេកំពុងដំឡើងឆាកប្រគំតន្ត្រីសម្រាប់ទទួលអ្នកមកលេងបុណ្យអុំទូកនាប៉ុន្មានថ្ងៃខាងមុខ។ ដើរទៅមុខបន្តិច ឃើញបុរសម្នាក់កំពុងអង្គុយនៅលើបង់។
លោក ស៊ីវ ហាក់ មកពីខេត្តព្រៃវែង បានរៀបរាប់ថា ពេលដែលលោកមកភ្នំពេញ ដើម្បីចូលរួមពិធីមង្គលការរបស់មិត្តភក្តិ លោកក៏ឆ្លៀតពេលមកលេងនៅកោះពេជ្រនេះដែរ៖ «ស្អាត ប្លែក! ឥឡូវឃើញមានភាពអភិវឌ្ឍច្រើន។ សប្បាយរីករាយដែរ យូរៗមកលេងម្ដង។ ឃើញមនុស្សច្រើន»។
ក្នុងកញ្ចុះនៃសួនច្បារមុខសាលបុរីកោះពេជ្រ មានប្ដីប្រពន្ធវ័យ ៣០ឆ្នាំ កំពុងជជែកគ្នា។ យូរៗម្ដង ពួកគេផ្ទុះសំណើចឡើង។ លោកស្រី សុខ បុប្ជា ប្រាប់ថា លោកស្រី និងស្វាមីតែងមកអង្គុយលេងនៅទីនេះ នៅពេលទំនេរក្រោយពីបញ្ចប់ការងារ។
លោកស្រី បុប្ជា ងក់ក្បាល ពេលដែលសួរថា តើមានបានដឹងពីការជាន់គ្នាស្លាប់នៅកោះពេជ្រ ឬទេ? តែលោកស្រីមានប្រសាសន៍ថា ពេលវេលាបានសម្លាប់រឿងរ៉ាវអាក្រក់នេះបាត់ទៅហើយ។ លោកស្រីបញ្ជាក់ថា កាលពីការស្លាប់នោះកើតឡើងភ្លាមៗ លោកស្រីមិនហ៊ានមកទីនេះទេ។ ប៉ុន្តែច្រើនឆ្នាំកន្លងផុតទៅ នៅទីនេះអ៊ូអរឡើងវិញ ដូច្នេះលោកស្រីលែងខ្លាចរអានឹងព្រឹត្តិការណ៍ថ្ងៃទី២២ វិច្ឆិកា នេះដែរ។
នៅមិនឆ្ងាយពីកន្លែងដែលលោកស្រី បុប្ជា អង្គុយ យុវជនមួយក្រុមកំពុងអង្គុយជុំគ្នា។ ម្នាក់ៗកំពុងឈ្ងោក អោនចុចទូរស័ព្ទរបស់ពួកគេរៀងខ្លួន។ ពួកគេរាងភ្ញាក់បន្តិច ពេលអ្នកយកព័ត៌មានចូលទៅសួរពួកគេ។
យុវជន សីហៈ រតនា និយាយប្រាប់ថា គេបានឮព័ត៌មានពីការជាន់គ្នាស្លាប់កាលពី ៥ឆ្នាំមុនដែរ។ រតនា ថា ពេលនោះគេនៅឯស្រុកកំណើត ហើយអះអាងថា នៅក្នុងស្រុករបស់គេ ក៏មានមនុស្ស ២ ទៅ ៣នាក់ បានស្លាប់ក្នុងហេតុការណ៍នោះដែរ៖ «ដឹងតើបង! ឮតាមទូរទស្សន៍គេផ្សាយ។ ខ្ញុំនៅខេត្តឯណោះ ពេលហ្នឹង។ (ពេលឮដំបូងៗ ម៉េចដែរ?) អូ! ភ័យណាស់។ ខ្ញុំមានបងប្អូននៅភ្នំពេញ ច្រើនដែរ។ អ៊ីចឹងមានអារម្មណ៍ថា ភ័យ។ ណាមួយខ្លាចដែរ។ គេបំភ័យថា ទៅកោះពេជ្រ កន្លែងគេជាន់គ្នាអ៊ីចឹង មានព្រលឹង ចេះតែល្បីតាមគ្នា។ ឥឡូវមានអីធម្មតា ឃើញគេអ៊ូអរ»។
ឥឡូវត្រឡប់ទៅគល់ស្ពានពេជ្រវិញ។ លោកស្រី យន់ ហេង ជាអ្នកលក់ដូរភេសជ្ជៈនៅម្ដុំស្ពានពេជ្រ តាំងពីមុនមានហេតុការណ៍ជាន់គ្នាស្លាប់នេះកើតឡើង។ កំពុងអង្គុយលើរ៉ឺម៉កម៉ូតូលក់ភេសជ្ជៈ លោកស្រី ហេង រំឭកថា កាលពីហេតុការណ៍នេះកើងឡើងភ្លាមៗ គាត់លក់ទំនិញមិនដាច់ទេ។ តែឥឡូវ អ្វីៗត្រឡប់មកសភាពដើមវិញហើយ។ គាត់រវល់លក់ភេសជ្ជៈ រកតែពេលនិយាយជាមួយអ្នកកាសែតសឹងមិនបានផង។
ប្រជាពលរដ្ឋហាក់មិនចង់រំឭកហេតុការណ៍ដែលបានកើតឡើងនេះទេ។ វិញ្ញាណនៃអ្នកស្លាប់ និងហេតុការណ៍ដែលកើតឡើងនៅស្ពានពេជ្រកាលពី ៥ឆ្នាំមុន ហាក់រសាត់កប់ទៅតាមពេលវេលា។
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ លោកសាស្ត្រាចារ្យ ជិន សុជាតិ លើកឡើងថា ប្រជាជនខ្មែរភាគច្រើនឆាប់ភ្លេចប្រវត្តិសាស្ត្រខ្លួនឯង។ លោកពន្យល់ថា ព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅកោះពេជ្រ កាលពី ៥ឆ្នាំមុន ជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា ដើម្បីជៀសវាងកុំឲ្យមានហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យក្រើករំឭកថា អ្នកនយោបាយគួរចៀសវាងយកព្រឹត្តិការណ៍នេះមកធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន៖ «ជាទូទៅខ្ញុំមើលឃើញថា ការដែលអ្នកនយោបាយយករឿងហ្នឹងមកប្រើប្រាស់ អាហ្នឹងគ្រាន់តែជាការវាយប្រហារគ្នានាំឲ្យមានគេហៅថា កំហឹងសង្គមកើតឡើង។ របៀបនៃការលើកឡើងហ្នឹង វាមានផ្សេងៗគ្នា។ បើគ្រាន់តែថា សម្រាប់តែយកធ្វើជាបទពិសោធន៍សង្គម សម្រាប់យល់ដឹងការវិវត្តន៍សង្គមទេ អាហ្នឹងមិនជាបញ្ហាអីទេ។ តែប្រសិនបើអ្នកនយោបាយយករឿងហ្នឹង សម្រាប់ការលាបពណ៌ឲ្យគ្នា សម្រាប់ការប្រឆាំងគ្នា អាហ្នឹងវាអាចហិង្សាក្នុងចិត្តដែលធ្វើឲ្យមនុស្សមានគំនុំគំកួន គ្នាមិនចេះចប់»។
សាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ៕