ឃាត់​ខ្លួន​មនុស្ស​៧​នាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​និង​ជួញដូរ​កញ្ឆា

ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​សៀមរាប ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​បរទេស ៣​នាក់ និង​ជនជាតិ​ខ្មែរ ៤​នាក់​ទៀត ពាក់ព័ន្ធ​ការ​ប្រើប្រាស់ ព្រមទាំង​លក់ដូរ​​កញ្ឆា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា។ ក្នុង​ចំណោម​បុរស​បរទេស​ទាំង ៣ ដែល​ប៉ូលិស​បាន​ចាប់​ខ្លួន​នោះ ​គឺ​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី និង ២​នាក់​ទៀត ជា​ជនជាតិ​អ៊ីតាលី។

លោក អ៊ុំ សាអាត ជា​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​ថា កម្លាំង​របស់​លោក​ដែល​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​ជនបរទេស និង​ជនជាតិ​ខ្មែរ​ទាំង​អស់ ៧​នាក់ ដោយសារ​​ពាក់ព័ន្ធ​​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​កញ្ឆា។

លោក អ៊ុំ សាអាត បញ្ជាក់​ដូច្នេះ៖ «ជំហាន​ដំបូង​ប្រជាពលរដ្ឋ​រាយការណ៍​ថា អ្នក​ប្រើប្រាស់​ហ្នឹង​វា​មាន​ជា​ជនជាតិ​បរទេស។ អ៊ីចឹង​កម្លាំង​យើង​ទៅ​ដល់​ហ្នឹង គឺ​មាន​ជនជាតិ​បរទេស ៣​នាក់​មែន យើង​បង្ក្រាប​មក។ ក៏​ប៉ុន្តែ​ចំណោម​ជន​ជាតិ​បរទេស ៣​នាក់​នោះ គឺ​​​ប្រើប្រាស់​តែ​ម្នាក់​ទេ ២​នាក់​ទៀត មិន​ទាន់​ប្រើប្រាស់​ទេ ប៉ុន្តែ​យើង​កំពុង​តែ​សាកសួរ​បន្ត​ទៀត។ ជិះ​រ៉ឺម៉ក​ម៉ូតូ ទៅ​ផ្ទះ​ខ្មែរ​ម្នាក់​នោះ ទៅ​ធ្វើ​ការ​ប្រើប្រាស់​ទី​នោះ​តែម្ដង។ យើង​ឃាត់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ ហើយ​និង​ម្ចាស់​ផ្ទះ​ម្នាក់ ដែល​នាំ​ភ្ញៀវ​ឱ្យ​ជក់ ព្រម​ទាំង​រឹប​អូស​បាន​កញ្ជា រួម​ទាំង​ឧបករណ៍​សម្រាប់​ជក់។ អ៊ីចឹង​គេ​បាន​ឆ្លើយ​ថា កញ្ឆា​ហ្នឹង​ទិញ​មក​ពី​កន្លែង​ណា ហើយ​កម្លាំង​របស់​ខ្ញុំ​បាន​ចុះ​ជាមួយ​ព្រះរាជអាជ្ញា​រង ធ្វើការ​ឆែកឆេរ​ហាង​មួយ​កន្លែង»

​នៅ​ថ្ងៃ​ដដែល​នេះ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ប្ដី​ប្រពន្ធ​ដែល​ជា​ថៅកែ​ហាង​ភីហ្សា មួយ​​កន្លែង​ស្លាក​យីហោ ហេបភី ភីហ្សា (Happy Pizza) ព្រម​ទាំង​រឹប​អូស​បាន​បារី កញ្ឆា​ហាន់ និង​កញ្ឆា​ក្រៀម ទម្ងន់​ប្រមាណ ១​គីឡូក្រាម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។