បុរសបាត់ខ្លួនជាមួយព្រះសង្ឃខ្មែរក្រោមរៀបរាប់រឿងគេវាយធ្វើបាបនៅខេត្តសៀមរាប
2017.08.08
បុរសចំណាស់ម្នាក់ដែលបាត់ខ្លួនជាមួយព្រះសង្ឃខ្មែរក្រោមមួយអង្គបានត្រឡប់ទៅដល់ស្រុកកំណើតវិញហើយ គឺនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកបានចោទក្រុមប្រជាការពារសង្កាត់ស្រង៉ែ ស្ថិតក្នុងក្រុងសៀមរាប ថា បានវាយធ្វើបាបរូបគាត់ និងព្រះសង្ឃខ្មែរក្រោមមួយអង្គដែលពេលនេះព្រះសង្ឃអង្គនោះនៅតែបាត់ព្រះកាយនៅឡើយ ដោយមិនដឹងថា នៅមានជីវិត ឬក៏សុគត។ រីឯស្នងការខេត្តសៀមរាប ថា មិនបានដឹងអំពីការបង្ហាញខ្លួនឡើងវិញនេះទេ។
បុរសចំណាស់ម្នាក់ដែលបាត់ខ្លួនជាមួយព្រះសង្ឃខ្មែរក្រោមមួយអង្គនោះ ត្រូវបានរកឃើញវិញ ប៉ុន្តែព្រះសង្ឃខ្មែរក្រោម១អង្គ គឺមានរយៈពេលជិត ២ខែហើយ នៅតែមិនទាន់មានដំណឹងថា កំពុងឋិតនៅទីណា ឬជួបបញ្ហាអ្វីនៅឡើយ។
លោក ប្រាក់ នី មានអាយុ ៥៥ឆ្នាំ រៀបរាប់ថា លោកបានមកដល់ស្រុកកំណើតនៅភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៣ថ្ងៃក្រោយកើតហេតុ ចំណែកព្រះសង្ឃវិញ លោកក៏មិនដឹងថា នៅទីណាដែរ។
លោក ប្រាក់ នី រម្លឹករឿងរ៉ាវឡើងវិញថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ គឺរូបគាត់ជាមួយនឹងព្រះសង្ឃព្រះនាម មាស វិចិត្រ ធ្វើដំណើរចេញពីភូមិរបស់លោក ឆ្ពោះទៅភ្នំគូលែន ដែលមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ក្នុងបំណងទៅលេងផង និងយកវត្ថុបុរាណមានខ្នាយតាន់របស់គាត់ឲ្យព្រះសង្ឃគង់ទីនោះជួយប្រសិទ្ធីឲ្យផង។ លុះដល់ខេត្តសៀមរាប នៅពេលល្ងាច ព្រះសង្ឃបាននាំគាត់ទៅសម្រាកនៅក្លឹបបង្ហាត់ក្បាច់គុនល្បុក្កតោ នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ប៉ុន្តែដោយសារទីនោះមានក្មេងស្រីរស់នៅ និងហាត់ក្បាច់គុនច្រើន ទើបធ្វើឲ្យពួកគាត់ត្រឡប់មករកផ្ទះសំណាក់ក្បែរចំណតរថយន្ត ដើម្បីព្រឹកឡើងបន្តដំណើរទៅភ្នំគូលែន។ ប៉ុន្តែពេលពួកគាត់ធ្វើដំណើរនោះ គឺជួបជាមួយក្រុមប្រជាការពារសង្កាត់ស្រងែ ហើយបានរុញច្រាន និងវាយធ្វើបាប ព្រមទាំងបានចាប់ព្រះសង្ឃ និងរូបគាត់ប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍ស្រងែ ដោយគ្មានមូលហេតុឡើយ។
លោក ប្រាក់ នី៖ «ស្រាប់តែចេញមកវាមានហេតុការណ៍អ៊ីចឹង គឺជួបសន្តិសុខមែន ដែលយើងស្មានថា ជាសន្តិសុខស្រួលបួល តែនេះមិនមែនជាសន្តិសុខស្រួលបួលទេ គឺគេមករញ៉េរញ៉ៃ។ ដំបូងយើងឃើញតែម្នាក់ពីរទេ តែគេចេះតែហៅសន្តិសុខគ្នាគេមកថែមប្រហែល ៥ ទៅ ៦នាក់ ហើយគេមកដល់ចេះតែរុញច្រានៗ ទាញចុះទាញឡើងរហូតដល់លោករបូតស្បង់ចីពរអស់។ (សំណួរ៖ តើហេតុអីបានជាសន្តិសុខនោះមករុញច្រានដូច្នេះ?) ចម្លើយ៖ គេថា កន្លែងនេះកន្លែងគេ ហើយគេទើបតែហូបហើយអីហើយ គឺផឹកស្រាស្រវឹងអ៊ីចឹងទៅ។ គេវាយលោក តែយើងអត់ថាច្រើន ឬតិចទេ ព្រោះពេលនោះមួយនៅនេះ មួយទៀតគេរុញនៅនោះ។ ហេតុការណ៍នោះ ប្រហែលជាកើតឡើងនៅម៉ោង ៧យប់។ ដល់ហើយ ទាល់តែបានយូរបន្តិចទើបប៉ូលិសមកមែន ហើយពេលនោះលោកចាប់ផ្ដើមទន់ខ្លួន ហើយប៉ូលិសក៏មកដល់ឲ្យសន្តិសុខដឹកពួកគាត់ទៅប៉ុស្តិ៍ដើម្បីសួរនាំ ហើយគាត់ក៏ប្រាប់ពីគោលបំណងទៅភ្នំគូលែន និងបង្ហាញវត្ថុមួយចំនួនដូចជាព្រះ និងចែកាច់ជាដើម ដើម្បីយកទៅឲ្យលោកនៅភ្នំគូលែន ឲ្យគេជួយប្រសិទ្ធី ហើយម្យ៉ាងទៀត យើងក៏មិនដែលស្គាល់ភ្នំគូលែន ដែរ»។
លោក ប្រាក់ នី ឲ្យដឹងទៀតថា ក្រោយពេលប៉ូលិសប៉ុស្តិ៍ស្រង៉ែ សួរនាំរួចហើយរកមិនឃើញកំហុសនោះ ប៉ូលិសក៏បានបញ្ជាឲ្យប្រជាការពារភូមិដដែល បើកម៉ូតូ ២គ្រឿង គឺម៉ូតូមួយគ្រឿងដឹកព្រះសង្ឃ និងម៉ូតូមួយគ្រឿងទៀតដឹករូបគាត់ទៅរកចំណតឡានក្នុងក្រុងសៀមរាប ប៉ុន្តែបែរជាប្រជាការពារនោះឈប់ម៉ូតូតាមផ្លូវវាយធ្វើបាបព្រះសង្ឃបន្ថែមទៀត៖ «ពេលនោះខ្ញុំចេះតែជិះ ហើយប្រាប់ថា អាអូនកុំលឿនពេក ចាំម៉ូតូដឹកលោកផង ព្រោះខ្ញុំដឹងថា លោកអត់ស្រួល។ ស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវ សន្តិសុខដែលឌុបលោកនោះ បានវាយអាយកូមមកប្រាប់សន្តិសុខដែលឌុបខ្ញុំ គេថា អាលោកមួយហ្នឹងវាសន្លប់បានហើយអ្ហា! ដល់អ៊ីចឹងខ្ញុំក៏ប្រាប់ថា តោះអូនត្រឡប់ទៅរកលោកវិញ វាអត់ចង់បកមកវិញទេ ទាល់តែយូរទើបវាព្រមបកមកវិញ។ ពេលបកក្រោយនោះ ស្រាប់តែខ្ញុំឃើញលោកស្រាតននលគក កំពុងដេកនៅលើដី នៅលើផ្លូវតែម្ដង ពេលនោះខ្ញុំបានដោះខោអាវ ដើម្បីបំពាក់អោយលោក ព្រោះស្បង់ចីពរលោកមិនដឹងនៅទីណាឡើយ។ ខ្ញុំមិនស្គាល់ទីនោះថាទីណាឡើយ។ ខ្ញុំបានក្រឡាប់មើលមុខលោក តែលោកអត់មាត់អត់កអីទេ ស្រាប់តែលោកងើបឈរ ហើយប្រាប់ថា កុំអោយគេធ្វើបាបទៀត យើងនាំគ្នារត់ទៅ។ ពេលនោះខោអាវដែលដោះឲ្យលោកនោះ ក៏បោះចោល ហើយរត់តាមលោកតែម្ដង ដោយទៅដេកក្នុងព្រៃ ព្រោះលោកអស់កម្លាំង ហើយពួកវាអត់តាមទៀតទេ។ ពេលនោះខ្ញុំក៏មិនបាសួរនាំលោកដែរ ថាតើគេវាយធ្វើបាបលោកម៉េចខ្លះ? ទោះយ៉ាងណា ពេលនោះខ្ញុំឃើញមុខលោកបែក និងជាំជាដើម តែយើងមិនបានចាប់លោកមើលកន្លែងផ្សេងទៀតទេ»។
ក្រោយពីរត់គេចខ្លួននោះ គឺរូបគាត់ និងព្រះសង្ឃ បានក្លាយជាមនុស្សអាក្រាតកាយ ដើររសាត់តែលតោល សុំខោអាវគេស្លៀកដណ្ដប់កាយឡើងវិញ ប៉ុន្តែពុំមានអ្នកអោយឡើយ ព្រោះមនុស្សម្នាចាត់ទុកពួកគាត់ថា ជាមនុស្សវិកលចរិត៖ «ពេលនោះ ខ្ញុំនៅសល់តែខោខ្លី ក៏ស្រាតទៅស្លៀកអោយលោក តែលោកស្រាតខោនោះចោលវិញ ដោយនិយាយថា អាត្មាអត់ត្រូវស្លៀកអ៊ីចឹងទេ ទោះបីជាអាត្មាត្រូវគេស្រាត ក៏អាត្មានៅជាសង្ឃដែរ។ ដល់តែលោកបោះខោខ្លីចោលអត់ស្លៀក ខ្ញុំក៏សុខចិត្តដើរអត់ខោទាំងពីរនាក់តែម្ដងទៅ។ ដើរតាមផ្លូវ ហើយលោកចេះតែដើររើសទឹកហូប ព្រោះលោកស្រេកទឹក និងអស់កម្លាំង តែដល់បានទឹកផឹក លោកក៏ចេះតែដើរទៅមុខតិចៗទៀត។ (សំណួរ៖ តើមានគេឃើញ គេជួយអីទេ?) ចម្លើយ៖ មានម៉ូតូគេរត់ឌុបអីវ៉ាន់ដែរ តែគេមានទៅគិតគូរយើងអី តែពេលនោះ វាមិនទាន់ភ្លឺច្បាស់ទេ ដូច្នេះមិនសូវមានមនុស្សចេញច្រើនឡើយ។ យើងក៏ចេះតែដើរទៅមុខ ក៏ជួបសន្តិសុខមួយ សុំខោអាវគេ តែគេថាអត់មាន ក៏គេអោយបាវពីរ ហើយយកកន្ត្រៃកាត់អោយយើងស្លៀកទៅ។ ពេលនោះក៏មកអង្គុយនៅវត្តក្នុងក្រុងសៀមរាប ហើយក៏មានប៉ូលិសយកខោខ្លីពីរអោយស្លៀក។ ពេលនោះលោកទន់អស់រលីងហើយ និងនាំគ្នាដេកទីនោះ ហើយខ្ញុំចេះតែបោសដីអោយលោកដេកទៅ។ បន្តិចក្រោយមក ក៏ប៉ូលិសដឹកពួកគាត់ចេញពីវត្តក្នុងក្រុងនោះ មកដាក់នៅក្នុងវត្តមួយក្បែរប្រាសាទអង្គ ដោយគេប្រាប់ថា មកដល់ទីនេះចង់ទៅណាដើរទៅ ព្រោះទីនេះសុទ្ធតែព្រៃ»។
បន្ទាប់ពីអ្នកទាំងពីរត្រូវបានប៉ូលិសដឹកយកទៅដាក់នៅក្នុងវត្តទេពប្រណម្យ នៃតំបន់អង្គរធំនោះ លោក ប្រាក់ នី ក៏ដើរសុំលុយគេបានប្រហែលជា ១ម៉ឺនរៀល ហើយក៏បានសម្រេចជិះម៉ូតូឌុបមករកឡានឈ្នួលឡើងមកស្រុកកំណើតវិញ ដោយបែកផ្លូវគ្នាជាមួយព្រះសង្ឃខ្មែរក្រោមរហូតតែម្ដង។
លោក ប្រាក់ នី និងព្រះសង្ឃខ្មែរក្រោមទើបតែស្គាល់គ្នាបានពីរថ្ងៃប៉ុណ្ណោះមុនកើតហេតុ ដោយសារព្រះអង្គនិមន្តទៅធ្វើបុណ្យនៅលើភ្នំគិរីរម្យ ហើយក៏មាននិស្ស័យជាមួយលោក ទើបសុំលោកទៅលេងភ្នំគូលែន ជាមួយ។ លោក ប្រាក់ នី ថា លោកមិនចង់ប្ដឹងស្វែងរកយុត្តិធម៌អ្វីនោះទេ ប៉ុន្តែលោកគ្រាន់តែអំពាវនាវឲ្យអាជ្ញាធរជួយស្វែងរកព្រះសង្ឃអង្គនោះឲ្យឃើញ៖ «សូមជួយរកលោកឲ្យឃើញផង។ បើលោកនៅផ្ទះ ឬនៅភូមិជាមួយខ្ញុំ គឺខ្ញុំនឹងមកជាមួយលោកហើយ តែលោកគង់នៅវត្តផ្សេង ចំណែកខ្ញុំនៅផ្ទះផ្សេង»។
ព្រះសង្ឃព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១ព្រះវស្សា មានកំណើតនៅភូមិជ្រៃតាសូរ ឃុំកីយ៉ា ស្រុកមាត់សមុទ្រ នៃខេត្តព្រះត្រពាំង បាននិមន្តមកគង់នៅវត្តទួលសង្កែ នៃទីក្រុងភ្នំពេញ រយៈពេលជាង ១០ឆ្នាំហើយ។ ព្រះអង្គ បានបាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ហើយមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ព្រះអង្គមានជោគវាសនាយ៉ាងណាឡើយ។ ក្នុងពេលបាត់ព្រះកាយនេះ គេក៏បានឃើញរូបថតប៉ុន្មានសន្លឹករបស់ព្រះតេជព្រះគុណអង្គនេះ ថតជាមួយនឹងអ្នកទោសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ដែលត្រូវបានតុលាការរកឃើញថា ជាឃាតកម្នាក់បាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ជុំវិញករណីនេះ ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង មានប្រសាសន៍ថា លោកមិនបានដឹងអំពីការបង្ហាញខ្លួនរបស់បុរសចំណាស់ដែលបាត់ខ្លួនជាមួយព្រះសង្ឃឡើយ៖ «នៅអត់ទាន់ទទួលបានព័ត៌មានពីខាងណាខាងណីទេ»។
ដោយឡែក នាយប៉ុស្តិ៍នគរបាលសង្កាត់ស្រង៉ែ លោក ស៊ាវ ធឿត បានបដិសេធមិនឆ្លើយតបជាមួយអាស៊ីសេរីឡើយ ដោយលោកបង្វែរឲ្យទៅសួរខាងអធិការរងនគរបាលក្រុងសៀមរាប ទទួលបន្ទុកព្រហ្មទណ្ឌ គឺលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ៖ «ខ្ញុំបានជម្រាបជូនទៅខាងអធិការ ហើយអ្វីៗគ្រប់យ៉ាង គឺអធិការជាអ្នកទទួលខុសត្រូវទាំងអស់»។
អធិការរងនគរបាលក្រុងសៀមរាប ទទួលបន្ទុកព្រហ្មទណ្ឌ គឺលោកវរសេនីយ៍ទោ លោក នួន ស័ក្តិចំរើនរិទ្ធ មិនធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់ ហើយក៏បិទទូរស័ព្ទ។ រីឯមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលតាមដានករណីនេះមានប្រសាសន៍ថា បើតាមចម្លើយរបស់លោក ប្រាក់ នី គឺអាជ្ញាធរខេត្តសៀមរាប ត្រូវតែមានកាតព្វកិច្ចទទួលខុសត្រូវចំពោះការបាត់ខ្លួនព្រះសង្ឃខ្មែរក្រោម៖ «ការបាត់ខ្លួនលោកនេះ គឺទី១ ជាការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននោះ ហើយទី២ អាជ្ញាធរប៉ូលិសត្រូវតែចាត់វិធានការជាមួយជនដៃដល់ដែលវាយដំទៅលើព្រះសង្ឃ និងលោកតាអាចារ្យនោះ រហូតដល់សាធារណជនឃើញថា លោកទៅជាជនវិកលចរិតទៅជាបាត់ខ្លួន បាត់ព្រះកាយអីនេះ គឺជាកាតព្វកិច្ចរកខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាននោះ»។
ទន្ទឹមគ្នានេះ លោក ស៊ឹង សែនករុណា អះអាងថា ខាងក្រុមអង្គការសង្គមស៊ីវិល គឺនៅតែបន្តស៊ើបអង្កេតស្វែងរកព្រះសង្ឃខ្មែរក្រោមបន្តទៀត ទោះបីជាមកដល់ពេលនេះ នៅមិនទាន់មានតម្រុយយ៉ាងណាក្ដី៕