អតីត​ព្រះអង្គម្ចាស់​ក្សត្រី​ជប៉ុន​គ្រង​រ៉ូប​ដែល​ត្បាញ​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

នៅ​ក្នុង​ពិធីជប់លៀង​ដ៏​ពិសេស​មួយ​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា អតីត​ព្រះអង្គម្ចាស់​ក្សត្រី​ជប៉ុន ដែល​បច្ចុប្បន្ន​មាន​ឈ្មោះថា អ្នកស្រី មូរីយ៉ា (Moriya) បាន​ស្លៀក​រ៉ូប​ពណ៌​ផ្កាឈូក​ស្រាល ដែល​ធ្វើ​ពី​សរសៃ​សូត្រ ដ៏​ស្អាត​ប្រណិត។ សំលៀកបំពាក់​ដែល​ធ្វើ​ពី​សរសៃ​សូត្រ​ដ៏​ប្រណិត​នេះ ត្រូវ​បាន​ត្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ម្ដាយ​របស់​អ្នកស្រី ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ បាន​ទទួល​ជា​អំណោយ ពី​អង្គ​ការ​មិន​​រក​កម្រៃ​មួយ ដល់​គ្រួសារ​របស់​អ្នកស្រី​កាលពី​ឆ្នាំ​២០១៤។

ព្រះរាជ​បុត្រី​នៃ​ជីដូនមួយ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ (Akihito) បាន​ប្រកាស​លាលែង​ឋានៈ​ជា​ព្រះអង្គម្ចាស់​ក្សត្រី​របស់​ខ្លួន ហើយ​មក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស ជា​ប្រជា​រាស្ត្រ​សាមញ្ញ​ម្នាក់​កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា។

អតីត​ព្រះអង្គម្ចាស់​ក្សត្រី​រូប​នេះ មាន​អាយុ​២៨​ឆ្នាំ និង​ជា​កូនស្រី​របស់​ព្រះអង្គម្ចាស់ តាកាម៉ាដូ (Takamado)។ អ្នកស្រី​មូរីយ៉ា រៀបការ​ជាមួយ​ស្វាមី​ដែល​មាន​ឈ្មោះ កេ មូរីយ៉ា (Kei Moriya) អាយុ​៣២​ឆ្នាំ កំពុង​បំរើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​មាន​ឈ្មោះ​ល្បី​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។