ពលរដ្ឋ និងអ្នកជំនាញផ្នែកចាប៉ីយល់ថា មរណភាពរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង ប្រាជ្ញ ឈួន គឺជាការបាត់បង់មរតកវប្បធម៌ផ្នែកចាប៉ីដងវែងដ៏គួរឲ្យសោកស្តាយបំផុត។ ចំណែកអ្នកនាំពាក្យក្រសួងវប្បធម៌អះអាងថា ក្រសួងនឹងខិតខំប្រមែប្រមូលស្នាដៃនានារបស់លោក ប្រាជ្ញ ឈួន និងអ្នកចាប៉ីជើងចាស់ល្បីឈ្មោះផ្សេងទៀតចងក្រងទុកធ្វើឯកសារ។
ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក ប្រាជ្ញ ឈួន ទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប៉ុន្តែលោកបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្បីសុសសាយ ដែលមហាជនទូទៅចាត់ទុកលោកជាធនធានមនុស្សដ៏កម្រម្នាក់ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញា និងស្មារតីស្ទើរមួយជីវិត ដើម្បីរក្សាតន្ត្រីបូរាណខ្មែរមួយនេះ។ លោកព្រឹទ្ធាចារ្យរៀនចាប៉ីតាំងពីកុមារភាពម៉្លេះ ដោយមានឪពុកម្នាក់ ដែលជាអ្នកចាប៉ីល្បីឈ្មោះ មានរហ័សនាមថា ”ចង្កូមប្រាំបី” ជាអ្នកបង្រៀន ហើយលោកទទួលបានការបង្ហាត់បង្រៀនខាង ភាសាបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗ ពីព្រះសង្ឃ។
អ្នកច្រៀងចាប៉ីដងវែងវ័យក្មេងម្នាក់លោក នូ សំណាង រម្លឹកថា លោកធ្លាប់បានច្រៀងចាប៉ីឆ្លើយឆ្លងជាមួយលោក ប្រាជ្ញ ឈួន ម្តងកាល កាលពីលោក ប្រាជ្ញ ឈួន នៅមានជីវិត។ លោកថែមរៀបរាប់ទៀតថា បើនិយាយពីទេពកោសល្យរបស់ព្រឹទ្ធាចារ្យរូបនេះ លោកស្ទើរតែព្រឺឆ្អឹងខ្នង ព្រោះលោក ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដងវែងម្នាក់ ដែលមានចំណេះដឹង និងជំនាញយ៉ាងសម្បូរបែបពោរពេញដោយការអប់រំ៖ «ពេលបងសម្ភាសប្អូនប្អូនព្រឺរោមតែម្តងពេលនឹកឃើញពីសមត្ថភាពគាត់ លោកតាបានលះបង់ពេញមួយជីវិតរបស់គាត់ដើម្បីសិល្បៈចាប៉ីដងវែង ការច្រៀងកំណាព្យកាព្យឃ្លោងរបស់គាត់ពោរពេញដោយការអប់រំ ទោះបីគាត់បំប្លែងន័យយ៉ាងម៉េចក៏ដោយក៏ក្នុងន័យអប់រំដែរ»។
អ្នកចាប៉ីដងវែងជំនាន់ក្រោយរូបនេះអះអាងថា លោកនឹងបន្តកិច្ចការនេះដោយចិត្តទុកដាក់ដើម្បីចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរមួយនេះ។
ពលរដ្ឋម្នាក់លោក យឹម ភិរម្យ និយាយថា ទេពកោសល្យព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺមិនងាយបណ្តុះបានទេ ហើយការបាត់បង់លោកគឺជារឿងគួរឲ្យសោកស្តាយជាទីបំផុត។ ពលរដ្ឋរូបនេះ ប្រាប់ថា លោកបានស្គាល់ស្នាដៃចាប៉ីលោក ប្រាជ្ញ ឈួន តាមរយៈការច្រៀងរៀបរាប់ពីច្បាប់ ស្រី ហើយលោកយល់ថា នេះការអប់រំមួយដ៏ល្អ។ លោកបន្តថា របបក្រុងភ្នំពេញគួរសាងសង់ រូបសំណាក់លោក ប្រាជ្ញ ឈួន ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងចងចាំមុខមាត់បុគ្គល ដែលមានស្នាដៃចំពោះប្រទេសជាតិ៖ « បាទចំពោះវិធីបុណ្យខ្ញុំចង់ឃើញរដ្ឋាភិបាលប្រារព្ធពិធីបុណ្យឲ្យស័ក្កិសមនឹងកិត្តិយសរបស់គាត់ មានបំពាក់មេដាយ ឬសង់រូបសំណាក់ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានចងចាំ និងរំលឹកអំពីវីរភាពរបស់គាត់»។
ពលរដ្ឋម្នាក់ទៀត លោក រាហ៊ូ កុមារ ចង់ឃើញរបបលោក ហ៊ុន សែន យកចិត្តទុកដាក់បន្ថែមទៀតលើអ្នកសិល្បៈចាប៉ីដងវែង និងអ្នកសិល្បៈបុរាណផ្សេងទៀត ដើម្បីឲ្យពួកមានទីផ្សារការងារ ឬចេញសម្តែងបានច្រើនញឹកញាប់ដូចអ្នកសិល្បៈសម័យដែរ។ ក្រៅពីនេះលោកទាមទារទៅវិស័យឯកជន ឬស្ថានីយ៍វិទ្យុ ទូរទស្សន៍នានាត្រូវផ្តល់ឳកាសឲ្យអ្នកសិល្បៈករចាប៉ីផង ខណៈលោកសង្កេតឃើញថា ស្ថាននីយ៍វិទ្យុ ទូរទស្សន៍នានា ភាគច្រើនផ្តល់អាទិភាពការសម្តែងឲ្យតែសិល្បៈសម័យ៖ ការសម្ដែងហ្នឹងខ្ញុំសំណោមពរដល់ស្ថានីយ៍គ្រប់ប៉ុស្តិ៍ជាពិសេសមហាជនប្រជាពលរដ្ឋអ្នកស្រលាញ់សិល្បៈជួយគាំទ្រកុំឲ្យគិតថា ចាប៉ី គឺគ្រប់វិស័យ»។
លោក ប្រាជ្ញ ឈួន កើតក្នុងគ្រួសារកសិករក្រីក្រ នៅឆ្នាំ១៩៣៦ ក្នុងភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយសារជំងឺកញ្ជ្រឹលបានធ្វើឲ្យលោកពិការភ្នែកទាំងគូតាំងពីអាយុ ៥ឆ្នាំមកម៉្លេះ។ លោកមិនបានបង្រៀនជំនាញចាប៉ីនេះដល់កូនទាំង ៥នាក់របស់លោកទេ។ លោកព្រឹទ្ធាចារ្យធ្លាប់និយាយកាលពីលោកនៅមានជីវិតថា ជីវិតអ្នកចាប៉ីពិបាក និងរកថវិកាចិញ្ចឹមជីវិត ហើយម្យ៉ាងកូនៗ របស់លោកហាក់មិនសូវមានចំណូលចិត្ត និងចាប៉ីនោះទេ។
ក្នុងការប្រឡងប្រជែងផ្នែកចាប៉ីមួយដែលរៀបចំដោយវិទ្យុជាតិ កាលពីនៅឆ្នាំ១៩៦២ លោកទទួលចំណាត់ថ្នាក់លេខ១។
កាលពីឆ្នាំ២០១៧ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន រួមទាំងព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរបបក្រុងភ្នំពេញ បំពាក់មេដាយកិត្តិយសថ្នាក់ «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍»។
ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈចាត់ទុករូបលោក និងព្រឹទ្ធាចារ្យ គង់ ណៃ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់កម្ពុជា និងអង្គការ យូណេស្កូ ដោយសារទេពកោសល្យក្នុងការប្រើប្រាស់ ពាក្យពេចន៍ និងកេរ្ត៍ឈ្មោះល្បីល្បាញតាមរយៈចម្រៀងចាប៉ីដងវែងជាច្រើនទសវត្សរ៍មកហើយ។ ក្រៅពីល្បីឈ្មោះនៅក្នុងប្រទេសលោកព្រឹទ្ធាចារ្យក៏មានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិដែរ ដោយលោកត្រូវបានគេអញ្ជើញឲ្យទៅសម្តែងនៅប្រទេសបារាំង សិង្ហបុរី និងអាមេរិកជាដើម។
ចម្រៀងរបស់លោកភាគច្រើនគឺរៀបរាប់ពីច្បាប់ស្រី ច្បាប់ក្រម ង៉ុយ ដែលពោរពេញទៅដោយ ការអប់រំ និងកំប្លែងខ្លះៗ ដែរ។ ជាងនេះទៅទៀតអ្នកជំនាញចាប៉ីរូបនេះ និយមតែងបទថ្មីច្រៀងភ្លាមៗ ក្នុងពេលកំពុងលេងចាប៉ីហើយទំនុកចម្រៀងទាំងនោះផ្អែកទៅតាមស្ថានការណ៍ជាក់ស្តែងព្រមទាំងមានឃ្លោងឃ្លាចុងជួនប្រដេញគ្នាល្អណាស់។
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា អ្វីដែលជាលក្ខណៈពិសេសរបស់ស្តេចចាប៉ីដងវែង ប្រាជ្ញ ឈួន គឺលោកមានការចងចាំខ្ពស់ និងរហ័សរហួន ហើយនាឡិកាក្នុងខ្លួនលោកដើរល្អណាស់ ។ លោកបន្តថា ក្រោយ ៧ មករា ១៩៧៩ រាល់គោលនយោបាយរបស់រណសិរ្ស របស់បក្ស សេចក្តីថ្លែងការណ៍នានា របស់ថ្នាក់ដឹកនាំ អានឲ្យគាត់ស្តាប់តែមួយដង គាត់លេងចាប៉ីគ្មានបាត់គោលធំៗ ណាមួយឡើយ ។ បើប្រាប់គាត់ថា កម្មវិធីមានមួយម៉ោងគាត់លេងចប់ល្មម មិនឆក់កណ្ឌៀត មិនស្រូត ហើយមិនលើស។ គាត់ជាអច្ឆរិយៈបុគ្គលម្នាក់។
អ្នកគាំទ្រវប្បធម៌ម្នាក់ គឺលោកអាចារ្យធំយល់ថា ត្បិតចាប៉ីដងវែងបានចូលរួមថែរក្សាមរតកវប្បធម៌ជាតិក៏ពិតមែន ប៉ុន្តែលោកសង្កេតឃើញថា ជីវភាពអ្នកចាប៉ីដងវែង គឺមានភាពក្រលំបាក រហូតលោកនិយាយពាក្យមួយឃ្លាថា "ចង្វាក់បែកស្លុយប្រគំលើឆាកចាប៉ីតោកយ៉ាកអត់ឆាកសម្តែង"។ អ្នកគាំទ្រវប្បធម៌ខ្មែររូបនេះយល់ថា ដល់ពេលរបបក្រុងភ្នំពេញ ត្រូវរៀបចំដើម្បីឲ្យអ្នកចម្រៀងចាប៉ីដងវែងមានឱកាសអាចច្រៀងនៅតាមកម្មវិធីនានា និងតាមស្ថាននីយ៍ទូរទស្សន៍នានា៖ « ចង្វាក់បែកស្លុយប្រគំលើឆាកចាប៉ីខ្មែរតោកយ៉ាកអត់ឆាកសម្តែងទេ គេអត់ហៅទៅកន្លែងថ្កុំថ្កើងទេ គេហៅទៅកម្មវិធីបុណ្យខ្មោច ទៅ ហៅទៅកម្មវិធីណាមិនសូវបានលុយណា ហើយបើបានក៏បានតិចដែរ។ ប៉ុន្តែបើអ្នកសិល្បៈមួយជ្រុង ដែលគាត់មកបទញាក់កន្ត្រាក់អារម្មណ៍ ដែលមកពីគេហ្នឹង តម្លៃគាត់ពីរពាន់ដុល្លារជាង » ។
អ្នកនាំពាក្យក្រសួងវប្បធម៌លោក ថៃ នរៈសត្យា ឲ្យអាស៊ីសេរីដឹងថា មរណភាពរបស់ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺជាការបាត់បង់មរតកមនុស្សរស់ និងជាធនធានដ៏សំខាន់ក្នុងវិស័យវប្បធម៌អរូបិយ។ អ្នកនាំពាក្យរូបនេះអះអាងថា មិនចំពោះតែលោក ប្រាជ្ញ ឈួន ម្នាក់ទេ គឺមានអ្នកចម្រៀងចាប៉ីដងវែងផ្សេងទៀត ត្រូវបានរបបក្រុងភ្នំពេញផ្តល់ប្រាក់បៀវត្សរ៍អស់មួយជីវិត និងប្រាក់ឧបត្ថម្ភនានា។ ជុំវិញការថែរក្សាស្នាដៃរបស់អ្នកចាប៉ីដែលមានស្នាដៃ លោក ថៃ នរៈសត្យា ឲ្យដឹងទៀតថា ក្រសួងវប្បធម៌បានរៀបចំប្រមូល និងចងក្រងស្នាដៃអ្នកទាំងនោះ រួមទាំងស្នាដៃ លោក ប្រាជ្ញ ឈួន ឲ្យបានល្អគង់វង្ស៖ «ក្រសួងបានធ្វើកន្លងមកហើយ ប៉ុន្តែក្រោយអំពីមរណភាពរបស់គាត់ ( ប្រាជ្ញ ឈួន ) ប្រហែលជាមានការប្រយ័ត្នប្រយែង និងប្រឹងប្រែងថែមទៀត»។
សពលោក ប្រាជ្ញ ឈួន តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តបទុមវត្តី ក្រុងភ្នំពេញ និងបូជា នៅថ្ងៃទី១៩ ខែវិច្ឆិកា។ ពិធីបុណ្យគម្រង់ ៧ថ្ងៃនឹងរៀបចំនៅស្រុកកំណើតរបស់លោកក្នុងភូមិស្រម៉ក្រោម ឃុំខ្វាង ស្រុកទ្រាំង ខេត្តតាកែវ។
កាលពីនៅមានជីវិតលោក ប្រាជ្ញ ឈួន ធ្លាប់ដង្ហោយហៅស្នើសុំទៅរបបលោក ហ៊ុន សែន ពលរដ្ឋ និងមហាជននានា ឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើអ្នកសិល្បៈចាប៉ីដងវែង ជួយលើកស្ទួយសិល្បៈចាប៉ីដងវែងនេះឲ្យបានគង់វង្ស ខណៈអ្នកចាប៉ីទាំងអ្នកមានស្នាដៃ មិនសូវមានស្នាដៃតែងតែជួបបញ្ហាជីវភាព និងខ្វះការគាំទ្រ បើធៀបទៅនឹងសិល្បៈសម័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។