ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាខួប ៦ឆ្នាំនៃព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានពេជ្រឆ្លងទៅកោះពេជ្រ ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។ ហេតុការណ៍កាលណោះ បានធ្វើឲ្យមនុស្សជិត ៤០០នាក់ជាន់គ្នាស្លាប់។ រហូតមកទល់ពេលនេះ សង្គមស៊ីវិលនៅតែចង់ឃើញអ្នកទទួលខុសត្រូវចំពោះការស្លាប់នៅលើស្ពានកោះពេជ្រពេលនោះ។
បើទោះជាសោកនាដកម្មនៅលើស្ពានកោះពេជ្រ បានធ្វើឲ្យមនុស្សជាច្រើនស្លាប់ក្តី រហូតមកទល់ពេលនេះ មិនមានអាជ្ញាធរ ឬមន្ត្រីរដ្ឋាភិបាលណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតឡើងនោះទេ គឺឃើញតែសម្ដែងការសោកស្ដាយនូវអ្វីដែលបានកើតឡើងប៉ុណ្ណោះ។
ក្នុងខួប ៦ឆ្នាំនៃព្រឹត្តិការណ៍នេះ សាលារាជធានីភ្នំពេញ គ្រោងរៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានបាត់បង់ជីវិតនៅពេលនោះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២១ វិច្ឆិកា ថា សាលារាជធានីភ្នំពេញ នឹងនិមន្តព្រះសង្ឃចំនួន ៨១អង្គរាប់បាត្រ។ លោកថា ក្រៅពីអាជ្ញាធរ ពលរដ្ឋដែលជាសាច់ញាតិជនរងគ្រោះ ក៏នឹងចូលរួមក្នុងពិធីរាប់បាត្របង្សុកូលនេះដែរ។ លោក មាន ចាន់យ៉ាដា ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទូទៅចូលរួមក្នុងពិធីបុណ្យបង្សុកូលនេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង សម្ដែងការគាំទ្រចំពោះការរៀបចំឲ្យមានពិធីបុណ្យបង្សុកូលនេះរបស់អាជ្ញាធរ ព្រោះលោកថាវាជាព្រឹត្តិការណ៍ធំមួយដែលកម្ពុជា គួរចងចាំ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការប្រារព្ធពិធីចងចាំនេះ លោក យង់ គិមអេង ក៏ចង់ឃើញមានអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតឡើង៖ « រឿងសំខាន់មួយទៀតដែលយើងចង់ឃើញដែរ ឲ្យមានចំណាត់ការច្បាស់លាស់ អ្នកណាទទួលខុសត្រូវ អ្នកណាធ្វេសប្រហែស អ្នកណាចាត់ការរៀបចំសន្តិសុខ គួរតែធ្វើការពិន័យ ឬដាក់ទោសទណ្ឌ។ យើងអត់ទាន់ឃើញមាន តែនៅស្រុកគេ គេមានដាក់ទោសទណ្ឌពិន័យអ្នកទទួលខុសត្រូវដែលធ្វេសប្រហែសរៀបចំមិនបានស្រួលបួលឲ្យមានការជាន់គ្នា »។
គេនៅចាំបានថា ក្រោយព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នោះកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខសម្ដែងការសោកស្ដាយ។ លោក ហ៊ុន សែន ថែមទាំងសម្រក់ទឹកភ្នែកសម្ដែងការអាណិតចំពោះជនបាត់បង់ជីវិតថែមទៀតផង។ ប៉ុន្តែលោកមិនបានស្ដីបន្ទោសមន្ត្រី ឬអ្នកក្រោមបង្គាប់របស់លោកណាម្នាក់ជាសាធារណៈ ចំពោះហេតុការណ៍ដែលបានកើតឡើងនោះឡើយ ដោយលោកគ្រាន់តែចាត់ទុកថា វាជាហេតុការណ៍អាក្រក់ដែលគ្មានអ្នកណាម្នាក់ចង់ឲ្យកើតឡើងនោះទេ។
ព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅក្នុងឆ្នាំ២០១០ នោះ គឺមានលោក កែប ជុតិមា ធ្វើជាអភិបាលក្រុង និងលោក ទូច ណារ័ត្ន ជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយព្រឹត្តិការណ៍នេះ មានមតិជាច្រើនលើកឡើងថា អាជ្ញាធរក្រុងភ្នំពេញដែលជាអ្នករៀបចំចាត់ចែងពិធីបុណ្យ និងជាអ្នកធានានូវសុខសុវត្ថិភាពពលរដ្ឋ គួរចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មដែលបានកើតឡើង ដូចជាត្រូវក្លាហានប្រកាសចុះចេញពីតំណែងដូចនៅបរទេស ឬរដ្ឋាភិបាលត្រូវដាក់ពិន័យរដ្ឋបាលចំពោះការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ជាដើម។
លោក យង់ គិមអេង យល់ឃើញថា ចំពោះការស្លាប់នៅស្ពានកោះពេជ្រ វាគួរតែមានការស៊ើបអង្កេតឲ្យច្បាស់លាស់ រួចផ្តល់របាយការណ៍ជាក់លាក់ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងពលរដ្ឋទូទៅ ព្រោះលោកថា ការធ្វេសប្រហែសរបស់សមត្ថកិច្ច សមត្ថកិច្ចក៏ត្រូវមានទោសដែរ៖ « ជាការពិតណាស់ ការផ្តល់សំណងជូនគាត់ គឺរដ្ឋ ប៉ុន្តែកន្លងមកយើងឃើញមានការផ្តល់សំណងមួយចំនួន ហើយដល់ក្រុមគ្រួសារសព ប៉ុន្តែសំខាន់មួយទៀតគឺសំណងជាយុត្តិធម៌នៃការជាន់គ្នាស្លាប់ ហើយមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ឲ្យមានការទទួលខុសត្រូវចំពោះរឿងហ្នឹង យើងអត់មាន »។
ប្រហែលជាដោយសារមានមេរៀនមិនល្អធ្លាប់កើតមាន ទើបគេឃើញថាក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ អាជ្ញាធរហាក់រៀបចំរក្សាសុវត្ថិភាពជូនពលរដ្ឋបានប្រសើរជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូកពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ វិច្ឆិកា កន្លងទៅ អាជ្ញាធរក្រុងភ្នំពេញមិនបានតុបតែងកន្លែងស្តូបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្បែរស្ពានកោះពេជ្រថ្មី ឲ្យជាកន្លែងជាទីកត់សម្គាល់របស់ពលរដ្ឋចូលរួមឡើយ។
គេពុំឃើញមានដាក់កម្រងផ្កា ហើយនៅពេលយប់វិញ ក៏អាជ្ញាធរពុំមានដាក់ភ្លើងបំភ្លឺឲ្យគេបានឃើញស្តូបច្បាស់ឡើយ ហើយក៏មិនមានសរសេរជាអក្សរធំៗដើម្បីឲ្យពលរដ្ឋបានដឹងនោះដែរ។ ប្រការនេះ ត្រូវបានគេយល់ថា រដ្ឋាភិបាលហាក់មានចេតនាមិនចង់ឲ្យអ្នកចូលរួមពិធីបុណ្យអុំទូកចងចាំអំពីព្រឹត្តិការណ៍ជាន់គ្នានៅឆ្នាំ២០១០។
ពលរដ្ឋឈ្មោះ ទេស ចាន់ថុន ដែលបានមកភ្នំពេញដើម្បីរើសសម្បកដប និងកំប៉ុងក្នុងអំឡុងពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក ហើយដែលគ្រួសារលោកបានយកទីស្តូបគោរពបូជាជនរងគ្រោះធ្វើជាទីស្នាក់អាស្រ័យនៅពេលយប់នោះ និយាយថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក លោកពុំឃើញមានមនុស្សចូលអុជធូប ឬដាក់ផ្កាគោរពបូជានៅកន្លែងស្តូបនោះទេ។ លោក ទេស ចាន់ថុន យល់ថា ប្រហែលជាពលរដ្ឋខ្លះមិនដឹងថា ស្តូបនោះធ្វើសម្រាប់អ្វីផង។ បុរសរូបនេះថាអាជ្ញាធរគួរដាក់ភ្លើងបំភ្លឺ ឬកម្រងផ្កា ដើម្បីឲ្យពលរដ្ឋងាយកត់សម្គាល់៖ « ខ្លះគេឆ្ងល់ដែរ គួរតែដាក់ភ្លើងឲ្យគ្នាមួយសម្រាប់ឲ្យភ្លឺ មិនគួរវាងងឹតអ៊ីចឹង។ វាអត់សម ព្រោះយើងដាក់ភ្លើង គឺសម្គាល់ពីមុនមកមានអ្នកស្លាប់អ៊ីចឹង ព្រោះយើងអត់ភ្លើងចឹង អ្នកអត់ដឹង គេមកអត់ដឹងទេ »។
ចំណែកកញ្ញា សុង ថារី ដែលកំពុងអង្គុយលើខឿនស្តូបនៅរាត្រីថ្ងៃទី៣ នៃពិធីបុណ្យអុំទូកនៅពេលសួរថា តើកន្លែងកញ្ញាកំពុងអង្គុយនោះជាកន្លែងអ្វី? កញ្ញា សុង ថារី ថានាងមិនដឹងនោះទេ។ តែកញ្ញាថា វាជាកន្លែងព្រហ្មមុខបួនកសាងឡើងសម្រាប់ឲ្យពលរដ្ឋសែនសុំសេចក្តីសុខសប្បាយទៅវិញ៖ « ខ្ញុំគិតថាគួរតែដាក់ភ្លើងដែរ សរសេរជាអក្សរដាក់ »។
ខុសពីពលរដ្ឋដែលចង់ឲ្យអាជ្ញាធរតុបតែងស្តូបជនរងគ្រោះក្នុងអំឡុងពេលពិធីបុណ្យអុំទូក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ពិធីបុណ្យអុំទូក គឺជាពេលដែលពលរដ្ឋនាំគ្នាដើរកម្សាន្តសប្បាយ។ ម្យ៉ាងលោកថា ពិធីរម្លឹកវិញ្ញាណក្ខន្ធថ្ងៃទី២២ វិច្ឆិកា អាជ្ញាធរក៏នៅតែប្រារព្ធជារៀងរាល់ឆ្នាំ ដូច្នេះគេមិនគួរធ្វើឲ្យវាឡូកឡំចូលគ្នានោះទេ៖ « យើងចង់ឲ្យពលរដ្ឋមានកម្មវិធីសប្បាយក្នុងពិធីបុណ្យអុំទូក ហើយទន្ទឹមនឹងការគោរពវិញ្ញាណក្ខន្ធ យើងក៏មិនបានបំភ្លេចដែរ។ នៅពេលយើងធ្វើ គឺយើងធ្វើមិនច្របូកច្របល់ឲ្យចូលគ្នាឲ្យមានការយល់ច្រឡំលើរឿងហ្នឹង »។
ទោះជាយ៉ាងណា ផ្ទុយពីការលើកឡើងរបស់មន្ត្រីសាលាក្រុង លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព យល់ថាការរៀបចំតុបតែងស្តូបដើម្បីឲ្យពលរដ្ឋងាយកត់សម្គាល់នៅក្នុងអំឡុងពេលបុណ្យអុំទូក ជារឿងល្អទៅវិញទេ។ លោកថា វាជាការពញ្ញាក់អារម្មណ៍ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ លោកថា ការបង្កលក្ខណៈឲ្យពលរដ្ឋសប្បាយជារឿងមួយ ប៉ុន្តែការដាស់ស្មារតីឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នតាមរយៈការដកពិសោធពីមេរៀនចាស់ និងចងចាំអ្នកដែលបានស្លាប់ពីមុន ក៏ជារឿងមិនគួរមើលរំលងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។