ការវិនិយោគលើវិស័យកាស៊ីណូនៅប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលរដ្ឋាភិបាលបានហាមឃាត់មិនឲ្យមានល្បែងស៊ីសង។ ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា ការវិនិយោគកាស៊ីណូ ពិតជាចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែច្បាប់គ្រប់គ្រងកាស៊ីណូទន់ខ្សោយ អាចប៉ះពាល់ដល់សន្តិសុខសង្គម និងជាប្រភពសម្រាប់បង្វែរទឹកប្រាក់ពុករលួយទៅជាប្រាក់ស្របច្បាប់។
វិស័យកាស៊ីណូនៅកម្ពុជា បានក្លាយជាអាវុធមុខពីរ គឺអាចធ្វើឲ្យសង្គមសេដ្ឋកិច្ចកម្ពុជា រីកចម្រើនតាមរយៈការប្រមូលធនធានហិរញ្ញវត្ថុបរទេសមកអភិវឌ្ឍប្រទេសកម្ពុជា និងទីពីរ អាចបំផ្លាញសង្គមគ្រួសារ ធ្វើឲ្យមានចោរកម្ម ការកាប់សម្លាប់ និងនាំឲ្យមានការរំលោភបំពាននានា។
បច្ចុប្បន្ន ចំនួនកាស៊ីណូដែលទទួលអាជ្ញាប័ណ្ណ កំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា មានចំនួន៥៧ ភាគច្រើនស្ថិតនៅតំបន់ព្រំដែនកម្ពុជាថៃ និងវៀតណាម ឬសមាមាត្រនឹងចំនួនជិត ៨ពាន់ស្លុតម៉ាស៊ីន (Slot Machines) និងជាង ២.៥០០ទូរនៅទូទាំងប្រទេសកម្ពុជា។ ប្រតិបត្តិករលើវិស័យកាស៊ីណូ គឺផ្ដាច់មុខនៅតាមតំបន់នីមួយៗ និងបានទទួលផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋបរទេស ជាពិសេសពីប្រទេសវៀតណាម ដែលប្រទេសនេះបានហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួន មិនឲ្យលេងល្បែងស៊ីសងនៅទឹកដីរបស់ខ្លួន។
តាមការសង្កេតដោយក្រុមអង្គការសង្គមស៊ីវិលនានាបានលើកឡើងថា មានប្រជាពលរដ្ឋកម្ពុជា ជាច្រើននាក់ កំពុងរងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងនាំឲ្យមានអំពើហិង្សា ស្របពេលដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណលើការបង្កើតកាស៊ីណូនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ភាពមិនប្រក្រតីនៃការវិនិយោគនៅលើវិស័យកាស៊ីណូនៅប្រទេសកម្ពុជា កើតឡើងដោយសាររូបភាពពីរ គឺការផ្ដល់អាជ្ញាប័ណ្ណ ឬការផ្ដល់កិច្ចសន្យាធ្វើអាជីវកម្ម និងការអនុវត្តច្បាប់គ្រប់គ្រងកាស៊ីណូរបស់រដ្ឋាភិបាលកម្ពុជា។ តំបន់នៅប្រទេសកម្ពុជា ដែលវិនិយោគកាស៊ីណូធំជាងគេ គឺនៅតំបន់ព្រំដែនកម្ពុជាថៃ និងបន្ទាប់មក គឺនៅព្រំដែនកម្ពុជា វៀតណាម និងរាជធានីភ្នំពេញ។
ប៉ុន្តែ ក្នុងចំណោមកាស៊ីណូទាំងអស់ មានតែកាស៊ីណូនៅរាជធានីភ្នំពេញមួយទេ ដែលមានការផ្ដាច់មុខ និងទទួលបានផលចំណេញខ្ពស់បំផុត៖ «ណាហ្គា រាយការណ៍នៅទីក្រុងហុងកុង គឺបានអួតពីផលចំណេញខ្ពស់ជាងគេទាំងអស់ គឺចេញមកពីទីក្រុងភ្នំពេញ តែបើមើលពីថវិកាបើ ណាហ្គា ចូលជាតិវិញ គឺសូន្យតែម្ដង គឺមានតិចមែនទែន។ ចំពោះខ្ញុំ អ្វីដែលសោកស្ដាយនោះ គឺយើងបានផ្ដល់សិទ្ធិឲ្យ ណាហ្គា ហ្នឹង ចំណេញលុយប្រមាណជាង ៣០០លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែយើងអត់បានយកពន្ធជួយជាតិយើងត្រឹមត្រូវ»។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមទៀតថា ការវិនិយោគកាស៊ីណូនៅភ្នំពេញ បានប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែការអនុវត្តច្បាប់នៅធូររលុងពេក។ ម្យ៉ាងវិញទៀត កាស៊ីណូ គឺជាទីកន្លែងមួយសម្រាប់បង្វែងលុយមិនស្របច្បាប់ដែលបានមកពីអំពើពុករលួយ និងការលក់សម្បត្តិធម្មជាតិផ្សេងៗទៅជាលុយស្របច្បាប់។ ការសើរើកិច្ចសន្យាអាជីវកម្មកាស៊ីណូទាំងអស់ អាចប្រមូលបានធនធានជាច្រើនលានដុល្លារអាមេរិករៀងរាល់ឆ្នាំ ជំរុញឲ្យសេដ្ឋកិច្ចជាតិ។
ស្របពេលដែលប្រទេសកម្ពុជា មិនទាន់មានវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យកាស៊ីណូចំណេញលុយច្រើនលានដុល្លារ ពង្រីកទីតាំងរបស់ខ្លួនបន្ថែមទៀត។
បច្ចុប្បន្ន កាស៊ីណូនេះកំពុងសាងសង់អគារបន្ថែមទៀតដែលមានតម្លៃប្រមាណ ៣៧០លានដុល្លារអាមេរិក ដែលអគារនេះអាចចតយន្តហោះប្រភេទ A320 ពីប្រទេសចិន និងកោះម៉ាកាវ (Macau) ដោយផ្ទាល់។ កាស៊ីណូនេះ បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការផ្ដាច់មុខនៅរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៤។ បច្ចុប្បន្ន បានទទួលប្រាក់ចំណូលប្រមាណ ៣៤៤លានដុល្លារអាមេរិក ប្រចាំឆ្នាំ២០១៣ និងបានចូលរួមវិភាគទានថវិកាចំនួន ២២លានដុល្លារអាមេរិកនៃប្រាក់ចំណូលសរុបដល់រដ្ឋាភិបាលកម្ពុជា ក្រៅពីបានបង់ពន្ធក្នុងមួយឆ្នាំជាង ៥លានដុល្លារអាមេរិក។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី យល់ឃើញស្រដៀងគ្នានេះដែរថា ការប្រមូលពន្ធពីវិស័យកាស៊ីណូហាក់នៅមានកម្រិត ដោយសារតែការអនុវត្តច្បាប់។ ម្យ៉ាងវិញទៀត កាស៊ីណូមួយចំនួន ក៏មិនបានបែងចែកផលចំណេញសម្រាប់អភិវឌ្ឍសង្គមឡើយ៖ «កាស៊ីណូខ្លះ យើងអាចចាត់ទុកថាជាការទទួលខុសត្រូវផ្នែកសង្គម ព្រោះគាត់យកផលចំណេញខ្លះចូលទៅកាកបាទក្រហម ឬក៏ធ្វើជាគម្រោងអីតូចតាចនៅតាមជនបទ តែនៅមានកម្រិតនៅឡើយ»។
ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលការប្រមូលពន្ធពីវិស័យកាស៊ីណូ ហាក់មានប្រសិទ្ធភាពតិចតួច និងវិស័យនេះបានប៉ះពាល់ជីវភាពប្រជាពលរដ្ឋកម្ពុជា មួយចំនួន អ្នកវិភាគនានាបានលើកឡើងថា យុទ្ធសាស្ត្រមួយដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋកម្ពុជា ចូលលេងល្បែងនៅកាស៊ីណូ លុះត្រាតែកម្ពុជា អនុវត្តទៅតាមគំរូរបស់ប្រទេសសិង្ហបុរី (Singapore) មានន័យថា អ្នកអាចចូលលេងល្បែងនៅកាស៊ីណូ ត្រូវតែបង់កម្រៃប្រចាំថ្ងៃ ៨០ដុល្លារ ឬអាចទិញប័ណ្ណចេញចូលលេខកាស៊ីណូ ដែលមានតម្លៃ ១.៦០០ដុល្លារអាមេរិក សម្រាប់រយៈពេលមួយឆ្នាំ។ ចំណែកការចូលលេងល្បែងកាស៊ីណូ មានតម្លៃប្រមាណ ១០០ដុល្លារអាមេរិកក្នុងមួយខែ។ វិធានការនេះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សន្សំជាជាងការចូលលេងល្បែងនៅកាស៊ីណូ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ចំណូលពន្ធពីកាស៊ីណូមានចំនួន ២២លានដុល្លារអាមេរិកនៅអំឡុងឆ្នាំ២០១៣ តាមរយៈការបង់កម្រៃអាជ្ញាប័ណ្ណប្រចាំឆ្នាំ ៣ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រាក់ប្រចាំខែអាស្រ័យនឹងទំហំ និងប្រតិបត្តិការរបស់កាស៊ីណូ និងប្រាក់តម្កល់ចំនួន ១សែនដុល្លារអាមេរិក។ របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលកំពុងរៀបចំច្បាប់កាស៊ីណូថ្មី ដើម្បីជំរុញឲ្យការវិនិយោគកាស៊ីណូមានតម្លាភាព។ ច្បាប់ថ្មី នឹងអាចដាក់សម្ពាធដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យជៀសវាងចេញពីការចូលលេងកាស៊ីណូ ហើយងាកមកសន្សំប្រាក់វិញ និងជាមូលដ្ឋានថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។