អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិនចំនួន ៥នាក់ ពីបទពាក់ព័ន្ធប្រព្រឹត្តបទល្មើស និងចូលមកកម្ពុជាដោយខុសច្បាប់។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីលា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ថា ជនជាតិចិនទាំងនេះបានប្រព្រឹត្តបទល្មើស ប្រើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី១៣ ខែកក្កដា នៅខេត្តព្រះសីហនុ។
លោក អ៊ុក ហៃសីលា បន្តថា ជនជាតិចិនទាំងនេះត្រូវបានបញ្ជូនចេញទៅប្រទេសដើមកំណើតរបស់ខ្លួនវិញហើយនៅថ្ងៃអង្គារនេះ និងមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញបាននោះទេ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសំណូមពរ ដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្យចូលរួមសហការផ្ដល់ព័ត៌មាន រាល់ជនបរទេសណា ដែលចូលមកកម្ពុជាដោយខុសច្បាប់ លួចលាក់ស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដល់សមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានអោយដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨នេះ ដោយមានកិច្ចសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានឃាត់ខ្លួនជនជាតិបរទេស ដែលលួចមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ហើយបានបណ្ដេញចេញពីកម្ពុជា ចំនួន ៦៦៧នាក់ ក្នុងនោះស្រី ១២៥នាក់ ដែលសរុបមានចំនួន ៣០សញ្ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។