កម្ពុជា​នឹង​មាន​ជើង​ហោះហើរ​ផ្ទាល់​ពី​ជប៉ុន​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ

កម្ពុជា នឹង​មាន​ជើង​យន្តហោះ​ដោយ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ៦​ខែ​ខាង​មុខ​ទៀត​នេះ ដែល​ជា​ការ​ចាប់​ផ្ដើម​លើក​ដំបូង​ពុំ​ធ្លាប់​មាន សម្រាប់​អ្នក​ដំណើរ​ដែល​ចង់​មក​ទស្សនកិច្ច ឬ​ធ្វើ​ដំណើរ​កម្សាន្ត ព្រម​ទាំង​ធ្វើ​ជំនួញ​នៅ​កម្ពុជា។

ការ​បើក​ទូលាយ​ជើង​ហោះហើរ​នេះ ត្រូវ​អះអាង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​ជា​មួយ​អគ្គនាយក​ក្រុមហ៊ុន អេច្ឆ.អាយ.អែស (H.I.S) គឺ​លោក ហៃឌីយេ សាវដា (HiDea Sawda) របស់​ជប៉ុន នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​៣១ មករា។

លោក អៀង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​នៅ​ក្រោយ​ជំនួប​នោះ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ដ៏​ឆាប់​ខាង​មុខ​នេះ កម្ពុជា នឹង​បើក​ទូលាយ​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន មក​កម្ពុជា។ លោក​បន្ត​ថា លើស​ពី​នេះ កម្ពុជា នឹង​ជួយ​សម្រួល​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ជប៉ុន ថែម​ទៀត ដោយ​ពុំ​ចាំបាច់​ស្វែង​រក​ទិដ្ឋាការ​នៅ​ប្រទេស​ផ្សេង​មុន​មក​កម្ពុជា នោះ​ឡើយ៖ «សម្ដេច​ក៏​ផ្ដោត​ក្ដី​សង្ឃឹម​ថា ក្នុង​រយៈពេល ៦​ខែ​ខាង​មុខ​នឹង​មាន​ការ​ហោះហើរ​ផ្ទាល់ ដោយ​ផ្ទាល់​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា យើង។ ដោយ​ឡែក សម្ដេច​ក៏​បាន​ជម្រាប​ជូន លោក ហៃឌីយេ ដែរ​ថា ខាង​ផ្នែក​កម្ពុជា យើង គឺ​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរណ៍ តាមរយៈ​ផ្ដល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់​កម្ពុជា តែ​ម្ដង មិន​ចាំ​បាច់​ស្វែង​រក ឬ​ធ្វើ​ទិដ្ឋាការ​នៅ​ប្រទេស​ក្រៅ​នោះ​ទេ។ ហើយ​ម្យ៉ាង​វិញ​ទៀត ទេសចរ​ជប៉ុន ក៏​អាច​ប្រើ​ប្រាក់​យេន របស់​ជប៉ុន នៅ​ក្នុង​ព្រះរាជាណាចក្រ​យើង​ផង​ដែរ»

លោក អៀង សុផល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដោយ​ស្រង់​សម្ដី​របស់ លោក ហៃឌីយេ សាវដា ដែល​ថា ក្រុមហ៊ុន​របស់​លោក​ដែល​វិនិយោគ​ផ្នែក​វិស័យ​ទេសចរណ៍​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន នេះ នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។