ភរិយាលោក ជា វិជ្ជា មិនរំពឹងថា ទទួលបានយុត្តិធម៌ពីរបបដឹកនាំបច្ចុប្បន្នរកឃាតកពិត
2020.01.22
ភរិយាលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ មិនរំពឹងថា នឹងទទួលបានយុត្តិធម៌ពីរបបដឹកនាំបច្ចុប្បន្ន ក្នុងការវែកមុខរកឃាតកពិត ដែលបានបាញ់សម្លាប់ស្វាមីនៅកណ្ដាលក្រុងភ្នំពេញនោះទេ។ ការលើកឡើងនេះ នៅគ្រាដែលឃាតកម្មលើ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានរយៈពេល១៦ឆ្នាំគត់ តែរដ្ឋាភិបាលនៅតែមិនអាចរកឃាតកឃើញ។
ភរិយា លោក ជា វិជ្ជា គឺលោកស្រី ជា គឹមនី ដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ ថ្លែងថា លោកស្រី មិនសង្ឃឹមទេថា លោកស្រីនិងកូនៗមានយុត្តិធម៌នោះ ល្គឹកណារបបក្រុងភ្នំពេញដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅតែកាន់ក្ដាប់អំណាច។
លោកស្រី ជា គឹមនី អំពាវនាវឱ្យពលរដ្ឋខ្មែរក្រោកឈរឡើងរួមកម្លាំងសាមគ្គីធ្វើការផ្លាស់ប្ដូរអ្នកដឹកនាំបច្ចុប្បន្ន ដើម្បីសិទ្ធិសេរីភាព ដោះស្រាយការរំលោភបំពាននានា និងកុំបែកបាក់គ្នា ហើយសហគមន៍អន្តរជាតិនិងបន្តជួយគាំទ្របន្ថែមទៀត នោះពន្លឺយុត្តិធម៌នឹងមានសម្រាប់គ្រប់គ្នាដែលរងគ្រោះ មិនថាតែគ្រួសារលោកស្រីនោះឡើយ៖ «បើសិនជាពន្លឺយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា វាអត់មានសម្រាប់ខ្មែរទេ បើសិនជាខ្មែរយើងមានឱកាសរួបរួមគ្នា ឈាមខ្មែរដូចគ្នាវាមានសម្ពាធពីអន្តរជាតិជួយយើងហើយបើសិនជាយើងស្រុះគ្នា យើងចាស់ៗយើងអ្នករងគ្រោះយើងដឹងហើយ និយាយទៅវាជិតចូល៤០ឆ្នាំហើយ យើងមិនអាចធ្វើអ្វីបានផង ប៉ុន្តែក្នុង៤០ឆ្នាំហ្នឹងយើងគិតមកដល់ឆ្នាំ២០២០ នេះ យើងគិតធ្វើអីមួយប្ដូរផ្លាស់ឱ្យបានល្អសម្រាប់ខ្មែរ មិនមែនប្ដូរផ្លាស់ដើម្បីសម្រាប់សម្លាប់ខ្មែរគ្នាឯងទេ ប្ដូរ ផ្លាស់ដើម្បីឱ្យមានយុត្តិធម៌សម្រាប់ខ្មែរទូទៅមិនមែនសម្រាប់តែគ្រួសារខ្ញុំទេ»។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មករចាត់ទុកថា ជាមេសហជីពដ៏ក្លាហាន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតូបលក់កាសែត កែងរបងវត្តលង្កា ក្រុងភ្នំពេញ ខណៈលោកកំពុងអានកាសែត វេលាម៉ោង៩ព្រឹក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយរវាងគណបក្សចំនួន៣ ដែលជាប់គាំងមិនអាចបង្កើតរដ្ឋាភិបាលបាន ក្រោយពេលបោះឆ្នោតឆ្នាំ២០០៣ ដែលគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សគណបក្ស សម រង្ស៊ី បានប្រកាសជំទាស់មិនទទួលស្គាល់លទ្ធផលឆ្នោត។
លោក ជា វិជ្ជា ក្រៅពីជាមេដឹកនាំសហជីព លោកក៏ជាសកម្មជនគណបក្ស សម រង្ស៊ី ដែរ។ លោកតែងតែដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទាមទារឱ្យកម្មករហ៊ានតវ៉ាចំពោះថៅកែរោងចក្រដើម្បីកុំឱ្យជិះជាន់កម្លាំងពលកម្មកម្មករក្នុងវិស័យកាត់ដេរ។
មុនឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា បានទទួលសារក្នុងទូរស័ព្ទដៃរបស់លោក គំរាមផ្ដាច់ជីវិត នៅក្នុងខែកក្កដា ឆ្នាំ២០០៣ បន្ទាប់ពីលោកប្រកាសឱ្យសមាជិកសហជីពសេរីកម្មករទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ លោកបានប្ដឹងទៅប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្របពេលលោកនៅតែបន្តសកម្មភាពការងារតស៊ូមតិដឹកនាំកម្មករធ្វើបាតុកម្មជាធម្មតា។ ប៉ុន្តែប៉ូលិស ឆ្លើយថា មិនហ៊ានចាត់ការទេ ព្រោះអ្នកគំរាមនោះជាមន្ត្រីមានឋានៈធំខ្ពស់ ហើយមន្ត្រីប៉ូលិសរូបនោះ បានណែនាំឱ្យលោក ជា វិជ្ជា ត្រូវរកកន្លែងមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី លោក ជា វិជ្ជា មិនព្រមចាកចេញពីប្រទេសកម្ពុជា តាមការស្នើសុំរបស់អង្គទូតនានាឡើយ ព្រោះលោកចង់តស៊ូដើម្បីផលប្រយោជន៍កម្មករ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាសហការីមួយរូបធ្លាប់ធ្វើការជិតស្និទ្ធជាមួយលោក ជា វិជ្ជា ថ្លែងថា លោក ជា វិជ្ជា បានលះបង់ធំធេងណាស់ដោយព្រោះចង់ឃើញកម្មករកម្មការិនីទទួលបានប្រាក់ឈ្នួលសមរម្យ មានជីវភាពរស់នៅថ្លៃថ្នូរ និងមានសិទ្ធិសេរីភាពនិងលក្ខខណ្ឌការងារល្អប្រសើរ៖ «ចលនាសហជីពដំបូងគឺមានតែសហជីពសេរីមួយទេបាទ! ក្នុងអំឡុងឆ្នាំ១៩៩៨ ១៩៩៩ មក ចលនាសហជីពសេរីដែលនាំមុខគេបំផុតហើយ។ ពេលនោះក៏យើងធ្វើសកម្មភាពជួយកម្មករ លោក ជា វិជ្ជា យើងដឹងហើយសម័យនោះ មិនមានប្រាក់ឈ្នួលប្រាក់ឧបត្ថម្ភមិនមានជំនួយអីធំទេ ធ្វើការដោយស្ម័គ្រចិត្តចាយលុយហោប៉ៅខ្លួនឯង លះបង់ធំធេងណាស់ ខិតខំធ្វើរហូតដល់កម្មករមានការយល់ដឹងចេះ តស៊ូមតិ ចេះទាមទារប្រាក់ឈ្នួលទាមទារលក្ខខណ្ឌការងាររហូតមានការផ្លាស់ប្ដូរការប្រែប្រួលរហូតបន្តបន្ទាប់មក»។
ថ្វីបើលោកមានការតស៊ូលះបង់ជីវិតបែបនេះក្ដី គិតមកពេលនេះ មានរយៈពេល ១៦ឆ្នាំហើយ ដែលសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ នៅមិនទាន់ត្រូវបានរបបក្រុងភ្នំពេញ វែកមុខរកឃាតកឃើញនៅឡើយ ក្រោយរងការរិះគន់ថា បានព្យាយាមបង្កើតឃាតកសិប្បនិមិត្តនោះ។ រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែអះអាងថា សំណុំរឿងនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ មិនដែលមានបង្ហាញពីការវិវឌ្ឍនៃការស៊ើបអង្កេតណាមួយឡើយ ដែលប្រការនេះ ធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិជឿថា រដ្ឋាភិបាលលោក ហ៊ុន សែន និយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ ពោលគឺពុំបានធ្វើការស៊ើបអង្កេតនោះសោះឡើយ។
ក្រោយឃាតកម្មលោក ជា វិជ្ជា គឺមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលស្វែងរកចាប់ខ្លួនឃាតក។ ដើម្បីទប់ស្ថានការណ៍ខ្លះ នៅកាលណោះ សមត្ថកិច្ចបានចាប់ឃាតកសិប្បនិមិត្ត គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដើម្បីឱ្យសាធារណជនស្ងប់ចិត្ត ។ ទីបំផុតទៅតុលាការកំពូល ក៏បានសម្រេចចិត្តដោះលែងអ្នកទាំងពីរ ក៏ប៉ុន្តែអំពើដ៏អយុត្តិធម៌បានកើតមានលើជីវិត លោក ប៊ន សំណាង និងលោក សុខ សំអឿន រួចទៅហើយ បន្ទាប់ពីពួកមន្ត្រីប៉ូលិសជាន់ខ្ពស់ផុតលេខ និងតុលាការឃុបឃិតគ្នាសម្រេចឃុំខ្លួនពួកគេទាំងពីរក្នុងពន្ធនាគារអស់រយៈពេលជិត ៦ឆ្នាំ។
ជុំវិញសំណុំរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងដែរថា តុលាការនៅតែបើកចំហសំណុំរឿងនេះដដែល និងបានបង្វិលឱ្យគណៈកម្មការចម្រុះដឹកនាំដោយក្រសួងមហាផ្ទៃ ដែលរដ្ឋាភិបាលបង្កើតឡើង បន្តស៊ើបអង្កេតបន្ថែមទៀត ប៉ុន្តែមកទល់ពេលនេះ លោកក៏មិនដឹងថា មានលទ្ធផលបែបណានោះ។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាច្រើនលើកតែទូរស័ព្ទចូលមិនទទួល ហើយចុចបិទ។ ប៉ុន្តែលោកតែងតែងអះអាងមិនដាច់ពីមាត់ថា សមត្ថកិច្ចមិនដែលបិទសំណុំរឿងនេះឡើយ។
អតីតស្នងការរាជធានីភ្នំពេញ លោក ហេង ពៅ ធ្លាប់ប្រាប់កាសែតបរទេស មុនពេលលោក ហ៊ុន សែន មិនទាន់ចាប់ខ្លួនលោកពីប្រទេសម៉ាឡេស៊ី នៅក្នុងខែធ្នូ ឆ្នាំ២០០៦ ថា អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ហុក ឡងឌី បានបញ្ជាឱ្យលោកចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែមន្ត្រីលោក ហ៊ុន សែន បានបដិសេធការអះអាងរបស់លោក ហេង ពៅ នៅពេលនោះ។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ ថ្លែងក្នុងវេទិកាអាស៊ីសេរីនៅយប់ថ្ងៃអង្គារ ទី២១ ខែមករា ប្រហាក់ប្រហែលនឹងភរិយាលោក ជា វិជ្ជា ដែរថា លោកមើលឃើញថា ថ្វីបើពេលនេះរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការរកយុត្តិធម៌ដល់គ្រួសារជនរងគ្រោះក្ដី លោកនៅតែមានសង្ឃឹមថា យុត្តិធម៌នឹងនៅតែមានសម្រាប់ក្រុមគ្រួសារនិងលោកជា វិជ្ជា ជាក់ជាមិនខាននៅពេលវេលាណាមួយ៖ «ពេលនេះរដ្ឋាភិបាលគាត់មិនមានឆន្ទៈ តែក្រោយទៀតអាចរដ្ឋាភិបាលមានឆន្ទៈ យើងឃើញហើយដូចកាលជំនាន់ដែលគេសម្លាប់ លោក ជា វិជ្ជា ថ្មីៗ ព្រះករុណាសម្ដេចព្រះនរោត្ដម បរមរតនកោដ្ឋ គាត់ថា ឃាតកនោះមិនមែនជាឃាតកពិតទេ ទីបំផុតបានប៉ុន្មានឆ្នាំក្រោយមកគឺ លោក ប៊ន សំណាង លោក សុខ សំអឿន ត្រូវបានដោះលែងមែន។ ខ្ញុំក៏មានជំនឿអ៊ីចឹងដែរ។ បច្ចុប្បន្ននេះយើងឃើញថា រដ្ឋាភិបាល មិនមានឆន្ទៈ ប៉ុន្តែវាអាច រដ្ឋាភិបាលថ្មី ឬយ៉ាងម៉េចទៅបើមានឆន្ទៈគេអាចរកឃើញហើយ។ ខ្ញុំមានជំនឿអ៊ីចឹងបាទ»។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាឱ្យសាងសង់រូបសំណាកលោក ជា វិជ្ជា ឈរកាន់មេក្រូនៅលើពយ នៃសួនច្បារខាងលិចវិមានឯករាជ្យ ខាងជើងកែងវត្តលង្កា ចម្ងាយប្រមាណ ៥០ម៉ែត្រ ពីកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ជា វិជ្ជា ដោយត្រូវដាក់តាំងរូបសំណាកនោះឱ្យឈរបែរមុខទៅទិសខាងលិច។
មិនខុសពីឆ្នាំមុនៗទេ នៅខួប១៦ នៃឆ្នាំ២០២០នេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដួចផ្ដើមឱ្យមានការជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅទីកន្លែងតម្កល់រូបសំណាកលោក នៅព្រឹកថ្ងៃទី២២ ខែមករា ដែលជាខួបនៃការបាញ់ប្រហារលោក ជា វិជ្ជា។ រីឯសាលារាជធានីមិនអនុញ្ញាតឱ្យពួកគេហែក្បួនទេ ដោយដាក់លក្ខខណ្ឌឱ្យជួបជុំធ្វើពិធីសាសនា និងដាក់កម្រងផ្កា រួចបានត្រឹមថ្លែងសារប៉ុណ្ណោះ។
ភរិយាលោក ជា វិជ្ជា និងកូនស្រីទាំងពីរដែលធំធាត់នៅប្រទេសហ្វាំងឡង់ អះអាងវថា ស្រមោលអតីតកាលនៅតែតាមលងគ្រួសារលោកស្រីឥតឈប់ឈរ ភាពឈឺចាប់ និងការទន្ទឹងរង់ចាំយុត្តិធម៌ក៏នៅតែបន្ត ទោះបីជាបានកន្លងផុត១៦ឆ្នាំទៅហើយក្ដី៕