"ជនជាតិ​ចិន​កាន់​តែ​ច្រើន និង​កាន់តែ​ហ៊ាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​សាហាវៗ​នៅ​កម្ពុជា"

ដោយ ជាតិ ចំណាន
2019-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អាជីវកម្ម​មាន​អាសអាភាស កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៨។
ជនជាតិ​ចិន​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អាជីវកម្ម​មាន​អាសអាភាស កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៨។
រូបភាព​អគ្គស្នងការ​នគរបាល​ជាតិ

ការ​កើន​ឡើង​នៃ​វត្តមាន​ជនជាតិ​ចិន កាន់តែ​ច្រើន​នៅ​កម្ពុជា បាន​បង្ក​ភាព​រញ៉េរញ៉ៃ បទល្មើស​ធ្ងន់ធ្ងរ​កើតឡើង​ញឹកញាប់ និង​សាហាវៗ​ទៅ។ កាល​ជនជាតិ​ចិន​ហូរ​ចូល​គំហុក​ដំបូងៗ ជនជាតិ​ចិន ច្រើនតែ​ប្លន់ ចាប់ជំរិត ជន​ជាតិ​ចិន​ដូចគ្នា ដែល​កំពុង​ស្នាក់នៅ​កម្ពុជា ឬ​ជំរិត​ជនជាតិ​ចិន នៅ​ក្រៅ​ប្រទេស តាម​ប្រព័ន្ធ​អ៊ីនធឺណិត (internet)។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មកនេះ ជនជាតិ​ចិន ចាប់ផ្ដើម​កាន់តែ​ហ៊ាន លើកគ្នា​ជា​ក្រុមៗ វាយ​គ្នា កណ្ដាលយប់ មាន​កាំភ្លើង​បាញ់​បោះ និង​ហ៊ាន​ចេញ​ប្លន់​ញឹកញាប់។

តើ​មាន​មូលហេតុ​អ្វី បណ្ដាល​ឱ្យ​ជនជាតិ​ចិន កាន់​តែ​ច្រើន និង កាន់តែ​ហ៊ាន ប្រព្រឹត្តិ​បទឧក្រិដ្ឋ​សាហាវៗ នៅ​កម្ពុជា?

ក្រុម​អ្នកឃ្លាំមើល សង្កេត​ឃើញ​ថា កត្តា​ចម្បង​ដែល​ជនជាតិ​ចិន កាន់តែ​ច្រើន និង​ហ៊ាន​ប្រព្រឹត្តិ​បទល្មើស​សាហាវៗ ដោយសារ​ការអនុវត្ត​ច្បាប់​មិនទាន់​តឹងរ៉ឹង និង​មិន​មាន​ប្រសិទ្ធភាព ទើប​ធ្វើ​ឱ្យ​ក្រុម​ចិន​ខិលខូច មិន​រាងចាល។

ប្រធាន​សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ ឈុនអឿង និយាយ​ថា លោក​កាន់តែ​បារម្ភ ដោយសារ ជនជាតិ​កាន់តែ​ច្រើន​មក​កម្ពុជា ជា​បន្តបន្ទាប់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​កំណើន​ជនជាតិ​ចិន ទាំងនោះ ច្រើន​លើសលប់​ស្ទើរ​ទាំងអស់ មក​កម្ពុជា ដើម្បី​ដណ្ដើម​ការ​រកស៊ី​របស់​កម្មករ​ក្រៅ​ប្រព័ន្ធ។

លោក​ថា បច្ចុប្បន្ន ជនជាតិ​ចិន នាំមុខ​ក្នុង​ការ​ដណ្ដើម​មុខរបរ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ លោក​បន្ត​ថា កំណើន​ជនជាតិ​ចិន ផ្ដល់​ផល​ប៉ះពាល់​ទាំង​ផ្ទាល់ និង​ប្រយោល លើ​កម្មករ និង​អាជីវករ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ ប៉ះ​ផ្ទាល់ គឺ​ជន​ជាតិ​ចិន ទាំងនោះ មក​រត់​តាក់ស៊ី បើក​ផ្ទះសំណាក់ សេវាកម្ម ជាដើម នៅ​កម្ពុជា​។ ចំណែក ការ​ប៉ះពាល់ មិន​ផ្ទាល់ ឬ​ប្រយោល គឺ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ធុញទ្រាន់ ជនជាតិ​ចិន​ខ្លះ បង្ក​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្ដាប់ធ្នាប់ ជាមួយ​ជនជាតិ​ចិន ជាដើម៖ «ភាព​វិជ្ជមាន​វា​ឃើញ​ស្ដួចស្ដើង​ណាស់ ដូចជា​ការ​ប្រកប​មុខរបរ អ្នក​រត់​រ៉ឺម៉ក អ្នក​រត់​ម៉ូតូ អ្វី គឺ​តម្លៃ​មិន​ដូច​ជនជាតិ​បរទេស​ផ្សេងទៀត ដូចជា ជនជាតិ​អឺរ៉ុប​ទេ។ ឧបមា​ថា តម្លៃ​គាត់​ឌុប ខាង​អឺរ៉ុប ចម្ងាយ​ដី​ស្មើគ្នា យើង​ឌុប អឺរ៉ុប​បាន​៥​ដុល្លារ ពួកគាត់​(​ជនជាតិ​ចិន​) បាន​៣​ដុល្លារ ឬ​២​ដុល្លារ​ទេ។ ពួកគាត់ មិន​ងាយ​នឹង​ជិះ​រ៉ឺម៉ក​របស់​ខ្មែរ​ទេ»

របាយការណ៍​របស់​ប៉ូលិស បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១ គិត​ពី​ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ ២០១៩ ជនជាតិ​ចិន បង្ក​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជាងគេ ជនបរទេស​ផ្សេងទៀត គឺ​លើស​ជនជាតិ​វៀតណាម ទៅទៀត​។ រយៈពេល​៣​ខែ​នេះ សមត្ថកិច្ច អះអាង​ថា ជនជាតិ​ចិន​ចំនួន ២៤១ នាក់ ត្រូវ​បាន​ចាប់ខ្លួន ក្រោម​បទល្មើស​ផ្សេងៗ ខណៈ​ជនជាតិ​វៀតណាម ដែល​ចាប់ខ្លួន ចំនួន ៤៩​នាក់​។ ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនោះ ប្រព្រឹត្តិ​បទល្មើស ច្រើន​ទីតាំង នៅ​កម្ពុជា និង​បទ​ចោទ​ផ្សេងៗ​គ្នា។

ជនជាតិ​ចិន កើន​ឡើង​នៅ​កម្ពុជា​ខ្លាំង ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​។ ចំណែក​ឆ្នាំ​២០១៩ ជនជាតិ​ចិន ហូរ​ចូល​កាន់តែ​ច្រើន​តាម​ខេត្ត​ផ្សេងទៀត ដូចជា ខេត្ត​កំពត កែប តាកែវ សៀមរាប បន្ទាយមានជ័យ ជាដើម ខណៈ​ពលរដ្ឋ និង​អាជីវករ ឱ្យ​ដឹង​ថា ចិន នៅ​ក្រុងព្រះសីហនុ សឹង​តែ​មាន​ចំនួន​ច្រើនជាង​ខ្មែរ​ទៅ​ហើយ។

បទល្មើស ដែល​ជនជាតិ​ចិន ប្រព្រឹត្តិ​នៅ​ឆ្នាំ​២០១៩ មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ជាង​មុន ដូចជា ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ខេត្ត​សៀមរាប សមត្ថកិច្ច​បង្ក្រាប​បាន​ជាង​១៦០​នាក់ និង​គ្រឿង​បច្ចេកវិទ្យា​ជាច្រើន​។ ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ មុន​ឆ្នាំ​២០១៩ ប្រព្រឹត្តិ​បទល្មើស​ធំ គឺ​បើកបរ ដេញ​បុក​គ្នា បើក​កន្លែង​ពេស្យាចារ និង​ប្រមូល​គ្នា ជា​ក្រុម ដេញ​វាយ​គ្នា តាម​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​។ ករណី​ជាក់ស្ដែង​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា កន្លង​មក​នេះ គឺ​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់ ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ។ អ្នក​ប្រើ​បណ្ដាញ​សង្គម បាន​នាំ​គ្នា ចែកចាយ ឬ Share នូវ វីដេអូ​ប្រមាណ​៤០​វិនាទី ស្ដីពី​សកម្មភាព​ឃាតកម្ម​នេះ ខណៈ​ជនរងគ្រោះ​បាន​ឡើង​រថយន្ត​របស់​ជនល្មើស​។ បើ​តាម​វីដេអូ​ដដែល​នោះ បង្ហាញ​ថា រថយន្ត​បើក​ចេញ​បាន​ប្រហែលជា​២០​ម៉ែត្រ ពេលនោះ​ជនរងគ្រោះ​បាន​បើក​ទ្វា​រថយន្ត​ខាងឆ្វេង ផ្នែក​ខាង ក្រោយ​ទំនងជា​ចង់​រត់គេច ប៉ុន្តែ​ជនរងគ្រោះ​ត្រូវ​ជនល្មើស​បាញ់សម្លាប់​នៅ​នឹង​កន្លែង។ អ្នកដំណើរ​ថ្មើរជើង​នៅ កន្លែង​កើត​ហេតុ បាន​ផ្អើលឆោឡោ​ទំនង​លឺ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះឡើង​។ រថយន្ត​បង្ក​មិន​អាច​ធ្វើដំណើរ​ទៅមុខ​បាន​លឿន ពី​កន្លែង​កើតហេតុ​នោះ​ឡើយ ដោយ​ទីនោះ ជាទី​ប្រជុំ​ជន មាន​រថយន្ត និង​ម៉ូតូ​កង​បី​ច្រើន​។ ប៉ុន្មាន​២​ម៉ោង​ក្រោយ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​។ ស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ប្រាប់​កាសែត ភ្នំពេញ​ប៉ុស្ដិ៍​ថា សមត្ថកិច្ច​នៅតែ​បន្ត​ឃុំខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះ​នៅឡើយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម។ ករណី​មួយទៀត​កាលពី​ថ្ងៃ​ទី​០៧ ឧសភា សមត្ថកិច្ច​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចោទប្រកាន់​ជនជាតិ​ចិន​ពីរ​នាក់ សង្ស័យ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ប្លន់​) អ្នក​រថយន្ត ពី​អ្នក​បើក​រថយន្តឈ្នួល​ម្នាក់ ក្នុង​ពេល​បើកបរ​ទៅ​ខេត្ត​កំពត​។ ក្រៅ​ពី​នេះ កាលពីដើម​ខែ​មេសា សមត្ថកិច្ច បាន​រក​ឃើញ​ទីតាំង​ផលិត​គ្រឿងញៀន មួយ​កន្លែង ដែល​ជនជាតិ​ចិន​មួយ​ក្រុម ជួល​ផ្ទះ​ពលរដ្ឋ នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ លួច​ផលិត​គ្រឿងញៀន។

អាជីវករ​លក់​គ្រឿង​សមុទ្រ ម្ដុំ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ លោក គឹម សុខ ឱ្យ​ដឹង​ថា ជនជាតិ​ចិន ចូល​មក​ក្រុង​កំពង់សោម នៅ​ដើម​ឆ្នាំ​២០១៩ ផ្ដាច់មុខ គឺ ស្ទើរ​គ្មាន​ជនបរទេស​ផ្សេង​។ លោក​ថា ជនបរទេស​អឺរ៉ុប ដែល​ធ្លាប់​បើក​ជួល​ទីតាំង​បើក​អាជីវកម្ម នៅ​ក្រុង​កំពង់សោម បាន​បោះបង់ចោល អាជីវកម្ម ហើយ​ទីតាំង​ទាំងនោះ ត្រូវ​ជនជាតិ​ចិន​ជួល​បន្ត។

អាជីវករ​រូប​នេះ ថា ម្ចាស់​អាជីវកម្ម ម្ចាស់ផ្ទះ​សំណាក់ មួយ​ចំនួន ជួល​ទីតាំង​ទាំងស្រុង​ឱ្យ​ជនជាតិ​ចិន​តែម្ដង ព្រោះ​ចិន​ហ៊ាន​ឱ្យ​តម្លៃ​ថ្លៃ​ជាង រកស៊ី​ខ្លួនឯង។ ចំណែក​អាជីវករ​ខ្លះ បង្ខំចិត្ត​ជួល​ទីតាំង​ឱ្យ​ចិន ដោយសារ មិន​អាច​ប្រកប​របរ​ជិត​ទីតាំង​ចិន​បាន ហើយ​គ្មាន​អតិថិជន​ទេ ព្រោះ​ជនជាតិ​ចិន ចូល​តែ​ហាង​របស់​ចិន​គ្នាឯង​។ លោក​បន្ត​ថា ផ្ទះសំណាក់​ភាគច្រើន ដែល​ចិន​ជួល​ធ្វើ​អាជីវកម្ម តែង​បន្ថែម​កាស៊ីណូ ដែល​ធ្វើ​ឱ្យ​កាស៊ីណូ នៅ​ក្រុងព្រះសីហនុ​កើត​ច្រើន គ្រប់​ផ្លូវ។

លោក គឹម សុខ រៀបរាប់​ថា ស្ថានភាព​ក្រុងព្រះសីហនុ​សព្វថ្ងៃ​រញ៉េរញ៉ៃ​ខ្លាំង​ណាស់ ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ចាប់ផ្ដើម​ស្ទះ​ចរាចរណ៍​គ្រប់​ផ្លូវ និង​ទាំង​ថ្ងៃ​ទាំង​យប់​។ ទោះ​យ៉ាងណា លោក​ថា ជនជាតិ​ចិន ដែល​មក​រក​ស៊ី នៅ​ខេត្ត​ព្រះសីហនុ ឈ្លោះប្រកែក​នឹង​ជនជាតិ​ខ្មែរ​ណាស់ ច្រើនតែ​ទាស់ទែង​ជាមួយ​ជនជាតិ​ចិន​ដូចគ្នា​។ តែ​ការ​ប្រកែក​គ្នា​របស់​ជនជាតិ​ចិន បង្ក​ផល​ប៉ះពាល់​ដល់​អាជីវករ​ខ្មែរ៖ «ខ្មែរ​យើង​ទៅ​លក់​ជិត​វា ក៏​ពិបាក​លក់ដូរ​ដែរ គឺ​យើង​មិន​អាច​នៅ​ជិត​វា​បាន​។ ម្ដុំ​ហ្នឹង ជួល​ឱ្យ​ចិន​ហើយ គឺ​ចិន​ទាំងអស់​។ មួយ​ជួរ​ហ្នឹង​គឺ​ចិន ធ្វើ​តំបន់​ផ្ទះសំណាក់ អូ​តែ​ល​អ្វី ផ្សារ​អ្វី​ហ្នឹង កន្លែង​ណា​ចិន គឺ​ចិន​ទាំងអស់»

ការ​បង្ក​ភាព​រញ៉េរញ៉ៃ ប្រព្រឹត្តិ​បទល្មើស របស់​ជនជាតិ​ចិន មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​ក៏​មិន​ថមថយ​ដែរ​។ កាលពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៨ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងប្រាប់​ក្រុម​អ្នកគាំទ្រ នៅ​ប្រទេស​ស្វីស (Switzerland) កុំ​ឱ្យ​បារម្ភ​បញ្ហា​វត្តមាន​ជនជាតិ​ចិន ព្រោះ​អ្នក​ដែល​មក​ទាំងនោះ ជា​កម្មករ​ជំនាញ​ចិន មក​ធ្វើការ​នៅ​កម្ពុជា។ លោក​អះអាង ថា កម្ពុជា​មិន​មាន​កម្មករ​ជំនាញ​គ្រប់គ្រាន់ តាម​តម្រូវការ របស់​អ្នក​វិនិយោគ ទើប​ទទួលយក​កម្មករ​ជំនាញ​មកពី​ចិន​។ លោក​បញ្ជាក់​ថា ក្រោយ​ចប់​គម្រោង កម្មករ​ចិន​នឹង​វិលត្រឡប់​ទៅ​ស្រុក​របស់​ពួកគេ​វិញ ហើយ​ច្បាប់​របស់​កម្ពុជា​ក៏​មិន​អាច​អនុញ្ញាត​ឱ្យ​ពួកគេ​ស្នាក់នៅ​បន្ត​ដែរ។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទទួល​ស្គាល់​ថា ជនជាតិ​ចិន បាន​បង្ក​បញ្ហា​រំខាន និង​ប្រព្រឹត្តិ​ល្មើសច្បាប់​ច្រើន លើ​ទឹកដី​កម្ពុជា តែ​លោ​កថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បង្ក្រាប​រាល់ថ្ងៃ​។ ថ្វីបើ លោក ទទួលស្គាល់​បែបនេះ តែ​លោក ប្រៀបធៀប​ថា ស្ថានភាព​រញ៉េរញ៉ៃ​របស់​ជនជាតិ​ចិន មិនទាន់​បង្ក​អសន្តិសុខ ដូច​បណ្ដាល​ប្រទេស​មួយ​ចំនួន​ទៀត​ឡើយ។

លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​សេចក្ដីព្រាងច្បាប់ បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការប្រព្រឹត្តិ​បទល្មើស​របស់​ជនបរទេស​គ្រប់​ជាតិ​សាសន៍ លើ​ទឹកដី​កម្ពុជា៖ «ពួក​អ្នក​វិនិយោគ​មិនមែន​វា​ដើរ​បាញ់​គ្នា​តាម​ចិញ្ចើមថ្នល់​ទេ វា​មាន​សមាសភាព​មិនល្អ​....​។ ដូច្នេះ​រាជរដ្ឋាភិបាល សូម​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ថា រាជរដ្ឋាភិបាល​មិន​ព្រងើយកន្តើយ​ទេ យើង​កំពុង​ពង្រឹង​ការងារ​ហ្នឹង»

អ្នក​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី សង្កេត​ឃើញ​ថា បទល្មើស​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន កើន​ឡើង​ជាង​ឆ្នាំមុន​។ លោក​ថា តាម​របាយការណ៍​ប៉ូលិស ជនជាតិ​ចិន ដែល​ចាប់​បាន​នៅ ឆ្នាំ​២០១៩ ភាគច្រើន មាន​ប្រើ​ប្រាស់​គ្រឿងញៀន៖ «បើ​តាម​សង្កេត​មើល​ឃើញ​ក្នុង​អំឡុង​ពេល​ដែល​ចិន​ចូល​គឺ​បទល្មើស​គ្រឿងញៀន មានការ​កើន​ឡើង​ជាង​មុន ហើយ​ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​មាន​ការ​កើន​ឡើង​ដែរ ហើយ​ពាក់ព័ន្ធ​ករណី ការ​បាញ់​នេះ ក៏​កើន​ឡើង​ដែរ ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង»

ទោះ​យ៉ាងណា កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ អគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ស្យុង បូ អំពាវនាវ​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​បំផុត ចំពោះ​ជនសង្ស័យ ជា​ជន​ជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នៅ​កម្ពុជា និង​មិន​ត្រូវ​យោគយល់​ពី​ទំនាក់​ទំនាក់​ប្រទេស​ទាំងពីរ​ឡើយ​។ ប៉ុន្តែ ទោះ​មានការ ប្រកាស​បែបនេះ ក៏​មិន​មានការ​ថមថយ​ការប្រព្រឹត្តិ​បទល្មើស​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល