មន្ត្រីនគរបាលខេត្តព្រះសីហនុអះអាងថាបទល្មើសព្រហ្មទណ្ឌ៣ខែដើមឆ្នាំ២០១៥ថយចុះ
2015.03.31

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បទល្មើស ឬគ្រោះថ្នាក់ទូទៅដែលកើតមាននៅត្រីមាសទី១ ឆ្នាំ២០១៥ នាខេត្តទេសចរណ៍មួយនេះ បានកើតមាន ៧៦ករណី ប៉ុន្តែបទល្មើសនេះបានថយចុះជាងឆ្នាំមុន។
យ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តនេះ បានកត់សម្គាល់ថា បទល្មើសជាក់ស្តែងអាចមានចំនួនច្រើនជាងរបាយការណ៍ប៉ូលិស ព្រោះសង្កេតឃើញមានបទល្មើសឆក់ប្លន់ និងបាញ់បោះសេរីជាដើម បានកើតច្រើនករណីនៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៥ នេះ។
ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក ម៉ាត្រ សូត្រ បានឲ្យដឹងថា ចំនួនបទល្មើសទាំងនេះគិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានបទល្មើសព្រហ្មទណ្ឌកើតមានចំនួន ១៥ករណី និងកើតទៅលើជនបរទេសចំនួន ៨ករណី។ ចំនួននេះបើប្រៀបធៀបឆ្នាំមុនថយចុះ ១០ករណី។ ឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌកើតមាន ២៥ករណី។
លោកបន្តថា បទល្មើសគ្រឿងញៀនបានកើតមាន ៨ករណី ហើយប៉ូលិសបានឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់តុលាការ។ ទោះយ៉ាងណា លោក ម៉ាត្រ សូត្រ បង្ហាញការព្រួយបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាន ៣ខែដើមឆ្នាំ២០១៥ មាន ៦៣ករណី ស្លាប់មនុស្សចំនួន ១៦នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់។ ប៉ុន្តែលោកថា បើប្រៀបធៀបឆ្នាំមុន គ្រោះថ្នាក់នេះ គឺបានថយចុះ ៨ករណី។ ឆ្នាំ២០១៤ គ្រោះថ្នាក់ចរាចរណ៍កើតមាន ៧១លើក៖ «ជាទិសដៅបន្ត ស្នងការដ្ឋាននគរបាលខេត្តកំពុងរៀបចំកម្លាំងដើម្បីដាក់ពង្រាយនៅតាមគោលដៅប្ដូរប្រាក់ និងលក់គ្រឿងអលង្ការនៅក្នុងផ្សារ ឬតាមទីប្រជុំជនជាដើម ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ»។
យ៉ាងនេះក្តី មន្ត្រីនគរបាលខេត្តព្រះសីហនុ មានការលាក់លៀម និងបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនទេជុំវិញបទល្មើសបាញ់បោះសេរី ដែលបង្កដោយជនបរទេសមានជនជាតិរុស្ស៊ី និងអ៊ុយក្រែន ជាដើម ប៉ុន្តែបានបញ្ជាក់ខ្លីថា សមត្ថកិច្ចពាក់ព័ន្ធខេត្តនេះកំពុងមានវិធានការបង្ក្រាបបទល្មើសផ្សេងៗ បង្កដោយជនបរទេសដោយការទទួលខុសត្រូវខ្ពស់។
ទាក់ទិនបញ្ហានេះ លោក ឃុន សាវឿន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានកត់សម្គាល់ថា ៣ខែដើមឆ្នាំ២០១៥ ឃើញមានបទល្មើសធំៗបង្កដោយជនសង្ស័យជាជនបរទេសមានជនជាតិរុស្ស៊ី និងអ៊ុយក្រែន ជាដើម គឺបានឈានដល់ប្រើប្រាស់អាវុធ និងកាំបិតវាយប្រហារគ្នា ឬប្លន់ មានរូបភាពគួរឲ្យព្រួយបារម្ភ។ លោក ឃុន សាវឿន បានឲ្យដឹងថា ករណីបែបនេះមានមិនតិចជាង ៥ករណីទេ ហើយបទល្មើសទាំងនេះជនសង្ស័យបានប្រើកាំភ្លើងខ្លីប្រភេទទំនើបៗ ដើម្បីវាយប្រហារគ្នាកក្រើកខេត្តទេសចរណ៍មួយនេះ ដោយមិនញញើតសមត្ថកិច្ចទេ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះព្រួយបារម្ភថា បទល្មើសបង្កដោយជនបរទេស ឬហៅថាក្រុមម៉ាហ្វីយ៉ាឆ្លងដែន ដែលយកខេត្តព្រះសីហនុ សម្រាប់ឈ្លោះទាល់ទែងគ្នា អាចកើតមានបញ្ហាអសន្តិសុខធ្ងន់ធ្ងរ ជាពិសេសអាចប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តព្រះសីហនុ នាថ្ងៃអនាគត បើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឬផ្នែកពាក់ព័ន្ធ មិនមានវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពទេ៖ «កន្លងមកនេះ គឺនៅដើមត្រីមាសទី១ដើមឆ្នាំ២០១៥ នេះ ឃើញកើតមានភាពអនាធិបតេយ្យបង្កដោយជនបរទេសនៅខេត្តនេះ រហូតដល់ជនបរទេសអាចកាន់អាវុធបាញ់បោះសេរី គឺមានសញ្ញាគួរឲ្យព្រួយបារម្ភ។ បទល្មើសទាំងនេះ គឺអាចជាប់ពាក់ព័ន្ធទៅនឹងក្រុមជំនួញ ឬពាក់ព័ន្ធអ្នករកស៊ីធំៗជាជនបរទេស ដែលអាងទឹកលុយច្រើន ហើយបានធ្វើសកម្មភាពបាញ់បោះសេរីដោយមិនញញើតកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ទេកន្លងមក»។
ត្រង់ចំណុចនេះ លោក ឃុន សាវឿន បានស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួយមានវិធានការ ឬត្រួតពិនិត្យទៅលើចំនួនជនបរទេស ដែលចូលមកស្នាក់នៅ ឬក៏ប្រកបរបរផ្សេងៗនាខេត្តព្រះសីហនុ ឲ្យបានត្រឹមត្រូវ ព្រោះសព្វថ្ងៃនេះសង្កេតឃើញមានជនបរទេសខ្លះគ្មានសិទ្ធិរស់នៅស្របច្បាប់ ឬគ្មានសិទ្ធិប្រកបមុខរបរផ្សេងក្នុងប្រទេសកម្ពុជា ទេ។
ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីដើមខែមីនា ធ្លាប់បានបណ្ដេញជនបរទេស ២នាក់ចេញពីកម្ពុជា។ ជនបរទេសទាំង ២នាក់នោះមានឈ្មោះ ជែក ប្រ៊ែនតុន (JAKES BRANTON) ភេទប្រុស អាយុ ៦៣ឆ្នាំ ជាជនជាតិអង់គ្លេស។ ជនបរទេសរូបនេះគ្មានលិខិតឆ្លងដែន និងគ្មានមុខរបរពិតប្រាកដ ហើយបានធ្វើសកម្មភាពរំខាន ធ្វើឲ្យបាត់ស្ថិរភាព ឬបង្កអសន្តិសុខធ្ងន់ធ្ងរដល់ខេត្តព្រះសីហនុ និងឈ្មោះ អាមែលីន អាឡិចហ្សិន (AMELIN ALEKSANDR) សញ្ជាតិលីតូនៀ ភេទប្រុស អាយុ ៦០ឆ្នាំ មានមុខរបរចុងភៅ បានផុតកំណត់ទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា៕