អគ្គិសនី​កម្ពុជា​សោកស្ដាយ​ចំពោះ​ការ​ដាច់​ភ្លើង​ស្ទើរ​ទូទាំង​ប្រទេស​កាល​ពី​យប់​មិញ

ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ថ្លែង​សោកស្ដាយ​និង​សុំទោស​ដល់​សាធារណជន ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​ស្ទើរ​ទូទាំង​ប្រទេស កាល​ពី​យប់​ចុង​ក្រោយ​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក។

លោក កែវ រតនៈ បាន​ថ្លែង​ដូច្នេះ​កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា​ការ​​ដាច់​ភ្លើង​នេះ បណ្ដាល​ពី​ការ​ដាច់​ចរន្ត​ភ្លើង និង​តង់ស្យុង​ខ្ពស់​នៅ​ប្រទេស​វៀតណាម ៖ «នៅ​ពេល​យប់​មិញ​នេះ​យើង​កំពុង​​យក​ភ្លើង​ពី​វៀតណាម​១៥០​គីឡូ​វ៉ាត់​បន្ថែម​ មក​ផ្គុំ​នឹង​ប្រភព​ក្នុង​ស្រុក ក្នុង​ចន្លោះ​សរុប​ជាង​៥០០​គីឡូ​វ៉ាត់​ដើម្បី​ផ្គត់ផ្គង់​ទូទាំង​ប្រទេស»។

លោក កែវ រតនៈ បញ្ជាក់​ថា ក្រោយ​ពី​នាយករដ្ឋមន្ត្រី ហៅ​ទូរស័ព្ទ​ឲ្យ​ក្រុម​ជំនាញ​ស្រាវជ្រាវ​ជា​បន្ទាន់​មក ក្រុម​ជំនាញ​បាន​ស្រាវជ្រាវ​បឋម និង​ការ​ធ្វើការ​ផ្ទាល់​ជាមួយ​វៀតណាម បាន​រក​ឃើញ​ថា សៀគ្វី​ទាំងពីរ​បាន​ឆ្លង​ចរន្ត​គ្នា នៅ​តំបន់​ជោដុក ប្រទេស​វៀតណាម។ លោក​បន្ត​ថា ភ្លាមៗ​ក្រុម​បច្ចេកទេស​វៀតណាម​បាន​ជួសជុល​១​ខ្សែ​ឡើង​វិញ ហើយ​នៅ​បន្ត​ស្រាវជ្រាវ​១​ខ្សែ​ទៀត​ដែល​កំពុង​មាន​បញ្ហា។

ក្រោយ​ពី​ដាច់​អគ្គិសនី​ភ្លាមៗ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​សរសេរ​លើ​ថាមឡាញ (Timelines) របស់​ខ្លួន​ពី​ការ​ដាច់​ភ្លើង​នេះ ហើយ​បន្ទាប់​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​ថ្លែង​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​អះអាង​ថា​ការ​ដាច់​ភ្លើង​នេះ មិន​មែន​ជា​ចេតនា​នយោបាយ​នៃ​ក្រុម​ណាមួយ ឬ​ជា​អំពើ​ភេរវកម្ម​នោះ​ទេ តែ​វា​ជា​បញ្ហា​បច្ចេកទេស​តែ​ប៉ុណ្ណោះ។

បន្ថែម​ពី​នេះ​លោក ហ៊ុន សែន ក៏​ថ្លែង​សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​ចំពោះ​ការ​ដាច់​ភ្លើង​នេះ​ផង​ដែរ។

ចំណែក​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន និង​កុំ​មាន​ការ​ច្របូក​ច្របល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។