សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ផ្ដល់​អនុសាសន៍​រឿង​សហភាព​អឺរ៉ុប​យក​ពន្ធ​អង្ករ​នាំចេញ

ដោយ ម៉ៅ សុធានី
2018.11.30
Share on WhatsApp
Share on WhatsApp
ថេង សាវឿន ៦២២ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។
RFA

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន អះអាង​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​កុំ​ឲ្យ​សហគមន៍​អឺរ៉ុប ដាក់​គំនាប​ឲ្យ​កម្ពុជា​បង់ពន្ធ​លើ​ការ​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​នោះ គឺ​លោក ហ៊ុន សែន ត្រូវតែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

ការ​លើកឡើង​របស់ លោក ថេង សាវឿន នេះ ក្រោយ​ដែល​ក្រុមហ៊ុន នាំ​អង្ករ​ចេញ​ចំនួន ២​ក្រុមហ៊ុន បាន​ដាក់​លិខិត​តវ៉ា ទៅកាន់​ស្ថានទូត សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​សហគមន៍​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល (Brussel) ប្រទេស​ប៊ែលហ្សិក (Belgium) ដើម្បី​ឲ្យ​ពិចារណា​ឡើងវិញ លើ​គម្រោង​ដាក់​គំនាប​ពន្ធដារ លើ​អង្ករ​នាំចេញ​របស់​កម្ពុជា។

លោក ថេង សាវឿន បន្ថែម​ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​ទំនិញ​គ្រប់មុខ លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ពី​កម្ពុជា ក្នុង​នោះ​រួមមាន ការ​នាំ​អង្ករ​ចេញ​ដែរ​នោះ កសិករ​កម្ពុជា នឹង​ជួប​ហានិភ័យ​ខ្ពស់ ក្នុង​ជីវភាព​រស់នៅ និង​គ្មាន​ប្រាក់​សងបំណុល​ដល់​ធនាគារ ដែល​ខ្ចី​មក​ធ្វើ​កសិកម្ម​នោះ​ឡើយ៖ «បញ្ហា​ទាំងអស់​នេះ គួរ​ដែល​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​កម្ពុជា​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​សំណើ​ឬ​តម្រូវ​ការចាំបាច់ របស់​សហគមន៍​អឺរ៉ុប ។ បញ្ហា​សំខាន់ លើ​រដ្ឋាភិបាល ប្រសិនបើ​មិន​ខ្វល់ខ្វាយ​គិតគូរ​ទេ នោះ​បញ្ហា​កសិករ គាត់​អាច​ធ្លាក់ខ្លួន​ក្រីក្រ​ទៅ ដោយសារ​ផលិតផល​លក់​បាន​ថោក ហើយ​មិន​អាច​សង​ប្រាក់​បំណុល​បាន»

កាសែត​គាំទ្រ​របប​លោក ហ៊ុន សែន ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិវុធ បាន​ទៅ​ជួបពិភាក្សា​ជាមួយ​តំណាង​សហគមន៍​អឺរ៉ុប ជុំវិញ​ការ​យក​ពន្ធ​លើ​អង្ករ​នាំចេញ នៅ​ទី​ស្នាក់​កណ្ដាល​សហគមន៍​អឺរ៉ុប នាទី​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក។

លោក សុខ ពុទ្ធិវុធ ស្នើសុំ​ឲ្យ​មាន​សវនាការ​ដោយ​ផ្ទាល់​មាត់​ទល់មុខ​គ្នា ដើម្បី​ឲ្យ​មេធាវី​របស់​កម្ពុជា បាន​បកស្រាយ​ពន្យល់​ដោយ​ផ្ទាល់ និង​ធ្វើ​បទ​បង្ហាញ ដល់​ភាគី​គណៈកម្មាការ​អឺរ៉ុប ឲ្យ​យល់​ច្បាស់​ពី​ផលវិបាក​នានា ដល់​ការ​យក​ពន្ធ​អង្ករ​របស់​កម្ពុជា​នេះ។ គម្រោង​ដក​ការលើកលែង​ពន្ធចំពោះ​អង្ករ​កម្ពុជា​នេះ​ក្រោយពី ប្រទេស​អ៊ីតាលី និង​ប្រទេស​អេស្ប៉ាញ ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ក៏បាន​តវ៉ា​ថា អង្ករ​កម្ពុជា​ដែល​នាំចូល​ដោយ​មិន​មាន​យកពន្ធ​ទៅ EU បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទីផ្សារ និង​ផលិតកម្ម​ស្រូវ នៅ​ប្រទេស​របស់​ពួកគេ។

ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ជាង​៤៣​ម៉ឺន​តោន ក្នុង​នោះ​ប្រភេទ​អង្ករ​ក្រអូប​មាន​ជិត ៨០% ហើយ​សហគមន៍​អឺរ៉ុប​ទិញ​អង្ករ​របស់​កម្ពុជា​ជិត ៥០%

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។