ក្រសួងការពារជាតិ រៀបចំការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីចំនួន ៣វគ្គ គឺវគ្គនាយទាហានសកម្មជំនាន់ទី២១ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងវគ្គនាយទាហានបន្តវេនជំនាន់ទី១០ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថ្លែងក្នុងឱកាសបើកកម្មវិធីប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៅព្រឹកថ្ងៃទី២៥ ធ្នូ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញថា ការប្រឡងជ្រើសរើសនាយទាហាននៅឆ្នាំនេះមានចំនួនអ្នកដាក់ពាក្យប្រឡងច្រើន គឺរហូតដល់ជាង ៤ពាន់នាក់ (៤.២៨០នាក់)។ លោកគិតថា ចំនួនដ៏ច្រើននេះអាចបណ្ដាលមកពីយុវជនយល់ដឹងពីសារសំខាន់នៃវិស័យការពារជាតិ។
លោក ឥត សារ៉ាត់ ថ្លែងទៀតថា ការប្រឡងជ្រើសរើសនាយទាហាននេះ គឺជាការប្រឡងដែលមានលក្ខណៈត្រឹមត្រូវ និងមានភាពសុក្រឹត ចៀសវាងបាននូវភាពមិនប្រក្រតីផ្សេងៗ៖ «វាជាផ្នែកមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពយើង។ យើងធ្វើយ៉ាងម៉េចឲ្យមានភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពសម្រាប់បេក្ខជនទាំងអស់ គឺយើងមិនឲ្យមានភាពមិនប្រក្រតីនៅក្នុងការប្រឡងនេះទេ»។
ការប្រឡងជ្រើសរើសនាយទាហាននេះ មិនមានការចូលរួមសង្កេតការណ៍ពីស្ថាប័នផ្សេងទៀត ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសង្គមស៊ីវិល ដូចការប្រឡងបាក់ឌុបរបស់ក្រសួងអប់រំឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោក ឥត សារ៉ាត់ អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍សម្រាប់ការប្រឡងទាំងឡាយណាដែលមានភាពមិនប្រក្រតី ឬមានបាតុភាពផ្សេងៗកើតឡើង។ លោកសង្កត់ធ្ងន់ថា ការប្រឡងក្របខ័ណ្ឌក្រសួងការពារជាតិ នេះ មិនដែលមានភាពមិនប្រក្រតីនោះទេ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយក៏មិនចូលរួមដែរ។
នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ការប្រឡងនេះអនុវត្តនូវយន្តការតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវ។ បើសិនជាមានភាពចន្លោះប្រហោងមែន ក្រសួងនឹងធ្វើការស៊ើបអង្កេត និងដោះស្រាយបញ្ហាទាំងនោះ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ឃើញថា ដោយសារកម្ពុជា ធ្លាប់មានប្រវត្តិមិនល្អទាក់ទងនឹងអំពើពុករលួយក្នុងការប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការ ដូច្នេះការចូលរួមពីអ្នកសង្កេតការណ៍ គឺជារឿងមួយដ៏ប្រសើរ ឬបើមិនមាននោះទេ ស្ថាប័នរដ្ឋទាំងនោះ ត្រូវធានានូវការអនុវត្តនីតិវិធីជ្រើសរើសមន្ត្រីប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាពចំពោះបេក្ខជន៖ «គួរតែមានការសង្កេតការណ៍ដែរ បើសិនគាត់ចង់បង្ហាញឲ្យមានការជឿជាក់ ក៏ប៉ុន្តែមិនចាំបាច់ថាត្រូវតែមានអ្នកទៅសង្កេត ត្រួតពិនិត្យអ្វីទេ។ សំខាន់បំផុតការផ្សព្វផ្សាយព័ត៌មាន ដំណើរការនៃការជ្រើសរើស ហើយនីតិវិធីឲ្យបានច្បាស់លាស់ទៅ ហើយមានបុគ្គលដែលគាត់ឈរលើគោលការណ៍គោរពទៅតាមនីតិវិធី ហើយឆន្ទៈទៅធ្វើទៅ អាហ្នឹងយើងក៏អាចធ្វើបានដែរ ពីព្រោះប្រទេសគេដទៃក៏មិនដែលមានអ្នកទៅសង្កេតការណ៍ដែរ ក៏ប៉ុន្តែប្រទេសយើងមានទម្លាប់ពីមុនមកវាមិនល្អ។ ទម្លាប់ជ្រើសរើសតាមខ្សែ តាមបក្ស ហើយនិងមានឥទ្ធិពលនៃការសម្រេចចិត្ត ដោយសារតែមានការសូកប៉ាន់ ឬក៏ដោយសារបញ្ហាអំពើពុករលួយផ្សេងៗកន្លងមក»។
ការប្រឡងវគ្គនាយទាហាននៅឆ្នាំនេះចែកចេញជា ៦មណ្ឌល គឺមណ្ឌលរាជធានីភ្នំពេញ ស្ទឹងត្រែង កំពត បាត់ដំបង សៀមរាប និងមណ្ឌលកំពង់ចាម។ ការប្រឡងត្រូវប្រព្រឹត្តទៅដូចគ្នានៅគ្រប់មណ្ឌលទាំង៦ គឺនៅថ្ងៃទី២៥ បេក្ខជនត្រូវប្រឡងចំណេះដឹងទូទៅ និងភាសាអង់គ្លេស ហើយចាប់ពីថ្ងៃទី២៦ ដល់ទី២៨ បេក្ខជនត្រូវប្រឡងកាយសម្បទាតាមវគ្គសិក្សានីមួយៗ។ បេក្ខជន ៦២០នាក់ដែលជាប់ក្នុងការប្រឡង និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ នឹងត្រូវបានជ្រើសរើសឲ្យចូលរៀនតាមវគ្គសិក្សានីមួយៗសម្រាប់ឆ្នាំ២០១៧។
កំពុងអង្គុយលើម៉ូតូនៅក្រៅរបងសាលាបាក់ទូក រង់ចាំកូនចេញពីប្រឡង លោក សុខ ពៅ គឺជាមន្ត្រីយោធាម្នាក់ដែលបម្រើការនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។ លោកថ្លែងថា លោកសប្បាយចិត្តនៅពេលកូនប្រុសរបស់លោកមកប្រឡងចូលក្របខ័ណ្ឌមន្ត្រីយោធា បើទោះបីជាមានមតិរិះគន់ថា ការងារជាទាហានជាការងារលំបាក នឿយហត់ និងទទួលបានប្រាក់ខែមិនច្រើនក្តី តែចំពោះលោកវាជាការងារបម្រើជាតិដោយផ្ទាល់៖ «គិតទៅពេលវេលាអត់រង់ចាំទេ ចង់ស្វែងរកការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនខ្លះ ដើម្បីប្រយោជន៍សង្គមជាតិខ្លះ ដើម្បីថាជួយបង្កើតធនធានមនុស្ស ការពារបូរណភាពទឹកដី ព្រំដែនកុំឲ្យវាបាត់បង់ ឲ្យនៅគង់វង្ស។ អ៊ីចឹងជាមោទនភាពមួយរបស់គាត់ ( កូនប្រុស ) ដែរ ហើយខ្ញុំក៏សប្បាយចិត្តដែរ បើកូនបានជាប់ចូលបម្រើការងារក្របខ័ណ្ឌរដ្ឋ ការពាររដ្ឋ ការពារជាតិ ក៏សប្បាយចិត្តដែរ។ ចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន អត់គិតពីប្រយោជន៍ជាតិ ក៏អត់ល្អដែរ។ អ៊ីចឹងខ្ញុំគិតឃើញតែពីផលប្រយោជន៍ហ្នឹង វាមានសេចក្តីថ្លៃថ្នូរសម្រាប់ពេលអនាគតផង»។
ទោះបីជាយ៉ាងណា លោកបញ្ជាក់ថា លោកតូចចិត្តជាខ្លាំងចំពោះរដ្ឋាភិបាលដែលខ្វះតម្លាភាពក្នុងការផ្តល់តួនាទី និងឋានន្តរសក្តិដល់យោធាដែលមានអតីតភាពការងារយូរឆ្នាំ តួយ៉ាងដូចជារូបលោកផ្ទាល់ដែលបម្រើការជាង ៣០ឆ្នាំបានត្រឹមតួនាទីជាអនុសេនីយ៍ត្រី ផ្ទុយទៅវិញអ្នកខ្លះដែលទើបចូលបម្រើការវិញ ទទួលបានតំណែងជាឧត្តមសេនីយ៍ពាក់ផ្កាយជ្រែកស្មា។ លោកសំណូមពរដល់រដ្ឋាភិបាល ឲ្យផ្តល់តួនាទី និងឋានន្តរសក្តិនេះដល់យោធាជំនាន់ក្រោយឲ្យស្របទៅតាមបទពិសោធន៍ សមត្ថភាព និងជំនាញរបស់បុគ្គល ដោយចៀសវាងនូវការប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។