មន្ត្រីយោធានៃកងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកការពារព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ បានច្រានចោលថា មិនមានទាហានឈុតខ្មៅរបស់ថៃ ណាបានយកលួសបន្លាទៅរាយបណ្ដាក់នៅលើតំបន់សរបស់ព្រំដែននៅតំបន់អានសេះ ចម្ងាយជាង ៤០គីឡូម៉ែត្រភាគឦសានពីប្រាសាទព្រះវិហារ នោះទេ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទ នៃកងពលធំអន្តរាគមន៍លេខ៣ គឺលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា ព័ត៌មានដែលចេញថាមានទាហានឈុតខ្មៅថៃ យកលួសបន្លាទៅដាក់រាយនៅលើតំបន់ស នៃបន្ទាត់ព្រំដែនច្រកអានសេះ នោះ គឺជារឿងមិនពិត។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បញ្ជាក់ទៀតថា ជារៀងរាល់ល្ងាច គឺទាហានឈុតខ្មៅថៃ ដែលនៅទល់មុខគ្នានឹងច្រកព្រំដែនអានសេះ បានយកផ្ទាំងលួសសំណាញ់មកដាក់បិទច្រកចេញចូលខាងគេមែន។ លោកបញ្ជាក់ទៀតថា ជាច្រើនខែមុន ភាគីខ្មែរ និងថៃ នៃខេត្តអ៊ូប៊ុនរ៉ាត់ថានី (Ubon Ratchathani) បានព្រមព្រៀងគ្នាធ្វើផ្លូវក្រួសក្រហមមួយខ្សែឆ្លងកាត់ពីខ្មែរ ទៅថៃ ដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងបានចេញចូលរកស៊ី។ កាលណោះ ភាគីកម្ពុជា បានបង្ខំឲ្យទាហានថៃ រុះរើផ្ទាំងលួសសំណាញ់មួយផ្ទាំង ដែលជាទ្វារបិទច្រកចេញចូលពីខាងថៃ ដើម្បីឈូសផ្លូវ ហើយចាប់តាំងពីនោះមក ថៃ មិនបានធ្វើទ្វារចេញចូលទៀតទេ គឺពេលយប់តែងលើកផ្ទាំងលួសសំណាញ់មកបិទផ្លូវ ហើយពេលថ្ងៃក៏បើកឲ្យប្រជាពលរដ្ឋខ្មែរ និងថៃ ចេញចូលជាធម្មតា។ ចំណុចដាក់ផ្ទាំងលួសនោះ មិនមែននៅតំបន់សទេ៖ « អ៊ីចឹងគាត់ដាក់ផ្ទាំងលួសសំណាញ់នោះនៅក្នុងដីរបស់គាត់ ពេលល្ងាចទាញយកមកបិទច្រក ហើយពេលព្រឹកក៏ដកចេញជារៀងរាល់ថ្ងៃ »។
គេហទំព័រក្នុងស្រុកមួយបានចេញផ្សាយថា កាលពីថ្ងៃទី២៣ ខែមករា ទាហានឈុតខ្មៅរបស់ថៃ បានរាយលួសបន្លាបិទច្រកចេញចូលនៅព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ ដោយមិនបានបញ្ជាក់ប្រាប់មូលហេតុអ្វីទេ។
ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ ស្រី ឌឹក បញ្ជាក់ថា មិនមានទំនាស់អ្វីថ្មីកើតឡើងរវាងទាហានខ្មែរ និងថៃ នៅព្រំដែនច្រកអានសេះទេ ហើយជារៀងរាល់ថ្ងៃ សកម្មភាពបើកច្រកព្រំដែនកាន់តែប្រសើរ ពីព្រោះកាលពីមុន កម្ពុជា-ថៃ បានយល់ស្របគ្នាឲ្យបើកច្រកព្រំដែនតែ ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ដើម្បីឲ្យពលរដ្ឋទាំងសងខាងបានចេញចូលរកស៊ី ប៉ុន្តែបច្ចុប្បន្ន ច្រកទ្វារព្រំដែនអានសេះ បានបើកជាអចិន្ត្រៃយ៍ទៅហើយ គឺមួយសប្ដាហ៍ចំនួន ៧ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។