អតីត​បុគ្គលិក​សណ្ឋាគារ​ហ្គ្រេតឌូក តវ៉ា​ទាមទារ​ប្រាក់​សំណង​ពី​ថៅកែ

អតីត​បុគ្គលិក​បម្រើការ​នៅ​សណ្ឋាគារ​ហ្គ្រេតឌូក (Great Duke Phnom Penh) ប្រមាណ​៦០​នាក់ នាំ​ធ្វើការ​បាតុកម្ម​ឈរ​លើក​បដា បិទ​ផ្លូវ​មហាវិថី​ម៉ៅ​សេទុង រយៈពេល​១​ម៉ោង នៅ​ព្រឹក​ថ្ងៃទី ១១ ឧសភា ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​សណ្ឋាគារ​នេះ ទូទាត់​ផ្ដល់​ប្រាក់​សំណង​ការងារ​ដល់​ពួកគេ​ឱ្យ​បាន​ឆាប់ ។ ក្នុង​ពេល​តវ៉ា​នេះ មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ដោយ​ក្រុម​អ្នកតវ៉ា រំសាយ​វិញ ក្រោយពី​មាន​តំណាង​ម្ចាស់​សណ្ឋាគារ​ចេញ​មក​ជួប​តំណាង​ពួកគេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល មាន​ប្រសាសន៍​ថា អគ្គនាយក​ទូទៅ​នៃ​សណ្ឋាគារ​ហ្គ្រេតឌូក លោក ចាក់ ផាឡាត់សុងក្រាម និយាយ​ថា ខាង​សណ្ឋាគារ​គ្មាន​ប្រាក់ ដើម្បី​ទូទាត់​សំណង​ការងារ​ឱ្យ​បុគ្គលិក​ដែល​កំពុង​តវ៉ា​ជាង​១​រយ​នាក់​នេះ​ទេ។

លោក​បន្ត​ថា ក្នុង​ពេល​តវ៉ា​នេះ មាន​មន្ត្រី​ក្រសួង​ការងារ​ដែល​ទទួល​ដោះស្រាយ​កូដកម្ម បាតុកម្ម ចុះ​សម្របសម្រួល​វិវាទ​ការងារ​នេះ ដោយ​ស្នើ​ឱ្យ​ភាគី​ទាំងពីរ​ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា។

លោក​បញ្ជាក់​ថា ម្ចាស់​សណ្ឋាគារ គឺ​ឧកញ៉ា ខូវ សម្បត្តិ នៅតែ​បន្ត​អូស​បន្លាយ​វិវាទ​នេះ អស់​រយៈ​ជាច្រើន​មក​ហើយ ដោយ​មិន​ព្រម​បញ្ចប់​ជម្លោះ​នេះ ឱ្យ​បុគ្គលិក​សរុប​១៥២​នាក់ ឱ្យ​បាន​ឆាប់​នោះ​ទេ។

ប្រធាន​សហជីព​រូប​នេះ ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​នេះ ដើម្បី​ឱ្យ​ពួកគេ​មាន​ថវិកា​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ សងបំណុល​ធនាគារ និង​ស្វែងរក​ការងារ​ថ្មី​ចិញ្ចឹមជីវិត​ត​ទៅ​មុខ​ទៀត៖ «ខ្ញុំ​គិត​ថា បើ​ចង់​ដោះស្រាយ​ចេញ​លុះ​ត្រា​តែ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល មាន​សម្ដេច​នាយក គឺ​អាច​ទៅ​រួច​ហើយ ព្រោះ​មើល​ទៅ​មិន​ចេញ​ទេ យើង​បាន​ទុក​ពេល​ឱ្យ​ក្រសួង​ដោះស្រាយ​ចូល​ជាង​១​ខែ ២​ខែ​ហើយ មិន​ចេញ​ផង ។ កន្លែង​នេះ​បើ​មាន​ប្រមុខ​រដ្ឋាភិបាល​ចេញមុខ​ប្រកាស​អន្តរាគមន៍​ដើម្បី​ឱ្យ​ដោះស្រាយ​ទេ គឺ​មិន​អាច​ទេ ។ វា​នៅ​អូស​បន្លាយ​ពេលវេលា ដល់​អ៊ីចឹង កម្មករ​ហ្នឹង គាត់​ទឹកភ្នែក​ទឹក​សំបោរ ដោយសារ​មិន​ទទួល​បាន​សំណង​អ្វី​ទេ ។ វា​ធ្វើ​ឱ្យ​នៅ​មិន​សុខ​នៅ​មិន​ស្ងៀម​នោះ ដូច​ព្រឹក​មិញ​អ៊ីចឹង គាត់​អាច​បិទ​ផ្លូវ​បិទ​អី វា​ប៉ះពាល់​សណ្ដាប់ធ្នាប់​អ៊ីចឹង​ទៅ ។ ខ្ញុំ​មើល​ទៅ​ពួកគាត់ ក៏​មិន​ចង់​ធ្វើ​បែប​ហ្នឹង​ដែរ ។ ពួកគាត់​តវ៉ា​១​ឆ្នាំ​ទៀត​នៅមុខ​អូ​តែ​ល ហ្នឹង ក៏​គ្មាន​ខាង​ណាមួយ​អាច​ជួយ​ដោះស្រាយ​បាន​ដែរ» ។​

លោក ទូច កុសល ឱ្យ​ដឹង​ថា ចំនួន​ទឹកប្រាក់​សរុប​ដែល​ខាង​ថៅកែ​ត្រូវ​បើក​ឱ្យ​បុគ្គលិក​នោះ គឺ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នេះ អាច​នៅ​ត្រឹម​ចន្លោះ​ពី ៣០​ម៉ឺន​ដុល្លារ ទៅ ៤០​ម៉ឺន​ដុល្លារ​វិញ ដោយសារ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដក​ប្រាក់​សំណង​ជំងឺ​ចិត្ត។

អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា ប្រាប់​អាស៊ីសេរី ថា ខាង​ក្រសួង​នឹង​ព្យាយាម​ដំណោះស្រាយ​វិវាទ​តាម​នីតិវិធី៖ «ការ​ដោះស្រាយ​ខាង​ក្រសួង​ធ្វើ​តាម​នីតិវិធី ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន អត់​មាន​អាច​ដូច​គាត់​ថា ទៅ​ច្រើនដង អត់​ចប់​ទេ ។ នោះ​ជា​សិទ្ធិ​របស់​គាត់​និយាយ ប៉ុន្តែ​ក្រសួង​ដោះស្រាយ​ទៅតាម​នីតិវិធី ។ រង់ចាំ​ការ​ដោះស្រាយ​ស្អែក​ម៉ោង​២»។

អាស៊ីសេរី​មិន​អាច​សុំ​បញ្ជាក់​លើ​រឿង​នេះ ពី​លោក នូវ ពិសិដ្ឋ ដែល​ជា​មេធាវី​តំណាង​ឱ្យ​ថៅកែ​សណ្ឋាគារ​បាន​ទេ ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។

បើ​ទោះ​បី​ជា​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​ចំនួន​តិច​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​តវ៉ា​សំណូមពរ​ដល់​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដាក់​ចេញ​សេចក្ដី​សម្រេច បង្គាប់​ឱ្យ​ថៅកែ​សណ្ឋាគារ​បើក​ឱ្យ​ប្រាក់​ពួកគេ​ផ្ដាច់​តែ​១​លើក ដោយ​មិន​ត្រូវ​ផ្ដល់​រំលោះ ១​ខែ​ម្ដង​រហូតដល់​៦​ខែ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។