លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុទិដ្ឋិនិយមទៅលើវិស័យបី គឺវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ដោយសារវិស័យនេះនៅតែឈានមុខគេក្នុងការទ្រទ្រង់ថវិកាជាតិ។
ថ្លែងពីខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ ទី២២ មិថុនា លោក ហ៊ុន សែន ឲ្យដឹងថា វិស័យកសិកម្មបានឈានឡើងទៅមុខជានិច្ច បើទោះបីកម្ពុជា ធ្លាប់ជួបប្រទះនូវគ្រោះទឹកជំនន់កាលពីឆ្នាំកន្លងទៅយ៉ាងណាក្តី ក៏កម្ពុជា នៅតែមានលទ្ធភាពនាំចេញស្រូវជាង ៤លានតោននៅឆ្នាំ២០១៥ ខាងមុខ៖ «ឥឡូវវាទៅជាស្ថានភាពមានមាសអត់ក្រដាសខ្ចប់ បានសេចក្តីថា ខ្វះម៉ាស៊ីនកិនស្រូវឲ្យត្រូវនឹងស្តង់ដារនាំចេញ ខ្វះឡសម្ងួត ខ្វះលុយទិញ នែវារឿងអ៊ីចឹង បានជាមានឈ្មួញប្រទេសជិតខាងទាំងខាងវៀតណាម ខាងថៃ ចូលមកទិញស្រូវយើងមួយចំនួន»។
បច្ចុប្បន្ន រដ្ឋាភិបាលកំពុងកៀរគរអ្នកវិនិយោគឲ្យបានច្រើនលើការសាងសង់រោងចក្រកិនស្រូវ ឃ្លាំងស្តុកតាមស្តង់ដារអន្តរជាតិ និងការទទួលខុសត្រូវលើការប្រមូលទិញ។
ចំណែកវិស័យសេវាកម្ម មានទេសចរណ៍ជាដើម ក៏កំពុងមានការកើនឡើងដែរ ដោយកាលពីឆ្នាំកន្លងទៅកម្ពុជា ទទួលបានភ្ញៀវទេសចរ ៤លាន ៥សែននាក់ ហើយក្នុងរយៈពេល ៤ខែចុងក្រោយនេះទទួលបាន ១លាន ៥សែននាក់។
នៅឆ្នាំ២០១៣ នេះ លោករំពឹងថា ភ្ញៀវទេសចរនឹងមានចំនួនកើនឡើងលើសពីឆ្នាំមុននេះ។
ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន កាលពីថ្ងៃទី៤ ខែមីនា បានមានប្រសាសន៍បញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា ជាមធ្យមចំនួន ៧%។ កម្ពុជា បានកាត់បន្ថយភាពក្រីក្រពីចំនួន ២០% នៅឆ្នាំ២០១២ មកចំនួន ១៩% នៅឆ្នាំ២០១៣។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ទទួលស្គាល់ដែរថា វិស័យទាំងបីនេះអាចជួយឲ្យសេដ្ឋកិច្ចហក់ឡើងខ្ពស់ ប៉ុន្តែរចនាសម្ព័ន្ធ ឬការងារទំនាក់ទំនងនៃវិស័យទាំងបីនោះ នៅមិនទាន់ផ្សារភ្ជាប់គ្នានៅឡើយ ដូចជាការផលិតផលិតផលកែច្នៃក្នុងស្រុកសម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអ្នកទេសចរជាដើម៖ «បើសិនជាវិស័យទាំងបីអាចផ្សារភ្ជាប់គ្នាទៅវិញទៅមកបាននោះ វានឹងជំរុញសេដ្ឋកិច្ចយើងឲ្យទៅមុខ»។
លោកបន្តថា បញ្ហាទាំងនេះ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ជាសំខាន់ ដើម្បីកុំឲ្យមានការខាតបង់ប្រាក់ចំណូលក្នុងស្រុក និងធ្វើឲ្យកំណើនថវិកាជាតិមាននិរន្តរភាព។
ចំណែកអ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី វិញ មានប្រសាសន៍ដែរថា ជាទូទៅ ថវិកាជាតិមានការកើនឡើងគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែលោកយល់ឃើញថា កំណើននេះនឹងមិនមានស្ថិរភាពទេ បើរដ្ឋាភិបាលមិនកែទម្រង់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចលើចំណុចខ្លះទេនោះ។
លោកបន្តថា រដ្ឋាភិបាលសព្វថ្ងៃហាក់គាំទ្រខ្លាំងតែទៅលើការវិនិយោគធំៗ ឬអ្នករកស៊ីដែលមានដើមទុនច្រើន ចំណែកការរកស៊ីតូចតាច ឬមធ្យមរបស់ប្រជាពលរដ្ឋនៅតាមជនបទ ហាក់មិនសូវមានការយកចិត្តទុកដាក់លើកស្ទួយ ឬមានការលើកទឹកចិត្តនោះទេ៖ «មានន័យថា យើងមានការរីកចម្រើន ប៉ុន្តែជំរុញឲ្យមានវិសមភាពសេដ្ឋកិច្ច ឬភាពមិនស្មើគ្នា និងខ្ពស់ ហើយបែបហ្នឹងគេមិនចាត់ទុកថាជាការអភិវឌ្ឍដែលមាននិរន្តរភាពទេ»។
លោកសង្កេតឃើញថា អ្នករកស៊ីល្មមៗនៅតែជួបហានិភ័យច្រើន។ ប្រជាពលរដ្ឋខ្វះដើមទុន បានក្លាយជាអ្នកលក់កម្លាំងពលកម្មបានប្រាក់កម្រៃទាប ហើយមានការកេងប្រវ័ញ្ចពីថៅកែជាដើម។ បញ្ហានេះ បានធ្វើឲ្យថវិកាជាតិ និងជីវភាពប្រជាពលរដ្ឋមិនសមតុល្យនឹងគ្នា។ ប្រជាពលរដ្ឋតែងតែមានការសម្រេចចិត្តមិនរឹងមាំ មានការគិតខកមុខខកក្រោយក្នុងការស្វែងរកចំណូលគ្រួសារ ដើម្បីដោះស្រាយភាពទីទ័លក្រ។ ទាំងនេះអាចថាជាការវិយោគមិនមានសមភាព ហើយអាចនឹងធ្វើឲ្យការកើនឡើងនៃសេដ្ឋកិច្ចជាតិមិននឹងន ដែលនាំឲ្យមានហានិភ័យខ្ពស់ទៅថ្ងៃមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។