ពលរដ្ឋ​ខេត្ត​ព្រៃវែង​ថា បទល្មើស​នេសាទ​នៅ​បឹង​ស្នេហ៍​និង​បឹង​ខ្សាច់​ស​ខ្វះ​ការ​បង្ក្រាប

ដោយ ម៉ៅ សុធានី
2018.11.23
Share on WhatsApp
Share on WhatsApp
នេសាទ ព្រៃវែង ២០១៧ ៨៥៥ សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។
RFA

ប្រជាពលរដ្ឋ រាយការណ៍​ថា បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ខ្សាច់​ស និង​តំបន់​បឹង​ស្នេហ៍​ស្ថិត​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នៅតែ​កើតមាន​ពេញបន្ទុក​ដដែល ដោយសារតែ​អាជ្ញាធរ ខ្វះ​ការ​បង្ក្រាប​គ្រប់គ្រាន់។ ប៉ុន្តែ​អាជ្ញាធរ​ជលផល​ខេត្ត​ព្រៃវែង​បដិសេធ​ការចោទប្រកាន់​របស់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​មូលដ្ឋាន​រាយការណ៍​ថា អ្នកនេសាទ​ល្មើសច្បាប់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ឈ្មោះ សៃយ៉ឺន ឬ​ស្បៃមុង​ក្រឡា​ល្អិត រាប់រយ​ម៉ែត្រ នៅ​លើ​ផ្ទៃ​បឹង​ខ្សាច់​ស និង​ផ្ទៃ​បឹង​ស្នេហ៍​ស្ថិតនៅ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ធ្លាប់​ចូលរួម​ទប់​ស្កាត់​បទល្មើស​នេសាទ លោក ទី ផន រៀបរាប់​ថា កន្លង មក​បទល្មើស​នេសាទ កើតមាន​តែ​នៅ​តំបន់​បឹង​ខ្សាច់​ស​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បទល្មើស នេសាទ​បាន​កើតឡើង​រាលដាល​ដល់​នៅ​តំបន់​បឹង​ស្នេហ៍​ដែរ។ លោក​អះអាង​ថា បទល្មើស​នេសាទ នេះ​កើតឡើង ព្រោះតែ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​អភិរក្ស​តំបន់​បឹង​ធំៗ​ទាំងពីរ​មិនសូវ​សហការ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ដូច​មុន៖ «កម្មវិធី​ទប់ស្កាត់​ដូចជា​អត់​មាន មើល​ទៅ​ដូច​ចង់​សាបសូន្យ ដូច្នេះ​ភាព​ខ្វះ​ចន្លោះ​ទាំងអស់​នេះ ទើប​មាន​បទល្មើស។ ខាង​អង្គការ women ក៏​មិនដែល​ឃើញ​ចុះ​ទប់ស្កាត់ ដូចជា​ខ្វះ​ការអប់រំ​ផ្សព្វផ្សាយ និង​ខ្វះ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ទៀត​ដែរ»

បឹង​ខ្សាច់​ស និង​បឹង​ស្នេហ៍​នេះ ស្ថិត​ក្នុង​គម្រោង​អភិរក្ស​របស់​អង្គការ​នារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អនាម័យ ឬ​ហៅថា អង្គការ Women និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង។

លោក ទី ផន បារម្ភ​ថា ប្រសិនបើ​ខ្វះ​ការទប់ស្កាត់​និង​បង្ក្រាប ហើយ​បណ្ដោយ​ឲ្យ​មានការ​នេសាទ​ខុស​ច្បាប់​កាន់តែ​ច្រើន​នោះ នឹង​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ត្រី​ធម្មជាតិ ហើយ​ប្រជាពលរដ្ឋ​ជាង ២០​ភូមិ ដែល​រស់នៅ​ព័ទ្ធជុំវិញ​តំបន់​បឹង​ខ្សាច់​ស និង​តំបន់​បឹង​ស្នេហ៍ មិន​អាច​រក​នេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ទៀត​ទេ ដូច្នេះ​ពួកគេ នឹង​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព៖ «ឥឡូវនេះ​វា​មាន​ភាព​អនាធិបតេយ្យ ហើយ​អ្នក​ដែល​មាន​លទ្ធភាព​គេ​រក​ដាក់​ស្បៃ​វែង​អ៊ីចឹង​ទៅ ធ្វើ​អោយ​ត្រី​បាត់បង់ ហើយ​អ្នក​ដែល​មាន​ជីវភាព​ទន់ខ្សោយ​រក​មិនបាន នៅ​ពេល​ខាងមុខ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ដែល​រស់នៅ​ជុំវិញ​បឹង»

អាស៊ីសេរី មិនទាន់​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​អង្គការWomen បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា។ រីឯ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជំនាញ បាន​អនុវត្ត​តាមច្បាប់​ដោយ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ហើយក៏​គ្មាន​បទល្មើស​ធ្ងន់ធ្ងរ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «យើង​ចុះទៅ​ធ្វើ​ទាំងអស់​ហើយ​នឹង ប៉ុន្មាន​ថ្ងៃនេះ ហើយ​យើង​ទប់​ឈប់​ថ្ងៃនេះ​ដោយសារ​គេ​បុណ្យអុំទូក កុំ​អី​ក៏​ចុះ​ទៀត​ដែរ។ បទល្មើស​មិន​មាន​អី​ដូច​អ្នក​ថា​ទេ យើង​បង្ក្រាប​ទាន់​ពេល​វេលា​តើ។ នៅ​បឹង​ស្នេហ៍​នេះ យើង​ការពារ​បាន​ល្អ​បំផុត​ហើយ»

បន្ថែម​ពី​នេះ លោក អូន ស៊ីណាត ទទួលស្គាល់​ថា បទល្មើស​នេសាទ នៅតែ​កើតមាន​ជា​ហូរហែ​ដែរ ទោះបីជា​មានការ​បង្ក្រាប​យ៉ាងណា​ក៏​ដោយ​ចុះ។ លោក​អះអាង​ថា ក្នុង​មួយឆ្នាំៗ​អាជ្ញាធរ​បាន​បង្ក្រាប បទល្មើស​នេសាទ​រាប់​រយ​ករណី និង​មានការ​ឃាត់ខ្លួន​មនុស្ស បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង ដើម្បី​អោយ​ពួកគេ​រាងចាល និង​គោរព​ច្បាប់។

ទោះយ៉ាងណា​ក្តី ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នៅតែ​យល់ថា មូលហេតុ​ដែល​បទល្មើស​នេសាទ​នៅ តែ​កើតមាន​បែបនេះ ព្រោះតែ​អាជ្ញាធរ​ខ្វះ​សមត្ថភាព​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ហើយ​អាច​ជាប់​ពាក់ ព័ន្ធ​នឹង​អំពើពុករលួយ ឬ​ទទួល​បាន​ផល​ប្រយោជន៍​ពី​អ្នក​រកស៊ី​នេសាទ​ខុសច្បាប់​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។