ប្រជា​នេសាទ​នៅ​តំបន់​ព្រៃ​លិច​ខេត្ត​បាត់ដំបង​ខកចិត្ត​នឹង​អាជ្ញាធរ​ស្រុក​ឯកភ្នំ​មិន​​ដក​មន្ត្រី​អាវុធហត្ថ​ចេញ​ពី​តំបន់​បឹងទន្លេសាប​​​

0:00 / 0:00

ប្រជា​នេសាទ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ខកចិត្ត​នឹង​​​អាជ្ញាធរ​ស្រុក​ដែល​បាន​​ធ្វើ​ការ​យឺតយ៉ាវ​ក្នុង​ការ​ដក​មន្ត្រី​អាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​៥០៨​ចេញ​ពី​តំបន់​បឹង​ទន្លេសាប។ ប្រជា​នេសាទ​លើក​ឡើង​ថា មន្ត្រី​អាវុធហត្ថ​ទាំង​នេះ​មិន​បាន​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​ទេ ប៉ុន្តែ​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ពី​អ្នក​ធ្វើ​នេសាទ​ខុសច្បាប់​ ហើយ​តែងតែ​គាបសង្កត់​​បង្ខំ​ទារ​ប្រាក់​ពី​ប្រជា ពលរដ្ឋ​​​​ដែល​​​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ជា​ប្រចាំ​ ដូច្នេះ​មិន​អាច​ទុក​ឲ្យ​នៅ​បន្ត​ទៀត​បាន​ទេ។

ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ​លើក​ឡើង​ថា ពួកគាត់​បាន​នាំ​គ្នា​ដាក់​ញាតិ​ស្នើ​ទៅ​អភិបាល​ស្រុក​ឯកភ្នំ ដើម្បី​ឲ្យ​ដក​មន្ត្រី​អាវុធហត្ថ​ប្រចាំ​ទីស្នាក់ការ​លេខ​៥០៨​នៅ​តំបន់​បឹងទន្លេសាប​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ជា​ច្រើន​ថ្ងៃ​ហើយ​ ប៉ុន្តែ​អភិបាល​ស្រុក​មិន​ទាន់​មាន​វិធាន​ការ​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់​​នៅ​ឡើយ​ ហើយ​មន្ត្រី​អាវុធហត្ថ​ទាំង​នោះ​នៅ​តែ​ឈរជើង​​ទីស្នាក់ការ​របស់​ខ្លួន​ដដែល។

ប្រជា​នេសាទ ឃុំ​កោះជីវាំង លោក ជា សារិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣តុលា​ថា​ ​ប្រមាណ​៣ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើ​នេសាទ​តូចតាច​ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹងទន្លេសាប​ស្រុក​ឯកភ្នំ​បាន​ជួប​ការ​លំបាក​ ដោយ​មិន​អាច​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​បាន​ដូច​ពេល​មុន​ៗ​នោះ​ទេ។ លោកថា កត្តា​ចម្បង​ដោយសារ​មន្ត្រី​អាវុធហត្ថ​ប្រចាំ​ការ​នៅ​ឃុំ​កោះជីវាំង​នេះ​​ ដែល​កន្លង​មក​តែង​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​អ្នក​នេសាទ​ជា​លក្ខណៈ​គ្រួសារ គឺ​បង្ខំឲ្យ​បង់​ប្រាក់​ចន្លោះ​ពី​៣ទៅ​៥ម៉ឺន​រៀល​ ដើម្បី​ជា​ថ្នូរ​បាន​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នោះ៖ «និយាយ​ទៅ​អត់​បាន​អី​ដែល​ត្រូវ​ទប់ស្កាត់​ផង ហើយ​យក​ដាក់​ច្រើន​បើ​ប្រទេស​យើង​សន្តិភាព​អស់​ហើយ​ ម្យ៉ាង​ទៀត​ការងារ​គ្រប់គ្រង​ធម្មជាតិ​មាន​មន្ត្រី​បរិស្ថាន មន្ត្រី​ជលផល និង​មាន​ប៉ូលិស​ប៉ុស្តិ៍​អី​អស់​ហើយ ហើយ​ពួក​នេះ​មក​ការងារ​អី​ធ្វើ​អី

ប្រជា​នេសាទ​រូប​នេះ​បន្ថែម​ទៀត​ថា ចំណែក​អ្នក​មាន​លុយកាក់​អាច​ធ្វើ​នេសាទ​ខុសច្បាប់​ដោយសេរី ព្រោះ​អ្នក​ទាំង​នោះ​បាន​បង់​ប្រាក់​ជា​ច្រើន​ម៉ឺន​រៀល​ទៅ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ខិលខូច​ទាំង​នោះ ហើយ​​​បញ្ហា​នេះ​​ធ្វើ​ឲ្យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ធនធាន​មច្ឆាជាតិ​នៅ​តំបន់​បឹងទន្លេសាប​កាន់​តែ​ថយ​ចុះ ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ពួកគាត់ « បើ​និយាយ​ទី​វា​ពិបាក​នឹង​ថ្លែង​បណ្ដោយ ទាំង​គេ​ទាំង​ខ្ញុំ​ជួប​ប្រទះ​វា​ញឹកញយ​ពេក​ហើយ​ ដូច្នេះ​មាន​តែ​ពេល​ណា​មាន​ថ្នាក់​លើ​ចុះ​មក​ យើង​នាំ​គ្នា​ជូន​ញាតិ​ទៅ​គាត់​ទៅ​ ប៉ុន្តែ​បើ​គាត់​ដោះស្រាយ​មិន​ដោះស្រាយ​ជា​រឿង​របស់​គាត់​ទេ ហើយ​បើ​គេ​ដឹង​ឈ្មោះ​យើង​អ្នក​រាយការណ៍​គេ​មក​រក​រឿង​យើង​ទៀត គេ​ថា​យើង​អ្នក​អញ្ចេះ​អ្នក​អញ្ចុះ អូស​វា​ពិបាក​រស់​ណាស់ ព្រោះ​គ្មាន​សេរីភាព​ក្នុង​ការ​និយាយ »

មេបញ្ជាការ​កងរាជអាវុធហត្ថ​ប្រចាំ​ការ​លេខ​៥០៨​នៅ​ឃុំ​កោះជីវាំង​ លោក ពៅ ទុំ មាន​ប្រសាសន៍​ថា នៅ​តំបន់​បឹង​ទន្លេសាប​ឆ្នាំ​ទឹក​ធំជាង​ឆ្នាំ​កន្លង​មក​ ហើយ​រដូវ​នេះ​ក៏​មិន​មាន​ការ​ធ្វើ​នេសាទ​ខុសច្បាប់​នោះ​ទេ។ចំណែក​សំនួរ​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពុក​រលួយ​នោះ លោក​មិន​បាន​ឆ្លើយ​តប​ទេ ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ​វិញ « ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ សូម​បង​សួរ​ទៅ​ខាង​ជំនាញ​ជលផល​បាន​គេ​ដឹង​ច្បាស់ ព្រោះ​ខ្ញុំ​នៅ​ខាង​នេះ​អត់​ច្បាស់​ទេ ពាក់ព័ន្ធ​បញ្ហា​បទល្មើស​នេសាទ។តែ​និយាយ​ឲ្យ​ចំ​វា​ទឹក​លិច​អស់​ហើយ​ប្រជាពលរដ្ឋ​គាត់​ធ្វើ​អី​មិន​បាន​ទេ គាត់​ដើរ​រើស​ខ្យង ព្រោះ​តាំង​បី​ខែ​សីហា​មក​ទឹក​ចេះ​តែ​ឡើង​ខ្លាំង​ ព្រោះ​ឆ្នាំ​នេះ​ទឹក​ធំ »

​​​​​​​​​អភិបាល​ស្រុក​ឯកភ្នំ​លោក ម៉ិល សុផល​ អះអាង​ថា​ ថ្មីៗ​នេះ​លោក​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​នៅ​តំបន់​ព្រៃ​លិច​ទឹក​នោះ​ ប៉ុន្តែ​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​សុខ​ច្បាប់​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ។ចំណែក​ការ​ស្នើ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ចេញ​ពី​តំបន់​នោះ​ លោក​ មាន​ប្រសាសន៍​ថា​ នេះ​គ្រាន់​តែ​សំណើ​របស់​ពលរដ្ឋ​នៅ​ក្នុង​វេទិកា​សាធារណៈ​ទេ​ ចំណែក​ឯ​រឿង​រ៉ាវ​ពិតប្រាកដ ដែល​សមត្ថកិច្ច​ប្រព្រឹត្តិ​អំពើពុករលួយ​នោះ​ លោក​ពុំ​បាន​ដឹង​ទេ។អភិបាល​ស្រុក​រូប​នេះ​បន្ថែម​ទៀត​ថា ​លោក​មិន​បាន​ព្រងើយកន្តើយ​​នឹង​សំណើ​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​បញ្ហា​យឺតយ៉ាវ​ដោយសារ​លោក​កំពុង​រៀប​ចំ​ឯកសារ​បញ្ជូន​ទៅ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ ដើម្បី​ប្រជុំ​វាយតម្លៃ​ នឹង​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​​បន្ត​ទៀត៖ «ចំពោះ​ខ្ញុំ​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ ក៏ប៉ុន្តែ​មិន​មាន​សិទ្ធិ​កែសម្រួល​កងកម្លាំង​ទាំង​នេះ​ទេ ព្រោះ ខ្សែបណ្ដោយ​របស់​ខ្លួន​សម្រាប់​បង្ក្រាប​បទល្មើស​នានា​នៅ​បឹង​ទន្លេសាប ហើយ​ការងារ​នេះ​យើង​បាន​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​​​បញ្ជូន​ទៅ​ថ្នាក់​លើ​បន្ត​ទៀត»។

ប៉ុន្តែ​តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង​លោក ហ៊ុត ហាន លើក​ឡើង​ថា បទ​ល្មើស​នេសាទ​ឆ្នាំ​នេះ​មិន​បាន​ថយ​ចុះ​នោះ​ទេ ហើយ​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ ចំណែក​អាជ្ញាធរ​ស្រុក​ឯកភ្នំ​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​នោះ​ គឺ​មិន​ចំ​ទីតាំង​ដែល​មាន​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ព្រែកនរិន្ទ និង​ឃុំ​ព្រៃចាស់​នោះ​ទេ ពីព្រោះ​អ្នក​រៀបចំ​ដឹក​នាំ​គណៈ បញ្ជាការ​ស្រុក​មួយ​នេះ​ទៅ​មើល​តំបន់​ដែល​មិន​សូវ​មាន​ការ​នេសាទ​ខុសច្បាប់។ លោក ហ៊ុត ហាន អះអាង​ទៀត​ថា ការ​ធ្វើ​នេសាទ​ខុសច្បាប់​នេះ​ បើ​រំពឹង​តែ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​គឺ​មិន​អាច​ទប់ស្កាត់​បាន​ទេ ព្រោះ​សមត្ថកិច្ច​ហាក់​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស៖ «ព្រោះ​ខ្ញុំ​ធ្វើ​ការ​មក​យូរ​ហើយ​ខ្ញុំ​ដឹង​ថា​នៅ​បឹង​ទន្លេសាប​ មន្ត្រី​ទាំង​អស់​ដែល​ចុះ​ទៅ​បឹងទន្លេសាប​គឺ​គ្មាន​មន្ត្រី​ណា​ដែល​មិន​ពុករលួយ​ទេ កន្លង​មក​គេ​បង្ក្រាប​បាន​តែ​អ្នក​នេសាទ​តូចតាច​គ្មាន​ខ្សែ​អ្នក​ធំ​ទេ​។ម្យ៉ាង​ទៀត​ឆ្នាំ​នេះ​សមត្ថកិច្ច​មិន​ឲ្យ​អ្នក​ធ្វើ​នេសាទ​ជំពាក់​លុយ​ទេ​ គឺ​អ្នក​ណា​ធ្វើ​នេសាទ​ថ្ងៃ​ណា​ គឺ​សមត្ថកិច្ច​យក​លុយ​ថ្ងៃ​នោះ​ឲ្យ​ខាន​តែ​បាន »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)ខេត្ត​បាត់ដំបង​លោក យិន ម៉េង​លី​ កត់សំគាល់​ថា ​នៅ​តំបន់​បឹង​ទន្លេសាប​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​ប្រចាំ​ការ​ ក្នុង​រូប​ភាព​ដើម្បី​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ប៉ុន្តែ​ជាក់​ស្ដែង​មិន​មែន​ដូច្នេះ​ឡើយ​ ដោយ​លោក​ប្រដូច​ថា​ ការ​ដាក់​កម្លាំង​ដ៏​ច្រើន​នេះ​ នឹង​ធ្វើ​ឲ្យ​អន្សម​ខ្លោច​ទៅ​វិញ​ ។​លោក​យិន ម៉េងលី​ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ពិនិត្យ​មើល​សំណើ​នេះ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ ដើម្បី​កុំ​ឲ្យ​មាន​ការរិះគន់​ពី​ពលរដ្ឋ​ បញ្ហា​សមត្ថកិច្ច​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ ហើយ​ធ្វើ​បាប​ពលរដ្ឋ​ក្រីក្រ​ដូច​ពេល​មុន​ទៀត៖ «បញ្ហា​ទាំង​នេះ​មិន​មែន​ទើប​តែ​កើត​ឆ្នាំ​នេះ​ទេ​ កើត​មក​ច្រើន​ឆ្នាំ​ហើយ​ ក៏​ប៉ុន្តែ​ពលរដ្ឋ​គាត់​ចេះ​តែ​ទ្រាំ​ហើយ​ដើរ​រអ៊ូរទាំ​គ្នា​គាត់​​ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដោយ​គាត់​ដើរ​រក​ស្ថាប័ន​ណា​ជឿ​ទុក​ចិត្ត​បាន​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ ហើយ​ឥឡូវ​នេះ​​ អាជ្ញាធរ​បាន​ធ្វើ​វេទិកា​នៅ​ទី​នោះ​ បាន​ពលរដ្ឋ​គាត់​លើក​ឡើង​។ ហើយ​បើ​យើង​មិន​ដោះស្រាយ​ទេ​ បាន​ន័យ​ថា​យើង​មិន​មែន​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ទេ​ ហើយ​ជា​ការ​ផ្ទុយ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ ថា​អស់​លោក​ជា​មន្ត្រី​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ មិន​មែន​ជា​ម្ចាស់​របស់​ពលរដ្ឋ​ទេ​ »

​​​​​​ប្រជា​នេសាទ និង​មន្ត្រី​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយបារម្ភ​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បរិមាណ​​ត្រី​នៅ​តំបន់​បឹងទន្លេសាប​កាន់​ថយ​ចុះ​បន្តិច​ម្ដងៗ ហើយ​បញ្ហា​នេះ​ប្រសិនបើ​រដ្ឋអំណាច​របប​លោក ហ៊ុន សែន នៅតែ​បណ្ដោយ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មើល​ការខុសត្រូវ ដោយ​មិន​មាន​ការ​ទប់ស្កាត់​ឲ្យ​បាន​ឆាប់​ទេ គឺ​ត្រី​ទាំង​តូច​ទាំង​ធំ នឹង​ហិនហោច​ពី​តំបន់​បឹង​ទន្លេសាប​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ។ លោក​ ហ៊ុត ហាន អះអាង​ថា នៅ​ពេល​ដែល​អស់​ត្រី​ពី​តំបន់​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ក្នុង​ស្រុក​ឯកភ្នំ ដោយសារ​ពួកគាត់​រស់នៅ​លើទឹក​គ្មាន​ដី​ដាំ​ដុះ ដូច​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទេ ហើយ​ពួកគាត់​ត្រូវ​ពឹងផ្អែក​ទាំង​ស្រុក​ទៅលើ​របរ​នេសាទ ដូច្នេះ​ពួកគាត់​នឹង​ត្រូវ​ធ្វើ​ចំណាកស្រុក​ទៅ​រស់​នៅ​​តំបន់​ផ្សេង និង​ទៅ​ប្រទេស​ថៃ កាន់​តែ​ច្រើន​ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។ ចំណែក​កុមារ​តូចៗ​ក៏​ប្រឈម​ជួប​គ្រោះ​មិន​ចេះ​អក្សរ ដោយសារ​ពួកគេ​មិន​បាន​ចូល​សាលារៀន ព្រោះ​ត្រូវ​ទៅ​រស់​នៅ​តាម​ឪពុកម្ដាយ​នៅ​ឯ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។