ជនពិការប្រុសស្រីចំនួន ១២រូប មកពីបណ្ដាស្រុកក្រុងចំនួន៤ ក្នុងខេត្តបាត់ដំបង ត្រូវបានអង្គការជនពិការអន្តរជាតិ (Handicap International) ប្រកាសឲ្យជាប់ចំណាត់ថ្នាក់ជាជនពិការមានស្នាដៃឆ្នើម ក្នុងការព្យាយាមតស៊ូពុះពារគ្រប់ឧបសគ្គដោយពិការភាព ដើម្បីឈានទៅរកភាពជោគជ័យនៃការទទួលបានមុខរបរប្រចាំថ្ងៃ។
ការប្រកាសជនពិការមានស្នាដៃឆ្នើមក្នុងមុខរបរនេះ គឺបានធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៥ ត្រូវនឹងទិវាជនពិការអន្តរជាតិលើកទី៣១ នៅក្នុងខេត្តបាត់ដំបង។
អនុប្រធានកម្មវិធីគម្រោងមុខរបរនៃអង្គការជនពិការអន្តរជាតិខេត្តបាត់ដំបង លោក ហេង សុផាត ថ្លែងថា ជនពិការឆ្នើមទាំង ១២រូប ត្រូវបានជ្រើសរើសឡើងដោយមានការវាយតម្លៃពីគណៈកម្មការឲ្យពិន្ទុយ៉ាងត្រឹមត្រូវ។ ពួកគេទាំង១២ បានបោះជំហានជាគំរូយ៉ាងប្រពៃសម្រាប់ជនពិការផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា៖ «គឺថាអ្វីដែលជាស្នាដៃគាត់ ដែលបានខិតខំគឺជាស្នាដៃពិតៗ ហើយនេះជាតំណាងជាគំរូមួយ ខ្ញុំគិតថា យើងនឹងកម្មវិធីធ្វើបែបហ្នឹងតទៅឆ្នាំក្រោយទៀត ដើម្បីលើកទឹកចិត្តដល់បងប្អូនពិការដទៃទៀតទូទាំងប្រទេសកម្ពុជា យើងខំប្រឹងប្រែងធ្វើឲ្យដូចគាត់ ខំប្រឹងជួយខ្លួនឯង ពេលនោះទេវតានឹងជួយយើង»។
ជនពិការឆ្នើមទាំង ១២រូប មានស្ថានភាពខុសៗគ្នា។ អ្នកខ្លះពិការជើង អ្នកខ្លះពិការដៃ អ្នកខ្លះពិការគថ្លង់ និងពិការភ្នែកជាដើម។ ពួកគាត់ត្រូវគេយកដាក់ឲ្យអង្គុយលើកៅអីនៅខាងវេទិកា ចំពោះមុខអ្នកចូលរួមជិត ៥០០នាក់។ ពួកគេម្នាក់ៗបានលើកឡើងពីបទពិសោធន៍ទទួលជោគជ័យដោយខ្លួនពិការ គឺមានការតស៊ូអត់ធ្មត់យ៉ាងលំបាកក្រៃលែង។ ជនពិការឆ្នើមទាំង ១២រូប ខ្លះមានមុខរបរជាអ្នកកាត់ដេរ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងធ្វើជាជាងជួសជុលគ្រឿងអេឡិចត្រូនិកជាដើម។

ក្នុងចំណោមជនពិការឆ្នើមទាំង ១២រូប មានជនពិការប្រុសស្រីចំនួនពីរនាក់ទទួលបានចំណាក់ថ្នាក់លេខ១។ ក្នុងនោះ ម្នាក់មានឈ្មោះ សូ ចន្ថា ភេទប្រុស បានចាប់យកអាជីពជាជាងជួសជុលគ្រឿងអេឡិចត្រូនិក និងឈ្មោះ ឈិន ស្រី ទូចភេទស្រី បានចាប់យកអាជីពជាជាងកាត់ដេរ។ ជនពិការឈ្មោះ សូ ចន្ថា ថ្លែងថា ការទទួលបានភាពជោគជ័យ គឺដោយសារគាត់ព្យាយាមតស៊ូអត់ធ្មត់៖ «ការដែលយើងបានជោគជ័យនេះជាស្នាដៃដែលយើងជួសជុលឲ្យគេបានល្អ យើងធានាឲ្យគេទៀត ដែលយើងអាចឈានទៅរកថវិកាបាន យើងត្រូវមានទឹកចិត្តមួយដ៏ល្អទទួលបងប្អូនដែលគាត់មកធ្វើហ្នឹង សម្ដីទៅគាត់ឲ្យបានល្អៗទៅហើយ យើងបម្រើគាត់ឲ្យបានល្អ ហើយយើងប្រាប់គាត់ទៀតថារបស់ណាដែលប្រើបានយូរ របស់ណាដែលប្រើបានឆាប់»។
ជនពិការឈ្មោះ ទិន ស្រីទូច វិញបានបង្ហាញទឹកមុខថា ជីវិតជាជនពិការជួបការលំបាកច្រើន ហើយរូបនាងបានប្រឈមទៅនឹងឧបសគ្គជាច្រើនមុនពេលទទួលបានជោគជ័យក្នុងអាជីពជាអ្នកកាត់ដេរ។ ក្រោយពីទទួលបានភាពជោគជ័យក្នុងមុខរបរកាត់ដេរ បច្ចុប្បន្ន នាងកំពុងខំសន្សំប្រាក់ដើម្បីពង្រីកអាជីពថែមទៀត៖ «នាងខ្ញុំទៅថ្ងៃមុខទៀត នាងខ្ញុំនឹងខំប្រឹងសន្សំលុយធ្វើកូនទាមតូច ដើម្បីចង់បង្ហាត់សិស្សផង ហើយនិង នាងខ្ញុំនឹងចែករំលែកការចេះដឹងរបស់នាងខ្ញុំដើម្បីជួយគ្នា»។
ជនពិការឆ្នើមជោគជ័យក្នុងមុខរបរទាំង ២នាក់ ក៏ទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀលក្នុងម្នាក់ៗ។ ចំណែកជនពិការឆ្នើមចំនួន ១០នាក់ផ្សេងទៀត ទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០ម៉ឺនរៀលក្នុងម្នាក់ៗ។
នៅក្នុងទិវាជនពិការកម្ពុជាលើកទី១៥ និងជនពិការអន្តរជាតិលើកទី៣១ នៅឆ្នាំ២០១៣ នេះ បានប្រារព្ធឡើងក្នុងគោលដៅបង្ហាញថា ជនពិការមានសមត្ថភាព មានទេពកោសល្យខ្ពស់ ដូចអ្នកមិនពិការដែរ។ ម្យ៉ាងទៀតពិធីនេះចង់បង្ហាញថា ជនពិការមានសិទ្ធិទទួលការអភិវឌ្ឍនានា និងសិទ្ធិចូលគាំទ្រសេដ្ឋកិច្ចក្នុងក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។