កប៉ាល់​កងទ័ពជើងទឹក​ជប៉ុន​២​គ្រឿង​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ

នាវា​ពីរ​គ្រឿង​នៃ​កងកម្លាំង​ស្វ័យ​ការពារ​ជើង​ទឹក​ជប៉ុន ឈ្មោះ "​សេតូយុគិ" “SETOYUKI” និង "​ស៊ីម៉ាយុគិ" “SHIMAYUKI” នឹង​មក​កម្ពុជា​ក្នុង​ដំណាច់​ខែ​កុម្ភៈ​នេះ ក្នុង​ដំណើរ​ហ្វឹកហ្វឺន​លើ​លំហ​សមុទ្រ។ នាវា​ទាំងពីរ​គ្រឿង​ដឹកនាំ​ដោយ​វរនាវីឯក លោក យ៉ូស៊ីយូគី ណាកាហ្គាម៉ា (Yoshiyuki NAKAGAMA) នឹង​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៤​ថ្ងៃ ចាប់ពី​ទី​២៥ ដល់​ទី​២៨ ខែ​កុម្ភៈ។

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ម្សិលមិញ ឱ្យ​ដឹង​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ទ័ព​ជើងទឹក​ជប៉ុន​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា តាមរយៈ​ការផ្លាស់ប្ដូរ​កម្មវិធី​ផ្សេងៗ ក៏ដូចជា​ផ្ដល់​ឱកាស​នាយ​នាវិក កម្មសិក្សាការី​ចំនួន ១០៩​នាក់​ដែល​ទើប​បញ្ចប់​ការសិក្សា បាន​ស្វែងរក​អំពី​វប្បធម៌ និង​វិស័យ​យោធា​នៅ​កម្ពុជា​។​

កាលពី​ខែ​មករា កន្លង មក មាន​នាវា​ចិន​ចំនួន ៣​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ រយៈពេល​៤​ថ្ងៃ ដើម្បី​រឹតចំណង​សាមគ្គីភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា​-​ចិន ជា​ពិសេស​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។