អ្នកស្រី អែនជេលីណា ចូលី បដិសេធការរិះគន់អំពីការជ្រើសរើសតួកុមារដោយការកេងប្រវ័ញ្ច
2017.08.02

អ្នកដឹកនាំថតកុនរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" គឺអ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) បដិសេធចំពោះការរិះគន់អំពីបច្ចេកទេសជ្រើសរើសតួកុមារដោយការកេងប្រវ័ញ្ច។ អ្នកស្រីថា តួកុមារត្រូវបានការពារគ្រប់ដំណាក់កាល។
តារាឯកភាពយន្តហូលីវូដ (Holly Wood) អាមេរិក ដ៏ល្បីឈ្មោះ ហើយក៏ជាផលិតករភាពយន្តផង អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) ចាត់ទុកការរិះគន់ដែលថា អ្នកស្រីបានកេងប្រវ័ញ្ចលើកុមារនោះ ថាជារឿងមិនពិត ហើយជារឿងមិនសប្បាយចិត្ត។
ប្រតិកម្មរបស់អ្នកស្រី អែនជេលីណា នេះ គឺបន្ទាប់ពីទស្សនាវដ្ដីអនឡាញ ឈ្មោះ វ៉ានីធី ហ្វែរ (Vanity Fair) កាលពីថ្ងៃទី២៩ ខែកក្កដា ចុះផ្សាយមតិរិះគន់ប្រធានផ្នែកជ្រើសរើសតួកុមារនៅក្នុងក្រុមហ៊ុនថតកុនរបស់អ្នកស្រីថា បានប្រើល្បិចដាក់លុយនៅចំពោះមុខកុមារ ហើយឲ្យកុមារនោះគិតថា តើពួកគេត្រូវការលុយទៅធ្វើអ្វីជាចាំបាច់។ បន្ទាប់មក គេបានយកលុយនោះវិញ ដើម្បីចង់ដឹងពីអារម្មណ៍ប្រតិកម្មរបស់កុមារទាំងនោះ។
អ្នករិះគន់លើកឡើងថា វិធីជ្រើសរើសដោយលេងល្បែងបែបនេះ គឺជាការកេងប្រវ័ញ្ចលើអារម្មណ៍របស់កុមារ។ អ្នកខ្លះទៀត រិះគន់ថា វាជាការឈឺចាប់ដែលអ្នកស្រី អែនជេលីណា ចូលី លេងល្បែងចិត្តសាស្ត្របែបនេះជាមួយកុមារក្រីក្រ ឬកុមារកំព្រា នៅក្នុងផ្នែកមួយនៃការថតកុនរបស់អ្នកស្រី។
ឆ្លើយតបបញ្ហានេះ ផលិតករភាពយន្តកម្ពុជា គឺលោក ប៉ាន់ រិទ្ធី បញ្ជូនសារបញ្ជាក់របស់អ្នកស្រី អែនជេលីណា ចូលី តាមសារអេឡិចត្រូនិក (Email) ដែលថា ជារឿងរកាំចិត្ត៖ «ខ្ញុំអន់ចិត្ត ដែលលំហាត់ប្រឌិតឡើងឥតព្រាងទុកយកពីក្នុងសាច់រឿងកុននេះ ត្រូវបានគេសរសេរដូចជាឈុតឆាកសាច់រឿងពិត។ ការលើកឡើងថា លុយមែនទែនត្រូវគេដកយកពីកុមារវិញ ក្នុងពេលជ្រើសរើសនោះ ជារឿងមិនពិត ហើយជារឿងធ្វើឲ្យរកាំចិត្ត។ ខ្ញុំនឹងខឹងខ្លួនឯងមែនទែន ប្រសិនបើរឿងហ្នឹងកើតមាននោះ។ សាច់រឿងកុននេះ គឺដើម្បីទាញការចាប់អារម្មណ៍ចំពោះភាពតក់ស្លុត ដែលកុមារជួបប្រទះក្នុងសង្គ្រាម ហើយឲ្យជួយតស៊ូដើម្បីការពារពួកគេ»។
ទាក់ទងបញ្ហានេះដែរ លោក ប៉ាន់ រិទ្ធី ក៏បញ្ជាក់តាមអ៊ីម៉េលដែរថា មុននឹងថតសាកល្បង អ្នកជ្រើសរើសបានបង្ហាញម៉ាស៊ីនថតកុន និងថតសំឡេងដល់កុមារ។ គេពន្យល់កុមារទាំងនោះ ហើយឲ្យសម្ដែងឈុតមួយធ្វើជាលួចលុយ ឬអាហារគេ ហើយត្រូវគេចាប់បាន។ ការសម្ដែងនេះ គឺត្រូវនឹងឈុតសាច់រឿងជីវិតពិតរបស់អ្នកស្រី អ៊ឹង លឿង និងបងប្អូនដែលត្រូវពួកខ្មែរក្រហមចាប់ ហើយចោទថាលួចគេ។ លោកបន្តថា គោលបំណងជ្រើសរើសបែបនេះ គឺចង់មើលអារម្មណ៍កុមារថា ថាតើគាត់មានអាកប្បកិរិយាបែបណា ពេលគេចាប់ព្រោះរឿងអីមួយដែលគេហាមមិនឲ្យធ្វើ? ហើយតើកុមារនោះដោះសារបែបណាចំពោះសកម្មភាពរបស់ខ្លួន?
ទោះជាយ៉ាងក្ដី លោក ប៉ាន់ រិទ្ធី អះអាងថា គេមិនបានលេងល្បិចដូចការរិះគន់លើកឡើងនោះទេ។ កុមារទាំងនោះសុទ្ធតែយល់ច្បាស់ថា នេះជាការជ្រើសរើសដើម្បីសម្ដែង ហើយធ្វើឲ្យគេជឿ។ ចំណុចពិសេសដែលកុមារី ស្រីម៉ុច ត្រូវបានគេជ្រើសរើសឲ្យដើរតួឯកសម្រាប់តួអង្គអ្នកស្រី អ៊ឹង លឿង កាលនៅពីកុមារនោះ ក៏ព្រោះតែកុមារី ស្រីម៉ុច និយាយថា នាងត្រូវការលុយនោះសម្រាប់ជីតារបស់នាង គឺមិនមែនសម្រាប់ផ្ទាល់ខ្លួននាងទេ។
លោកបន្តថា ការរិះគន់វិធីជ្រើសរើសតួកុនរបស់អ្នកស្រី អែនជេលីណា ដើម្បីថតរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ នោះ ជាការអាកប្បកិរិយាយល់ខុសធ្ងន់ធ្ងរ។ លោកថា តាមពិតទាំងអ្នកស្រី អែនជេលីណា និងលោកបានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ដែលចូលរួមថតកុននេះ។ កុមារទាំងនោះ សុទ្ធតែមានគ្រួសារសាច់ញាតិ អាណាព្យាបាលតាមអមជាមួយ។ ក្រុមផលិតករធ្វើតាមសំណូមពរគ្រួសារ និងគោលការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល ហើយការជ្រើសរើសខ្លះ គឺនៅទីតាំងអង្គការតែម្ដង។ លោកថា ពេលវេលាថតក៏ដាក់មិនឲ្យប៉ះពាល់ការសិក្សា និងកម្សាន្តរបស់កុមារទាំងនោះឡើយ។ មានក្រុមពិសេសពិនិត្យសុខុមាលភាពរបស់កុមារនោះជារៀងរាល់ថ្ងៃ ទាំងនៅឯផ្ទះ ហើយនៅបន្តទាក់ទងរហូតមកដល់សព្វថ្ងៃ។
ការផ្ដល់វិធានការទាំងអស់នេះ សុទ្ធតែជាការធានាថា មិនឲ្យមាននរណាម្នាក់ឈឺចាប់ដោយប្រការណាមួយ ក្នុងការថតកុនអំពីប្រវត្តិរឿងឈឺចាប់របស់ប្រទេសគេឡើយ។ ដោយសារតែការចងចាំអំពីការប្រល័យពូជសាសន៍នៅថ្មី ហើយពលរដ្ឋកម្ពុជា ជាច្រើនពិបាករៀបរាប់ពីបទពិសោធន៍របស់ខ្លួនទើបមានក្រុមគ្រូពេទ្យធ្វើការជាមួយក្រុមថតជារៀងរាល់ថ្ងៃ ដើម្បីឲ្យគេអាចនិយាយជាមួយកុមារបាន។ លោក ប៉ាន់ រិទ្ធី ជឿថា កុមារដែលបានចូលរួមថតកុនរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ នេះ ពិតជាមានមោទនភាព។ កុននេះ គេរំពឹងថា នឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុនភាពយន្ត ណិតហ្វ្លិក្ស (Netflex) ដាក់បញ្ចាំងជាសាធារណៈនៅចុងឆ្នាំ២០១៧ នេះ៕