ក្រុម​យុវជន​បី​ក្រុម​បន្ត​បេសកកម្ម​១០០​រាត្រី​របស់​បណ្ឌិត កែម ឡី

ដោយ ឡេង ម៉ាលី
2017.03.05
បណ្ឌិត កែម ឡី ២០១៦ ៨៥៥ បណ្ឌិត កែម ឡី ចុះ​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៅ​ខេត្ត​ព្រៃវែង។ RFA/Brach Chev
RFA/Brach Chev

ក្រុម​យុវជន​នៃ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​យុវជន​មហា​នគរ បន្ត​បេសកកម្ម ១០០​រាត្រី ដែល​ជា​របស់​បណ្ឌិត កែម ឡី ចូល​ដល់​រាត្រី​ទី​១៦។ យុវជន​អះអាង​ថា​ជា​សិស្ស​របស់​លោក នឹង​បន្ត​បេសកកម្ម​នេះ​រហូត​ដល់​គោលដៅ។

ក្រុម​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​ទាំង​យុវជន​មហា​នគរ បន្ត​បេសកកម្ម ១០០​រាត្រី​របស់​បណ្ឌិត កែម ឡី ក្នុង​ការ​ស្វែងរក​ព័ត៌មាន​អំពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា និង​បញ្ហា​ព្រំដែន។

យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ​លោក មួង សូនី ថ្លែង​ថា បេសកកម្ម​នេះ​ជា​បេសកកម្ម​សំខាន់​បន្ត​ពី​រាត្រី​ទី​១៥ ដែល​បណ្ឌិត កែម ឡី បាន​ធ្វើ​កាល​ពី​លោក​នៅ​មាន​ជីវិត៖ «បន្ត​ពី​ដំណើរការ​ដែល​គាត់​ខំ​ធ្វើ ដើម្បី​ប្រទេស​ជាតិ​ហ្នឹង។ រឿង​មួយ​ទៀត គឺ​ដោយសារ​តែ​ពួក​ខ្ញុំ​បាន​ចងក្រង​សៀវភៅ​លោកគ្រូ កែម ឡី ចងក្រង​គំនិត​ស្នាដៃ​របស់​គាត់​ហ្នឹង​ទុក​ជា​ឯកសារ ដែល​ធ្វើ​ចុង​ក្រោយ​ហ្នឹង គឺ​យើង​បាន​លក់​ជា​ថវិកា ហើយ​ថវិកា​ហ្នឹង​ក៏​យើង​បាន​សន្យា​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​ថា កាលណា​យើង​លក់​សៀវភៅ​បាន​លុយ គឺ​យើង​យក​ថវិកា​ហ្នឹង ទៅ​បន្ត​ធ្វើ​បេសកកម្ម ១០០​រាត្រី និង​រឿង​កោះ។ ប៉ុន្តែ​ដោយហេតុ​ថា កន្លង​មក​មាន​យុវជន​មួយ​ចំនួន​ក្នុង​មាន​អ្នក​នយោបាយ​ខ្លះ​ដែរ ប្រកាស​ថា​នឹង​បន្ត​បេសកកម្ម ១០០​រាត្រី​តាម​បណ្ឌិត កែម ឡី ហ្នឹង មិន​ទាន់​ធ្វើ។ អ៊ីចឹង​យើង​យក​ថវិកា​ពី​ការ​លក់​សៀវភៅ​ហ្នឹង ហើយ​និង​ការ​សន្យា​ដែរ ក៏​បន្ត​បេសកកម្ម​យុទ្ធនាការ ១០០​រាត្រី និង​រឿង​កោះ​ហ្នឹង​ទៅ»

បណ្ឌិត កែម ឡី ធ្លាប់​បាន​ចុះ​ទៅ​តាម​មូលដ្ឋាន​នានា​បាន​ចំនួន ១៥​រាត្រី ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ពិនិត្យ​មើល​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច និង​បញ្ហា​ព្រំដែន ហើយ​វិភាគ​អំពី​បញ្ហា​ទាំងនោះ​សម្រាប់​ពលរដ្ឋ​កម្ពុជា ទាំង​មូល។ លោក​ត្រូវ​បាន​ឃាតក​ដែល​អះអាង​ថា ឈ្មោះ ជួប សម្លាប់ បាញ់​សម្លាប់​លោក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ក្រោយ​មរណភាព​បណ្ឌិត កែម ឡី មាន​យុវជន និង​អ្នក​នយោបាយ​ខ្លះ​សន្យា​ថា នឹង​បន្ត​បេសកកម្ម ១០០​រាត្រី​របស់​លោក។

ក្នុង​បេសកកម្ម​រាត្រី​ទី​១៦ បន្ត​ពី​បណ្ឌិត កែម ឡី លោក មួង សូនី ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​យុវជន​របស់​លោក បាន​ចុះ​សិក្សា និង​សម្ភាស​ផ្ទាល់​អំពី​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ប៉ៃលិន។ ក្រុម​យុវជន​ទាំងនេះ​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា នៅ​តំបន់​ព្រំដែន​ទាំងនោះ​មាន​ជីវភាព​លំបាក គ្មាន​ការ​អភិវឌ្ឍ ប្រព័ន្ធ​ទឹក និង​សេវា​សាធារណៈ​ខ្វះខាត ដែល​ជា​កង្វះ​ការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នោះ។ យុវជន​ជាច្រើន​ចេញ​ទៅ​ធ្វើ​កម្មករ​ខ្វះ​ជំនាញ​នៅ​ប្រទេស​ថៃ។

ក្រៅ​ពី​តំបន់​ព្រំដែន ក្រុម​យុវជន​របស់​លោក មួង សូនី ក៏​បាន​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​អ្នក​រស់នៅ​តាម​បឹង​ទន្លេសាប​ដែរ ទាំង​ពលរដ្ឋ​ខ្មែរ និង​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ទាក់ទង​នឹង​បញ្ហា​នេសាទ និង​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា បញ្ហា​បរិស្ថាន​ទឹក​ទន្លេសាប ដែល​ប្រើប្រាស់​ដាំ​ស្ល ទទួល​ទាន ងូត មាន​ភាព​កខ្វក់ មាន​ជំងឺ។ យុវជន សូនី ប្រៀបធៀប​ថា ពលរដ្ឋ​ខ្មែរ​ប្រឈម​បញ្ហា​គ្មាន​មុខ​របរ​ទៅ​នេសាទ​ឆ្ងាយ​ពី​ផ្ទះ។ រីឯ​ជនជាតិ​វៀតណាម រស់នៅ​ទីនោះ​កើន​ឡើង ប្រើ​ឧបករណ៍​ទំនើប​ខុស​ច្បាប់ ធ្វើ​ឲ្យ​ផល​ត្រី​ធ្លាក់​ចុះ​ខ្លាំង៖ «អ៊ីចឹង​ទៅ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ការ​បន្ត​បេសកកម្ម​នេះ​វា​ជា​រឿង​សំខាន់ និង​ចាំបាច់​មែន​ទែន​សម្រាប់​ប្រទេស​ជាតិ​យើង។ បើ​សិន​ជា​យើង​អត់​ធ្វើ​ទេ តើ​នរណា​នឹង​មក​សិក្សា​បញ្ហា​ប្រទេស​ជាតិ​យើង​ហ្នឹង ដូចជា​ថ្មីៗ ខ្ញុំ​ចុះ​រាត្រី​ទី​១៦ អ៊ីចឹង បើ​ខ្ញុំ​អត់​ទៅ​ទេ គឺ​ខ្ញុំ​អត់​ដឹង​ថា យួន ហ្នឹង​មាន​គម្រោង​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ២០​ឆ្នាំ​ទៀត​ទេ។ ឧទាហរណ៍​ដូចជា​នៅ​ក្នុង​បឹង​ទន្លេសាប ដែល​ខ្ញុំ​ចុះ​ទៅ​ថ្មីៗ​នេះ គឺ​មាន​វៀតណាម ជាង ១​ម៉ឺន​នាក់ នៅ​ក្នុង​រាត្រី​ទី​១៦ ដែល​ចុះ​ហ្នឹង។ យើង​ឃើញ​ថា ពួក​គាត់​ហ្នឹង​មាន​វប្បធម៌ មាន​សាលារៀន​ខ្លួន​ឯង មាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​របស់​ខ្លួន មាន​សិទ្ធិ​បោះឆ្នោត​មាន​មេ​ភូមិ​ជា​ជនជាតិ​វៀតណាម ទៀត»

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បន្ត​បេសកកម្ម ១០០​រាត្រី​នេះ គឺ​ជា​បន្ត​ដំណើរ​របស់​បណ្ឌិត កែម ឡី ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ស្វែង​យល់​ពី​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ទាំង​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​ជន​អន្តោប្រវេសន៍ បញ្ហា​ព្រំដែន និង​កោះ ដែល​នៅ​លាក់លៀម។ លោក​មាន​បំណង​ប្រមូល​ព័ត៌មាន​ទាំងនេះ​ចងក្រង​ជា​សៀវភៅ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ជា​សាធារណៈ​ដែល​ទាក់ទង​នឹង​អភិបាលកិច្ច និង​យុត្តិធម៌​សង្គម។

សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​របស់​បណ្ឌិត កែម ឡី ដែល​ចងក្រង​ដោយ​ក្រុម​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​យុវជន​មហា​នគរ សរសេរ​ថា ក្នុង​បេសកកម្ម​ស្រាវជ្រាវ ១០០​រាត្រី បណ្ឌិត កែម ឡី បាន​ទៅ​ស្នាក់នៅ​តាម​ផ្ទះ​អ្នក​ភូមិ​នៅ​តាម​ព្រំដែន​វៀតណាម តាម​កោះ​ខ្លះ​ក្នុង​ឈូង​សមុទ្រ​ថៃ ភូមិ​ខ្មែរ​ក្រោម​នៅ​វៀតណាម​ខាង​ត្បូង និង​ភូមិ​ខ្មែរ​សុរិន្ទ​នៅ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។