មរតកគំនិត បណ្ឌិត កែម ឡី
2018.07.10
ទោះបីជារូបកាយរបស់លោកបណ្ឌិត កែម ឡី បានចាកឆ្ងាយពីលោកយើងនេះទៅ ដោយគ្មានថ្ងៃត្រឡប់វិញយ៉ាងណាក្តី ក៏កេរ្តិ៍ឈ្មោះល្បី និងមរតកគំនិតរបស់លោកបណ្ឌិត មិនរលត់តាមរូបកាយរបស់លោកនោះឡើយ។ មរតកគំនិត លោកបណ្ឌិត កែម ឡី ត្រូវបានផ្ទេរ និងចម្លងទៅឲ្យយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី ដែលប្ដេជ្ញាបន្តស្នាដៃ ចំណេះដឹង និងទស្សនទានរបស់លោក សម្រាប់មនុស្សជំនាន់នេះ និងមនុស្សជំនាន់ក្រោយ។
ក្រុមយុវជន ជំនាន់ក្រោយមួយក្រុម ដែលមានគ្នា ១២នាក់ និងមានសមាជិក សកម្មប្រាំបីនាក់ ដឹកនាំដោយលោក ហង្ស វិទូ កំពុងបន្តកេរដំណែល នៃគំនិត លោកបណ្ឌិត កែម ឡី។ លោក ហង្ស វិទូ ដែលជាប្រធានក្រុមអ្នកវិភាគវ័យក្មេង អះអាងប្រាប់អាស៊ីសេរីថា យុវជនជាសិស្សរបស់លោកបណ្ឌិត កែម ឡី មិនដែលអាក់ខាន ក្នុងការជួបគ្នា ដើម្បីបន្តបេសកកម្មរបស់លោកបណ្ឌិត កែម ឡី នោះឡើយ។ លើកលែងតែការចុះផ្ទាល់ទៅតាមមូលដ្ឋាន ឲ្យបានញឹកញាប់ ដូចកាលលោកបណ្ឌិត កែម ឡី នៅរស់ប៉ុណ្ណោះ៖ «ពេលដែលចុះតាមភូមិឃុំមួយចំនួន តែងតែមានបញ្ហា អាហ្នឹងទីមួយ។ ទីពីរ កុំថាឡើយតាមភូមិឃុំ សូម្បីយើងធ្វើការនៅក្នុងការិយាល័យ (Office) មួយចំនួនហ្នឹង ពេលខ្លះ ដូចលោកដឹងស្រាប់ហើយ កាលពីឆ្នាំមុនហ្នឹង មានទាហានផង មានប៉ូលិសផងព័ទ្ធយើង ដូចជារៀបទ័ពទៅច្បាំងជាមួយយួនអ៊ីចឹង! រូបភាពហ្នឹងយើងឃើញទាំងអស់គ្នា។ ដូច្នេះមានការធ្វើទុក្ខបុកម្នេញ ដែលយើងអត់មានអារម្មណ៍ថា មានសុវត្ថិភាព អត់មានអារម្មណ៍ថា យើងធ្វើទៅស្រួលទេ»។
ទោះជាមានការរឹតត្បិត និង ធ្វើទុក្ខបុកម្នេញខ្លាំងយ៉ាងនេះក្តី ក៏លោក ហង្ស វិទូ បញ្ជាក់ថា ក្រុមរបស់លោកនៅតែបន្តស្វិតស្វាញជួបជុំ ពិគ្រោះយោបល់ និងវិភាគកិច្ចការសង្គម និងនយោបាយតទៅទៀត ដើម្បីប្រយោជន៍ ឲ្យប្រជាពលរដ្ឋ បានដឹងពីជ្រុងម្ខាងទៀត នៃព័ត៌មាន និងគំនិត ដែលរបបលោក ហ៊ុន សែន មិនបង្ហាញ។
បន្ថែមលើកកិច្ចការវិភាគនេះ លោក ហង្ស វិទូ ខ្លួនលោក បានសម្រេចស្នាដៃសរសេរសៀវភៅមួយក្បាលកម្រាស់ ៥២០ ទំព័រ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលលោកដាក់ចំណងជើងថា "មរតកគំនិត បណ្ឌិត កែម ឡី"៖ «មូលហេតុដែលខ្ញុំចងក្រងសៀវភៅមរតកគំនិត បណ្ឌិត កែម ឡី នេះ គឺមិនចង់ឲ្យកូនខ្មែរទាំងអស់ហ្នឹង កុំឲ្យភ្លេចស្នាដៃរបស់គាត់។ សៀវភៅនេះមានរៀបរាប់ អំពីអត្តចរិតរបស់គាត់ លក្ខណៈរបស់គាត់លម្អិតច្រើនជាងមុន។ ជាការលើកយកនូវស្នាដៃរបស់គាត់ ច្រើនជាងអ្វីដែលយើងនិពន្ធបន្ថែម។ រៀបរាប់ទៅតាមភស្តុតាង ឬរៀបរាប់ទៅតាមសាក្ខីមួយចំនួន ដែលគាត់ធ្លាប់បានជួប ក៏ដូចជាធ្លាប់បានទទួលការបណ្តុះបណ្តាលជាមួយលោកបណ្ឌិត កែម ឡី»។
សៀវភៅមរតកគំនិត បណ្ឌិត កែម ឡី នេះ ចែកចេញជាបួនផ្នែកធំៗ មានផ្នែក ស្ដីពីចរិតលក្ខណៈ និង បណ្ដាំរបស់លោកបណ្ឌិត កែម ឡី។
ជុំវិញបណ្ដាំរបស់លោក កែម ឡី នេះយុវជនមួយក្រុមទៀត ដែលជាសិស្សរបស់លោកបណ្ឌិតដែរ និង ឥឡូវជាប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី និងក្រុមរបស់លោក ក៏បានបន្តថែរក្សា និងផ្សព្វផ្សាយគំនិត របស់លោកបណ្ឌិត ទៅដល់ប្រជាពលរដ្ឋខ្មែរ តាមមូលដ្ឋាន។ ជាអកុសល ក្នុងស្ថានភាពបច្ចុប្បន្ន ការងារផ្នែកមួយនេះ រងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលជាមនុស្សរបស់បក្សកាន់អំណាច ជាពិសេស ក្រោយពេលរម្លាយគណបក្សសង្គ្រោះជាតិ៖ «បដាហ្នឹងគេឥឡូវ កន្លែងដែលខ្ញុំបានលើកបានអីហ្នឹង គេដកចេញអស់ហើយ។ អាជ្ញាធរភូមិឃុំគេ ទៅគំរាម។ ពេលរម្លាយបក្សប្រឆាំងមក គឺមានការដកបដាទាំងនោះ។ អ្នកខ្លះអត់ដកទេ តែពួកគាត់យកអ្វីមកបាំង។ យកតង់យកអីមកបាំង។ ឥឡូវនេះយើងពិបាកណាស់។ ប្រជាជនគាត់ខ្លាច។ នាំគ្នាខ្លាច គាត់មិនហ៊ាន ឲ្យយើងដាក់តទៅទៀត។ ហ្នឹងទីមួយ ទីពីរគឺគាត់មិនហ៊ានហើយ យើងអត់លុយអត់អីទៀត»។
បដាដែលក្រុមលោក ធ្លាប់បានបោះពុម្ពនោះ មានរហូតដល់ទៅ ៩០០ផ្ទាំង ដែលបានថវិកាពីសប្បុរសជនខ្មែរទាំងនៅក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួនផង។
បដាពាក្យបណ្ដាំរបស់បណ្ឌិត កែម ឡី នេះ មានពីរប្រភេទ គឺបដាធំទំហំ ២គុណនឹង ៣ម៉ែត្រ និងបដាតូចទំហំ ១ម៉ែត្រ គុណនឹងកន្លះម៉ែត្រ ហើយក្រៅពីផ្ទាំងបដាបែបនេះ ក៏មានការឆ្លាក់នៅលើថ្មម៉ាបផងដែរ។
ពាក្យបណ្ដាំរបស់បណ្ឌិត កែម ឡី មានដូចជា៖
· ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ
· ចូរយើងនាំគ្នានិយាយការពិត ជាជាងការនិយាយការពារ
· ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ មិនមែនជាជម្រើសល្អទេ
· អ្នកមានអំណាចមានលុយច្រើន ពីការកេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាព តែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសព ក៏អាចនឹងមិនមានសុវត្ថិភាពដែរ ។ល។
ទោះជាជួបឧបសគ្គទាំងការគំរាមកំហែង និង ការខ្វះថវិកាយ៉ាងណាក្តី ក៏ក្រុមយុវជនរបស់លោក មួង សូនី នៅតែពុះពារបន្តកិច្ចការធំមួយ ពីលោកបណ្ឌិត កែម ឡី។ កិច្ចការនោះ គឺយុទ្ធនាការ ១០០ រាត្រ។ លោកបណ្ឌិត កែម ឡី មិនបានបំពេញយុទ្ធនាការ ១០០រាត្រីនេះ ឲ្យបានចប់សព្វគ្រប់ ដូចការប៉ងប្រាថ្នារបស់លោកឡើយ ដោយសារត្រឹមរាត្រីទី១៥ ឃាតកបានបាញ់សម្លាប់លោក។ ក្រុមលោក មួង សូនី រហូតមកដល់ពេលនេះ បានបន្តកិច្ចការពីរាត្រីទី ១៥ នោះ ដល់រាត្រីទី ៥០ ហើយ គ្រាន់តែមិនទាន់បញ្ចេញរបាយការណ៍ស្រាវជ្រាវនេះនៅឡើយ ដោយចាំមើលស្ថានការណ៍ស្រុកទេសល្អជាងនេះសិន។ ការងារ ១០០រាត្រីនេះ វាមានសារសំខាន់ខ្លាំង សម្រាប់សង្គមជាតិ៖ «អ្វីដែលសំខាន់នោះ គឺយើងប្រឹងប្រែងលើរបាយការណ៍ ១០០ រាត្រីនោះ ធ្វើយ៉ាងណាឲ្យវាល្អ ឲ្យវាមានប្រយោជន៍សម្រាប់ប្រទេសជាតិ។ កិច្ចការទាំងអស់នេះ វាមានប្រយោជន៍ណាស់។ វាអាចក្លាយជាឯកសារប្រវត្តិសាស្ត្រ សម្រាប់ប្រទេសយើង ព្រោះរឿងដែលរដ្ឋាភិបាលលាក់លៀមចំពោះប្រជាពលរដ្ឋ ដូចជាបញ្ហាព្រំដែន បញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយអីហ្នឹង គឺច្រើនណាស់ មានលក្ខណៈទូលំទូលាយ និងលាក់កំបាំងចំពោះប្រជាពលរដ្ឋ។ ខ្ញុំគិតថារបាយការណ៍ហ្នឹង វាអាចចូលរួមចំណែកឲ្យប្រជាពលរដ្ឋ បានចេះដឹងហើយ ហើយអាចទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ គាត់ធ្វើការស្រាវជ្រាវ សម្រាប់និស្សិត សម្រាប់អីផងដែរ»។
យុទ្ធនាការ ១០០រាត្រីនេះ ផ្ដោតសំខាន់ៗទៅលើបញ្ហាសង្គម ដូចជាគ្រឿងញៀន ចំណាកស្រុក ភាពក្រីក្រ ជាពិសេស បញ្ហាព្រំដែន ដែលនៅជាប់ប្រទេសវៀតណាម ដូចជានៅខេត្ត កំពត ស្វាយរៀង និង មណ្ឌលគិរីជាដើម។
មរតកដែលលោកបណ្ឌិត កែម ឡី បានបន្សល់ទុកសំខាន់មួយទៀត គឺស្នាដៃ ដែលលោកបានសរសេរហើយមួយចំនួន នៅក្នុងម៉ាស៊ីនកុំព្យូទ័រយួរ ដៃរបស់លោក ដែលមានចំណងជើងថា “បន្ទាត់នយោបាយថ្មីដើម្បីកម្ពុជា២០១៨”។ លោកបណ្ឌិតកែម ឡី បានផ្តោតទៅលើការកែលំអអភិបាលកិច្ច ដែលធ្វើអោយរដ្ឋាភិបាលមានទំហំតូច គឺមានន័យថាកាត់បន្ថយចំនួនក្រសួង អោយមកនៅត្រឹម ១០ក្រសួង កាត់បន្ថយចំនួនរដ្ឋមន្ត្រី នៅតាមក្រសួងនីមួយៗជាដើម។
លោកបណ្ឌិតរកឃើញថា រដ្ឋាភិបាលដឹកនាំ ខ្វះវិមជ្ឈការ តម្លាភាព គណនេយ្យភាព ការចូលរួមនិងប្រជាធិបតេយ្យ ដែលពិបាកក្នុងការពង្រឹងប្រសិទ្ធភាពការដឹកនាំ និងគ្រប់គ្រងរដ្ឋាភិបាល ឲ្យមានលក្ខណៈវិមជ្ឈការធនធាន និងសេចក្ដីសម្រេចចិត្តដល់ថ្នាក់សហគមន៍ ក្នុងកម្រិតស្វ័យភាពខ្ពស់បំផុតបាន។ លោកបានស្នើឲ្យរដ្ឋាភិបាល កែចំណុចជាច្រើន ដើម្បីដោះស្រាយបញ្ហាខាងលើ ដូចជា រដ្ឋត្រូវរៀបចំវិភាគមុខងារ ភារកិច្ចស្ថាប័ននីមួយៗ និងរៀបចំនិងអនុវត្តន៍តារាង តួនាទី និងភារកិច្ចឲ្យបានត្រឹមត្រូវ អាចអនុវត្តបាន និងមានការចូលរួមពេញលេញ ពីភាគីពាក់ព័ន្ធ ក្នុងនោះដែរ រដ្ឋាភិបាលត្រូវរួមបញ្ចូលក្រសួង ដែលមានតួនាទីត្រួតស៊ីគ្នាឲ្យនៅចំនួនតិច និងពិសេស ត្រូវលុបចោលយន្តការអន្តរក្រសួង គណៈកម្មការ ក្រុមប្រឹក្សា និងអាជ្ញាធរមួយចំនួនដែលមិនចាំបាច់ និងខាតបង់ថវិកាជាតិ។
លោក កែម ឡី សន្និដ្ឋានថា ការមានក្រសួងច្រើន និងការបង្កើតយន្តការអន្តរក្រសួង គណៈកម្មការ ក្រុមប្រឹក្សា និងអាជ្ញាធរ ទាំងនេះ គឺជាកត្តារាំងស្ទះក្នុងការដំឡើងប្រាក់បៀវត្ស និងប្រសិទ្ធភាពការងារ។
លោកថា បើធ្វើដូចនេះ ថវិកាជាតិមានគ្រប់គ្រាន់សម្រាប់ដំឡើងប្រាក់ខែចំនួនយ៉ាងតិច ៥០០ដុល្លារទាបបំផុតសម្រាប់កងកម្លាំងប្រដាប់អាវុធម្នាក់ ឬមន្ត្រីរាជការទូទៅម្នាក់។
ភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា បានរក្សាទុកឯកសារ ទាំងនេះយ៉ាងគត់មត់ ហើយបាននាំយកទៅជាមួយអ្នកស្រីដល់ប្រទេសអូស្ត្រាលី។ អ្នកស្រី បានប្រគល់សិទ្ធិ ផ្ដាច់មុខទាំងស្រុងដល់វិទ្យុអាស៊ីសេរី ដើម្បីជួយផ្សព្វផ្សាយ ស្នាដៃរបស់ស្វាមី អ្នកស្រី ដើម្បីជាការសិក្សាស្វែងយល់។
កាលលោកបណ្ឌិតនៅរស់ លោកបានចងក្រងជាក្រុមយុវជនការពារបរិស្ថាន ដូចជាក្រុមយុវជនការពារ និងអភិរក្សតំបន់ព្រៃឡង់។ ពិសេសជាងនេះទៅទៀត គំនិត និងការស្រាវជ្រាវរបស់លោកបណ្ឌិត កែម ឡី បានក្លាយជាឯកសារសំខាន់ សម្រាប់គណបក្សនយោបាយ យកមកដាក់ចូលក្នុងគោលនយោបាយ របស់បក្សខ្លួន ថែមទៀតផង។
លោកបណ្ឌិតក៏បានបន្សល់ទុកនូវ ក្រុមគ្រួសារដែលមានភរិយា និងកូនប្រុស ៥នាក់ ដែលកំពុងកសាងជីវិតថ្មី លើដែនដីលោកសេរី នៃប្រទេសអូស្ត្រាលី។ ក្រុមគ្រួសារលោក ក៏ទទួលបានការគោរព ស្រលាញ់ និងជួយយកអាសា ជាទីបំផុត ដែលជាការផ្តល់ភាពកក់ក្ដៅមួយ ឲ្យសមាជិកគ្រួសារ ដែលព្រាត់ប្តី និងកំព្រាឪពុកនេះ បានបន្តរស់នៅ ដោយក្តីសង្ឃឹមថ្មី នៃពន្លកគ្រួសារត្រកូល កែម ដែលជាតំណក់ឈាមស្នងត្រកូល នៃវីរជនក្នុងបេះដូងខ្មែរមួយនេះ៕