ពលរដ្ឋខ្មែរដែលកំពុងជាប់នៅម៉ាឡេស៊ី នៅតែស្នើសុំដល់រដ្ឋាភិបាល អនុញ្ញាតឱ្យពួកគេបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ព្រោះការរស់នៅទីនោះកំពុងជួបបញ្ហាប្រឈមជាច្រើន។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាល មានកាតព្វកិច្ច គាំពារ និងទទួលយកពលរដ្ឋរបស់ខ្លួនដែលមានបំណងវិលចូលប្រទេសកំណើតវិញ។
ប្រជាពលរដ្ឋខ្មែរ១៥០នាក់ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ហាមមិនឱ្យចាកចេញពីប្រទេសម៉ាឡេស៊ីចូលកម្ពុជានោះ ត្អូញត្អែរថា ពួកគេមួយចំនួន កំពុងជួបការលំបាកពុំមានកន្លែងស្នាក់នៅ និងគ្មានថវិកាទិញអាហារហូបចុកជាដើម ហើយពួកគេ នៅតែមានបំណងចង់វិលទៅប្រទេសកម្ពុជាវិញដដែល។
និស្សិតខ្មែររៀននៅប្រទេសម៉ាឡេស៊ីម្នាក់ គឺលោក ស្លេះ សាព្រី ប្រាប់អាស៊ីសេរីថា លោកមានការខកចិត្តនិយាយលែងចេញនៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសភ្លាមៗ មិនឱ្យយន្តហោះដឹកពួកលោកចូលទឹកដីកម្ពុជា ខណៈពួកលោកកំពុងត្រៀមឡើងយន្តហោះនៅក្នុងប្រទេសម៉ាឡេស៊ីទៅហើយនោះ។ លោកបន្តថា អ្នកដំណើរខ្លះហួសចិត្តអង្គុយស្រែកយំ ដោយសារពួកគាត់ម្នាក់ៗ ខំវេចបង្វេច និងចំណាយលុយអស់ជាង ២រយដុល្លារសម្រាប់ថ្លៃសំបុត្រយន្តហោះបូករួមទាំងថ្លៃធ្វើដំណើរពីកន្លែងស្នាក់ក្នុងតំបន់ឆ្ងាយៗទៅវាលយន្តហោះជាដើម៖ «ក្នុងចំណោមអ្នកដំណើរនោះមានគ្រប់ទាំងអស់ មានទាំងសិស្សនិស្សិត មានទាំងប្រជាជនធម្មតា ហើយមានអ្នកមកទេសចរណ៍ ហើយជិតអស់ វីសារដែលចង់ទៅវិញ ហើយមានទាំងអ្នកមករកស៊ីធម្មតាចេញចូលអីចឹង ហើយគាត់ប្រាប់ខ្ញុំថា គាត់ចង់ត្រឡប់ទៅវិញនេះដោយសារអត់មានការងារធ្វើទេ ព្រោះឥឡូវគេបិទអស់ហើយ ដល់ចឹងទៅ គាត់អត់មានលុយមានអីនៅចាយទេ ដូច្នេះគាត់ចង់ត្រឡប់ទៅផ្ទះវិញ។ ខំទិញសំបុត្រយន្តហោះ ហើយអ្នកខ្លះខំជិះឡានមកព្រលានយន្តហោះអស់លុយឡើងច្រើន។ និយាយទៅដើម្បីរត់ការបានទៅស្រុកនេះអស់លុយច្រើនណាស់ ព្រោះនៅនេះក៏មិនដឹងនៅធ្វើអីដែរ»។
និស្សិតខ្មែររូបនេះ បញ្ជាក់ថា ទាំងលោក និងអ្នកដំណើរផ្សេងទៀតនៅតែចង់ទៅប្រទេសកម្ពុជាវិញ រហូតមានពលរដ្ឋជាង១០នាក់ មិនព្រមចាកចេញពីវាយយន្តហោះតាំងពីព្រឹករហូតដល់ យប់ថ្ងៃទី៧ ខែមេសា ក្រែងរដ្ឋាភិបាលផ្លាស់ប្ដូរចិត្តអនុញ្ញាតឱ្យយន្តយហោះដឹកពួកគាត់ទៅកម្ពុជាវិញ។ លោក ស្លេះ សាព្រី បន្តថា មូលហេតុដែលអ្នកខ្លះដាច់ខាត់ ត្រូវតែទៅកម្ពុជានោះ ព្រោះពួកគាត់ខ្លះ គ្មានថវិកាសម្រាប់ធ្វើដំណើរត្រឡប់ទៅវិញ និងគ្មានថវិកាសម្រាប់ទិញអាហារបរិភោគ និងជួលកន្លែងស្នាក់នៅថ្មី ក្រោយគ្មានការធ្វើ ហើយអ្នកខ្លះទៀតប្រឈមផុតទិដ្ឋាការ (Visa) ស្នាក់នៅ។ លោកឱ្យដឹងដែរថា ចំណែកស្ថានទូតកម្ពុជាវិញ ក៏មិនបានជួយពួកគាត់គ្រប់គ្រាន់នោះដែរ ទោះបីជាពួកគាត់ស្នើសុំជំនួយក្តី៖ «ខ្ញុំបានទាក់ទងទៅខ្លួនឯង ហើយមិត្តភ័ក្ដិផ្សេង ក៏គេទាក់ទងទៅ ( ទាក់ទងស្ថានទូត ) ដែរ ប៉ុន្តែដូចជាអត់មានអីដូចថា ម្ហូបអាហារអីអត់ទាន់ពេលទេ ព្រោះថា យើងនៅតាំងពីព្រឹករហូតដល់យប់ទៀត គឺគាត់នៅតែអត់បាយអ៊ីចឹង ដូច្នេះខ្ញុំសម្រេចចិត្តយកលុយខ្លួនឯងផ្ទាល់ទិញបាយចែកជូនពួកគាត់ជាង១០នាក់»។
និស្សិតខ្មែរម្នាក់ទៀត គឺកញ្ញា រ៉ម៉ាសា វ៉ារីតី អាយុ២១ឆ្នាំ និយាយថា នាងបានត្រឡប់ទៅស្នាក់នៅផ្ទះម្តាយធម៌បណ្ដោះអាសន្ន ប៉ុន្តែនាងនៅតែចង់វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជារដ្ឋាភិបាលដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ក៏ដោយ។ និស្សិតស្រីរូបនេះ រំពឹងថា រដ្ឋាភិបាល នឹងពិចារណាឡើងវិញក្នុងការអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ីអាចធ្វើដំណើរចូលទៅកម្ពុជាក្នុង ពេលឆាប់ៗបំផុត៖ «នៅម៉ាឡេស៊ីឥឡូវគឺអត់ឱ្យធ្វើការទេ ហើយគេជួយតែប្រជាជនគេទេ ហើយយើងនៅពិបាកណាស់។ សម្រាប់ខ្ញុំជាកូនសិស្សមិនអីទេ មានបាយស៊ី មានអី តែអ្នកមកធ្វើការ គឺគាត់ពិបាកត្រូវជួលផ្ទះ ត្រូវអី ហើយអ្នកខ្លះធ្វើការបានហូបតែមួយខែៗ ហើយពេលបានទិញសំបុត្រយន្តហៅទៅខ្មែរនេះ គឺនិយាយរួមវាថ្លៃបន្តិចដែរ ដូចថា គាត់ខំប្រមូល លុយប្រមូលអីទិញសំបុត្រយន្តហោះសុខចិត្តទៅខ្មែរវិញអ៊ីចឹងហា ទោះវាថ្លៃម៉េចក៏ដោយត្រូវតែទិញ តែដល់ពេលលុបចោលភ្លាមៗចឹង ពិបាកដែរ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៨ ខែមេសា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បដិសេធក្នុងការឆ្លើយតបជាមួយអាស៊ីសេរីដែលសួរនាំអំពីស្ថានភាពលរដ្ឋខ្មែរ និងវិធានការ ក្នុងការជួយអន្តរាគមន៍៖ «សុំទោសបងមន្ត្រីយើងអត់ធ្វើការផង ដោយសារនៅម៉ាឡេស៊ីគេបិទប្រទេសហើយ។ ខ្ញុំគ្រាន់តែចាំលើកទូរស័ព្ទពលរដ្ឋខ្មែរ ដែលមានបញ្ហា ដូច្នេះខ្ញុំមិនអាចឆ្លើយបានទេ»។
ទោះយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ប្រកាសនៅលើទំព័រហ្វេសប៊ុកថា កាលពីវេលាម៉ោង១២យប់ថ្ងៃទី៧ ខែមេសា មន្ត្រីស្ថានទូតបានចុះទៅសម្របសម្រួលផ្ទាល់ដល់ព្រលានយន្តហោះ ដើម្បីឱ្យពលរដ្ឋខ្មែរចំនួន១១នាក់ចុងក្រោយដែលមិនបានវិលត្រឡប់ទៅកម្ពុជាវិញ ឱ្យបានវិលទៅកាន់ទីកន្លែងដែលពួកគាត់កំពុងស្នាក់នៅជាបណ្ដោះអាសន្នសិន រង់ចាំរហូតដល់ មានការជូនដំណឹងជាថ្មីពីស្ថានទូត។ ស្ថានទូតអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការយោគយល់ អត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព។
កាលពីទី៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ប្រកាសថា កម្ពុជាតូចតែបេះដូងធំ ដោយក្លាហានទទួលស្វាគមន៍អ្នកដំណើរបរទេសទាំងកប៉ាល់ទឹកនិងកប៉ាល់អាកាសដោយ មិនខ្លាចជំងឺឆ្លងនោះ បានប្រកាសភ្លាមៗផ្អាកជើងយន្តហោះដឹកពលរដ្ឋខ្មែរ១៥០នាក់ពីប្រទេសម៉ាឡេស៊ី។ លោក ហ៊ុន សែន បញ្ជាក់ថា ការផ្អាកនេះ ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩៖ «យើងអត់ដឹងថា ១៥០នាក់ មានអ្នកណាខ្លះឆ្លងទេ។ បន្ទាប់ពីនឹងទៅត្រូវធ្វើអី អ៊ីចឹងភ្នំពេញនឹងក្លាយទៅជាសំបុកជំងឺគួរឱ្យខ្លាច។ ខ្ញុំសង្ឃឹមថា បងប្អូន និងសាច់ញាតិ មេត្តយោគយល់ដល់ការលំបាករបស់ជាតិ។ ខ្ញុំគិតថា ពេលវេលានេះ មិនបានស្លាប់ដូចជំនាន់អាពតទេ កុំឆ្ងល់ពេក»។
ការសម្រេចរបស់លោក ហ៊ុន សែន បានបណ្ដាលឱ្យមានខកចិត្តនិងមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំង។
មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែថ្លឹងថ្លែង ឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់រវាងការអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលប្រទេស និងការសុខចិត្តឱ្យពួកគាត់រស់នៅក្រៅប្រទេសបន្តទៀត។ លោកពិនិត្យឃើញថា ប្រសិនបើពូកគាត់ បន្តរស់នៅម៉ាឡេស៊ីទៀត គឺអាចប្រឈមបញ្ហាជាច្រើនដូចជា គ្មានប្រាក់ចំណូលចិញ្ចឹមជីវិតដោយសារគ្មានការងារធ្វើ ប្រឈមបញ្ហាផ្លូវច្បាប់ដោយសារផុតសុពលភាពលិខិតស្នាក់នៅ និងធ្វើការ ប៉ះពាល់ផ្លូវចិត្ត ខាត់បង់ថវិកាដែលខំរកយ៉ាងលំបាកទម្រាំគ្រប់ទិញសំបុត្រយន្តហោះ និងពិបាកស្វែងរកជួលបន្ទប់ស្នាក់នៅថ្មីក្នុងពេលរដ្ឋាភិបាលម៉ាឡេស៊ី កំពុងដាក់បម្រាមគោចរក្នុងប្រទេស៖ «បើប្រៀបធៀបឱ្យគាត់ត្រឡប់មកវិញត្រឹមចំនួន១៥០នាក់ យើងរៀបចំផែនការការពារទៅ តើថវិកាជាតិអស់ប៉ុន្មាន ? គ្រប់គ្នាសុទ្ធតែបង់ពន្ធជូនរដ្ឋ នៅពេលដែល ពលរដ្ឋមានបញ្ហា គួរតែយកលុយទាំងអស់នោះក៏ដូចជាកន្លងមកយើងឃើញថា ជំនួយសប្បុរសធម៌មានអ្នកខ្លះរហូតដល់៥០ម៉ឺនដុល្លារ ចុះត្រឹមតែសម្រាប់ពលរដ្ឋ ១៥០នាក់ គ្រាន់តែរៀបចំ ដាក់ឱ្យនៅដាច់ដោយឡែក មានធនធានពេទ្យ មានធនធានឧបករណ៍ មានធនធានការតាមដាន និងធនធានការទំនុកបម្រុងភ្នែកស្បៀងអាហារ យើងធ្វើអត់កើតឬម៉េច ? យើងគិតថា បើអនុញ្ញាត ឱ្យគាត់មក គឺពលរដ្ឋទាំង១៥០នាក់នេះអត់រងផលប៉ះពាល់ ឬអត់រងការលំបាកទេ គ្រាន់តែរដ្ឋមានតួនាទី មែនទែនទៅរដ្ឋ មានកាតព្វកិច្ចដោយធានាទាំងអាយុជីវិត ធានាទាំងសិទ្ធិសេរីភាព ធានាទាំងសុខសុវត្ថិភាពពលរដ្ឋទាំងអស់ដែលត្រូវត្រឡប់មកវិញ»។
លោក ឌី ថេហូយ៉ា ស្នើសុំឱ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការអនុញ្ញាតឱ្យពលរដ្ឋវិលចូលប្រទេសក្នុងគ្រាដ៏លំបាកនេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវនិងការយកចិត្តទុក ដាក់ចំពោះពលរដ្ឋ៖ «រដ្ឋមានកាតព្វកិច្ចក្នុងការថែទាំ ការពារ និងគាំពារ ដូច្នេះគេមិនដែលហាមពលរដ្ឋខ្លួនឯង មិនឱ្យចូលប្រទេសទេ គេហាមតែជនបរទេសមិនឱ្យចូល ដូច នៅប្រទេសថៃអ៊ីចឹង ហាមជនបរទេសមិនឱ្យចូលស្រុកថៃ តែបើកឱកាសឱ្យជនជាតិថៃ ត្រឡប់ទៅស្រុកទេសគេវិញ។ នេះគឺជាគោលការណ៍ទូទៅហើយក្នុងនាមរដ្ឋទទួលខុសត្រូវនិងឆ្លើយតប បំពេញកាតព្វកិច្ចជាអ្នកបម្រើសេវាផង និងជាអាណាព្យាបាលផង»។
កាលពីថ្ងៃទី៧ ខែមេសា គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍សម្ដែងការសោកស្តាយចំពោះការបដិសេធរបស់លោក ហ៊ុន សែន ដែលមិនទទួលយកពលរដ្ឋខ្មែរដែលមានបំណង ចាកចេញពីប្រទេសម៉ាឡេស៊ី។ គណបក្សប្រឆាំងមួយនេះ ចាត់ទុកការសម្រេចរបស់លោក ហ៊ុន សែន ថាបង្ហាញពីភាពទន់ខ្សោយ ការមិនទទួលខុសត្រូវ និងជាទង្វើអមនុស្សធម៌ មកលើពលរដ្ឋខ្លួនឯង ដែលផ្ទុយពីមេដឹកនាំនៅលើពិភពលោកទាំងស្រុង ដែលចាត់វិធានការជម្លៀសពលរដ្ឋរបស់គេ ចេញពីប្រទេសដែលកំពុងមានការឆ្លងរីករាលជំងឺកូវីដ-១៩ ខ្លាំង ដើម្បីសុវត្ថិភាពនិងសេចក្ដីសុខពលរដ្ឋ។ គណបក្សប្រឆាំង ស្នើសុំឱ្យមេដឹកនាំរបបក្រុងភ្នំពេញ ពិចារណាបើកផ្លូវឱ្យពលរដ្ឋខ្មែរ អាចវិលចូលទៅកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។